នៅថ្ងៃទី២១ កក្កដាខាងមុខនេះ ខ្ញុំនឹងតវ៉ាឲ្យទូតវៀតណាមសុំទោស និងឲ្យគេបញ្ជាក់ឲ្យច្បាស់ថា ដីកម្ពុជាក្រោម គឺជាដីរបស់ខ្មែរ...
តារា សម្តែងរូបសង្ហា សោភ័ណ្ឌ ឡារី ដែលមានឈ្មោះកំណើតថា សោភ័ណ្ឌ រិទ្ធី ត្រូវបានក្រុមសន្តិសុខសាលារាជធានីព្រួតគ្នាវាយសន្លប់បាត់ស្មារតីកាលពីការប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារ ទី១៥ កក្កដា ហើយនៅពេលនេះ ឡារី កំពុងលាក់ខ្លួននៅកន្លែងសុវត្ថិភាពមួយ។ ឡារី បានបញ្ជាក់ថា ចាប់តាំងពីរូបគេលេចមុខប្រឆាំងនឹងភាពអសកម្មក្នុងសង្គមមករូបគេបានទទួលរងការគំរាមសម្លាប់ជាបន្តបន្ទាប់។
ជាមួយនឹងការបារម្ភពីសុវត្ថិភាព ស្របពេលដែលរដ្ឋាភិបាលប្រកាសចាប់ខ្លួនយុវជន២៥រូបបន្ថែមនោះ តារាសម្តែងរូបនេះបានបញ្ជាក់ថា៖«ខ្ញុំមិនដឹងថា ក្នុងចំណោម២៥នាក់នោះ មានរូបខ្ញុំដែរ ឬអត់ទេ តែនៅពេលនេះ ខ្ញុំកំពុងរស់នៅកន្លែងសុវត្ថិភាពមួយ ដើម្បីការពារខ្លួន...តែយ៉ាងណាខ្ញុំនៅតែបន្តការតវ៉ា ហើយនៅថ្ងៃទី២១កក្កដាខាងមុខនេះ ខ្ញុំនឹងតវ៉ាឲ្យទូតវៀតណាម សុំទោស និងឲ្យគេបញ្ជាក់ឲ្យច្បាស់ថា ដីកម្ពុជាក្រោមគឺជាដីរបស់ខ្មែរ»។
តាំងពីតូចមកតារារូបនេះមិនធ្លាប់បានចូលប្រឡូកក្នុងរឿងនយោបាយឡើយ ទោះបីជារូបគេធ្លាប់ឆ្លងកាត់ជីវិតដ៏ក្រលំបាកវេទនាជាច្រើនអន្លើក្តី ដូចជា ជីវិតជាអ្នករត់តុ កម្មករសំណង់ ស៊ីឈ្នួលលីស៊ីម៉ងត៍ និងជីវិតជាអ្នកសុំទានគេជាដើម មុននឹងរូបគេមានវាសនាក្លាយជាតារាសម្តែងមានមុខមាត់ម្នាក់នៅពេលនេះ។ ប៉ុន្តែក្រោយបើកភ្នែកចាប់កំណើតនៅលើផែនដី សោភ័ណ្ឌ ឡារី បានដឹងឮពីភាពឈឺចាប់ដ៏ធំមួយនៅក្នុងគ្រួសារខ្លួនបាត់ទៅហើយ គឺដីរបស់ជីតាទួតរបស់គេប្រមាណ១០ហិកតានៅខេត្តស្វាយរៀង ត្រូវបានអាជ្ញាធរយួនលេបត្របាក់យកទាំងស្រុង។
ឡារី បានចូលប្រឡួកនៅក្នុងវិស័យសិល្បៈនៅចុងឆ្នាំ២០០៦ តែយ៉ាងណាជីវិតជាតារារបស់គេមិនអាចផ្តល់លទ្ធភាពឲ្យរូបគេធូរធារនោះឡើយ ពោលគឺដោយសារវិស័យសិល្បៈកម្ពុជានៅមានភាពអន់ថយ ដែលធ្វើឲ្យសិល្បករមានតម្លៃខ្លួនមិនស្មើខោអាវមួយកំប្លេផង។
តារាវ័យ២៩ឆ្នាំរូបនេះនិយាយថា៖«ក្រោយស៊ីដេក អត់ឃ្លានតាមសំយាបផ្ទះគេ ខ្ញុំក៏បានចូលសិល្បៈ តែវាមិនបានឲ្យយើងធូរធារនោះទេ ព្រោះថតមួយដងតម្លៃខ្លួន២០-៣០ដុល្លារ ហើយមួយខែថតបាន៤-៥ដងហ្នឹង»។
ក្រោយចូលសិល្បៈអស់ជាច្រើនឆ្នាំ ទើបតែនៅក្នុងអាណត្តិទី៥នេះប៉ុណ្ណោះ ដែលគេបានឃើញតារាសម្តែងសោភ័ណ្ឌ ឡារី លេចមុខធ្លោនៅក្នុងរឿងនយោបាយរបស់គណបក្សសង្គ្រោះជាតិ ខណៈតារាកម្ពុជាស្ទើរ១០០ភាគរយបានចូលខ្លួនផ្សព្វផ្សាយ និងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
តារាសម្តែងកំព្រាឪពុកតាំងពីអាយុ៩ឆ្នាំ សោភ័ណ្ឌ ឡារី បាននិយាយថា៖«តាមពិត ដំបូងឡើយ ខ្ញុំមិនបានចូលរួមក្នុងចលនាបក្សសង្គ្រោះជាតិទេ ខ្ញុំគ្រាន់តែយកអំណោយសប្បុរសរបស់បងប្អូនអាមេរិកទៅចែកជូនជនក្រីក្រ និងអ្នករងគ្រោះដោយទឹកជំនន់សោះ តែបែរជាគេមកចោទខ្ញុំថា ខ្ញុំជាសកម្មជនបក្សសង្គ្រោះជាតិ តែខ្ញុំក៏មិនថាអីដែរ។ លុះក្រោយមកខ្ញុំក៏បានសម្រេចចូលរួមចលនាទាមទារយុត្តិធម៌នានារបស់បក្សសង្គ្រោះជាតិ នៅពេលខ្ញុំបានមើលឃើញពីភាពអសកម្ម និងអយុត្តិធម៌ជាច្រើនបានកើតឡើងក្នុងសង្គមកម្ពុជា»។
តារាសម្តែងរូបនេះបានបន្តថា៖«ខ្ញុំជាតារាសម្តែងម្នាក់ តែបើដកពាក្យថា «តារា» ចេញ ខ្ញុំគឺជាពលរដ្ឋសាមញ្ញម្នាក់ អ៊ីចឹងខ្ញុំក៏មានសិទ្ធិដូចជាពលរដ្ឋដទៃដែរ។ ខ្ញុំមើលឃើញភាពឈឺចាប់របស់ប្រជាជនខ្មែរច្រើនពេក ទើបខ្ញុំសម្រេចចិត្តថា ខ្ញុំនឹងធ្វើអ្វីមួយដើម្បីជាតិទាំងមូល ពិសេសអាជីពសិល្បៈរបស់ខ្ញុំ»។
យ៉ាងណាមិញ ការចេញមុខរបស់ ឡារី មិនគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ក៏មិនបានផ្តល់ផលល្អឲ្យរូបគេដែរ។ រូបគេត្រូវបានស្ថានីយទូរទស្សន៍ ក្រុមហ៊ុនថតស្ប៉តពាណិជ្ជកម្ម ក៏ដូចជាផលិតកម្មនានា បញ្ឈប់មិនឲ្យចេញមុខទៀតផង។
តារាដែលរងទុក្ខធំដោយសារម្តាយធ្លាក់ខ្លួនពិការដៃរូបនេះនិយាយថា៖«ខ្ញុំលែងមានឱកាសចេញមុខលើឆាកទូរទស្សន៍អីទៀតហើយ គេបិទខ្ញុំតែម្តង។ ខ្ញុំទូរស័ព្ទសួរប៉ុស្តិ៍ទូរទស្សន៍នានាដែរ តែគេប្រាប់ថា មានគេចេញលិខិតមិនឲ្យខ្ញុំឡើងឆាកទៀតទេ»។
ប៉ុន្តែ អ្វីដែលពិសេសនោះ គឺសុវត្ថិភាពផ្ទាល់ខ្លួន។ ឡារី បានទទួលរងការគំរាមអាយុជីវិតជាបន្តបន្ទាប់។ តារារូបនេះនិយាយ ថា៖ «បើនិយាយពីគេគំរាមវិញ គឺច្រើនលើកណាស់ គ្រប់រូបភាព គេតាមខ្ញុំដល់ៗផ្ទះ ។ ខ្ញុំមិនដឹងថា ពួកគេខាងណាច្បាស់ទេ តែខ្ញុំក៏មិនព្រមឈប់សកម្មភាពរបស់ខ្ញុំដែរ»។
តារារូបនេះក៏មានក្តីបារម្ភរឿងសុវត្ថិភាពផ្ទាល់ខ្លួនដែរ តែរូបគេប្តេជ្ញាថា រូបគេនឹងមិនឈប់ដាច់ខាត។ ឡារី និយាយថា៖ «ខ្ញុំក៏មានការបារម្ភដែរ ព្រោះខ្ញុំមានម្តាយ និងប្អូន ត្រូវមើលថែ តែឪពុកម្តាយរបស់ខ្ញុំបង្កើតមក មិនឲ្យខ្ញុំក្បត់ឧត្តមគតិខ្លួនឯងទេ។ តែដើម្បីសុវត្ថិភាពនៅពេលនេះ ខ្ញុំក៏បានដាក់ពាក្យបណ្តឹងចូលទៅកាន់ UN អង្គការលីកាដូ និងអាដហុករួចរាល់ហើយដែរ»។
តារារូបនេះបញ្ជាក់ថា៖«ទោះបីជាគេគំរាមអាយុជីវិតខ្ញុំយ៉ាងណា ក៏ខ្ញុំមិនឈប់ដាច់ខាត។ ខ្ញុំចង់ទាមទារឲ្យមានយុត្តិធម៌នៅក្នុងសង្គមខ្មែរ និងចង់ឲ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកសិល្បៈ ពិសេសសមាគមសិល្បៈគិតគូរពីសិល្បករដូចរូបខ្ញុំ និងក្រោកឈរទាំងអស់គ្នាប្រឆាំងនឹងភាពសាហាវឃោរឃៅក្នុងសង្គមខ្មែរសព្វថ្ងៃ»៕
No comments:
Post a Comment