រសៀលថ្ងៃទី21/10/2014 ពុទ្ឋបរិស័ទរាប់រយនាក់មកថ្វាយបង្គំសុំនិមន្តព្រះសង្ឃថ្មីដែលធម្មការស្រុក-ខេត្ត តែងតាំងជាចៅអធិការវត្តព្រះកែវមរកតហៅវត្ត(ភ្នំខ្ពស់) និមន្តចេញពីវត្ត៕
--------------------------
អតីតព្រះចៅអធិការវត្តភ្នំខ្ពស់ ព្រមទាំងប្រជាពលរដ្ឋគាំទ្រប្រមាណ ៥០០នាក់ នៅថ្ងៃទី២១ តុលា បន្តប្រមូលផ្ដុំគ្នាជាថ្មីនាបរិវេណវត្តក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង តវ៉ាចំពោះការដកតំណែងព្រះចៅអធិការវត្ត។
អាជ្ញាធរ និងគណៈសង្ឃស្រុក បានដកតំណែងព្រះចៅអធិការវត្តពីរព្រះអង្គ កាលពីថ្ងៃទី១៩ តុលា។ ការដកតំណែងនេះ ដោយសារកន្លងមក ព្រះអង្គមាននិន្នាការប្រជាធិបតេយ្យលេចធ្លោ ដែលប្រឆាំងគណបក្សកាន់អំណាចមូលដ្ឋាន។
អតីតព្រះចៅអធិការវត្តភ្នំខ្ពស់ ព្រះតេជព្រះគុណ ឃឹម សំអឿន មានថេរដីកានៅរសៀលថ្ងៃទី២១ តុលា ថា ក្រុមប្រជាពលរដ្ឋដែលមកគាំទ្រព្រះអង្គ គឺមកពីខេត្តសៀមរាប បាត់ដំបង ក្រុងប៉ោយប៉ែត និងមួយចំនួនទៀតមកពីស្រុកបាណន់ និងពុទ្ធបរិស័ទចំណុះជើងវត្ត។ ពួកគាត់បាននាំគ្នាតវ៉ា ដោយមកប្រជុំគ្នាក្នុងបរិវេណវត្ត គឺមិនមានដើរក្បួនទៅខាងក្រៅនោះទេ៖ «ថ្ងៃស្អែកហ្នឹងមានការតវ៉ាបន្តទៅទៀត ដរាបណារកដំណោះស្រាយអត់ឃើញ ព្រោះប្រជាពលរដ្ឋមួយចំនួនដែលលោកអញ្ជើញមកតាំងពីទីជិតទីឆ្ងាយហ្នឹង គាត់ហាក់បីដូចជាមានការក្ដុកក្ដួលក្នុងចិត្ត។ អ្នកខ្លះសម្រាន្តអត់លក់ អ្នកទៀតយំរហេមរហាម។ គាត់នឹងឃើញថា ដែលយកកងកម្លាំងប្រដាប់អាវុធមកនេះគាត់ឆ្ងល់ គាត់រន្ធត់ក្នុងចិត្តជាខ្លាំង ដោយគាត់មកឃើញទិដ្ឋភាពថ្ងៃដំបូង ហាក់បីដូចជាធ្វើនេះ គឺការប្លន់វត្តក៏ថាបាន ហើយជាធ្វើរដ្ឋប្រហារចំពោះអាត្មាក៏ថាបាន»។
អាជ្ញាធរស្រុកបាណន់ បានដាក់ពង្រាយកម្លាំងកងប្រដាប់អាវុធប្រមាណ ៣០នាក់ ការពារសណ្ដាប់ធ្នាប់ជុំវិញបរិវេណវត្ត ប៉ុន្តែពុំមានការប៉ះទង្គិចគ្នាដែលបង្កឲ្យរបួសស្នាមនោះទេ។
ចំណែកឯក្រុមប្រជាពលរដ្ឋដែលគាំទ្រព្រះអង្គមកពីឆ្ងាយ ពួកគាត់មិនបានត្រឡប់ទៅផ្ទះវិញទេបន្ទាប់ពីតវ៉ា គឺពួកគាត់ស្នាក់នៅក្នុងវត្ត ដើម្បីតវ៉ានៅថ្ងៃទី២២ តុលា បន្តទៀត៕
Post by Vantha Phou.
No comments:
Post a Comment