A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 September 2014

Anandayat Naranariddh: Circumstances forced me to leave politics, no one forces me ដាយ៉ាត៖ កាលៈទេសៈ​បង្ខំ​ខ្ញុំ​ឲ្យ​ចាក​ចេញ​ពី​ជីវិត​នយោបាយ គ្មាន​អ្នក​ណា​បង្ខំ​ខ្ញុំ​ទេ

លោក​ នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត។
លោក​ នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត។
បន្ទាប់​ពី​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អស់​រយៈ​ពេល​ប្រមាណ ២០​ឆ្នាំ ជាមួយ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ដែល​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​មួយ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត មើល​ឃើញ​ថា ការ​ប្រឡូក​ក្នុង​នយោបាយ​ស្រុក​ខ្មែរ​មាន​ហានិភ័យ​ខ្ពស់​ណាស់ ហើយ​ក៏​បាន​សម្រេច​ចិត្ត​មក​ចាប់​យក​អាជីព​ថ្មី​ក្នុង​វិស័យ​អប់រំ​វិញ​ដើម្បី​ធ្វើ​ការ​បណ្តុះ​បណ្តាល​ទំពាំង​ឲ្យ​មាន​គុណភាព​ដើម្បី​ស្នង​ឫស្សី​វិញ។
លោក អានន្ទដាយ៉ាត នៅ​ក្នុង​វ័យ​ប្រមាណ ៦១​ឆ្នាំ បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ជីវិត​នយោបាយ ក្នុង​អំឡុង ឆ្នាំ​២០១២ ហើយ​បាន​ចាប់​យក​អាជីព​ថ្មី ក្នុង​វិស័យ​អប់រំ នៅ​សាកល​វិទ្យាល័យ​ន័រតុន ដែល​លោក​យល់​ថា ជា​ជីវិត​សប្បាយ​ចុង​ក្រោយ ក្នុង​ការ​ចូល​រួម​កសាង​ប្រទេស​ជាតិ។ លោក អានន្ទដាយ៉ាត កើត​នៅ ឆ្នាំ​១៩៦១ ក្នុង សង្កាត់​ចោម​ចៅ រាជធានី​ភ្នំពេញ ក្នុង​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ជា​ទាហាន និង​ម្ដាយ​ជា​អាជីវករ។
មុន​របប​ខ្មែរ​ក្រហម ឆ្នាំ​១៩៧៥ ក្នុង​វ័យ​កុមារ​ដែល​ទើប​មាន​អាយុ​ប្រមាណ ១៤​ឆ្នាំ លោក​មិន​បាន​សិក្សា​ទៀង​ទាត់​នោះ​ទេ ដោយ​សារ​តែ​លោក​ត្រូវ​ធ្វើ​ដំណើរ​តាម​ឪពុក ដែល​ផ្លាស់​ទី​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។ ប៉ុន្តែ​ជា​សំណាង​ល្អ​មុន​ព្រឹត្តិ​ការណ៍​ថ្ងៃ ទី១៧ មេសា ឆ្នាំ​១៩៧៥ ដែល​ខ្មែរ​ក្រហម​ចូល​កាន់​កាប់ ទីក្រុង​ភ្នំពេញ លោក​បាន​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​ជាមួយ​និង​ឪពុក​ធម៌ ឆ្ពោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​រស់​នៅ​ទី​នោះ។
ទោះ​បី​ជា​មាន​ការ​ចិញ្ចឹម​បី​បាច់​និង​ថែរក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុក និង​ម្ដាយ​ធម៌​ក៏​ដោយ ក៏​លោក អានន្ទដាយ៉ាត នៅ​តែ​ខិតខំ​ធ្វើ​ការ​ក្រៅ​ម៉ោង​ខ្លះ ដែល​ជា​ទម្លាប់​ដើម្បី​ឲ្យ​ចេះ​រស់​នៅ​ដោយ​ខ្លួន​ឯង។ លោក​បាន​បញ្ចប់​ការ​សិក្សារ​ជា​ហូរ​ហែ នៅ​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក ចាប់​តាំង​ពី​ថ្នាក់​បឋម​សិក្សា មធ្យម​សិក្សា និង​ឧត្តម​សិក្សា។
ក្រោយ​ពី​បាន​ចប់​បរិញ្ញាបត្រ​លោក​បាន​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ម៉ៃក្រូ​សូហ្វ ២​ឆ្នាំ បន្ទាប់​មក​ធ្វើ​ការ​ជា​អ្នក​វិទ្យាសាស្រ្ត​បរិស្ថាន​ឲ្យ​ក្រុម​ហ៊ុន​មួយ​ផ្សេង​ទៀត ដែល​ទទួល​កុង​ត្រា​ពី​មន្ទីរ​បរិស្ថាន នៃ​រដ្ឋាភិបាល​អាមេរិក។
នៅ​ក្នុង​អំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៨០ ដោយ​បាន​ទទួល​ព័ត៌មាន​អំពី​សភាព​ការណ៍​នយោបាយ​នៅ​ស្រុក​ខ្មែរ​មាន​ការ​ប្រែ​ប្រួល ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ជាច្រើន​បាន​រត់​ភៀស​ខ្លួន​មក​តាំង​លំនៅ​ក្នុង​ទឹក​ដី​ថៃ ឬ​តាម​បណ្ដោយ​ព្រំដែន ខ្មែរ-ថៃ បាន​ធ្វើ​ឲ្យ អានន្ទដាយ៉ាត សម្រេច​ចិត្ត​មក​ធ្វើ​ការងារ​ផ្នែក​មនុស្ស​ធម៌​ជា​លើក​ដំបូង។

ក្នុង​អំឡុង​ពេល​វិសមកាល ៣ ខែ​ម្ដង លោក​តែង​តែ​ធ្វើ​ដំណើរ​ដោយ​ស្ម័គ្រ​ចិត្ត​ចុះ​ឡើង​ពី​សហរដ្ឋ​អាមេរិក​មក​ជំរំ​ជន​ភៀស​ខ្លួន​ខ្មែរ តាម​ព្រំដែន​ថៃ ដើម្បី​ធ្វើ​ការ​ខាង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ការិយាល័យ​ព្រះ​រាជ​តំណាង សម្ដេច​ឪ ប្រចាំ​អាស៊ី នៅ ទីក្រុង​បាងកក ដែល​មាន​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ជា​ព្រះ​រាជ​តំណាង។
រហូត​មក​ដល់​ទសវត្សរ៍ ១៩៩០ លោក អានន្ទដាយ៉ាត បាន​ចាប់​ផ្ដើម​ការងារ​នយោបាយ​កាន់​តែ​ខ្លាំង ក្នុង​ខណៈ​ដែល​មាន​ការ​ចរចា​នយោបាយ​ឈាន​ទៅ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស។ លោក​បាន​ធ្វើ​ការ​កៀរគរ​ប្រមូល​ធន​ធាន​មនុស្ស​និង​ថវិកា​ដើម្បី​ជួយ​ជ្រោម​ជ្រែង​ចលនា​តស៊ូ ហ៊្វុនស៊ិនប៉ិច រហូត​ដល់ ឆ្នាំ​១៩៩៣ បាន​ចូល​រួម​ការ​បោះ​ឆ្នោត​លើក​ទី​មួយ​នៅ​ក្នុង ប្រទេស​កម្ពុជា ដែល​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ។ ក៏​ប៉ុន្តែ​ក្រោយ​ការ​បោះ​ឆ្នោត​លោក​ក៏​បាន​ត្រឡប់​ទៅ​អាមេរិក​វិញ ដើម្បី​បញ្ចប់​ការ​សិក្សា​ផ្នែក​អនុ​បណ្ឌិត​ហើយ​បន្ត​ធ្វើ​ការ​ជា​ធម្មតា។
មក​ដល់ ឆ្នាំ​១៩៩៦ នៅ​ពេល​ដែល​សភាព​ការណ៍​នៅ​ស្រុក​ខ្មែរ​មាន​អស្ថិរភាព​ខ្លាំង​លោក អានន្ទដាយ៉ាត បាន​សម្រេច​ចិត្ត​លក់​អចលន​ទ្រព្យ​របស់​លោក​ទាំង​អស់​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​មក​រស់​នៅ​ជា​អចិន្រៃ្តយ៍ នៅ​ស្រុក​ខ្មែរ​ជួយ​ដល់​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ម្ដង​ទៀត​ដែល​កាល​នោះ ព្រះអង្គ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​មួយ ហើយ​លោក ដាយ៉ាត នៅ​ពេល​នោះ បម្រើ​ការ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី​ទី​មួយ។
ក្នុង​ឆ្នាំ​ដដែល​នោះ​ដែរ លោក​បាន​ធ្វើ​ជា​អនុ​រដ្ឋ​លេខាធិការ​នៅ​ទីស្ដីការ​គណៈ​រដ្ឋ​មន្រ្តី តែ​មិន​បាន​យូរ​ប៉ុន្មាន​ទេ ដោយ​មាន​ទស្សនៈ​មិន​ស្រប​គ្នា​រវាង​មនុស្ស​ខាង​ក្នុង​និង​អ្នក​មក​ពី​ខាង​ក្រៅ​ដោយ​មិន​អាច​រក​ចំណុច​ស្រប​គ្នា​បាន​នៅ​ក្នុង​ការងារ ក៏​កើត​មាន​ជម្លោះ។
លោក​និយាយ​ថា ពី​ចាប់ ឆ្នាំ​១៩៩៦ ដល់ ឆ្នាំ​២០០៦ ព្រឹត្តិ​ការណ៍​នយោបាយ​មាន​សភាព​គ្រោះ​ថ្នាក់​ណាស់ ហើយ​នៅ ឆ្នាំ​១៩៩៧ លោក​បាន​ជាប់​នៅ​ក្នុង​ខុទ្ធកាល័យ​នាយក​រដ្ឋ​មន្រ្តី​ទី​មួយ​ពីរ​យប់​បី​ថ្ងៃ ទើប​អាច​រត់​ចេញ​មក​ពួន​នៅ​ក្នុង​ស្ថានទូត​សិង្ហបុរី ក្រោយ​មក​ក៏​មាន​ឡាន​ទូត​សហរដ្ឋ​អាមេរិក បាន​មក​ដឹក​លោក​ចេញ។
លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត (ស្តាំ) ផ្តល់​រង្វាន់​ដល់​និស្សិត នៅ​ក្នុង​កម្មវិធី​មួយ​នៅ​សកល​វិទ្យាល័យ​ន័រតុន កាល​ពី​ពេល​កន្លង​មក។
លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត (ស្តាំ) ផ្តល់​រង្វាន់​ដល់​និស្សិត នៅ​ក្នុង​កម្មវិធី​មួយ​នៅ​សកល​វិទ្យាល័យ​ន័រតុន កាល​ពី​ពេល​កន្លង​មក។ រូបថត សហការី
លោក​បាន​គូស​បញ្ជាក់​ថា៖ «បើ​និយាយ​ពី​គ្រោះ​ថ្នាក់ ខ្ញុំ​ស្ទើរ​តែ​បាត់​បង់​ជីវិត​នា​ពេល​នោះ។ មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​ខុទ្ទកាល័យ​ក៏​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ។ បច្ចុប្បន្ន​ខ្ញុំ​បាន​បញ្ចប់​ជីវិត​ជា​អ្នក​នយោបាយ​អស់​ទៅ​ហើយ»។
លោក ដាយ៉ាត បាន​លា​ចេញ​ពី​នយោបាយ​ដោយ​សារ​តែ​លោក​មើល​ឃើញ​ថា «នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ភាព​ចាស់​ទុំ ហើយ​ខ្មែរ​ចេះ​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​ដោយ​ខ្លួន​ឯង​បាន​ហើយ តាម​បែប​ខ្មែរ ហើយ​ស្ថានភាព​សង្គម​ក៏​មាន​ស្ថិរភាព​យើង​អាច​ដើរ​ហើរ​បាន​តាម​ចិត្ត ហើយ​មាន​ភាព​សម្បូរ​បែប​ខាង​ចំណី​អាហារ ដូច្នេះ​គឺ​ជា​ដំណាក់​កាល​មួយ​ដែល​ខ្ញុំ​ត្រូវ​ចូល​រួម​រៀបចំ​ទំពាំង​ឲ្យ​ស្នង​ឫស្សី​វិញ​ម្ដង»។ ជា​ព្រឹទ្ធ​បុរស​នៃ​មហា​វិទ្យាល័យ​វិទ្យាសាស្រ្ត​សង្គម នៅ​ក្នុង​សាកល​វិទ្យាល័យ​ន័រតុន មាន​ជា​អាទិ ផ្នែក​ច្បាប់ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សណ្ឋាគារ បដិសណ្ឋារកិច្ច និង​ទេសចរណ៍ ហើយ​លោក អានន្ទដាយ៉ាត ក៏​រួម​ចំណែក​ក្នុង​ការ​បង្រៀន​សិស្ស​ផង​ដែរ។
លោក​បាន​ចូល​រួម​រៀបចំ​កម្មវិធី​សិក្សា​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​និង​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​សិក្សា​ឲ្យ​ស្រប​ទៅ​នឹង​ប្រពៃណី​វប្បធម៌​របស់​ខ្មែរ និង​ត្រូវ​តាម​ឲ្យ​ទាន់​ការ​វិវឌ្ឍ​ក្នុង​តំបន់​និង​អន្តរជាតិ​ដែល​ចាំ​បាច់​បំផុត​ត្រូវ​រៀបចំ​កម្មវិធី​សិក្សា​ឲ្យ​ទំនើប​និង​មាន​គុណភាព​ខ្ពស់។
លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖ «ខ្ញុំ​មាន​មោទនភាព​ណាស់​នៅ​ក្នុង​សាកល​វិទ្យាល័យ​ន័រតុន ដែល​បាន​ប្រឹង​ប្រែង​រួម​ចំណែក​ពង្រឹង​គុណភាព​នៃ​ការ​សិក្សា ជំនាញ និង​កម្មវិធី​សិក្សា ដែល​ស៊ី​ជម្រៅ ជាមួយ​នឹង​អន្តរជាតិ​តូបនីយកម្ម ដែល​មាន​គុណភាព​ខាង​ផ្នែក​កម្មវិធី​សិក្សា និង​វិន័យ​របស់​និសិ្សត»។
លោក​បាន​បញ្ជាក់​ថា កត្តា​ទាំង​ពីរ​នេះ​ហើយ ដែល​ត្រូវ​បាន​បណ្ដុះ​បណ្តាល​ក្នុង​រយៈ​ពេល ១៨ ឆ្នាំ​កន្លង​មក​នេះ ហើយ​ការ​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​អប់រំ លោក​មាន​ផាសុកភាព​ជាង​វិស័យ​នយោបាយ ព្រោះ​នយោបាយ​ជួប​ប្រទះ​ភាព​ប្រថុយ​ច្រើន​គឺ​គ្រោះ​ថ្នាក់។
លោក អានន្ទដាយ៉ាត បាន​ឲ្យ​ដឹង​ទៀត​ថា លោក​មាន​សញ្ជាតិ​អាមេរិកាំង​តាំង​ពី ឆ្នាំ​១៩៧៩ មក​ដូច្នេះ​ហើយ​សហរដ្ឋ​អាមេរិក​គឺជា​ផ្ទះ​ទី​ពីរ​របស់​លោក​ដែល​មិន​អាច​បំភ្លេច​បាន ហើយ​លោក​អាច​ចេញ​ចូល​ពេល​ណា​ក៏​បាន​ដែរ ដោយ​លោក​កាន់​លិខិត​ឆ្លង​ដែន​អាមេរិក។
លោក​និយាយ​ថា គោល​បំណង​ចុង​ក្រោយ​របស់​លោក គឺ​យក​ចំណេះ​ដឹង​ពី​អាមេរិក​ដើម្បី​មក​ចែក​រំលែក​ជួយ​កូន​ខ្មែរ​ឲ្យ​មាន​ស្មារតី​ស្នេហា​ជាតិ តាម​រយៈ​សាកល​វិទ្យាល័យ​ន័រតុន។
លោក​ថ្លែង​ថា៖ «សព្វ​ថ្ងៃ​ខ្ញុំ​រស់​នៅ​ក្នុង​ខុនដូ​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ហើយ​គ្រួសារ​និង​បង​ប្អូន​ទាំង​អស់​រស់​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​ការ​ងារ​ធ្វើ​ត្រឹម​ត្រូវ​ទាំង​អស់​គ្នា​នៅ​ទី​នោះ»។ លោក ដាយ៉ាត បាន​រៀប​ការ​នៅ ឆ្នាំ​១៩៩២ មាន​កូន​ស្រី​ម្នាក់​ដែល​កំពុង​រស់​នៅ​ជា​មួយ​ម្ដាយ​នៅ​សហរដ្ឋ​អាមេរិក ហើយ​នាង​ក៏​កំពុង​សិក្សា​នៅ​ទី​នោះ​ផង​ដែរ។
លោក ដាយ៉ាត តែង​តែ​មាន​ភាព​អាណិត​អាសូរ​យ៉ាង​ខ្លាំង​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រី​ក្រ ហើយ​លោក​តែង​តែ​ធ្វើ​អ្វី​ដែល​អាច​ជួយ​ប្រជា​ពលរដ្ឋ​ក្រី​ក្រ ទៅ​តាម​លទ្ធភាព​ដែល​លោក​អាច​ធ្វើ​បាន។ លោក អានន្ទដាយ៉ាត និយាយ​ថា តាំង​ពី ឆ្នាំ​១៩៩៦ មក​លោក​តែង​តែ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ឌុប និង​ម៉ូតូ​កង់​បី លើក​លែង​តែ​ពេល​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​មន្រ្តី​ជា​ផ្លូវ​ការ​ទើប​ប្រើ​រថយន្ត។
លោក​បន្ថែម​ថា៖ «ខ្ញុំ​ចង់​ទិញ​ឡាន ក៏​បាន​ដែរ តែ​ដោយ​សារ​អាណិត​អ្នក​រត់​ម៉ូតូ​ឌុប ឬ​ម៉ូតូ​កង់​បី បើ​ខ្ញុំ​មិន​ជិះ​ក៏​គាត់​ពិបាក​រក​ថវិកា​ដែរ ដូច្នេះ​ហើយ​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ គឺ​ខ្ញុំ​សុខ​ចិត្ត​ចំណាយ​លុយ​ជិះ​ម៉ូតូ​ឌុប​ឬ​កង់​បី ដើម្បី​ឲ្យ​ពួក​គេ​រក​ចំណូល​បាន​នេះ​ជា​ទស្សនៈ​មួយ​ដែល​គេ​អាច​ថា ឆ្កួត តែ​សម្រាប់​ខ្ញុំ​មិន​មាន​បញ្ហា​ទេ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ចំណូល​បាន​ទៅ​អ្នក​ក្រីក្រ»។
លោក អានន្ទដាយ៉ាត និយាយ​ទៀត​ថា លោក​ក៏​ស្រឡាញ់​វិជ្ជាជីវ​សារ​ព័ត៌មាន​ផង​ដែរ ហើយ​លោក​ធ្លាប់​គ្រប់​គ្រង​វិទ្យុ​តាព្រហ្ម ដែល​ជា​របស់​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ពី ឆ្នាំ​២០០២ ដល់ ២០០៦ និង​ក្រោយ​មក​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​សារ​តែ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង។
លោក​បាន​បញ្ជាក់​ថា៖ «បច្ចុប្បន្ន​ខ្ញុំ​នៅ​តែ​ជា​នាយក​ខុទ្ទកាល័យ​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប៉ុន្តែ​ទទួល​បន្ទុក​ផ្នែក​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​មិន​មាន​ការ​ពាក់​ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ថ្មី​របស់​ព្រះ​អង្គ​ទេ តែ​នៅ​តែ​បម្រើ​លោក​ក្នុង​ការ​សម្រប​សម្រួល​កម្មវីធី​ថ្វាយ​លោក»។
លោក ដាយ៉ាត បាន​គូស​បញ្ជាក់​ថា៖ «កាលៈទេសៈ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ចាក​ចេញ​ពី​ជីវិត​នយោបាយ​មិន​មាន​បុគ្គល​ណា​ម្នាក់​មក​បង្ខំ​ខ្ញុំ​នោះ​ទេ»៕

No comments: