A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 2 November 2012

Cambodian fishermen in Takeo province accused authority of not cracking down on illegal Vietnamese fishermen ប្រជា​នេសាទ​ខេត្ត​តាកែវ​ចោទ​អាជ្ញាធរ​ថា​មិន​បាន​បង្ក្រាប​ក្រុម​នេសាទ​វៀតណាម

ដោយ អ៊ុក សាវបូរី 2012-11-02 Radio Free Asia
នៅ​គ្រា​ដែល​រដ្ឋាភិបាល​បាន​កាត់​រំសាយ​ឡូត៍​នេសាទ​នៅ​ក្នុង​ឆ្នាំ​ ២០១២ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​នេសាទ ដើម្បី​បង្កើន​ជីវភាព​រស់នៅ សម្រាប់​អ្នក​នៅ​តាម​ដង​ទន្លេ បឹង ស្ទឹង និង​ព្រែក។ ប៉ុន្តែ​បែរ​ជា​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ផ្ទាល់​នៅ​ទីនោះ មិន​អាច​នេសាទ​បាន​ទេ។
ចំណែក​ក្រុម​នេសាទ​ជន​ជាតិ​វៀតណាម អាច​ចូល​ទៅ​ដាក់​ដៃ​សៃយ៉ឺន យ៉ាំងកាវ ជា​ឧបករណ៍​ខុស​ច្បាប់​ចាប់​យក​ត្រី​យ៉ាង​អានាធិបតេយ្យ​នៅ​ក្នុង​ស្រុក​ បូរីជលសារ ខេត្ត​តាកែវ។
ប្រជាពលរដ្ឋ​ខេត្ត​តាកែវ នៅ​ឃុំ​បូរីជលសារ ស្រុក​បូរីជលសារ បាន​ចោទ​ជន​ជាតិ​វៀតណាម ថា ចូល​មក​ដណ្ដើម​មុខ​របរ​នេសាទ​ក្នុង​ឡូត៍​លេខ​៥ ដែល​រដ្ឋាភិបាល​ទើប​កាត់​មក​ឲ្យ​ប្រជាពលរដ្ឋ​រក​នេសាទ​នៅ​ក្នុង​ឆ្នាំ​២០១២ នេះ។
អ្នកស្រី ជា ស្តើង អ្នក​ភូមិ​ក្អែកយំ ថ្លែង​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ថា គ្រាន់​តែ​រដ្ឋបាល​ជលផល​បើក​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ក្នុង​ឡូត៍​លេខ​៥ ដែល​រដ្ឋាភិបាល​ទើប​កាត់​មក​ឲ្យ​ប្រជាជន​អាច​ប្រកប​របរ​នេសាទ​បាន ចាប់​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ស្រាប់​តែ​ឡូត៍​ទាំង​ប៉ុន្មាន ពិសេស​ឡូត៍​លេខ​៥ ត្រូវ​ក្រុម​ជន​ជាតិ​វៀតណាម ចូល​មក​ដណ្ដើម​នេសាទ​ពេញ​ទឹក​ពេញ​បឹង​តែ​ម្តង៖ «ពួក​វៀតណាម ហ្នឹង គេ​ហ៊ឹកហ៊ាក់​មាំ​ណាស់ គេ​ដាក់​ខ្សែ​ដែក ខ្សែ​អី​និយាយ​អា​ឡូ​អា​ឡា​ពេញ​ហ្នឹង​ទាំង​អស់។ គេ​ដាក់​ដាយ​ពេញ​ធឹង​តែ​ហ្មង​ហ្នឹង»
លោក ប៉ែន ដេត បន្ថែម​ថា ការ​នេសាទ​របស់​ប្រជាជន​នៅ​ក្នុង​ភូមិ​ក្អែកយំ ដាក់​បាន​តែ​ទ្រូ និង​លប យក​បាន​ទែ​ត្រី​ឆ្ពិន​ប៉ុណ្ណោះ។ ចំណែក​វៀតណាម ដាក់​ដាយ និង​សៃយ៉ឺន ទទឹង​ព្រែក​ចាប់​យក​ត្រី​សម្រុក​ពី​ថ្ងៃ​ទី២៥ ខែ​តុលា មក៖ «សម្ដេច​ប្រកាស​ថា រំសាយ​ហើយ ឥឡូវ​មាន​វៀតណាម ចូល​មក​ដាក់​ឡូត៍​យក​ត្រី​ធំ​ទៅ​ណា។ ដល់​វា​ដាក់​ជា​ទ្រង់​ទ្រាយ​ធំ​ពេក យើង​រក​វា​សូវ​មិន​បាន​នោះ​ណា»
យុវជន វីរៈ ខែម ថ្លែង​ថា គាត់​ដាក់​ឧបករណ៍​នេសាទ​ត្រូវ​តាម​ច្បាប់​នេសាទ ហើយ​ចាប់​ត្រី​ក្នុង ១ថ្ងៃ ១យប់ ​មិន​អាចបាន​លើស ៣​គីឡូក្រាម​ទេ ព្រោះ​ជន​ជាតិ​វៀតណាម អាង​ខ្នង​អ្នក​ធំ ហ៊ាន​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ចាប់​យក​ទាំង​កូន​ត្រី ទាំង​ត្រី​ធំ សម្រុក​ចាប់​យក​ត្រី​ទាំង​ថ្ងៃ​ទាំង​យប់ ពី​ក្នុង​ឡូត៍​លេខ​៥៖ «វា​មាន​ ផ្ទះ​បណ្ដែត​វា​នៅ​ហ្នឹង ចាំ​លើក​ត្រី​ដាក់​ទូក​នៅ​ហ្នឹង​តែ​ម្តង។ ឃើញ​តែ​វៀតណាម តែ​មិន​ដឹង​អ្នក​ណា​ឲ្យ​ដាក់​ទេ បាន​ខ្ញុំ​ចង់​ដឹង​ថា តើ​អ្នក​ណា​ឲ្យ​ដាក់?»
បុរស​ម្នាក់​ទៀត​ឲ្យ​ដឹង​ថា វៀតណាម ចូល​ដាក់​សៃយ៉ឺន នៅ​ក្នុង​ឡូត៍​លេខ​៥ នេះ នៅ​ពី​មុខ​សាលា​ស្រុក​បូរីជលសារ តែ​ម្តង អាជ្ញាធរ​ស្រុក​ធ្វើ​មិន​ដឹង​មិន​ឮ​អំពី​បញ្ហា​វៀតណាម បំពាន​ផល​ត្រី​ក្នុង​ស្រុក​នេះ៖ «យួនៗ​វា​ដាក់​ដាយ ទន្លេ​ជាង ១០០​ម៉ែត្រ វា​ដាក់​ក្នុង​ទន្លេ​ធំ​តែ​ម្តង»
វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់​ទង​អភិបាល​ស្រុក​បូរីជលសារ ដើម្បី​ជម្រាប​សួរ​រឿង​នេះ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ។
អនុប្រធាន​សហគមន៍​នេសាទ​ស្រុក​បូរីជលសារ លោក សឹម ផល្លី ថ្លែង​ថា បទ​ល្មើស​នេសាទ​នៅ​ក្នុង​ឡូត៍​ចំនួន​៦ ដែល​សហគមន៍​កំពុង​គ្រប់គ្រង ត្រូវ​ជន​ជាតិ​វៀតណាម ចូល​មក​ដាក់​សៃយ៉ឺន និង​យ៉ាំងកាវ ចាប់​យក​ត្រី​អានាធិបតេយ្យ។ លោក​ថា នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​វិច្ឆិកា សហគមន៍​បាន​ចុះ​ស្រាវ​យក​សៃយ៉ឺន និង​យ៉ាំងកាវ ដែល​ដាក់​បាំង​យក​ត្រី​នៅ​ក្នុង​ឡូត៍​លេខ​៣ និង​លេខ​៤ បាន​ចំនួន ១០​ឧបករណ៍​ខុស​ច្បាប់៖ «ការ​ចុះ​បង្ក្រាប​ហ្នឹង សុទ្ធ​តែ​ជួប​បញ្ហា។ ម្យ៉ាង​ទូក​យើង​វា​អត់ ហើយ​ទៅ​ធ្វើ​ការ​នោះ យើង​ជា​មន្ត្រី​ស៊ីវិល ខ្លាច​គ្រោះ​ថ្នាក់​ដែរ ព្រោះ​ជន​បរទេស​ខ្លះ វា​កាច​ដែរ​ហ្នឹង»
ប្រជាពលរដ្ឋ និង​សហគមន៍​នេសាទ​ក្នុង​ស្រុក​បូរីជលសារ សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ជលផល មេត្តា​ជួយ​ចុះ​បង្ក្រាប​បទ​ល្មើស​ដោយ​ក្រុម​ជន​ជាតិ​វៀតណាម នេះ​ផង។ ប្រសិន​បើ​លោក ហ៊ុន សែន ខំ​កាត់​ឡូត៍​នេសាទ​ពី​ការ​គ្រប់គ្រង​ដោយ​រដ្ឋ ប្រគល់​ឲ្យ​ប្រជាជន​នេសាទ​វិញ តែ​បែរ​ជា​ក្រុម​ជន​បរទេស​ចូល​មក​ដណ្តើម​នេសាទ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​មូលដ្ឋាន​បាន​ត្រឹម​ការពារ​ត្រី​ទុក​ឲ្យ​ វៀតណាម ចូល​នេសាទ​តាម​ចិត្ត ចាប់​យក​ត្រី​អស់​វិញ នាំ​ឲ្យ​ប្រជាជន​នៅ​តែ​ក្រីក្រ​ដដែល។
សហគមន៍​នេសាទ​ស្រុក​បូរីជលសារ លោក សឹម ផល្លី ឲ្យ​ដឹង​ថា សហគមន៍​នេះ​បាន​គ្រប់គ្រង​ឡូត៍​ចំនួន​៦ គឺ​ឡូត៍​លេខ​៣ លេខ​៤ លេខ​៥ លេខ​១០ លេខ​១១ និង​ឡូត៍​លេខ​១២៕

2 comments:

Anonymous said...

The complainers should be put in jail. Stop whining.

Anonymous said...

3:12 AM, you are a traitor for advocating illegal fishing by illegal foreigners in Cambodian waters. Just think like this: If Khmer fishermen are fishing illegally in Vietnamese or Thai territorial waters, what would have happened to them? They would be arrested and jailed like the Khmer illegal loggers who were arrested or killed by Thai soldiers.