A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 6 July 2014

Indigenous people in Kratie province block bulldozers from a Vietnamese company from bulldozing their lands ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្រចេះ​រារាំង​ក្រុមហ៊ុន​វៀតណាម​ឈូស​ឆាយ​ប៉ះ​លើ​ដី​ចម្ការ

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ថ្មី ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ បន្ត​រារាំង​ក្រុមហ៊ុន​វៀតណាម ដែល​បាន​ឈូស​ឆាយ​ប៉ះ​លើ​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ​ជា​មុន។ ការ​ប៉ុនប៉ង​ឈូស​ឆាយ​ដី​របស់​ពលរដ្ឋ​ទាំង​នេះ កើត​ឡើង​បន្តបន្ទាប់​គ្នា​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ កក្កដា។
ប៉ុន្តែ តំណាង​ក្រុមហ៊ុន​បញ្ជាក់​ថា កាល​ពី​ពេល​កន្លង​ទៅ បាន​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​នេះ​រួច​ហើយ នៅ​ឡើយ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ។
ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​តែ​បារម្ភ​ទៅ​នឹង​សកម្មភាព​ឈូស​ឆាយ​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់ ដែល​ធ្លាប់​តែ​បង្កបង្កើនផល​ពី​សំណាក់​ក្រុមហ៊ុន​វៀតណាម មួយ​ឈ្មោះ តូតឿ សៃហ្គន នៅ​ក្នុង​ឃុំ​ថ្មី ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ។ ក្តី​បារម្ភ​នោះ ដោយសារ​តែ​ពួក​គាត់​មិន​ទាន់​មាន​ការ​ដោះស្រាយ​ណា​មួយ​សមរម្យ​នោះ​ទេ ប៉ុន្តែ​សកម្មភាព​ឈូស​ឆាយ​នៅ​តែ​មាន​លួច​លាក់។
តំណាង​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ថ្មី លោក ហ៊ុំ ញណ ឱ្យ​ដឹង​ថា សកម្មភាព​ហាម​ឃាត់​គ្រឿងចក្រ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​នោះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ គឺ​មាន​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ។ លោក​បន្ត​ថា មាន​រហូត​ដល់​ពេល​ខ្លះ ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ បាន​ទៅ​ចាប់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ជាច្រើន​គ្រឿង​មក​រក្សា​ទុក​ទៀត​ផង។ ពួក​គាត់​ព្រួយ​បារម្ភ​ថា ព្រៃ និង​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់ ត្រូវ​បាន​បំផ្លាញ​នោះ នឹង​អាច​ធ្វើ​ឱ្យ​បញ្ហា​ជាច្រើន​កើត​មាន​ឡើង​ដល់​ពួក​គាត់​មិន​ខាន។
លោក ហ៊ុំ ញណ៖ «រង្វង់​ជុំវិញ​ភូមិ​ហ្នឹង គឺ​សម្រាប់​គោ​ក្របី សម្រាប់​ប្រើប្រាស់​សព្វ​បែប​សព្វ​យ៉ាង សម្រាប់​អាស្រ័យ​ផល។ ទុក​សម្រាប់​រក្សា​ឈើ​ហ្នឹង។ បច្ចុប្បន្ន ប្រជាជន​ភ័យ អ៊ីចឹង​ហើយ​ប្រសិន​បើ​អស់​ឈើ​ទៅ​មុខ​ហ្នឹង​វា! អើ​ព្រោះ​ឮ​នៅ​ខេត្ត​ផ្សេងៗ មាន​រលំ​ផ្ទះ​រលំ​សម្បែង​ដោយសារ​ខ្យល់ ព្រឺ! ទាក់ទង​នឹង​សម្បត្តិ​ព្រៃ​ឈើ​ហ្នឹង។ ហើយ​ណា​មួយ កុងត្រា​របស់​ក្រុមហ៊ុន ៩៩​ឆ្នាំ​ទៀត​នោះ​ហើយ ប្រជាជន​ចេះ​តែ​កើនៗ​ទៅ។ អ៊ីចឹង​វា​អាច​ខ្វះខាត​រឿង​ដីធ្លី​ប្រើប្រាស់​អី​ហ្នឹង»
ប្រភព​ដដែល​បន្ត​ថា មាន​ប្រជាពលរដ្ឋ​ជិត ២០០​គ្រួសារ ដែល​នាំ​គ្នា​តវ៉ា​ទាមទារ​ដី​ដែល​ក្រុមហ៊ុន​ធ្វើ​ការ​ឈូស​ឆាយ​មក​រក្សា​ទុក ដើម្បី​បង្កបង្កើនផល​ជា​លក្ខណៈ​សមូហភាព​ត​កូន​ត​ចៅ និង​ដើម្បី​រក្សា​ទុក​ទិដ្ឋភាព​ប្រពៃណី​វប្បធម៌​របស់​ខ្លួន​រហូត​ទៅ។ លោក​បញ្ជាក់​ដែរ​ថា កន្លង​មក​ធ្លាប់​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ឃុំ ដើម្បី​កាត់​ផ្ទៃ​ដី​ខ្លះ​ពី​ក្រុមហ៊ុន ប៉ុន្តែ​ផ្ទៃ​ដី​ទាំង​នោះ​មិន​គ្រប់គ្រាន់​សម្រាប់​ពួក​គាត់​រស់នៅ​ឡើយ។
ទាក់ទង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​ក្នុង​ក្រុមហ៊ុន តូតឿ សៃហ្គន លោក កែវ សុវណ្ណ ឱ្យ​ដឹង​ថា ដី​តំបន់​នោះ គឺ​មាន​ខាង​ក្រុមហ៊ុន​មួយ​ចំនួន បាន​ផ្តល់​មក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​ជា​បន្តបន្ទាប់។ លោក​បន្ត​ថា ខាង​ក្រុមហ៊ុន តូតឿ សៃហ្គន ក៏​បាន​កាត់​ផ្ទៃ​ដី​របស់​ខ្លួន​ទៅ​ឱ្យ​ពួក​គាត់ តាម​ការ​ស្នើសុំ​ដែរ ប៉ុន្តែ​ពួក​គាត់​មួយ​ចំនួន​តូច នៅ​តែ​បន្ត​ទាមទារ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ទើប​ធ្វើ​ឱ្យ​បញ្ហា​នៅ​តែ​កើត​មាន។
លោក កែវ សុវណ្ណ៖ «ខ្ញុំ​ប្រាប់​គាត់​ដែរ​ក្នុង​ចំណោម​ពួក​គាត់ ព្រោះ​មាន​មួយ​ចំនួន​ហ្នឹង ប្រសិន​បើ​ជា​ពូ​បង​ធ្វើ​លិខិត​មក​ធ្វើ​តាម​ភូមិ ដាក់​តាម​ឃុំ​ដាក់​ថា សុំ​បាន​ដី​ប្រើប្រាស់​សម្រាប់​ធ្វើ​នេះ​ធ្វើ​នោះ សុំ​ឱ្យ​រក​ដី​ឱ្យ​អ៊ីចឹង​ណា! ខ្ញុំ​គិត​ថា គ្រាន់​តែ​ដី​សម្បទាន​របស់​រាជ​រដ្ឋាភិបាលៗ​គាត់​មាន​សិទ្ធិ​ត្រៀម ប្រសិន​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​របស់​គាត់​ជួប​បញ្ហា​លំបាក ពិត​ជា​ត្រូវ​ការ​ប្រើប្រាស់​ដី​គាត់​មាន​សិទ្ធិ​កាត់​ក្នុង​ចំណែក​ណា​មួយ​ដាក់​មក»

ទោះ​យ៉ាង​ណា​ក៏ដោយ លោក​បន្ថែម​ទៀត​ថា ខាង​ភាគី​ក្រុមហ៊ុន​នៅ​តែ​បន្ត​សម្រប​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​នោះ ដើម្បី​ស្វែង​រក​ចំណុច​រួម​គ្នា​ឈាន​ទៅ​រក​ការ​បញ្ចប់​វិវាទ​ដីធ្លី​មួយ​នេះ។
មន្ត្រី​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ក្រចេះ លោក ហេង ភារៈ បារម្ភ​ថា ប្រសិន​ការ​ដោះស្រាយ​មិន​អាច​ទៅ​រួច នោះ​វា​នឹង​អាច​បង្ក​ជា​បញ្ហា​កាន់​តែ​ធំ​ឡើងៗ​ជាក់​ជា​មិន​ខាន៖ «ប្រជាពលរដ្ឋ​ព្នង​ទាំង​នោះ​បាន​ទៅ​ឃាត់​ត្រាក់ទ័រ​ចំនួន ៩​គ្រឿង​រួច​មក​ហើយ ក្នុង​កំឡុង​ខែ​មេសា ឆ្នាំ​២០១៤ នេះ។ អ៊ីចឹង ក្នុង​នាម​យើង​សង្គម​ស៊ីវិល​មាន​ការ​បារម្ភ​ផង​ដែរ ខ្លាច​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ គាត់​ប្រើប្រាស់​អំពើ​ហិង្សា​ជា​រឿង​ក្លាយ​ទៅ​ជា​រឿង​ព្រហ្មទណ្ឌ​ដែល​អាច​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច​នោះ ប្រឈម​ទណ្ឌកម្ម​តាម​ប្រព័ន្ធ​តុលាការ»
លោក​យល់​ថា បញ្ហា​នេះ គប្បី​ភាគី​ទាំង​សង​ខាង រួម​នឹង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ផង អាច​ជួប​ពិភាក្សា​ស្វែង​យល់​ពី​តម្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​រួម​មួយ​ក្នុង​ពេល​ខាង​មុខ គឺ​ជា​ការ​ប្រសើរ៕

No comments: