វិទ្យាស្ថានអប់រំជាន់ខ្ពស់សម្រាប់ស្ត្រីមួយ នៅអាមេរិក គឺវិទ្យាល័យ ម៉ោនហូលយ៉ូក (MOUNTHOLYOK) បានផ្ញើលិខិតមួយច្បាប់ ទៅកាន់ឯកអគ្គរាជទូតខ្មែរ ប្រចាំក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីជំទាស់ទៅនឹងការឃុំខ្លួន អ្នកស្រី មូរ សុខហួរ និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិផ្សេងទៀត។
នាយិកាវិទ្យាល័យ ម៉ោនហូលយ៉ូក អ្នកស្រី លីន ប៉ាស្កែរីឡា (Lynn Pasquerella) នៅថ្ងៃទី១៧ កក្កដា បានផ្ញើលិខិតមួយច្បាប់ ទៅកាន់ឯកអគ្គរាជទូតខ្មែរ ប្រចាំក្រុងញូវយក គឺលោក ហែម ហេង ដោយបានលើកពីគុណសម្បត្តិអ្នកស្រី មូរ សុខហួរ ថាអ្នកស្រីជានារីម្នាក់ធ្វើការលះបង់ខ្ពស់បម្រើសង្គម និងពិភពលោក ដោយបានផ្ដល់ឱកាសដល់ពលរដ្ឋប្រុសស្រី ទទួលបានសេវាចាំបាច់ ដើម្បីបង្ការអត្រាឆ្លងមេរោគអេដស៍ជំងឺអេដស៍(HIV/AIDS) ការពារអំពើហិង្សាក្នុងគ្រួសារ រួមទាំងបានធ្វើការឲ្យមានការបើកចំហ នៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានគេទទួលស្គាល់លើឆាកជាអន្តរជាតិ។
អ្នកស្រី លីន ប៉ាស្កែរីឡា ដែលរៀបរាប់ថា វិទ្យាល័យម៉ោនហូលយ៉ូក គឺជាវិទ្យាល័យមួយ ធ្វើការតស៊ូមតិ ដើម្បីយុត្តិធម៌សង្គមលើពិភពលោកនោះ ឲ្យដឹងថា ថ្មីៗនេះ អ្នកស្រី មូរ សុខហួរ បានទៅទស្សនកិច្ចវិទ្យាល័យម៉ោនហូលយ៉ូក ដែលទស្សនកិច្ចនេះ ជាផ្នែកមួយ ក្នុងការចូលរួមលើគម្រោងការងារសាធារណៈរបស់ស្ត្រី ទាក់ទងទៅនឹងស្នាដៃ និងការដឹកនាំលេចធ្លោរបស់ស្ត្រីលើពិភពលោក ដើម្បីយុត្តិធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលក្នុងនោះអ្នកស្រី មូរ សុខហួរ បានដើរតួនាទីយ៉ាងសកម្ម ក្នុងនាមតំណាងឲ្យប្រទេសកម្ពុជា។
លិខិតដដែលសរសេរថា ៖ «ខណៈដែលកម្ពុជាធ្វើការជម្នះរាល់ឧបសគ្គទាំងអតីតកាល និងបច្ចុប្បន្នឲ្យបានប្រសើរឡើងនោះ ខ្ញុំសូមជំរុញឲ្យលោក និងរដ្ឋាភិបាលរបស់លោក យកឱកាសនៃបណ្ដឹងនេះ ដើម្បីបង្ហាញអំពីការពុះពារដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលនឹងបង្កើតឡើងជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនរបស់ប្រទេសអ្នកទៅអនាគត»៕
1 comment:
Mount Holyoke College, I think is the correct spelling and it's in Massachusetts.
Post a Comment