A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 28 July 2014

Dr. Pung Chiv Kek accepted to be the ninth member of NEC with conditions អ្នកស្រី ពុង ឈីវកេក ព្រម​ទទួល​តំណែង​​​ជា​សមាជិក​គ.ជ.ប​ដោយ​ដាក់​លក្ខខណ្ឌ

ពុង ឈីវកេក ៦១០
ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤។
Photo: RFA

















អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​អបអរ​ចំពោះ​អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​ព្រម​ទទួល​តំណែង​ជា​សមាជិក​ទី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ.ជ.ប។ ការ​ស្នើ​តែងតាំង​អ្នកស្រី ពុង ឈីវកេក នេះ​មាន​សញ្ញា​យល់​ព្រម​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផង​ដែរ។
​ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក ប្រជុំ​ឯកភាព​គ្នា​ជាមួយ​បុគ្គលិក​រួចរាល់​នៅ​​រសៀល​ថ្ងៃ​ទី​២៨ ខែ​កក្កដា ហើយ​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។
លិខិត​របស់​​អ្នកស្រី ពុង ឈីវកេក ផ្ញើ​ជូន​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មាន​ខ្លឹមសារ​ថា អ្នកស្រី​សង្ឃឹម​ថា សមាជិក គ.ជ.ប នឹង​មាន​ការ​ការពារ​ដោយ​អភ័យ​ឯកសិទ្ធិ ការ​ធានា​ឲ្យ​មាន​ស្វ័យភាព​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត ហើយ​គួរ​តែ​មាន​សិទ្ធិ​ជ្រើស​រើប​បុគ្គលិក​ជំនាញ​ដើម្បី​បំពេញ​ការងារ ព្រម​ទាំង​មាន​ថវិកា​ស្វយ័ត ហើយ​មាន​សិទ្ធិ​ចាត់ចែង​ថវិកា​ជំនួយ​ពី​ក្នុង​និង​ក្រៅ​ប្រទេស។
​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា មក​ដល់​ល្ងាច​ម៉ោង ៦​ល្ងាច គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​លិខិត​តប​ទៅ​អ្នកស្រី ពុង ឈីវកេក វិញ ដោយ​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នេះ គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​អ្នកស្រី និង​យល់ព្រម​តាម​អ្វី​ដែល​អ្នកស្រី​ចង់​បាន។ លោក​បញ្ជាក់​ថា អ្នកស្រី ពុង ឈីវកេក ជា​តួអង្គ​សំខាន់​មួយ​ដែល​នឹង​នាំ​ឲ្យ​មាន​ការ​កែទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា៖ «សំឡេង»។
​មន្ត្រី​អង្គការ​ពារ​សិទ្ធិមនុស្ស​ឲ្យ​ដឹង​ថា មក​ដល់​ម៉ោង ៦​ល្ងាច ថ្ងៃ​ទី​២៨ ខែ​កក្កដា នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​ផ្ដល់​ចម្លើយ​តប​ចំពោះ​ជំហរ​របស់​អ្នកស្រី ពុង ឈីវកេក ឡើយ។ អ្នកស្រី ពុង ឈីវកេក វិញ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​វេលា​ម៉ោង​ជាង ៥​ល្ងាច​ថា រូប​គាត់​មិន​ទាន់​សម្រេច​ចិត្ត​បែប​ណា​ឡើយ ដោយ​រង់ចាំ​លិខិត​តប​ពី​គណបក្ស​ទាំង​ពីរ​សិន។ ក្នុង​លិខិត​របស់​អ្នកស្រី​ផ្ញើ​ទៅ​កាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ខ្លឹមសារ​ថា អ្នកស្រី​ទទួល​យក​សំណើ​នេះ​បាន​លុះ​ណា​តែ​អ្នកស្រី​អាច​បំពេញ​ការងារ​ជូន​ជាតិ​បាន​ដោយ​ឯករាជ្យ​តាម​មនសិការ​ស្នេហា​ជាតិ។ អ្នកស្រី​ក៏​សន្យា​ថា នឹង​ធ្វើ​ការងារ​តាម​ច្បាប់ តាម​រដ្ឋធម្មនុញ្ញ និង​យុត្តិធម៌ ដើម្បី​សុខុមាលភាព​នៃ​ពលរដ្ឋ​កម្ពុជា។
​ទាក់ទង​នឹង​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​វិមាន​រដ្ឋ​សភា​​ថា គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួចរាល់​ក្នុង​ការ​ជ្រើសរើស​សមាស​ភាព​ទី​៩ នៃ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​កំពុង​រង់ចាំ​ចម្លើយ​តប​ពី​ម្ចាស់​​សាមី​ខ្លួន។ លោក​បញ្ជាក់​ថា សមាសភាព​ទាំង​អស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នឹង​​ត្រូវ​ប្រកាស​ជា​សាធារណៈ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖ «សំឡេង»។

​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ជ្រើសរើស​សមាសភាព​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​តាម​រូបមន្ត ៤-៤-១។ បក្ស​កាន់​អំណាច​ដាក់​សមាជិក ៤​នាក់ ​បក្ស​ប្រឆាំង ៤​នាក់ និង​បុគ្គល​ឯករាជ្យ ១​នាក់។
​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ចិត្ត​ដាក់​លោក គួយ ប៊ុនរឿន ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម ៤​នាក់ បុគ្គល​ពីរ​នាក់​ទៀត​ចេញពី​សង្គម​ស៊ីវិល​ឯករាជ្យ​ដែល​មាន​ស្នាដៃ​ជួយ​ជាតិ ហើយ​មួយ​រូប​ចុង​ក្រោយ​ជា​មនុស្ស​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។
លោក កឹម សុខា ក៏​រក្សា​សិទ្ធិ​មិន​បញ្ចេញ​អត្តសញ្ញាណ​សមាសភាព​ទាំង​អស់​នោះ​ដែរ ក្រោម​ហេតុផល​ថា គណបក្ស​មិន​ទាន់​ទទួល​ការ​ឯកភាព​ពី​សាមី​ខ្លួន។ ប្រភព​ក្រៅ​ផ្លូវការ​ពី​សង្គម​ស៊ីវិល​បញ្ជាក់​ថា សមាសភាព​ពីរ​រូប​ដែល​គណបក្ស​ជ្រើស​ចេញពី​សង្គម​ស៊ីវិល​នោះ មាន​ម្នាក់​ធ្វើការ​ខាង​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស និង​ម្នាក់​ទៀត​មាន​បទពិសោធន៍​ច្រើន​ទាក់ទង​នឹង​ការងារ​បោះឆ្នោត។
​អ្នកស្រី ពុង ឈីវកេក ធ្លាប់​ធ្វើ​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា តាំង​ពី​​ទសវត្ស​ឆ្នាំ​៩០។ អ្នកស្រី​ធ្លាប់​ដើរ​តួ​ជា​អ្នក​នាំ​សារ​របស់​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ តំណាង​រដ្ឋាភិបាល​ត្រី​ភាគី និង​លោក ហ៊ុន សែន តំណាង​រដ្ឋ​កម្ពុជា ដែល​កាលនោះ​រណប​វៀតណាម ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។
​ទាក់ទង​នឹង​ដំណើរ​ការវិវត្តន៍​នយោបាយ​វិញ លោក សម រង្ស៉ី បាន​បង្ហាញ​មុខ​ក្នុង​រដ្ឋ​សភា​ក្នុង​នាម​ជា​​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ជំនួស​លោក គួយ ប៊ុនរឿន។ លោក​ប្រាប់​អ្នក​កាសែត​ថា នឹង​ចូល​​ស្បថ​ក្នុង​ព្រះបរមរាជវាំង នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​គណៈកម្មការ​ទាំង​បី​របស់​គណបក្ស​ទាំង​ពីរ​នឹង​​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា លើ​បញ្ហា​បី រួម​មាន ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា និង​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត។
ព័ត៌មាន​ចុង​ក្រោយ៖ រហូត​ដល់​ម៉ោង​ប្រមាណ ៧​កន្លះ​នេះ អ្នកស្រី ពុង ឈីវកេក បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​យល់​ព្រម​ជាមួយ​នឹង​លក្ខខណ្ឌ​ទាំង​ប៉ុន្មាន​ដែល​អ្នកស្រី​បាន​ស្នើ​សុំ​នោះ​ហើយ៕

No comments: