A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 1 October 2014

Hoang Anh Lumphat, a Vietnamese rubber plantation company, was accused by villagers of illegally bringing Vietnamese to work in its plantations in Ratanakiri ពលរដ្ឋ​អះអាង​ថា​ពលករ​វៀតណាម​ត្រូវ​គេ​ដឹក​មក​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​នៅ​រតនគិរី

ប្រជាពលរដ្ឋ​រស់នៅ​ជិត​បរិវេណ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ហ័ង អាញ់ លំផាត់ (Hoang Anh Lumphat) ក្នុង​ខេត្ត​រតនគិរី អះអាង​ថា បន្ទាប់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​បញ្ចប់​ទៅ មាន​កម្មករ​វៀតណាម រាប់​សិប​នាក់ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ពី​ប្រទេស​វៀតណាម មក​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ។
ការ​នាំ​ចូល​ពលករ​វៀតណាម នេះ ធ្វើ​ឲ្យ​កម្មករ​ខ្មែរ​នៅ​តំបន់​នោះ​មួយ​ចំនួន​ធំ ត្រូវ​បាត់​បង់​ការងារ​ធ្វើ។
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែឈូក ឃុំ​ជ័យឧត្ដម ស្រុក​លំផាត់ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​ជា​បន្ទាន់​ពី​ករណី​នាំ​ចូល​ពលករ​សញ្ជាតិ​វៀតណាម មក​ធ្វើ​ការ​នៅ​ចម្ការ​ដូង​ប្រេង​របស់​ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ លំផាត់។
ប្រជាពលរដ្ឋ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​នោះ​រៀបរាប់​ថា ចាប់​ពី​ផុត​រដូវ​ភ្ជុំ​រហូត​ដល់​ថ្ងៃ​អង្គារ ទី​៣០ ខែ​កញ្ញា យ៉ាង​ហោច​ណាស់​កម្មករ​ជនជាតិ​វៀតណាម និង​ខ្មែរ​កម្ពុជា​ក្រោម​រស់នៅ​ប្រទេស​វៀតណាម ប្រមាណ ៦០ ទៅ ៧០​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​រថយន្ត​ពីរ​លើក​មក​ដាក់​នៅ​ការដ្ឋាន​ទី​៣​របស់​ក្រុមហ៊ុន ដើម្បី​ធ្វើ​ជា​កម្មករ​កាត់​ស្មៅ​តាម​គល់​ដូង​ប្រេង​របស់​ក្រុមហ៊ុន។
ប្រជាពលរដ្ឋ​ដដែល​ឲ្យ​ដឹង​ថា កម្មករ​វៀតណាម ទាំង​នោះ ត្រូវ​ក្រុមហ៊ុន​ឲ្យ​ស្នាក់​នៅ​ផ្ទះ​កម្មករ​ក្រុមហ៊ុន។ ចំណែក​កម្មករ​ខ្មែរ​ក្នុង​ស្រុក មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កន្លែង​ស្នាក់​នៅ​ដូច​ពលករ​វៀតណាម ទាំង​នោះ​ទេ ថែម​ទាំង​ពលករ​ក្នុង​ស្រុក​ខ្លះ មិន​ត្រូវ​បាន​ក្រុមហ៊ុន​រើស​ឲ្យ​ចូល​បម្រើ​ការ​ដូច​ពេល​មុន​ឡើយ៖ «កម្មករ​តើ​មក​ទាំង​ម៉ាស៊ីន​មក​កាត់​ស្មៅ គេ​នៅ​ស្រុក​យួន មក​ពី​ហ្នឹង​មក។ ខ្មែរ​យើង​ចំណាក​ស្រុក​រក​ការងារ​ឲ្យ​ខ្មែរ​យើង​ធ្វើ ដល់​ឥឡូវ​ពេញ​មក​អ៊ីចឹង ហើយ​គ្រប់​កន្លែង​ទាំងអស់ ដល់​អ្នក​មក​ពី​ខាង​លើ យើង​រក​ការ​មិន​បាន​ធ្វើ​ទេ មក​ពី​ខាង​គេ​ទាំងអស់»

របាយការណ៍​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី ក្នុង​មួយ​ថ្ងៃៗ​យ៉ាង​ហោច​ណាស់​ពលរដ្ឋ​វៀតណាម ប្រមាណ ១០០​នាក់ បាន​ឆ្លង​កាត់​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ឋានៈ​ជា​អ្នក​ទេសចរ និង​ជា​បុគ្គលិក​ជំនាញ​មក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​សម្បទាន។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ហ័ង អាញ លំផាត់ លោក ឆាយ អៀង សុំ​ការ​បញ្ជាក់​ពី​ករណី​នេះ​បាន​នៅ​ឡើយ។
របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី ឲ្យ​ដឹង​ដែរ​ថា ការ​នាំ​ចូល​ពលករ​បរទេស​មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​វៀតណាម នេះ មិន​មែន​មាន​ជា​លើក​ដំបូង​នោះ​ទេ។ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ មាន​ពលករ​វៀតណាម ជា​ក្រុម ត្រូវ​បាន​គេ​នាំ​ចូល​មក​ធ្វើ​ការ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​សម្បទាន​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​នេះ ក៏ប៉ុន្តែ​មិន​មាន​ប្រភព​មន្ត្រី​អាជ្ញាធរ​ណា​ដឹង​ថា ពលករ​ទាំង​នោះ​នាំ​ចូល​តាម​ច្រក​ណា ហើយ​មាន​លិខិត​បទដ្ឋាន​ស្រប​ច្បាប់​កម្រិត​ណា​នោះ​ឡើយ។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា ពលករ​វៀតណាម មួយ​ចំនួន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ទេសចរណ៍​មក​កាន់​ខេត្ត​រតនគិរី ប៉ុន្តែ​ពួក​គេ​បាន​ចូល​ទៅ​ធ្វើ​ការ​នៅ​តាម​ការដ្ឋាន​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម ខ្លះ​ទៀត​នៅ​ប្រកប​របរ​ជំនាញ​ផ្សេង​នៅ​ក្រុង​បានលុង និង​តាម​បណ្ដា​ស្រុក។ លោក​បន្ត​ថា ការ​អង្កេត​បឋម​របស់​សមាគម​លោក ឃើញ​មាន​កម្មករ​វៀតណាម មួយ​រថយន្ត ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ក្រុមហ៊ុន ហ័ង អាញ់ កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា៖ «យើង​ស្នើ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់​លាស់។ នេះ​ជា​ប្រយោជន៍​ក្នុង​សង្គម​ជាតិ​យើង​ទាំងអស់​គ្នា ក្នុង​ការ​ទទួល​បាន​ការ​គ្រប់គ្រង​មួយ​ដ៏​ច្បាស់​លាស់»
យ៉ាង​នេះ​ក៏ដោយ ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​អន្តោប្រវេសន៍ លោក ជា ប៊ុនធឿន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ។ លោក​បន្ត​ថា ក្រុម​ជំនាញ​អន្តរ​ក្រសួង​ទាក់ទិន​ការងារ​អន្តោប្រវេសន៍ និង​ពលករ​អន្តោប្រវេសន៍ កំពុង​ចុះ​ពិនិត្យ និង​ធ្វើ​ស្ថិតិ​នៅ​តាម​ក្រុមហ៊ុន​សម្បទាន​ស្ដីពី​ករណី​នេះ​ហើយ៖ «កំពុង​តែ​ដំណើរ​ការ​ត្រួត​ពិនិត្យ​នៅ​តាម​ក្រុមហ៊ុន​ទាំងអស់ ដែល​ប្រើប្រាស់​ពលករ​បរទេស​ឥឡូវ​ហ្នឹង អ៊ីចឹង​ប្រសិន​បើ​មាន​ការ​ចូល​មក​មិន​មាន​ប័ណ្ណ​ការងារ សៀវភៅ​ការងារ ឬ​ក៏​ខុស​ច្បាប់ អា​ហ្នឹង​យើង​អនុវត្ត​វិធានការ​ច្បាប់»
កាល​ពី​ដើម​ខែ​កញ្ញា កន្លង​ទៅ ក្រុម​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​រតនគិរី បាន​ចាប់​បញ្ជូន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់ ១០​នាក់ រស់នៅ​ក្រុង​បានលុង បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម វិញ៕

No comments: