A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 10 November 2012

Battambang authority suspends plan to demolish villagers' houses due to fears of an eruption of violence [Another Samlaut Uprising could be repeated here] អាជ្ញាធរ​ខេត្ត​បាត់ដំបង​ផ្អាក​គម្រោង​រុះរើ​លំនៅឋាន​ពលរដ្ឋ​ដោយ​ខ្លាច​ផ្ទុះ​អំពើ​ហិង្សា

Battambang authority suspends plan to demolish villagers' houses due to fears of an eruption of violence Another Samlaut Uprising could be repeated here.

ដោយ សួន សុផលមុន្នី 2012-11-09 Radio Free Asia

ថ្មីៗ​នេះ មាន​ដំណឹង​ថា​អាជ្ញាធរ​ខេត្ត​បាត់ដំបង មាន​គម្រោង​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​ខ្នង នៅ​ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ប៉ុន្តែ​សកម្មភាព​នោះ​បាន​ផ្អាក​ទៅ​វិញ ដោយ​ក្រុម​អាជ្ញាធរ​ខ្លាច​កើត​មាន​អំពើ​ហិង្សា។

Photo by Licadho
៧-វិច្ឆិកា-២០១២៖ លំនៅឋាន​នៅ​ចំណុច​ឆករកា ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ដែល​អាជ្ញាធរ​មាន​គម្រោង​រុះរើ​ចោល​តាម​ដីកា​របស់​តុលាការ​ខេត្ត​បាត់ដំបង។ Villagers' homes at Chhork Roka Point,  Daun Ba commune, Koas Krolor district, Battambang province where authority plan to demolish in accordance with the court's verdict.

ទន្ទឹម​គ្នា​នេះ ក្រុម​អាជ្ញាធរ​ខេត្ត​កំពុង​ខិតខំ​រិះ​រក​ដំណោះស្រាយ​រួម​គ្នា​មួយ ដើម្បី​បញ្ចប់​ទំនាស់​ដីធ្លី​ដែល​កើត​មាន​ជាច្រើន​ឆ្នាំ​នៅ​តំបន់​នោះ។
កង​កម្លាំង​មាន​សមត្ថកិច្ច បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​ចុះ​ធ្វើ​ការ​ដោះស្រាយ​ដើម្បី​បញ្ចៀស​ ការ​កើត​មាន​អំពើ​ហិង្សា និង​ការ​រក​ចំណុច​រួម ដើម្បី​ឲ្យ​ភាគី​មាន​ទំនាស់​ទាំង​សង​ខាង អាច​ទទួល​យក​បាន។ ការ​បង្កើត​ក្រុម​ការងារ​នេះ ស្រប​ពេល​ដែល​កង​កម្លាំង​មាន​សមត្ថកិច្ច​បាន​បញ្ឈប់​ផែនការ​ចុះ​អនុវត្ត​ការ ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​ខ្នង នៅ​ឃុំ​ដូនបា ស្រុក​គាស់ក្រឡ កាល​ពី​ថ្ងៃ​ពុធ ទី៧ ខែ​វិច្ឆិកា។
លោក​ឧត្ដមសេនីយ៍ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ថា លោក​បាន​ទទួល​ដីកា​បង្គាប់​របស់​តុលាការ​ខេត្ត​បាត់ដំបង ឲ្យ​បញ្ជូន​កម្លាំង​ចុះ​រុះរើ​លំនៅឋាន​អនាធិបតេយ្យ​ជាច្រើន​រយ​ខ្នង នៅ​ចំណុច​ឆក​រកា​ឃុំ​ដូនបា ស្រុក​គាស់ក្រឡ។ លោក​បញ្ជាក់​ថា គម្រោង​ការ​នេះ បាន​ផ្អាក​ទៅ​វិញ​បន្ទាប់​ពី​បាន​ឆ្លង​យោបល់​ពី​អភិបាល​ខេត្ត​បាត់ដំបង។
លោក​ឧត្ដមសេនីយ៍ ស ថេត៖ «ឯកឧត្ដម​អភិបាល ឲ្យ​យើង​ចុះ​អនុវត្ត​ជា​កញ្ចប់​ទៅ។ ទៅ​ជាមួយ​អភិបាល​រង​ខេត្ត​ម្នាក់ ដែល​ទទួល​កិច្ច​ការងារ​ដីធ្លី កុំ​ឲ្យ​សមត្ថកិច្ច​ទៅ​ដោយ​សមត្ថកិច្ច អភិបាល​រង​ខេត្ត​ទៅ​ផ្សេង​អ៊ីចឹង កុំ​ឲ្យ​មាន​បញ្ហា​ប្រឈម មិន​មាន​អ្នក​ទទួល​ខុស​ត្រូវ។ ធ្វើ​ម៉េច​ឲ្យ​វា​ស្រប​យុត្តិធម៌​ទាំង​អស់​គ្នា​ទាំង​សង​ខាង​កុំ​ឲ្យ​ថា​យើង ​ចេះ​តែ​ចុះ​ទៅ​ទាំង​ប្រទាំង​ប្រទើស»
ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដូនបា ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ក្រុម​អ្នក​ភូមិ​សង្កេត​ឃើញ​មាន​ក្រុម​កម្មករ​ដែល​គេ​ជួល​ម្នាក់ៗ​ក្នុង​ តម្លៃ ២៥.០០០​រៀល ប្រមាណ ៦០​នាក់ ត្រូវ​គេ​ដឹក​បញ្ជូន​ទៅ​កាន់​ទីតាំង​ដី​មាន​ទំនាស់ ប៉ុន្តែ​ពុំ​បាន​ធ្វើ​សកម្មភាព​អ្វី​នោះ​ទេ ហើយ​ក្រោយ​មក​ក៏​ដក​ចេញ​មក​វិញ។
លោក វ៉ឹង ភូ ជា​អ្នក​ភូមិ​រស់នៅ​ចំណុច​ឆករកា ឃុំ​ដូនបា ស្រុក​គាស់ក្រឡ បាន​ឲ្យ​ដឹង​ថា លំនៅឋាន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​យោធា​ឈ្មោះ ទាត់ ធឿត មាន​ចំនួន ២៥០​ខ្នង ស្ថិត​នៅ​ចំណុច​អូរ​ព្រៃផ្ដៅ។ ប្រជាពលរដ្ឋ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​លំនៅឋាន បន្ទាប់​ពី​ទទួល​ដំណឹង​ថា គេ​មាន​គម្រោង​ចុះ​ទៅ​រុះរើ​ចេញ៖ «ឲ្យ​គ្នា​ ចេញ​ទៅ មិន​ដឹង​ទៅ​សង្ឃឹម​ខាង​ណា។ ប្រជាពលរដ្ឋ​ចង់​បាន​ឲ្យ​មាន​ការ​ដោះស្រាយ​ស្រប​ច្បាប់។ វាស់​វែង​គ្នា​បាន​លំនៅឋាន​ឲ្យ​បាន​ស្រប​ច្បាប់ អ្នក​ស្រុក​បងប្អូន​ប្រជាពលរដ្ឋ គ្នា​មាន​តែ​ការ​អង្វរ​លើក​ដៃ​សំពះ​គេ​ហ្នឹង​ឯង បើ​គេ​មិន​ស្ដាប់​ទេ គេ​នៅ​តែ​រុះរើ​ទៀត មិន​ដឹង​ធ្វើ​ម៉េច»
អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង ដែល​បាន​ឃ្លាំ​មើល​ទំនាស់​ដី​នេះ បាន​ឲ្យ​ដឹង​ថា ដី​នៅ​តំបន់​នោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឈ្មោះ ទាត់ ធឿត ជា​មន្ត្រី​យោធា ឈ្មោះ ហែម វីរៈ ឈ្មោះ អ៊ឹង ឈុន ឈ្មោះ សូ សំអាន និង​ឈ្មោះ វណ្ណ សុផាត ជា​មន្ត្រី​យោធា​ដែល​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ។
លោក ហេង សាយហុង មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​ថ្លែង​ថា អង្គការ​លីកាដូ មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​បាត់ដំបង ទៅ​លើ​ទំនាស់​ដីធ្លី​នៅ​តំបន់​នោះ។ លោក​ថា ករណី​នេះ​អាច​នឹង​កើត​មាន​អំពើ​ហិង្សា​ជា​ថ្មី​ទៀត បើ​សិន​មាន​កង​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើ​ការ​រុះរើ​លំនៅឋាន​នៅ​ទី​នោះ។
ដី​នៅ​តំបន់​នោះ ប្រជាពលរដ្ឋ​គាត់​បាន​អាស្រ័យ​ផល​យូរ​ឆ្នាំ រង់ចាំ​តែ​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​រៀបចំ​បែង​ចែក​ឲ្យ​ស្រប​ច្បាប់។ ដី​នៅ​ចំណុច​អណ្ដូង​កន្ទួត កើត​មាន​ទំនាស់​ច្រើន​ក្រុម ច្រើន​បក្ខ ច្រើន​ពួក​ជា​ហូរហែ​តាំង​ពី​ឆ្នាំ​២០០៦។ នៅ​កន្លែង​ខ្លះ បាន​ធ្វើ​ការ​សម្រប​សម្រួល​ត្រូវ​គ្នា ប៉ុន្តែ​នៅ​កន្លែង​ខ្លះ​ទៀត បន្ត​កើត​មាន​ជម្លោះ​ប្ដឹង​ផ្ដល់​រហូត​ដល់​ចុង​ឆ្នាំ​២០១២៖ «ដី​នៅ​តំបន់ ​អណ្ដូង​កន្ទួត មក​ដល់​ឆ្នាំ​២០១២ នេះ យើង​ឃើញ​ថា​នៅ​សេសសល់​ភាគី​ខាង​ទាហាន ទាត់ ធឿត គាត់​នៅ​មាន​ការ​ប្ដឹង​ប្រជាពលរដ្ឋ​មក​ដល់​តុលាការ​ទៀត មួយ​ចំនួន​ទៀត​នៅ​លើ​ភាគី​ខាង​ក្រុមហ៊ុន និង​អង្គការ​បរិស្ថាន​ណា​នោះ អង្គការ​បរិស្ថាន​គេ​ទៅ​អះអាង​ថា គេ​មាន​ដី​នៅ​ម្តុំ​ហ្នឹង​ដែរ ហើយ​មាន​ក្រុមហ៊ុន​មួយ​ចំនួន គេ​មាន​ដី​នៅ​ម្តុំ​ហ្នឹង​ដែរ»
ទាក់​ទិន​បញ្ហា​នេះ អង្គការ​លីកាដូ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់ និង​ធ្វើ​ការ​សម្រប​សម្រួល​គ្នា ជៀសវាង​ការ​ប្ដឹង​ផ្ដល់​គ្នា​មក​តុលាការ៖ «បើ​និយាយ​ទៅ ដី​ម្ដុំ​ហ្នឹង វា​អត់​មាន​ដី​បង្កបង្កើន​ផល​អី​ទេ។ ដី​គាត់​សព្វ​ថ្ងៃ គ្រាន់​សម្រាប់​រស់​នៅ​ទេ។ តាម​ខ្ញុំ​ពិនិត្យ​ជាក់​ស្ដែង​ទៅ មិន​ជា​ច្រើន​ប៉ុន្មាន​ទេ មិន​មែន​ចំណុច​រួម​ទេ ចំណុច​នៅ​សល់​វិវាទ​គ្នា​មិន​ច្រើន​ប៉ុន្មាន​ទេ មក​ដល់​ពេល​នេះ នៅ​តែ​ឮ​បញ្ហា​ដីធ្លី ស្មាន​ខេត្ត​មុខ​មាត់​ល្អ​ណាស់ ប្រជាពលរដ្ឋ​តវ៉ា​ដីធ្លី​ដល់​ថ្នាក់​និស្សិត​ចុះ​គោល​នយោបាយ​ចាស់​សកម្មភាព​ ថ្មី»
កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី៧ វិច្ឆិកា លោក ប្រាជ្ញា ចន្ទ ជា​អភិបាល​ខេត្ត​បាត់ដំបង បាន​មាន​ជំនួប​ក្រៅ​ផ្លូវការ​មួយ ជាមួយ​តំណាង​អយ្យកា និង​ចៅក្រម​តុលាការ​ខេត្ត​បាត់ដំបង ដោយ​បាន​ពិភាក្សា​លើ​បញ្ហា​ដែល​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចុះ​អនុវត្ត​ ដីកា​រក្សា​ការពារ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង នៅ​លើ​ដី​មាន​ទំនាស់​នៅ​ចំណុច​ភ្នំ​ឆករកា ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។ ប៉ុន្តែ លទ្ធផល​នៃ​ជំនួប​ក្រៅ​ផ្លូវការ មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នោះ​ទេ។
លោក ប្រាជ្ញ ចន្ទ ជា​អភិបាល​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​កំពុង​គិតគូរ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​ នោះ។ នៅ​សប្ដាហ៍​ក្រោយ ក្រុម​ការងារ​នឹង​ជួប​ប្រជុំ​គ្នា ដើម្បី​សិក្សា​រក​ដំណោះស្រាយ​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ទាំង​សងខាង៖ «គម្រោង ​ហ្នឹង យើង​ដោះស្រាយ ត្រូវ​ដោះស្រាយ​ហើយ ប៉ុន្តែ​ដោះ​យ៉ាង​ម៉េច​ឲ្យ​មាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា។ ក្រុម​ការងារ​មាន​ហើយ ប៉ុន្តែ​ថា រៀបចំ​ផែន​ការ​ដោះស្រាយ​យ៉ាង​ម៉េច​ឲ្យ​ទទួល​យក​បាន​ទាំង​អស់​គ្នា ចាំ​ខ្ញុំ​ពិភាក្សា​គ្នា​នៅ​អាទិត្យ​ក្រោយ​នេះ ការពារ​ផល​ប្រយោជន៍​អ្នក​ដែល​គេ​ច្បាស់​លាស់​របស់​គេ»
នៅ​លើ​ទីតាំង​ដី​នៅ​តំបន់​នោះ គេ​សង្កេត​ឃើញ​លំនៅឋាន​ប្រជាពលរដ្ឋ​មាន​ជា​ហូរហែ និង​សាងសង់​រតេតរតូត កន្លែង​នេះ​មួយ កន្លែង​នោះ​មួយ។ លំនៅឋាន​តូចៗ​ទាំង​នោះ សាងសង់​ពី​ឈើ​មូល​ចំនៀរ​ឈើ មាន​ដំបូល​ប្រក់​ស័ង្កសី​បញ្ចាំង​ស្បូវ ដែល​គេ​ប៉ាន់​ប្រមាណ​ថា អស់​ថវិកា​ប្រហែល ១០​ម៉ឺន​រៀល ទៅ ២០​ម៉ឺន​រៀល សម្រាប់​ផ្ទះ​មួយ​ខ្នង។ ផ្ទះ​ខ្លះ​មាន​មនុស្ស​រស់​នៅ អត់​មាន​ជញ្ជាំង អត់​មាន​មនុស្ស​ស្នាក់​នៅ ត្រូវ​គេ​សាងសង់​ទុក​ចោល​នៅ​លើ​ផ្ទៃ​ដី​មាន​ទំហំ​តូច​ធំ​ខុស​គ្នា៕

No comments: