A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 August 2014

The CPP did not agree to give the presidency of 3 senate commissions to the Sam Rainsy Party yet បក្ស​ប្រជាជន​មិន​ទាន់​ព្រមព្រៀង​ឲ្យ​ប្រធាន​គណៈកម្មការ​ព្រឹទ្ធសភា​៣​ដល់​បក្ស​សមរង្ស៊ី

ព្រឹទ្ធសភា​កម្ពុជា
ព្រឹទ្ធសភា​កម្ពុជា
Photo: RFA
ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី បាន​បញ្ចប់​កិច្ច​ប្រជុំ​ដើម្បី​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធ​សភា​ថ្មី​រួច​ហើយ នៅ​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន មិន​ទាន់​ព្រមព្រៀង​ទៅ​លើ​សំណើ​របស់​គណបក្ស សម រង្ស៊ី ដែល​ស្នើ​តួនាទី​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន ៣ ក្នុង​ស្ថាប័ន​នេះ​នៅ​ឡើយ។
ទោះ​យ៉ាង​ណា សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​សាទរ និង​ចាត់​ទុក​ការ​រុះរើ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ព្រឹទ្ធ​សភា​ពេល​នេះ ថា​បង្កើត​ឲ្យ​មាន​ប្រជាធិបតេយ្យ​ក្នុង​ស្ថាប័ន​នេះ។
លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រវាង​ក្រុម​ការងារ​របស់​គណបក្ស​ទាំង​ពីរ​ថា កិច្ច​ប្រជុំ​បាន​ឈាន​ដល់​ព្រមព្រៀង​គ្នា​បង្កើត​គណៈកម្មការ​ជំនាញ​បន្ថែម ១​ទៀត នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធ​សភា គឺ​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ ឬ​ហៅ​ថា គណៈកម្មការ​ទី​១០ ដូច​គ្នា​នៅ​ក្នុង​រដ្ឋ​សភា​ដែរ។
លោក​បន្ត​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណបក្ស​ប្រជាជន បាន​ព្រម​ផ្ដល់​ជូន​គណបក្ស សម រង្ស៊ី មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ចំនួន ២ ប៉ុន្តែ​គណបក្ស សម រង្ស៊ី បាន​ស្នើ​តួនាទី​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន ៣ អនុប្រធាន​ទី​២ ព្រឹទ្ធ​សភា និង​អគ្គលេខាធិការ​រង ១​រូប។
លោក គង់ គាំ ថ្លែង​ថា សំណើ​នេះ​ក្រុម​ការងារ​គណបក្ស​ប្រជាជន ស្នើ​ពេល​វេលា​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ខ្លួន នឹង​ឆ្លើយ​តប​ពេល​ក្រោយ៖«តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ឲ្យ​យើង​ជា​ប្រធាន​គណៈកម្មការ​ទី​១ មួយ ហើយ​ទី​១០​ថ្មី​ហ្នឹង​មួយ។ ផ្ទុយ​ទៅ​វិញ យើង​បាន​បន្ធូរបន្ថយ​ថា ឥឡូវ​យើង​មិន​ទទូច​យក​អនុ​ប្រធាន​ទី​២ ព្រឹទ្ធ​សភា​ទេ តែ​ទទូច​រៀបចំ​ប្រធាន​គណៈកម្មការ​ចំនួន ៣ គឺ​ទី​១ គណៈកម្មការ​ទី​១​ហ្នឹង​មួយ គណៈកម្មការ​ទី​៩ និង​គណៈកម្មការ​ទី​១០​មួយ»
កិច្ចប្រជុំ​រៀបចំ​សមាសភាព​ដឹកនាំ​ព្រឹទ្ធ​សភា​ថ្មី​រវាង​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​សីហា នា​វិមាន​ព្រឹទ្ធ​សភា​មាន​សមាជិក​ម្ខាងៗ​ចំនួន ៣​រូប។ ការ​រុះរើ​សមាសភាព​ដឹកនាំ​ព្រឹទ្ធសភា​ពេល​នេះ​ធ្វើ​ឡើង ស្រប​ទៅ​តាម​កិច្ច​ព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
ទាក់ទិន​បញ្ហា​នេះ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក (Adhoc) សាទរ​ការ​បង្កើត​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធ​សភា​ថ្មី ដោយ​បាន​ដាក់​បញ្ចូល​សមាជិក​គណបក្ស សម រង្ស៊ី មាន​តួនាទី​ប្រធាន​គណៈកម្មការ​ជំនាញ​មួយ​ចំនួន។
លោក​ថា ស្ថាប័ន​ព្រឹទ្ធ​សភា​កន្លង​មក គឺ​សមាសភាព​ដឹកនាំ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ទេ និង​គ្មាន​ប្រជាធិបតេយ្យ​ក្នុង​ស្ថាប័ន​ឡើយ៖ «ខ្ញុំ​ជឿ​ថា យ៉ាង​ហោច​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​ដែល​ព្រឹទ្ធ​សភា​បាន​ក្លាយ​ទៅ​ជា​គណបក្ស​នយោបាយ​តែមួយ ជា​កម្មសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ហើយ។ អ៊ីចឹង​ពេល​នេះ ក៏​ជា​ការ​ផ្លាស់ប្ដូរ​មួយ​ដែរ ក៏ប៉ុន្តែ​ត្រង់​ថា តើ​ឲ្យ​មាន​ឥទ្ធិពល​កម្រិត​ណា​ក្នុង​ការ​រុញ​ច្រាន​ឲ្យ​កម្ពុជា ក្លាយ​ទៅ​ជា​ប្រទេស​ដែល​ជា​ប្រទេស​គោរព​លទ្ធិប្រជាធិបតេយ្យ​នោះ ខ្ញុំ​ជឿ​ថា ប្រហែលជា​មិន​ទាន់​បាន​គោរព​ក្នុង​កម្រិត​ខ្ពស់​ទេ។ តែ​វា​ជា​ផ្នែក​មួយ​ក្នុង​ការ​ចាប់​ផ្ដើម​បង្ហាញ​អំពី​តម្លាភាព​នៅ​ក្នុង​ព្រឹទ្ធសភា​ចំណែក​ខ្លះ​ដែរ»

ស្រដៀង​គ្នា​ដែរ​សម្រាប់​លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​អង្គការ​លីកាដូ (Licadho) ក៏​បាន​គាំទ្រ​ការ​រុះរើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ស្ថាប័ន​ព្រឹទ្ធ​សភា​នេះ​ដែរ។ លោក​ថា ក្បាល​ម៉ាស៊ីន​ដឹក​នាំ​របស់​ព្រឹទ្ធ​សភា​កន្លង​មក គឺ​មិន​មាន​តុល្យភាព​អំណាច​រវាង​សមាជិក​គណបក្ស​ប្រជាជន និង​គណបក្ស សម រង្ស៊ី ទេ លោក​បន្ត​ថា ពេល​នេះ​មាន​ការ​កែប្រែ​ខុស​ពី​មុន​ខ្លះ ទោះ​បី​មិន​ទាន់​ឯកភាព​គ្នា ១០០​ភាគរយ​ក្តី។
លោក អំ សំអាត៖ «អ៊ីចឹង​យើង​មើល​ទៅ​ទី​១ គឺ​ជា​ការ​ដោះស្រាយ​ហ្នឹង​ច្រើន​ជាង​ការ​សម្រេច​ក្នុង​ការ​សម្រេច​ក្នុង​ការ​រៀបចំ​នៃ​សមាជិក​ព្រឹទ្ធ​សភា ពីព្រោះ​ស្ថានភាព​បែប​នេះ បើ​សិន​ជា​មាន​សមាជិក​គណបក្ស សម រង្ស៊ី នៅ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធ​សភា​នោះ​ក៏​វា​អាច​មាន​តុល្យភាព​អំណាច​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»
សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ មាន​អាណត្តិ ឬ​រយៈពេល ៦​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៨ និង​មាន​សមាជិក​សរុប​ចំនួន ៦១​រូប។ ក្នុង​នោះ​សមាជិក​ព្រឹទ្ធ​សភា ៥៧​រូប បាន​មក​ពី​ការ​បោះ​ឆ្នោត​តាម​លក្ខណៈ​អសកល ដែល​មាន​តែ​សមាជិក​សភា ឬ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​តំណែង​ទេ ទើប​មាន​សិទ្ធិ​បោះឆ្នោត​នេះ​បាន។
​ក្នុង​នោះ​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៤៦​រូប និង​គណបក្ស សម រង្ស៊ី ចំនួន ១១​រូប។ ចំណែក​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ៤​រូប​ទៀត គឺ ២​រូប ត្រូវ​ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ និង ២​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋ​សភា។
ស្ថាប័ន​ព្រឹទ្ធ​សភា​អាណត្តិ​កាល​ទី​៣ បង្កើត​ឡើង ឬ​ចាប់​ផ្ដើម​ដំណើរ​ការ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ និង​មាន​សមាសភាព​ដឹកនាំ​ក្នុង​ស្ថាប័ន​នេះ គឺ​តួនាទី​ប្រធាន​ព្រឹទ្ធ​សភា និង​អនុប្រធាន ឬ​តួនាទី​ប្រធាន និង​អនុ​ប្រធាន​គណៈកម្មការ​ជំនាញ​ក្នុង​ព្រឹទ្ធ​សភា​ទាំង​៩ គឺ​សុទ្ធ​តែ​ជា​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែ​ប៉ុណ្ណោះ៕

No comments: