A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 November 2012

MPs from the SRP and HRP walked off the parliament session តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​នាំ​គ្នា​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​ជាតិ

ដោយ សុខ សេរី 2012-11-14 RFA

មាន​ការ​ប៉ះ​ទង្គិច​ដោយ​ពាក្យ​សម្ដី និង​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​ក រវាង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច នៅ​ក្នុង​សភា​ជាតិ នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ទេ។

RFA/Sok Serey
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
សភា​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​លើក​ទី៩ នីតិកាល​ទី៤ ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​យល់​ព្រម​ឲ្យ​កម្ពុជា ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ស្ដីពី​ការ​ជូន​ដំណឹង​ជា​បន្ទាន់ ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ និង​អនុសញ្ញា​ស្ដីពី​សុវត្ថិភាព​នុយក្លេអ៊ែរ និង​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត។
តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​តំណាង​រាស្ត្រ​គណបក្ស សិទ្ធិ​មនុស្ស សរុប​ចំនួន​ជិត ៣០​នាក់ នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​ជាតិ​យ៉ាង​តក់​ក្រហល់ នៅ​គ្រា​ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ឈៀង វុន បាន​ហៅ​ការ​ត​មាត់ និង​អត្ថាធិប្បាយ​របស់​លោក កឹម សុខា និង​លោក សុន ឆ័យ ថា​ជា​មនុស្ស​ព្នង ឬ​ជា​មនុស្ស​ព្រៃផ្សៃ។
ការ​ផ្ទុះ​កំហឹង និង​ឈ្លោះ​ប្រកែក​គ្នា​នោះ បាន​កើត​មាន​ឡើង​នៅ​គ្រា​ដែល​ប្រធាន​សភា​ជាតិ លោក ហេង សំរិន បាន​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខា ឡើង​មាន​ប្រសាសន៍​នៅ​ក្នុង​សភា​ជាតិ​ជា​លើក​ដំបូង។
លោក កឹម សុខា បាន​រិះគន់​ថា លោក​សុំ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​រួប​រួម​គ្នា​ដូច​បាន​លើក​ឡើង​ដោយ​ប្រធាន​ សភា​ជាតិ លោក ហេង សំរិន នៅ​ក្នុង​របាយការណ៍​របស់​លោក ស្ដីពី​សកម្មភាព​របស់​សភា​ជាតិ​កន្លង​មក ហើយ​លោក​បាន​សុំ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ពេញ​លេញ ដូច​កាតព្វកិច្ច​គោរព​អនុសញ្ញា​អន្តរជាតិ​ដទៃ​ទៀត​ដែរ។
ភ្លាម​នោះ លោក ហេង សំរិន បាន​មាន​ប្រសាសន៍​តប​វិញ​ថា កម្ពុជា កំពុង​តែ​បង្រួប​បង្រួម​ជាតិ​ហើយ ប៉ុន្តែ​លោក​មិន​អាច​អង្គុយ​ជាមួយ​ជន​ទណ្ឌិត​បាន​ទេ៖ «យើង​បាន​បង្រួប​ បង្រួម​ជាតិ​រហូត តាំង​ពី​នោះ​មក រហូត​ដល់​បច្ចុប្បន្ន​នេះ។ យើង​បង្រួប​បង្រួម​ហើយ អង្គុយ​ជាមួយ​គ្នា​នេះ ហ្នឹង​មិន​បង្រួប​បង្រួម​ជាតិ? ប៉ុន្តែ​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ មិន​អាច​រួប​រួម​បាន​ទេ»
ភ្លាមៗ​នោះ​ដែរ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈៀង វុន បាន​ឡើង​មាន​ប្រសាសន៍​តប​ថា ឥរិយាបថ និង​ពាក្យ​សម្ដី​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ប្រៀប​បាន​ជា​មនុស្ស​ព្នង ព្រៃ​ផ្សៃ និង​ជា​មនុស្ស​បោក​ប្រាស់​ប្រជាពលរដ្ឋ៖ «គណបក្ស​ឯកឧត្តម ដែល​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ទទួល​បាន​សំឡេង​តែ ៣​អាសនៈ មិន​គ្រប់​បង្កើត​ក្រុម​បាន អីចឹង​ហើយ​ឯកឧត្តម​អត់​មាន​សិទ្ធិ​និយាយ ដោយ​សារ​តែ​ប្រជាពលរដ្ឋ​មិន​គាំទ្រ»
នៅ​ពេល​ដែល​លោក ឈៀង វុន កំពុង​តែ​មាន​ប្រសាសន៍​នោះ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​សភា​ជាតិ​តែ​ម្តង ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា លោក ហេង សំរិន មិន​បាន​ហាម​ឃាត់​ប្រសាសន៍​របស់​លោក ឈៀង វុន ទេ និង​មិន​បាន​ហាម​ឃាត់​ការ​ដើរ​ចេញ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នោះ​ ដែរ។
ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខា បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​នៅ​ក្រៅ​សាល​ប្រជុំ​សភា​ជាតិ​ថា ប្រសាសន៍​របស់​លោក ឈៀង វុន គឺ​លោក​មិន​អាច​ទទួល​យក​បាន​ទេ៖ «ខ្ញុំ​ចង់​ ឲ្យ​មាន​នៅ​សភា​នេះ មាន​វប្បធម៌​មួយ​ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ជាមួយ​គ្នា​បាន ដោះស្រាយ​បញ្ហា​ប្រយោជន៍​ជាតិ​ជា​ធំ​ជាមួយ​គ្នា បង្រួប​បង្រួម​ជាតិ ហើយ​យើង​ឈរ​លើ​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​រួម​ទាំង​អស់​គ្នា។ នេះ​ជា​សម្ដី​ខ្លឹមសារ​ខ្ញុំ​និយាយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ខាង​គណបក្ស​កាន់​អំណាច​គាត់​បក​មក​វិញ សុទ្ធ​តែ​ពួក​យើង​ពួក​ព្រៃ ពួក​ព្នង មើល​ងាយ​ដល់​ប្រជាពលរដ្ឋ​ព្នង​ទៀត»
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​តវ៉ា​រឿង​នេះ៖ «យើង ​មិន​អាច​ទទួល​យក​បាន​ទេ។ ដូច្នេះ ថ្ងៃ​នេះ​យើង​ដើរ​ចេញ ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​សភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ ប្រជាជន ព្រម​ទាំង​សម្ដេច​ប្រធាន (ហេង សំរិន) ដែល​មិន​ផ្តល់​យុត្តិធម៌ ក្នុង​នាម​ជា​ប្រធាន​សភា»
ទោះ​បី​ជា​យ៉ាង​ណា​ក្តី តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​អះអាង​ថា តំណាង​បក្ស​ប្រឆាំង​នឹង​ចូល​រួម​ប្រជុំ​សភា​ជាតិ​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ខាង​មុខ​នេះ ដើម្បី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា ឆ្នាំ​២០១៣ និង​សេចក្តី​ព្រាង​ច្បាប់​មួយ​ចំនួន​ទៀត ប៉ុន្តែ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង សុំ​ឲ្យ​លោក ឈៀង វុន សុំ​ទោស​នៅ​ក្នុង​សភា​ជាតិ ដោយ​លាយលក្ខណ៍​អក្សរ ឬ​ផ្ទាល់​មាត់។
តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈៀង វុន បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មិន​សុំ​ទោស​ទេ ពីព្រោះ​លោក​មិន​បាន​ធ្វើ​អ្វី​ខុស។ លោក​បាន​ចោទ​វិញ​ថា តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ល្មើស​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សភា​ជាតិ ដែល​ហាម​ឃាត់​មិន​ឲ្យ​ស្រែក​ឡូឡា​ក្នុង​សភា​ជាតិ៕

No comments: