A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 18 August 2014

Kong Korm: A hardline politician on Vietnam លោក​គង់ គាំ​ជា​អ្នក​នយោបាយ​ក្តៅគគុក​ចំពោះ​«យួន»

Content image - Phnom Penh Post
ពាក្យ​ថា វៀតណាម ឬ​យួន នៅតែ​ជា​បញ្ហា​ក្ដៅគគុក​សម្រាប់​បញ្ហា​នយោបាយ​នៅ​កម្ពុជា ចំពោះ​អ្នកនយោបាយ​ប្រឆាំង​ដូចជា​លោក គង់ គាំ សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​សមរង្សី។ លោក​គង់ គាំ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មាន​ឧត្តមគតិ​នយោបាយ មិន​ចូលចិត្ត​កុម្មុយនីស្ត ហើយ​មើល​ឃើញ​ថា យួន​នៅ​តែ​ជា​បញ្ហា​សម្រាប់​កម្ពុជា យួន​មាន​យុទ្ធសាស្រ្ត​ច្បាស់លាស់​ណាស់»។
ចាប់​តាំងពី​ឆ្នាំ​១៩៧៩ មក លោក គង់ គាំ ជា​អ្នក​ហែហម​ប្រតិភូ​កម្ពុជា​ដំបូង​បំផុត​ទៅ​ឡាវ វៀតណាម សូវៀត គុយបា ដើម្បី​ចូលរួម​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ។
លោក​បាន​ឲ្យ​ដឹង​ថា តាំងពី​ឆ្នាំ​១៩៥១ មក គណបក្ស​ប្រជាជន គឺ​នៅ​ក្រោម​ឥទ្ធិពល​របស់​យួន​រហូត ហើយ​យួន​បាន​មក​រៀបចំ​គណបក្ស​នេះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ឆ្នាំ​១៩៧៩។ លោក​បន្ត​ថា លោក​នៅ​តែ​មាន​គំនិត​ប្រឆាំង​កុម្មុយនីស្ត​យួន ដែល​មិន​អាច​សម្ងំ​នៅ​ជាមួយ​គណបក្ស​ប្រជាជន​បាន មិន​អាច​លក់​ឧត្តមគតិ​បាន ទើប​សម្រេច​ចិត្ត ចាកចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។
លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​មិន​មាន​ការ​សោកស្ដាយ​ទេ ក្នុង​ការ​លាលែង​ចេញ​ពី​គណបក្ស​ប្រជាជន​បើ​ទោះបី​ពេល​នេះ មន្រ្តី​របស់​គណបក្ស​នេះ មាន​ទ្រព្យសម្បតិ និង​អំណាច​លើសលប់​ក៏ដោយ ព្រោះ​ខ្ញុំ​មិន​ពេញចិត្ត​នឹង​ទង្វើ​ពុករលួយ​នោះ​ទេ»។
នៅ​ឆ្នាំ​១៩៩២ មាន​មហាសន្និបាត​ធំ​លើក​ទី ៦ ដើម្បី​រៀបចំ​គណបក្ស​ប្រជាជន មុន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​។ នៅពេល​នោះ​លោក គង់ គាំ បាន​សុំ​លាលែង​ចេញ​ពី​បក្ស ហើយ​ក៏​មិន​ចូល​ទៅ​គណបក្ស​ណា​ទាំងអស់ ប៉ុន្តែ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅពេល​នោះ​។
លោក​គង់ គាំ (កាន់​ទង់​គណបក្ស​សមរង្ស៊ី​នៅលើ​ឡាន) ក្នុង​ពិធី​ហែ​ក្បួន​ផ្លាស់ប្តូរ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សមរង្ស៊ី ពី​សង្កាត់​ទន្លេបាសាក់​ទៅ​សង្កាត់​ចាក់អង្រែ​ក្រោម កាលពី​ឆ្នាំ​២០១១។
លោក​គង់ គាំ (កាន់​ទង់​គណបក្ស​សមរង្ស៊ី​នៅលើ​ឡាន) ក្នុង​ពិធី​ហែ​ក្បួន​ផ្លាស់ប្តូរ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សមរង្ស៊ី ពី​សង្កាត់​ទន្លេបាសាក់​ទៅ​សង្កាត់​ចាក់អង្រែ​ក្រោម កាលពី​ឆ្នាំ​២០១១។ រូបថត Sunan Channarong
នៅក្នុង​ដំណើរ​ជីវិត​ផ្ទាល់​ខ្លួន លោក គង់ គាំ បាន​ចាប់ផ្ដើម​ការងារ​នយោបាយ ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ នៅពេល​ដែល​កងទ័ព​វៀតណាម បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា ក្រោយពី​បាន​ផ្ដួលរំលំ​របប​ខ្មែរ​ក្រហម។ ជម្លោះ​ព្រំដែន រវាង​ឆ្នាំ ១៩៧៧ ឬ ១៩៧៨ វៀតណាម វ៉ៃ​ខ្មែរ​ក្រហម​ចូល​មក​ជា​បណ្ដើរៗ តាម​ភូមិ​គោកល្វៀង ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​កំពងចាម ហើយ​ពេល​នោះ វៀតណាម​បាន​គ្រប់គ្រង​ទឹកដី​មួយ​ចំណែក នៅ​តំបន់​នោះ។
លុះ​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩ លោក​គង់ គាំ ជា​មនុស្ស​ម្នាក់ ចេះដឹង​ជាង​គេ នៅក្នុង​ភូមិ​គោកល្វៀង ទើប​វៀតណាម តែងតាំង​លោក ឲ្យ​ធ្វើ​ជា​មេភូមិ និង​ដោយ​មាន​ការ​គាំទ្រ​ពី​ចាស់ៗ​នៅក្នុង​ភូមិ លោក​ក៏​យល់ព្រម​ធ្វើ​ជា​មេភូមិ​។ នៅពេល​នោះ នៅ​រដូវ​ធ្វើស្រែ​គឺ​អ្នក​ភូមិ​ត្រូវ​ធ្វើ​ស្រែ​រួម​គ្នា តែ​នៅពេល​ច្រូតកាត់ លោក​បាន​ចាត់ចែង​ឲ្យ​អ្នកភូមិ​ច្រូត​យក​រៀងៗ​ខ្លួន និង​ឲ្យ​ទុក​ដាក់​ផលស្រូវ​រៀងៗ​ខ្លួន។
ជាមួយ​គ្នា​នោះ ភាព​វឹកវរ​ក៏​បាន​កើតឡើង ដោយសារ​តែ​ប្រជាពលរដ្ឋ​ប្រដាប់​ដោយ​កាំបិត​ផ្គាក់​ស​ស្ងាច ដើរ​ស្វែងរក​គោ ក្របី ហើយ​ចេះ​តែ​ដើរ​ចង្អុល​ថា គោ​នេះ គោ​នោះ ជា​របស់​ផង​ខ្លួន។
នៅពេល​នោះ លោក​ក៏​បាន​ចូលរួម​ដោះស្រាយ ដើម្បី​ចៀសវាង​ការ​កាប់​សម្លាប់​គ្នា។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ លោក​គង់ គាំ ក៏​ប្រឈមមុខ​ជាមួយ​នឹង​បញ្ហា​អសន្តិសុខ​ផ្ទាល់​ខ្លួន​ដោយសារ​តែ​លោក តែងតែ​តវ៉ា​ប្រឆាំង​កងទ័ព​វៀតណាម នៅពេល​ដែល​ប្រជាពលរដ្ឋ​ប្ដឹង​ពី​បញ្ហា​ដែល​វៀតណាម លួច​មាន់​របស់​ពួកគេ​យក​ទៅ​ស៊ី។ ដោយ​មាន​ការ​ព្រួយបារម្ភ​ក្រែង​ពួក​ទាហាន​វៀតណាម សងសឹក ធ្វើ​បាប លោក គង់ គាំ ក៏​សម្រេច​ចិត្ត​គេច​ខ្លួន​មក​កាន់​ទីក្រុង​ភ្នំពេញ​។
លោក​និយាយ​ថា​៖ «ដោយសារ​តែ​ជា​ប្រធាន​ភូមិ ខ្ញុំ​បាន​តវ៉ា​ប្រឆាំង​វៀតណាម​យ៉ាង​ខ្លាំង​នៅពេល​ពួកនោះ​មក​លួច​មាន់​ប្រជាជន ខ្ញុំ​បាន​ប្ដឹង​វៀតណាម។ ដោយ​ខ្លាច​វៀតណាម​ធ្វើ​បាប​វិញ ពេល​ដែល​យើង​ប្ដឹង​គេ​ដាក់​ទោស​គ្នា​គេ ដូច្នេះ វា​អសន្តិសុខ​ណាស់​សម្រាប់​ខ្ញុំ បើ​បន្ត​រស់​នៅក្នុង​ភូមិ​កំណើត។ ពេល​នោះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​មក​ភ្នំពេញ​តាម​ឡាន។ មក​ដល់​ភ្នំពេញ ខ្ញុំ​ក៏​ជា​មនុស្ស​ម្នាក់​ដំបូង​គេ ក្នុង​ចំណោម​មនុស្ស ដែល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​រៀបរាប់​ថា​មាន​តែ​មនុស្ស​ប៉ុន្មាន​សិប​នាក់​ប៉ុណ្ណោះ ដែល​មក​ដល់​ភ្នំពេញ​ដំបូង​គេ​»។

កូន​លោក គង់ គាំ​គោរព​លា​ឪពុក​ពេល​ទៅ​ស្បថ​ធ្វើ​តំណាងរាស្ត្រ​នៅ​វាំង។
កូន​លោក គង់ គាំ​គោរព​លា​ឪពុក​ពេល​ទៅ​ស្បថ​ធ្វើ​តំណាងរាស្ត្រ​នៅ​វាំង។ រូបថត សហការី
ដោយ​មាន​មិត្តភក្តិ ដែល​ធ្លាប់​នៅ​ស្រុក​ភូមិ​ជាមួយ​គ្នា ហើយ​បាន​បម្រើការ​ជាមួយ​លោក ជា ស៊ីម លោក គង់ គាំ ក៏​បាន​ធ្វើការ​និង​រស់នៅ​ជាមួយ​នឹង​គណបក្ស​ប្រជាជន តាំងពី​ឆ្នាំ​១៩៧៩ មក។
លោក​បញ្ជាក់​ថា​៖ «ជា ស៊ីម គាត់​ធ្លាប់​ស្គាល់​ខ្ញុំ​ច្បាស់ ព្រោះ​កាល​ជំនាន់​តស៊ូ គាត់​ចេញ​ចូល​នៅក្នុង​ភូមិ​របស់​ខ្ញុំ គាត់​ក៏​ប្រគល់​ខ្ញុំ​ឲ្យ​ទៅ​សម្ដេច ហ៊ុន សែន។ ហ៊ុន សែន​បាន​ហៅ​ខ្ញុំ​ទៅ​សួរ និង​សរសេរ​ប្រវត្តិរូប​ឲ្យ​គាត់ គាត់​ក៏​ឲ្យ​មនុស្ស​ពីរ​បី​នាក់ ពី​ខាង​ក្រសួង​ការបរទេស មក​នាំ​ខ្ញុំ​ទៅ​ក្រសួង រក​បន្ទប់​ឲ្យ​ខ្ញុំ​សម្រាក ព្រោះ​ពេល​នោះ សម្រាក​នៅក្នុង​ក្រសួង ស៊ីចុក​និង​ធ្វើការ​ក្នុង​នោះ»។
នៅ​ឆ្នាំ​១៩៧៩ ដដែល​នោះ នៅពេល​ដែល​វៀតណាម​រៀបចំ​ឲ្យ​មាន​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម លោក គង់ គាំ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​សារព័ត៌មាន ដើម្បី​រៀបចំ​ឲ្យ​អ្នកកាសែត​បរទេស ដែល​ភាគច្រើន ត្រូវ​បាន​គេ​អញ្ជើញ​មកពី​ប្លុក​កុម្មុយនីស្ត មក​ចូលរួម​ក្នុង​ពិធី​កាត់ទោស​នេះ​។
«គេ​បើក​ឲ្យ​មាន​តុលាការ​កាត់ទោស ប៉ុល ពត ពេល​នោះ នៅក្នុង​ក្រសួង​សុទ្ធ​តែ​ជំនាញ​ការ​វៀតណាម​។ ខ្ញុំ​ត្រូវ​បាន​គេ​ប្រើ​ឲ្យ​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​សារព័ត៌មាន ដើម្បី​រៀបចំ​ឲ្យ​អ្នក​កាសែត ដែល​ត្រូវ​មក​ចូលរួម​យក​ព័ត៌មាន​នៅក្នុង​តុលាការ​កាត់ទោស​នា​ពេល​នោះ​»។
ក្រោយ​ការ​កាត់ទោស មេដឹកនាំ​ខ្មែរក្រហម​នា​ពេល​នោះ លោក គង់ គាំ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​របស់​ក្រសួង​ការបរទេស ដែល​គេ​ហៅថា នាយកដ្ឋាន​បូក​សរុប។ ក្រោយមក​ក្លាយ​ជា​ឧបការី​រដ្ឋមន្រ្តី​ការបរទេស របស់​លោក ហ៊ុន សែន និង​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​វៀតណាម ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ ១៩៨២ ទើប​ត្រឡប់​មក​វិញ។
លោក​គូស​បញ្ជាក់​ថា​៖ «បក្ស​ត្រូវការ​ខ្ញុំ មក​ដឹកនាំ​កម្មាភិបាល​នៅក្នុង​ក្រសួង។ ដំបូង​ជា​អនុរដ្ឋមន្រ្តី​ការបរទេស រហូត​ដល់​ឆ្នាំ ១៩៨៤ គេ​តែងតាំង​ខ្ញុំ​ជា​អនុរដ្ឋមន្រ្តី​ទី​មួយ មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខាធិការ ហើយ​នៅក្នុង​មហាសន្និបាត​ឆ្នាំ​១៩៨៥ ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​គណកម្មការ​កណ្ដាល​របស់​បក្សប្រជាជន​»។
ក្រោយពេល​ដែល​លោក ហ៊ុន សែន ឡើង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី លោក​ក៏​ត្រូវ​បាន​គេ​តែងតាំង ជា​រដ្ឋមន្រ្តី​ការបរទេស​នា​ពេល​នោះ គឺ​ប្រហែល​ជា​នៅ​ចុង​ឆ្នាំ​១៩៨៦ និង​បន្ត​រហូត​ដល់​ឆ្នាំ​១៩៨៨។ ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ត្រឡប់​មក​កាន់​រដ្ឋមន្រ្តី​ការបរទេស​វិញ ដែល​នៅពេល​នោះ គាត់​ជា​នាយករដ្ឋមន្រ្តី​ផង និង​រដ្ឋមន្រ្តី​ការបរទេស​ផង «ទើប​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ជំនួយការ​នាយករដ្ឋមន្រ្តី នៅ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី​»។
នៅក្នុង​ទស្សនៈ​បង្រួបបង្រួម​នៅពេល​នោះ លោក គង់ គាំ បាន​ធ្វើការ​ប្រឆាំង​ខ្លាំង​ទៅ​នឹង​គោលនយោបាយ​បក្ស ដែល​បាន​ឲ្យ​លោក រៀបចំ​ធ្វើ​សន្និសីទកាសែត ដើម្បី​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​មិន​អាច​បង្រួបបង្រួម​បាន គឺ​មេដឹកនាំ​ខ្មែរក្រហម ដូចជា ប៉ុល ពត អៀងសារី នួនជា ខៀវ សំផន តាម៉ុក សុន សេន​។
«ខ្ញុំ​យល់ព្រម​តែ​ពីរ​នាក់​ទេ គឺ ប៉ុល ពត និង​អៀង សារី ដែល​ជា​អ្នក​មិន​អាច​រួបរួម​បាន ព្រោះ​តុលាការ បាន​កាត់ទោស​មនុស្ស​ពីរ​នាក់​នេះ​រួច​ហើយ ចំណែក​អ្នក​ឯទៀត យើង​ត្រូវ​ទៅ​និយាយ​ជាមួយ​គេ តែ​ដោយ​គេ​មិន​ព្រម ដោយ​គេ​ដឹងថា មេ​ខ្មែរ​ក្រហម​ទាំងនោះ សុទ្ធតែ​ក្បាលរឹង ដូច្នេះ​មាន​ការ​ខ្វែង​គំនិត​ជាមួយ​វៀតណាម​»។
នៅ​ឆ្នាំ ១៩៨៩ លោក គង់ គាំ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ត្រួតពិនិត្យ​កិច្ចការ​រដ្ឋ ក្រោយពី​គេ​បាន​ពិចារណា​ថា ការ​ប្រឆាំង​របស់​លោក​មិន​ខ្លាំងក្លា​ពេក​នោះ​ទេ។ នៅក្នុង​សន្និបាត​មជ្ឈិម​បក្ស នៅ​ថ្ងៃ​ទី​៩ ខែ ៩ ឆ្នាំ​១៩៨៩ បាន​ធ្វើការ​សម្រេច​ឲ្យ​កងទ័ព​វៀតណាម ដកចេញ​ពី​កម្ពុជា ដែល​នោះ ជា​លើក​ដំបូង នៃ​ការ​ប្រជុំ ដោយ​មិន​មាន​វត្តមាន​វៀតណាម ដែល​វៀតណាម គ្រាន់តែ​នៅ​ពី​ក្រៅ​ឆាក​ប៉ុណ្ណោះ​។
លោក គង់ គាំ មិន​ឯកភាព ជាមួយ​នឹង​ឯកសារ ដែល​គណបក្ស​ប្រជាជន កំណត់​យក​វិធានការ​យោធា ជា​យុទ្ធសាស្ត្រ ដើម្បី​ជោគជ័យ​ទាំង​ស្រុង និង​ផ្ដាច់ព្រ័ត្រ ទៅលើ​ចលនា​ខ្មែរ​តស៊ូ​ផ្សេង​ទៀត​នោះ​ទេ ព្រោះ​ថា ការ​ប្រយុទ្ធ​គឺ​វា​បណ្ដាល​ឲ្យ​ខ្មែរ​គ្រប់​ភាគី​ជា​អ្នក​ស្លាប់ ដែល​នេះ គឺជា​យុទ្ធសាស្រ្ត​មួយ​ធ្វើឲ្យ​ខ្មែរ​ស្លាប់​។
បន្ទាប់ពី​បាន​លាលែង​ពី​គណបក្ស​ប្រជាជន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​លោក​គង់ គាំ បាន​សម្រេច​ចិត្ត វិល​ត្រឡប់​ចូល​ការងារ​នយោបាយ​វិញ​នៅ​ឆ្នាំ​១៩៩៥​ក្រោយ​ពេល​ដែល​លោក សម រង្ស៊ី ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បណ្ដេញ​ចេញ​ពី​បក្ស​ដោយ​ភាព​អយុត្តិធម៌​។
លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​ការ​ឈឺឆ្អាល ដោយសារ​មើល​ឃើញ​ភាព​ក្លាហាន​របស់​លោក សម រង្ស៊ី និង​ភាព​ស្អាតស្អំ​របស់​គាត់ ខ្ញុំ​ក៏​បាន​សរសេរ​សំបុត្រ សុំ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ជាមួយ​គាត់ តាំងពី​ពេល​នោះ ទើប​ណាត់​ជួប​គ្នា បង្កើត​បាន​ជា​គណបក្ស​ជាតិ​ខ្មែរ ហើយ​ខ្ញុំ​ក៏​បាន​ក្លាយ​ជា​អនុប្រធាន​បក្ស​»។
នៅពេល​ដែល​មាន​រដ្ឋប្រហារ​បង្ហូរ​ឈាម​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៧ លោក គង់ គាំ បាន​ក្លាយ​ទៅ​ជា​ផ្ទាំងស៊ីប​មួយ ដែល​គណបក្ស​ប្រជាជន តាម​ប្រមាញ់ ទើប​ធ្វើឲ្យ​លោក បាន​គេច​ខ្លួន​ចេញ​ពី​ភ្នំពេញ ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ រហូត​ដល់​មាន​ការ​សម្រុះសម្រួល​ផ្នែក​នយោបាយ ទើប​បាន​លោក​វិល​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ ហើយ​បាន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា នៅ​ឆ្នាំ​១៩៩៩ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ។
លោក គង់ គាំ កើត​នៅ​ឆ្នាំ ១៩៤១ នៅក្នុង​គ្រួសារ​កសិករ​នៅ​ភូមិ​គោកល្វៀង ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ដែល​បច្ចុប្បន្ន​ជា​ខេត្ត​ត្បូងឃ្មុំ។ លោក​មាន​បងប្អូន ៣ នាក់ ប្រុស ២ នាក់​។ លោក​បាន​រៀបមង្គលការ នៅ​ឆ្នាំ​១៩៦៥ មាន​កូន​ ៦​នាក់ ប្រុស​ ៤​នាក់​ដែល​ពេល​បច្ចុប្បន្ន​នេះ កូនៗ​របស់​លោក​ទាំងអស់ គឺ​បម្រើ​ការងារ​នៅក្នុង​ជួរ​រដ្ឋាភិបាល ជា​អ្នក​តំណាងរាស្រ្ត និង​ជា​អ្នក​ធ្វើការ​នៅ​ព្រឹទ្ធសភា​។
លោក គង់ គាំ និយាយ​ថា លោក​បាន​ចូល​រៀន​លើក​ដំបូង នៅ​វត្ត​កណ្ដោលជ្រុំ ចេញពី​វត្ត​មក​សិក្សា នៅ​សាលា​បឋមសិក្សា​កណ្ដោលជ្រុំ។ លោក​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​បឋមភូមិ​នៅ​ឆ្នាំ​១៩៥៧ ដែល​ពេល​នោះ គឺ​ប្រឡង​នៅ​ខេត្ត​កំពង់ចាម។ ក្រោយមក​ក៏​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​សួង ដល់​ឆ្នាំ​១៩៦០ ជាប់​ឌីប្លូម ហើយ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​កំពង់ចាម រហូត​ដល់​ជាប់​បាក់ឌុប ក្នុង​ឆ្នាំ​ ១៩៦៣​។
ឆ្នាំ​១៩៦៤ លោក​ប្រឡង​ជាប់​ជា​សាស្រ្តាចារ្យ​មធ្យមសិក្សា​បឋមភូមិ ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​ព្រែក​សណ្ដែក ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង ពី​ឆ្នាំ​១៩៦៥ ដល់​១៩៦៨។ ក្រោយមក​បាន​ផ្លាស់​មក​បង្រៀន​នៅ​សាលា​សម្ដេច ជួន ណាត ភ្នំប្រុស ភ្នំស្រី នៅ​ខេត្ត​កំពង់ចាម​វិញ​។
នៅ​ឆ្នាំ​១៩៦៨ ដល់ ១៩៧០ មាន​រដ្ឋប្រហារ ទម្លាក់​សម្ដេច នរោត្តម សីហនុ ដោយ​លោក លន់ នល់។ ក្រោយមក ប្រហែល​នៅ​ឆ្នាំ​១៩៧២ ឬ ១៩៧៣ អនុវិទ្យាល័យ និង​វិទ្យាល័យ​នៅ​ខេត្ត​កំពង់ចាម មិន​មាន​សុវត្ថិភាព​ទេ ទើប​មាន​ការ​ប្រមូលផ្ដុំ​គ្នា នៅក្នុង​វិទ្យាល័យ​កំពង់ចាម​ដែល​គេ​ឲ្យ​ឈ្មោះ​ថា វិទ្យាល័យ​ពិសេស ជា​កន្លែង​ប្រមូលផ្ដុំ​គ្រូបង្រៀន ហើយ​គ្រូ​ទាំងអស់ ត្រូវ​បាន​គេកេណ្ឌ​ឲ្យ​ធ្វើ​ជា​កងកុម៉្មង់ដូ​ដើម្បី​បម្រើ​របប​លន់ នល់​។
លោក គង់ គាំ ក៏​បាន​រស់នៅ​យ៉ាង​វេទនា​ស្ទើរ​ស្លាប់ ក្នុង​របប​ខ្មែរ​ក្រហម​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែរ។ លោក​ចេះ​បារាំង អង់គ្លេស តែ​មិន​ច្រើន​ទេ៕

No comments: