ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី23 កក្កដា 2014,
មន្ត្រីស្ថានទូតអាមេរិក នៅថ្ងៃពុធនេះ ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរ ដើម្បីឈានទៅដល់ការទម្លាយភាពជាប់គាំងនយោបាយនៅកម្ពុជា ដែលមានរយៈពេលជិតមួយឆ្នាំមកហើយ។
កិច្ចព្រមព្រៀងនយោបាយមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០១៤ បន្ទាប់ពីមានការចរចាប្រមាណជា៥ម៉ោង នៅវិមានព្រឹទ្ធសភា។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក John Simmons ប្រាប់VODតាមរយៈអ៊ីម៉េលថាសហរដ្ឋអាមេរិក ស្វាគមន៍ចំពោះកិច្ចព្រមព្រៀង ដែលសម្រេចបានកាលពីម្សិលមិញ ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក៏ដូចជាការដោះលែងលោកស្រី មូរ សុខហួរ និងមន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងៗទៀត។
លោក John Simmons បញ្ជាកក់ថា«យើងសង្ឃឹមថាការវិវឌ្ឍចុងក្រោយនេះ នឹងជួយឲ្យភាគីទាំងពីរ ធ្វើការជាមួយគ្នា ដើម្បីការលើកតម្កើងកំណែទម្រង់ និងការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
កាលពីថ្ងៃអង្គារ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ថ្លែងអបអរសាទរដែលភាគីគណបក្សនយោបាយទាំងពីរ បានសម្រេចនូវកិច្ចព្រមព្រៀងនយោបាយមួយ ។លោកជំរុញឲ្យមានកំណែទម្រង់តាមការសន្យា។
ក្រោយពីការចរចា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ទៅអ្នកសារព័ត៌មានយ៉ាងខ្លីថា ជោគជ័យហើយ ដោយចាប់ពីថ្ងៃនេះ គណបក្សទាំងពីរ អាចចាប់ដៃគ្នាក្នុងការធ្វើការ «នាំគ្នាទះដៃបានហើយ»។
ចំណែកលោក សម រង្ស៊ី មានប្រសាសន៍ថាភាពជោគជ័យនៃការចរចា ជាជម្រើសចុងក្រោយ និងល្អបំផុតសម្រាប់ការដោះស្រាយបញ្ហាជាប់គាំងនយោបាយ។លោកថា«យើងអត់មានជម្រើសទេ ជម្រើសដែលសមរម្យតែមួយគឺបញ្ចប់វិបត្តិនយោបាយ ហើយបញ្ចប់ស្ថានភាពតានតឹង»។
កិច្ចព្រមព្រៀងនយោបាយ ផ្តោតលើការជ្រើសរើសសមាសភាពគ.ជ.ប តុល្យភាពអំណាចនៅក្នុងសភា និងកំណែទម្រង់ស្ថាប័នជាតិសំខាន់ជាដើម៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment