មក​ដល់​នឹង​ពេល​នេះ​មាន​នារី​ខ្មែរ​ រាប់​ទាំង​អ្នក​ដែល​មាន​ឪពុក​ និង​ម្ដាយ​ខ្មែរ​ និង​អ្នក​ដែល​មាន​តែ​ឪពុក​ ឬ​ម្ដាយ​ជា​ខ្មែរ​ ចំនួន​៥​រូប​ហើយ​ ប៉ុន្តែ​ពួក​គេ​ហាក់​ពុំ​សូវ​​មាន​ប្រជាជន​​ខ្មែរ​​ក្នុង​ស្រុក​ស្គាល់​ប៉ុន្មាន​ទេ​ ខណៈ​អ្នក​ខ្លះ​សម្ដែង​សុទ្ធ​តែ​រឿង ​Hollywood​ ទៀត​ផង។ តើ​ពួក​គេ​មាន​ប្រវត្តិ​យ៉ាង​ណា​ និង​សម្ដែង​បាន​រឿង​អី​ខ្លះ​ទៅ​ហ្ន?
Bérénice Marlohe៖ បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​​ភ្ញាក់​ផ្អើល​ ក្រោយ​ចេញ​រឿង​ Skyfall​ ដែល​នាង​បាន​ដើរ​តួ​ក្នុង​នោះ​ជាមួយ​ Jame Bond។ នាង​ Bérénice​ កើត​នៅ​ឆ្នាំ​១៩៧៩​ ក្នុង​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ដែល​មាន​ម្ដាយ​ជា​ជនជាតិ​បារាំង​ និង​ឪពុក​ជា​កូន​ចៅ​ខ្មែរ​កាត់​ចិន។ នាង​បង្ហាញ​វត្តមាន​ដំបូង​រឿង​បារាំង​ La discordance​ ក្នុង​ឆ្នាំ​២០០៧។ មក​ទល់​នឹង​ឆ្នាំ​២០១៤​នេះ​ នាង​សម្ដែង​បាន​១៤​រឿង​ហើយ​ ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះ​ នាង​នឹង​លេច​មុខ​ក្នុង​រឿង​ពីរ​ទៀត​ គឺ​ “Untitled Terrence Malick project” និង​ “Prisoner of War”។
Elodie Yung៖​ បាន​លេច​មុខ​ក្នុង​រឿង​ Hollywood ​ជា​ច្រើន​មក​ហើយ​ ដូច​ជា​ “The Girl with the Dragon Tattoo”​, “ 10 Things I Hate About Life” ជា​ពិសេស​រឿង​ “G.I. Joe: Retaliation”។ Elodie ​បាន​កើត​នៅ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ដែរ​ ក្នុង​ឆ្នាំ​១៩៨១​ ដែល​មាន​ម្ដាយ​ជា​ជនជាតិ​បារាំង​ និង​ឪពុក​ជា​ជន​ជាតិ​ខ្មែរ។ រួម​ទាំង​ភាពយន្ត​បារាំង​ផង​ នាង​សម្ដែង​ភាពយន្ត​បាន​១៣​រឿង​ហើយ​ និង​រឿង​ភាគ​បញ្ចាំង​តាម​ទូរទស្សន៍​បាន​៤​រឿង​ដែរ។
Ellen Wong៖ មាន​វត្តមាន​ក្នុង​រឿង​ Hollywood​ ដូច​ជា​ “Scott Pilgrim vs. the World”​ និង​រឿង​កាណាដា​ “Silent Night”។ Ellen​ បាន​កើត​ក្នុង​ឆ្នាំ​១៩៨៤​ ឬ​១៩៨៥​ នៅ​ទី​ក្រុង​Toronto​ ប្រទេស​កាណាដា។ ឪពុក​ម្ដាយ​របស់​នាង​មាន​ឈាមជ័រ​ជា​ខ្មែរ។ មក​ដល់​ពេល​នេះ​ នាង​បាន​សម្ដែង​ភាពយន្ត​​បាន​៣​រឿង​ និង​រឿង​ភាគ​តាម​ទូរទស្សន៍​ចំនួន​៥​រឿង​ទៀត។
Chanty Sok៖ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្គាល់​តាម​រយៈ​រឿង​ Hollywood​ “The Fighter”, “Ted” និង​“The Test”។ នាង​បាន​កើត​នៅ​ឆ្នាំ​១៩៨៤​ ក្នុង​ទីក្រុង​ញីវយ៉ក​ សហរដ្ឋអាមេរិក។ យោង​តាម​គេហទំព័រ​  playasonly​ ឲ្យ​ដឹង​ថា​ Chanty​ ជា​កូន​ចៅ​ខ្មែរ។

Marline Yan៖ បាន​បង្ហាញ​មុខ​ក្នុង​រឿង​កាណាដា​ “Trigger”​ ក្រៅ​ពី​នេះ​ នាង​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​បាន​៤​រឿង​ទៀត​ដែរ។ Marline​ បាន​កើត​នៅ​ឆ្នាំ​១៩៩៣​ ក្នុង​ខេត្ត​ Ontario ​ប្រទេស​កាណាដា​ ជា​កូន​កាត់​ច្រើន​សាសន៍​ រាប់​ទាំង​វៀតណាម​ ចិន​ ថៃ​ ឥណ្ឌា​ និង​ខ្មែរ។ នាង​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់​ទៀត​ផង។
ប្រភព៖ Wikipedia, imdb & playasonly​