A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 7 July 2014

Yem Ponharith became a brave politician like his childhood dream បុញ្ញឫទ្ធិ ក្លាយ​ជា​អ្នក​នយោបាយ​មោះ​មុត​ដូច​ការ​ស្រមៃ​កាល​ពី​នៅ​ក្មេង

លោក យ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង។
លោក យ៉ែម បុញ្ញឫទ្ធិ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង។ ម៉ៃ វីរៈ
«ត្រូវ​វិល​ត្រឡប់​មក​ជាន់​ដី​ស្រុក​ខ្មែរ​វិញ​ឲ្យ​បាន ធ្វើ​ជា​អ្នក​តំណាង​រាស្ត្រ​ឲ្យ​បាន» គឺ​ជា​ការ​ប្តេជ្ញា​ក្នុង​ចិត្ត​របស់​លោក យ៉ែម បុញ្ញឫទ្ធិ ចាប់​តាំង​ពី​លោក​បាន​រត់​ភៀស​ខ្លួន​ខ្ចាត់​ព្រាត់ រហូត​បាន​ទៅ​ជាន់​ដី ស្រុក​បារាំង លើក​ដំបូង​កាល​ពី​ចុង ឆ្នាំ​១៩៨១ ហើយ​ឥឡូវ​នេះ ការ​តាំង​ចិត្ត​ដ៏​មោះ​មុត​របស់​លោក​បាន​សម្រេច​ដូច​បំណង​ហើយ។
ក៏​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ មហិច្ឆតា​របស់​អតីត​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​រូប​នេះ គឺ​មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​ទេ។ លោក បុញ្ញឫទ្ធិ នៅ​មាន​បំណង​ប្រាថ្នា​ធំ​ជាង​នេះ​ទៀត «គឺ​ទៅ​យក​អំណាច​ឲ្យ​បាន ទៅ​ដឹក​នាំ​ប្រទេស​ឲ្យ​បាន ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គម» ឬ​ដើម្បី​សង្គ្រោះ​ជាតិ ដូច​អ្វី​ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មោះ​មុត​របស់​គណបក្ស​ប្រឆាំង។
លោក យ៉ែម បុញ្ញឫទ្ធិ កើត​នៅ​ថ្ងៃ ទី៧ ខែ​កក្កដា ឆ្នាំ​១៩៦០ ក្នុង​គ្រួសារ​ខ្មែរ​សុទ្ធ​មួយ នៅ ភូមិ​កំពង់ ឃុំ​ព្រះបា​ទ​ជាន់​ឃុំ ស្រុក​គិរីវង្ស ខេត្ត​តាកែវ។ ដោយ​កើត​ក្នុង​ត្រកូល​អ្នក​មាន​មុខ​មាត់​ខ្ពង់​ខ្ពស់ ដែល​មាន​ឪពុក ឈ្មោះ យ៉ែម ងឹម ជា​ចាងហ្វាង​សាលា​ទន្លាប់ និង​ជា​អ្នក​តំណាង​រាស្ត្រ​ក្នុង ឆ្នាំ​១៩៧២ និង​មាន​ម្តាយ​ជា​ស្ត្រី​មេ​ផ្ទះ លោក បុញ្ញឫទ្ធិ មាន​បង​ប្អូន​បង្កើត ១០ នាក់ ប្រុស ៦ នាក់ ហើយ​លោក​ជា​កូន ទី៥។
លោក​ថ្លែង​ថា៖ «ខ្ញុំ​ឈាម​ខ្មែរ​សុទ្ធ​តែ​ម្តង មាន​ជីដូន​ជីតា​ដែល​មុន​នឹង​បាត់​ដី​កម្ពុជា​ក្រោម គឺ​គាត់​រស់​នៅ ខេត្ត​តាកែវ នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​ក្រោម​បច្ចុប្បន្ន»។
កុមារា បុញ្ញឫទ្ធិ បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា ទន្លាប់ ហើយ​នៅ​ពេល​ដែល​ស្រុក​ចាប់​ផ្តើម​កើត​សង្គ្រាម​ក្នុង ឆ្នាំ​១៩៧០ បាន​មក​រៀន​នៅ​វិទ្យាល័យ តាកែវ អស់​រយៈ​ពេល​មួយ​ឆ្នាំ មុន​នឹង​មក​បន្ត​ការ​សិក្សា​នៅ ភ្នំពេញ រហូត​ដល់ ឆ្នាំ​១៩៧៥ ដោយ​ស្នាក់​នៅ វត្ត​នួនមុនី​រាម ហៅ​វត្ត ថាន់ អស់​រយៈ​ពេល​មួយ​ឆ្នាំ រួច​បាន​ទៅ​រស់​នៅ​ផ្ទះ​របស់​លោក​នៅ ទួលទំពូង។ ចូល​ដល់​សម័យ​ខ្មែរ​ក្រហម​លោក បុញ្ញឫទ្ធិ ត្រូវ​គេ​ជម្លៀស​ពី​ទីក្រុង​ភ្នំពេញ​ទៅ​រស់​នៅ ស្រុក​អង្គរ​ជ័យ ខេត្ត​កំពត។
«ខ្ញុំ​នៅ​ជា​មួយ​ខ្មែរ​ក្រហម​រហូត​ដល់ ៧ មករា ៧៩ ឃើញ​យួន​ចូល​ម៉ោ​ហ្នឹង​ខ្ញុំ​ក៏​ចេញ​ពី ខេត្ត​កំពត ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ ទៅ​ដល់​ស្រុក​កំណើត​មាន​ផ្ទះ​មួយ ដែល​លោក​ឪពុក​អ្នក​ម្តាយ​ខ្ញុំ​គាត់​ខំ​សាង​សង់​ហ្នឹង ទៅ​នៅ​ហ្នឹង​ស្រាប់​តែ​គេ​ខ្ចី​ផ្ទះ​ហ្នឹង យក​ទៅ​ធ្វើ​សាលា​ស្រុក គេ​ឲ្យ​ទៅ​នៅ​កន្លែង​ផ្សេង​ហើយ​គេ​ថា ចាំ​គេ​ឲ្យ​វិញ ប៉ុន្តែ​រហូត​មក​ទល់​បច្ចុប្បន្ន​ហ្នឹង​គេ​អត់​ឲ្យ​វិញ​ទេ​គឺ​គេ​យក​ធ្វើ​អធិការដ្ឋាន ស្រុក​គិរីវង្ស»។
បង​ប្រុស​លោក បុញ្ញឫទ្ធិ មួយ​រូប​បាន​ចេញ​ទៅ​សហរដ្ឋ​អាមេរិក និង​មួយ​រូប​ទៀត បាន​ទៅ ប្រទេស​បារាំង នៅ​មុន​ពេល​ខ្មែរ​ក្រហម​ចូល​កាន់​កាប់ ទីក្រុង​ភ្នំពេញ។ អ្នក​ម្តាយ និង​បង​ប្អូន​របស់​លោក ៨ រូប​ផ្សេង​ទៀត បាន​រស់​នៅ​ឆ្លង​ផុត​ពី​របប​ខ្មែរ​ក្រហម ដោយ​ពុំ​មាន​នរណា​ម្នាក់​រងគ្រោះ​រហូត​ដល់​បាត់​បង់​ជីវិត​ឡើយ ខណៈ​ដែល​ឪពុក​របស់​លោក​បាន​ស្លាប់​នៅ​ក្នុង​របប​អាវ​ខ្មៅ​នេះ។ នៅ​ក្រោយ ឆ្នាំ​១៩៧៩ បន្ទាប់​ពី​បាន​វិល​ទៅ​រស់​នៅ​ស្រុក​កំណើត​មួយ​រយៈ លោក បុញ្ញឫទ្ធិ បាន​ឡើង​មក​រស់​នៅ ភ្នំពេញ វិញ​ដោយ​ចូល​រៀន​ថ្នាក់ ទី១០ នៅ​វិទ្យាល័យ ស៊ីសុវត្ថិ។
លោក បុញ្ញឫទ្ធិ ជា​សិស្ស​ពូកែ​ខាង​គណិតវិទ្យា។ បន្ទាប់​ពី​រៀន​ចប់​ថ្នាក់ ទី១០ លោក​បាន​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អឺរ៉ុប​ខាង​កើត ប៉ុន្តែ​​ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឡើយ «ដោយ​សារ​តែ​មាន​ការ​រើស​អើង​ពី​ប្រវត្តិ​រូប​ខ្ញុំ​ផ្ទាល់ និង​ប្រវត្តិ​គ្រួសារ» របស់​លោក។
«ពេល​ហ្នឹង ខ្ញុំ​ក៏​សម្រេច​ចិត្ត​ចេញ​ទៅ​តស៊ូ ពីព្រោះ​ឃើញ​យួន​ក៏​ច្រើន​ពេញ​ស្រុក អាការ​រើស​អើង​ហ្នឹង​ក៏​ខ្លាំង ហើយ​របៀប​ដឹក​នាំ កុម្មុយនីស្ត​ទៀត ក៏​ដើរ​ពី ភ្នំពេញ ទៅ​ដល់​ព្រំ​ដែន​ខ្មែរ​សៀម​តែ​ម្តង»។
លោក បុញ្ញឫទ្ធិ បាន​ចាក​ចេញ​ពី ក្រុង​ភ្នំពេញ ទៅ​កាន់​ជំរំ នៅ​ព្រំដែន​ខ្មែរ​ថៃ នៅ ខែ​កញ្ញា ឆ្នាំ​១៩៨០។ លោក​បាន​រស់​នៅ​ជំរំ​តាម​ព្រំដែន​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ហើយ​បាន​ចេញ​ទៅ​រស់​នៅ ប្រទេស​បារាំង នៅ​ចុង ឆ្នាំ​១៩៨១ ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន។
«ខ្ញុំ​បាន​ចេញ​ទៅ​រស់​នៅ បារាំង ហ្នឹង គឺ​ដោយ​សារ​តែ​មាន​បង​ប្រុស​ខ្ញុំ និង​បង​ស្រី​ជា​គ្រួសារ​គាត់​ហ្នឹង ជា​អ្នក​ធានា​ខ្ញុំ​ទៅ...ដោយ​សារ​មាន​យួន​ពេញ​ស្រុក​ហ្នឹង ក៏​ចេញ​ទៅ​បន្ត​ការ​សិក្សា​ដោយ​សន្យា​ក្នុង​ចិត្ត​ថា ពេល​ណា​រៀន​ចប់​មាន​ឱកាស​ត្រឡប់​មក​ស្រុក​វិញ​ដើម្បី​សង្គ្រោះ​ជាតិ​ខ្មែរ​ឲ្យ​បាន»។
នៅ​ពេល​ទៅ​ដល់ ប្រទេស​បារាំង លោក បុញ្ញឫទ្ធិ បាន​រក​ការ​ងារ​ធ្វើ ដើម្បី​ចិញ្ចឹម​ជីវិត​ផង និង​ខិត​ខំ​បន្ត​ការ​សិក្សា​ផង។ លោក​បាន​រៀន​ភាសា​បារាំង​បន្ថែម បន្ទាប់​មក​ទៀត​បាន​ចូល​រៀន​នៅ​មហា​វិទ្យាល័យ​ផ្នែក​ព័ត៌មានវិទ្យា ខាង អាយធី ផ្នែក​ខាង​ដែតាបេស។ ពេល​រៀន​ចប់ បាន​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ខាង អាយធី លោក បុញ្ញឫទ្ធិ បាន​ចេញ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន បារាំង មួយ​ក្នុង ឆ្នាំ​១៩៩១។ នៅ​ពេល​ក្រោយ​មក​លោក​បាន​រៀន​យក​ជំនាញ​ខាង​ការ​គ្រប់​គ្រង​ក្រុម​ហ៊ុន​និង​ខាង​ទីផ្សារ​ភាគ​ហ៊ុន។

បើ​ទោះ​បី​ជា​បាន​រស់​នៅ​សុខ​ស្រួល នៅ​លើ​ទឹក​ដី​ប្រទេស​ជឿន​លឿន​ដែល​ជា​ប្រទេស​មហា​អំណាច​ក៏​ដោយ ក៏​លោក បុញ្ញឫទ្ធិ មិន​ដែល​ភ្លេច​ទឹក​ដី​កំណើត​របស់​ខ្លួន​ឡើយ។
«ខ្ញុំ​បាន​សន្មត​ក្នុង​ចិត្ត​ពេល​ចាក​ចេញ​ពី​ប្រទេស​ខ្មែរ ទៅ​ដល់​ព្រំ​ដែន​សៀម ទម្រាំ​តែ​ឆ្លង​កាត់​ព្រំដែន​ខ្មែរ​សៀម​ជំនាន់​នោះ​បាន គឺ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​មែន​ទែន ក៏​ប៉ុន្តែ មាន​ការ​សន្មត​ក្នុង​ចិត្ត​មួយ​យ៉ាង​ច្បាស់​ថា ការ​ទៅ​នេះ​គឺ​ទៅ​បណ្តោះ​អាសន្ន ដើម្បី​ស្វែង​រក​ចំណេះ​វិជ្ជា​ពិត​ប្រាកដ ហើយ​វិល​ត្រឡប់​មក​ស្រុក​វិញ ដើម្បី​ជួយ​សង្គ្រោះ​ជាតិ»។
លោក​និយាយ​ថា៖ «ខ្ញុំ​គឺ​តាំង​ពី​តូច​មក​មាន​គំនិត​ស្រឡាញ់​ជាតិ​មែន​ទែន ហើយ​លើស​ពី​នេះ​ដោយ​លោក​ឪពុក​ជា​អ្នក​តំណាង​រាស្ត្រ​ទៅ​ទៀត​នៅ ឆ្នាំ​៧២ ខ្ញុំ​អាយុ ១២​ឆ្នាំ ខ្ញុំ​ហាក់​ដូច​ជា​លេខា​ផ្ទាល់​របស់​គាត់​តែ​ម្តង ការងារ​ទាំង​អស់​នៅ​សភា​ជំនាន់​នោះ គឺ​ខ្ញុំ​បាន​ដឹង​ច្រើន»។
កុមារា បុញ្ញឫទ្ធិ នៅ​ពេល​រៀន​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ពេល​ដែល​ដឹង​ថា ខ្មែរ​ច្បាំង​ចាញ់ វៀតណាម ឬ​ច្បាំង​ចាញ់​ថៃ គឺ​តែង​តែ​កើត​ទុក្ខ​ដេក​មិន​លក់​ហើយ​ចេះ​តែ​ស្រមៃ​ថា «ថ្ងៃ​ណា​មួយ​ចង់​ចូល​រួម​ចំណែក​ដើម្បី​អភិវឌ្ឍ​កសាង​ប្រទេស​ជាតិ»។
លោក បុញ្ញឫទ្ធិ ដែល​ជា​ស្ថាបនិក​គណបក្ស​ជាតិ​ខ្មែរ នៅ ប្រទេស​បារាំង តាំង​ពី​លើក​ដំបូង ហើយ​ក្រោយ​មក​ត្រូវ​ប្តូរ​ទៅ​ជា​គណបក្ស សម រង្ស៊ី បាន​ត្រឡប់​មក​កម្ពុជា​វិញ​លើក​ដំបូង​ក្នុង ឆ្នាំ​១៩៩៨ ដើម្បី​ចូល​រួម​ធ្វើ​កិច្ច​ការ​នយោបាយ។ នៅ​ពេល​នោះ លោក​បាន​ទៅ​មក ប្រទេស​បារាំង ជា​ញឹក​ញាប់ និង​បាន​មក​រស់​នៅ​ជាប់​ក្នុង ឆ្នាំ​២០០៧។
លោក យ៉ែម បុញ្ញឫទ្ធិ (​ខាង​ឆ្វេង) តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង។
លោក យ៉ែម បុញ្ញឫទ្ធិ (​ខាង​ឆ្វេង) តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង។ ម៉ៃ វីរៈ
មាន​ការ​លើក​ឡើង​ថា ការ​ចូល​ប្រឡូក​ក្នុង​នយោបាយ​យ៉ាង​ហោច​ណាស់ គឺ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធំៗ​បី គឺ​ត្រូវ​គេ​ធ្វើ​ឃាត ជាប់​គុក និង​រត់​ចោល​ស្រុក។ ប៉ុន្តែ​សម្រាប់​លោក បុញ្ញឫទ្ធិ មិន​យល់​ដូច្នេះ​ទេ។
លោក​បញ្ជាក់​ថា៖ «ទ្រឹស្តី​បី​ហ្នឹង​ហាក់​ដូច​គ្រាន់​តែ​ជា​ការ​បំភិត​បំភ័យ​គំរាម​កំហែង​ផ្លូវ​ចិត្ត​របស់​អ្នក​នយោបាយ​ប្រមូល​ផ្តុំ​អំណាច ឬ​អ្នក​នយោបាយ​ផ្តាច់​ការ»។ អ្នក​នយោបាយ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​គេ​តែង​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ចូល​រួម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម «ពីព្រោះ​ពាក្យ​ថា នយោបាយ​គឺ​នាំ​គ្នា​ចូល​រួម ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គម»។
ក្នុង​ពេល​ប្រឡូក​នយោបាយ​ជាង ៣០ ឆ្នាំ​មក​នេះ​ចាប់​តាំង​ពី​លោក​នៅ ប្រទេស​បារាំង អ្វី​ដែល​លោក​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​នោះ គឺ​កម្លាំង​អ្នក​ជាតិ​និយម​ដែល​តែង​តែ​ត្រូវ​គេ​បំបែក​បំបាក់​ហើយ​អ្នក​ដឹក​នាំ​មួយ​ចំនួន​ខ្វះ​លក្ខណៈ​មោះ​មុត​ដាច់​ខាត «តែង​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​ជង្ហុក​មួយ ដែល​ហៅ​ថា បក្ខ​ពួក​និយម និង​ការ​ញុះ​ញង់​បំបែក​បំបាក់។ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​សង្កេត​ឃើញ​កើត​មាន​គ្រប់​កន្លែង​ទាំង​អស់»។
លោក បុញ្ញឫទ្ធិ បាន​តាំង​ចិត្ត​រួច​ជា​ស្រេច​ហើយ​គឺ​មិន​ខ្លាច​ញញើត និង​មិន​ចុះ​ញ៉ម​ជា​ដាច់​ខាត​ចំពោះ​ការ​គំរាម​កំហែង​អ្វី​ក៏​ដោយ។
លោក បុញ្ញឫទ្ធិ បាន​រៀបការ​នៅ ឆ្នាំ​១៩៩៥ មាន​កូន ៣ នាក់​ប្រុស​ម្នាក់។ កូន​បង​អាយុ ២៣​ឆ្នាំ និង​កូន​ស្រី​ពៅ​អាយុ ៥​ឆ្នាំ។ ភរិយា​និង​កូន​ទាំង​បី​របស់​លោក រស់​នៅ ប្រទេស​បារាំង។ លោក​តែង​តែ​ទៅ​លេង​ប្រពន្ធ​កូន​នៅ​ពេល​ដែល​មាន​ឱកាស។
ក្រៅ​ពី​ធ្វើ​នយោបាយ លោក បុញ្ញឫទ្ធិ មិន​មាន​ប្រកប​មុខ​របរ​អ្វី​ទេ​នៅ​កម្ពុជា ប៉ុន្តែ​លោក​មាន​ចូល​ភាគ​ហ៊ុន​រក​ស៊ី​ជាមួយ​បង​ប្អូន​នៅ ប្រទេស​បារាំង។
លោក បុញ្ញឫទ្ធិ ដែល​ជា​ស្ថាបនិក​គណបក្ស​សិទ្ធិ​មនុស្ស ជា​គណបក្ស​ដែល​រួម​បញ្ចូល​គ្នា​ជាមួយ​គណបក្ស សម រង្ស៊ី បច្ចុប្បន្ន ក្រៅ​ពី​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៅ មណ្ឌល​ព្រៃវែង ជា​ខេត្ត​ដែល​លោក​បាន​ធ្វើ​ជា​តំណាង​រាស្ត្រ​គណបក្ស​សិទ្ធិ​មនុស្ស​តាំង​ពី ឆ្នាំ​២០០៨ លោក​ក៏​ជា​អគ្គ​នាយក​រដ្ឋបាល​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​ផង​ដែរ។
លោក បុញ្ញឫទ្ធិ ក៏​ដូច​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​ចំនួន ៥៤ រូប​ផ្សេង​ទៀត​ដែរ ដោយ​សារ​តែ​មាន​វិបត្តិ​នយោបាយ​ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត ដែល​មាន​វិវាទ អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​បៀវត្សរ៍​នៅ​ឡើយ​ទេ។
ក៏​ប៉ុន្តែ​លោក បុញ្ញឫទ្ធិ បញ្ជាក់​ថា៖ «(ការ​អត់​បាន​ប្រាក់​ខែ) អត់​មាន​បញ្ហា​ប្រឈម​អ្វី​ទាល់​តែ​សោះ ពី​ព្រោះ​យើង​ត្រូវ​គិត​ថា អ្នក​ដែល​មក​ធ្វើ​នយោបាយ គឺជា​អ្នក​ដែល​មក​ដោះ​ស្រាយ​បញ្ហា​សង្គម ដូច្នេះ​មិន​មែន​អ្នក​យក​បញ្ហា​ខ្លួន​ឯង មក​ដាក់​ជា​បន្ទុក​ឲ្យ​សង្គម​ឬ​ជា​បន្ទុក​របស់​បក្ស​នោះ​ទេ»។
លោក​គូស​បញ្ជាក់​ទៀត​ថា៖ «ចំពោះ​អ្នក​នយោបាយ​ណា​ដែល​គិត​ថា មក​ធ្វើ​តំណាង​រាស្ត្រ​ដើម្បី​យក​ប្រាក់​ខែ ដែល​យើង​ឲ្យ​ឈ្មោះ​ថា ធ្វើ​អាជីវកម្ម​នយោបាយ​នោះ អ្នក​ហ្នឹង​ប្រាកដ​ជា​រង​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច ហើយ​ប្រាកដ​ជា​រង​សម្ពាធ​ការ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ ពីព្រោះ​គេ​អាច​ទិញ គេ​អាច​ឲ្យ​ថ្នូរ​នឹង​លុយ​ពុក​រលួយ​ជា​ដើម...ដូច្នេះ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥ រូប​ហ្នឹង គឺ​យើង​បាន​កំណត់​គ្នា​ច្បាស់​លាស់​ហើយ​គឺថា​យើង​ជា​អ្នក​មក​ដោះ​ស្រាយ​បញ្ហា​សង្គម ដូច្នេះ​អត់​ប្រាក់​ខែ ៥ ឆ្នាំ​ទៀត​ក៏​អត់​អី​ដែរ»។
លោក បុញ្ញឫទ្ធិ មាន​បំណង​ធំ​បំផុត គឺ​សូម​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​គ្រប់​រូប​ចាប់​ផ្តើម​បើក​ទ្វារ​ចិត្ត​ឲ្យ​មាន​គំនិត​ទូលំ​ទូលាយ ដើម្បី​ទទួល​យក​មតិ​យោបល់​របស់​អ្នក​ដទៃ​យក​ទៅ​គិត​ពិចារណា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ល្អៗ សម្រាប់​ប្រទេស​ជាតិ «ពីព្រោះ​ការ​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​ជា​រឿង​មួយ​ធំ​ណាស់ «ដូច្នេះ​ត្រូវ​គិត​រឿង​ហ្នឹង​ឲ្យ​ផុត​ពី​បញ្ហា​ផ្ទាល់​ខ្លួន និង​ផល​ប្រយោជន៍​បក្ស។ អ្វី​ដែល​សំខាន់​ត្រូវ​យក​មក​សិក្សា​គិត​ថា អ្វី​ដែល​យើង​បម្រុង​នឹង​ធ្វើ​ហ្នឹង​តើ​វា​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ប្រជា​ពលរដ្ឋ ដល់​ប្រជាជាតិ​យើង​ជា​ជាង​ការ​គិត​ថា តើ​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​មក​លើ​ខ្លួន​ឯង ឬ​មក​លើ​បក្ស»៕

No comments: