A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 20 September 2014

Kem Sokha says the duties of parliamentarians are not only confined to the parliament's chambers លោក កឹម សុខា ថា​តំណាង​រាស្ត្រ​មិន​មែន​មាន​តួនាទី​តែ​ក្នុង​រដ្ឋសភា​ទេ

កឹម សុខា ៦២០
អនុប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក កឹម សុខា សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ចូលរួម​កាន់​បិណ្ឌ​វេន​ទី​១២ នៅ​វត្ត​ពោធិ៍អណ្ដែត ឃុំ​ស៊ាងឃ្វាង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Hum Chamroeun
អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ថ្លែង​ខណៈ​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង ថា សមាជិក​សភា តំណាង​រាស្ត្រ​គ្រប់​រូប មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ មិន​ថា​ខាង​ក្នុង ឬ​នៅ​ក្រៅ​របង​រដ្ឋសភា​នោះ​ទេ គឺ​មាន​កាតព្វកិច្ច​ពន្យល់ និង​បកស្រាយ​គ្រប់​ទីកន្លែង​ទាំងអស់។
ការ​លើក​ឡើង​របស់ លោក កឹម សុខា ទំនង​ឆ្លើយ​តប​នឹង​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ថា តំណាង​រាស្ត្រ​អង្គុយ​នៅ​កៅអី​ណា ធ្វើ​ការ​នៅ​ទីនោះ និង​មិន​គួរ​ដើរ​រិះគន់​ក្រៅ​សភា។
លោក កឹម សុខា ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដឹក​នាំ​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​កាន់​បិណ្ឌ​វេន​ទី​១២ នៅ​វត្ត​ពោធិ៍អណ្ដែត ឃុំ​ស៊ាងឃ្វាង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា។
លោក កឹម សុខា និយាយ​ក្នុង​ទឹក​មុខ​ញញឹមញញែម​ទៅ​កាន់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ក្នុង​ឱកាស​កាន់​បិណ្ឌ​នោះ​ថា លោក​នឹង​មិន​ថ្លែង​សារ​នយោបាយ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទេ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ទៅ​ដល់​ជីដូន​ជីតា និង​បុព្វការី​ជន​ទាំង ៧​សន្ដាន។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក កឹម សុខា បាន​ពន្យល់​ប្រជាពលរដ្ឋ​ទំនង​បែប​ឆ្លើយ​តប​ទៅ​នឹង​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​លើក​ឡើង​ថា សមាជិក​សភា​តំណាង​រាស្ត្រ​គ្រប់​រូប មាន​តួនាទី​សំខាន់ មិន​មែន​នៅ​តែ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ ដែល​មាន​កម្រាល​ព្រំ​ស្អាត​នោះ​ទេ គឺ​សមាជិក​សភា​តំណាង​រាស្ត្រ មាន​នាទី​ចុះ​ទៅ​សួរ​សុខ​ទុក្ខ និង​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ទាំងអស់៖ «តួនាទី​របស់​តំណាង​រាស្ត្រ គឺ​តំណាង​ឲ្យ​ប្រជារាស្ត្រ អ៊ីចឹង​រឿងរ៉ាវ​សំខាន់​បំផុត មិន​មែន​អង្គុយ​នៅ​ក្នុង​សភា​ទេ រឿង​ធំ​បំផុត គឺ​អង្គុយ​នៅ​ក្បែរ​ប្រជារាស្ត្រ និយាយ​ទៅ​កាន់​ប្រជារាស្ត្រ ស្ដាប់​ប្រជារាស្ត្រ តើ​ប្រជារាស្ត្រ​ចង់​ដឹង​រឿង​អី ខ្វល់ខ្វាយ​រឿង​អី។ ហើយ​ក្នុង​នាម​ខ្លួន​ជា​តំណាង​ឲ្យ​ប្រជារាស្ត្រ​នេះ គឺ​មើល​ឃើញ​បញ្ហា​ស្រុក​ទេស​ហ្នឹង បញ្ហា​នយោបាយ​ហ្នឹង វា​ខ្វះខាត​ត្រង់​ណា វា​ល្អ​ត្រង់​ណា ត្រូវ​មក​ប្រាប់​រាស្ត្រ​វិញ។ បើ​តំណាង​រាស្ត្រ​អង្គុយ​តែ​ក្នុង​ម៉ាស៊ីន​ត្រជាក់ និយាយ​តែ​ក្នុង​សភា មិន​មែន​តំណាង​ពិត​ប្រាកដ​ទេ​ណាស់ លោក​យាយ​លោក​តា​ណាស់ បាទ! ខ្ញុំ​បញ្ជាក់​ជូន​ប៉ុណ្ណឹង​សិន»
កន្លង​មក លោក ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៤-២០១៨ នា​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូកេត្រា (SOFITEL PHNOM PENH PHOKEETHRA) នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ គ្មាន​អ្នក​បាញ់​កាំភ្លើង​ធំ​ដាក់​លោក​ទេ គឺ​លោក ហ៊ុន សែន ចង់​សំដៅ​ទៅ​លើ លោក កឹម សុខា មិន​បាន​រិះគន់​ដល់​លោក​នៅ​ឱកាស​ពិធី​ភ្ជុំបិណ្ឌ​ជិត​មក​ដល់​នេះ។ លោក ហ៊ុន សែន អះអាង​ថា តំណាង​រាស្ត្រ​ទាំងអស់​អង្គុយ​លើ​កៅអី​ណា ត្រូវ​ធ្វើ​ការ​នៅ​កៅអី​នោះ​នៅ​ក្នុង​សភា មិន​ត្រូវ​ដើរ​រិះគន់​នៅ​ក្រៅ​សភា​ទេ៖ «គេ​អត់​ទៅ​និយាយ​នៅ​ក្រៅ​តាម​ចិញ្ចើម​ថ្នល់ និយាយ​ឃោសនា​ទេ ហើយ​ពេល​ខ្លះ​និយាយ​ជ្រុល​ថា មិន​បាច់​ទៅ​រក​អ្នក​ណា​ទេ ជួយ​នាយក​រដ្ឋមន្ត្រី​បោស​សម្អាត​នាយក​រដ្ឋមន្ត្រី ព្រោះ​រដ្ឋមន្ត្រី​ជួយ​យក​លុយ​ឲ្យ​នាយក​រដ្ឋមន្ត្រី បើ​អ៊ីចឹង​ចប់​ហើយ រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ទៀ បាញ់ ទាំងអស់​ហ្នឹង រដ្ឋមន្ត្រី​ឲ្យ​តែ​ធុន​ហ្នឹង ចប់​បាត់​ហើយ តែ​នាយក​រដ្ឋមន្ត្រី ត្រូវ​ការពារ​រដ្ឋមន្ត្រី​ខ្លួន​ដែរ​ណា? តែ​បើ​សិន​ខុស​មែន មិន​បាច់​ឲ្យ​អស់​លោក​បោះ​ឆ្នោត​ឲ្យ​ទម្លាក់​ទេ តែ​បើ​បោះ​ឆ្នោត​ទម្លាក់ មក​និយាយ​នៅ​ក្នុង​សភា មិន​មែន​និយាយ​នៅ​ក្រៅ​រដ្ឋសភា​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា សមាជិក​សភា​តំណាង​រាស្ត្រ មាន​សិទ្ធិ​សម្ដែង​មតិ​គ្រប់​ទីកន្លែង ទាំង​នៅ​ក្នុង និង​ខាង​ក្រៅ​រដ្ឋសភា លើក​លែង​តែ​ការ​ទៅ​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ ដើម្បី​ប្រជាប្រិយ​ភាព​គណបក្ស​របស់​ខ្លួន ព្រោះ​មាន​តួនាទី​ក្នុង​ការ​បង្កើត​ច្បាប់ និង​មាន​តួនាទី​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជារាស្ត្រ​ម្ចាស់​ឆ្នោត។ លោក​បណ្ឌិត សុខ ទូច ចាត់​ទុក​ការ​ឌឺដង​ដាក់​គ្នា​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ធំៗ​ទាំង​ពីរ ថា​ជា​រឿង​ធម្មតា​របស់​អ្នក​នយោបាយ​ហើយ ដើម្បី​បង្កើត​សកម្មភាព​មិន​ឲ្យ​ស្ងប់ស្ងាត់​ក្នុង​សង្គម៖ «អ៊ីចឹង​លោក​ទៅ​កាន់ ២៤​ខេត្ត​ក្រុង​ហ្នឹង លោក​ទៅ​បាន​ទាំងអស់។ប៉ុន្តែ​អ្វី​ដែល​ជា​ភាព​រឹងមាំ​ធ្វើ​ការ​ដោះស្រាយ វា​ត្រូវ​ការ​អនុម័ត​ច្បាប់​អនុម័ត​អី ត្រូវ​តែ​មក​សភា​ហើយ។ ព្រោះ​បាន​ចែង​ច្បាស់​ណាស់​ថា រាល់​ការ​សម្រេច​ណា​មួយ​នៅ​ក្នុង​សភា ហើយ​សភា​មិន​អាច​ប្រជុំ​ក្រៅ​អំអីអឺ! រាជធានី​ភ្នំពេញ​ទេ លើក​លែង​តែ​មាន​សង្គ្រាម ទើប​គេ​ប្ដូរ​ប្លង់​ទីតាំង។ អ៊ីចឹង​អា​រឿង​មាន​ផ្ដល់​គំនិត​មិន​សំខាន់​ទេ​ទៅ​ទីណា​ក៏​បាន​ដែរ»
កន្លង​មក លោក ហ៊ុន សែន ធ្លាប់​គំរាម​ដក​តួនាទី​អនុប្រធាន​ទី​១​រដ្ឋសភា គឺ​លោក កឹម សុខា។ ការ​គំរាម​ដក​នេះ ដោយសារ​តែ លោក កឹម សុខា មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ថា គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា មន្ត្រី​ពុក​រលួយ​មួយ​ចំនួន កំពុង​សម្ងំ​កាន់​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ចង់​មិន​ចង់ គឺ​អាច​បោះ​ឆ្នោត​ទម្លាក់​មន្ត្រី​រដ្ឋាភិបាល ឬ​ក៏​រដ្ឋមន្ត្រី​ណា​មួយ​ចេញ​ពី​តំណែង​ទៀត​ផង បើ​រក​ឃើញ​ថា មន្ត្រី​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ៕

No comments: