Please watch his discourse at Freedom Park during the height of anti-Hun Sen protest. It's really good!
អតីតព្រះចៅអធិការ និងជាព្រះសង្ឃឯករាជ្យមួយអង្គនៅស្រុកបាណន់ ខេត្តបាត់ដំបង ចោទប្រកាន់មន្ត្រីសង្ឃ និងធម្មការខេត្តថា បានដកតំណែងព្រះអង្គគ្មានហេតុផលច្បាស់លាស់។ ព្រះអង្គមានព្រះថេរដីកាថា ការដកតំណែងនេះជារឿងអយុត្តិធម៌ ដោយសារកន្លងមកព្រះអង្គមាននិន្នាការប្រជាធិបតេយ្យ ដែលជាឆ្អឹងទទឹងករបស់គណបក្សកាន់អំណាច។ នៅក្នុងករណីនេះមន្ត្រីធម្មការខេត្តបញ្ជាក់ថា ពុំមែនជាការដកតំណែងព្រះអង្គនោះទេ គឺជាការតែងតាំងព្រះចៅអធិការវត្តដើម្បីឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ប៉ុណ្ណោះ។
អតីតព្រះចៅអធិការវត្ត ព្រមទាំងប្រជាពលរដ្ឋចំណុះជើងវត្តប្រមាណ ២០០នាក់ ដែលគាំទ្រ បានលើកគ្នាទៅតវ៉ានៅបរិវេណវត្តភ្នំខ្ពស់ ឃុំតាគ្រាម ស្រុកបាណន់ នៅរសៀលថ្ងៃទី២០ តុលា បន្ទាប់ពីអាជ្ញាធរនិងមន្ត្រីធម្មការខេត្តធ្វើការដកតំណែងព្រះចៅអធិការវត្តពីព្រះអង្គ។
អតីតព្រះចៅវត្តភ្នំខ្ពស់ ព្រះតេជព្រះគុណ ឃឹម សំអឿន មានព្រះថេរដីកា នៅថ្ងៃទី២០ តុលា ថា ព្រះអង្គមិនសោកស្ដាយទេចំពោះតំណែងជាព្រះចៅអធិការវត្ត ប្រសិនបើព្រះអង្គមានទោសកំហុស ដោយប្រការណាមួយនោះ តែកន្លងមកព្រះអង្គពុំដែលធ្វើល្មើសវិន័យរបស់ព្រះសង្ឃទេ។ ព្រះអង្គមានថេរដីកាបន្តថា ការដកតំណែងព្រះចៅអធិការវត្តនេះ ដោយសារមន្ត្រីមូលដ្ឋានរបស់គណបក្សកាន់អំណាចមកបញ្ចុះបញ្ចូលឲ្យព្រះអង្គបញ្ឈប់រាល់សកម្មភាពដែលប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលតែមិនបានសម្រេច៖ «មានថេរដីកាជាមួយគាត់ដែលមកចរចាឲ្យអាត្មាដកខ្លួនចេញពីរឿងបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌ក្នុងសង្គមហ្នឹង។ អាត្មាបានប្រាប់ថា រឿងព្រះវិហារ រឿងលុយកាក់ រឿងរបងវត្ត រឿង អ្វីៗដែលមកកសាងនេះ មិនពិបាកមកទឹកចិត្តអាត្មាទេ។ អាត្មាមិនអាចយកទឹកចិត្តដែលត្មាសន្សំទុក ទឹកចិត្តដែលស្រលាញ់ យកទៅលក់ឲ្យអ្នកឯងទេ។ បើសិនអ្នកឯងមកចរចាជាមួយអាត្មា អ្នកឯងត្រូវយកលទ្ធិប្រជាធិបតេយ្យ គេហៅថា ពន្លឺសន្តិភាពដ៏ពិតប្រាកដ យុត្តិធម៌ដ៏ពិតប្រាកដមកប្រគេនអាត្មា បានអាត្មាទទួលដៃ១០»។
ព្រះអង្គមានថេរដីកាឲ្យដឹងទៀតថា ព្រះអង្គបានគង់នៅវត្តភ្នំខ្ពស់ ចំនួន ១៣ឆ្នាំមកហើយ ដែលកាលណោះ មានព្រះចៅអធិការប្រមាណ ១០វត្ត ធ្វើជាសាក្សី ហើយបានតែងតាំង ព្រះអង្គធ្វើជាព្រះចៅអធិការវត្តរហូតមក។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តបាត់ដំបង លោក សួន ប៊ុនជឿន មានប្រសាសន៍បញ្ជាក់ថា បញ្ហានេះពុំមែនជារឿងនយោបាយ ដូចការលើកឡើងនោះទេ ហើយក៏ពុំបានដកហូតតំណែងរបស់ព្រះអង្គនោះដែរ។ ប៉ុន្តែជាការតែងតាំងព្រះចៅអធិការ ព្រមទាំងគ្រូសូត្រឆ្វេង និងគ្រូសូត្រស្ដាំក្នុងវត្ត ដែលកន្លងមកពុំបានតែងតាំងនៅឡើយដើម្បីឲ្យបានត្រឹមត្រូវតាមត្រឹមត្រូវតាមផ្លូវច្បាប់ប៉ុណ្ណោះ៖ «អារឿងជួយសង្គមឬមិនជួយសង្គម ខ្ញុំអត់ដឹងទេ តែអាហ្នឹងការតែងតាំងទៅអត់ទាន់មានការតែងតាំងស្របច្បាប់។ មិនថាស្របច្បាប់ទេ មិនទាន់មានការតែងតាំង វត្តហ្នឹងវានៅចន្លោះប្រហោង អត់ទាន់មានការតែងតាំងថ្នាក់ដឹកនាំនៅហ្នឹង។ អ៊ីចឹងបានលោករៀបចំឲ្យមានចៅអធិការគ្រូសូត្រឆ្វេង ស្ដាំហ្នឹង»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ការដកហូតតំណែងព្រះចៅអធិការវត្តនេះមានពាក់ព័ន្ធនឹងរឿងនយោបាយ ដោយសារកន្លងមកព្រះអង្គធ្លាប់មានប្រវត្តិចុះជួយការងារសង្គមលេចធ្លោ ក្នុងនោះដូចជា ជួយដោះស្រាយការរំលោភបំពានសិទ្ធិប្រជាពលរដ្ឋ និងការអភិវឌ្ឍតាមសហគមន៍ជាដើម ដែលបញ្ហានេះជាឆ្អឹងទទឹងករបស់គណបក្សកាន់អំណាចក្នុងមូលដ្ឋាន៖ «អាសកម្មភាពទាំងឡាយហ្នឹងស្របគ្នាជាមួយគណបក្សសង្គ្រោះជាតិ ដែលចុះទៅទីវត្តអារាមហ្នឹងញឹកញាប់ ឬធ្វើកិច្ចការងារហ្នឹងហាក់ដូចស្របគ្នាទៅ គេមើលឃើញ។ កាលណាអ៊ីចឹងទៅគេរកចំណុច រកលេសអីអ៊ីចឹងទៅ គេលាបពណ៌អីអ៊ីចឹងទៅ។ ធម្មតាទេ បើកាលណាឃើញថា មិនមែនជាគណបក្សប្រជាជន ហើយគេមិនចង់ឲ្យអ្នកហ្នឹងធ្វើជាចៅអធិការទេ ជាទូទៅយើងសង្កេតឃើញ អ៊ីចឹង។ ច្រើនតែថារកលេសអ៊ីចេះ រកលេសអ៊ីចុះតែរហូតហ្នឹង វាមិនឃើញថា ប្រយោជន៍សង្គម ប្រយោជន៍ប្រជាពលរដ្ឋទូទៅ»។
បន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋដែលគាំទ្រព្រះចៅអធិការវត្តភ្នំខ្ពស់ ពេញមួយថ្ងៃមក នៅប្រមាណជាម៉ោង ៦រសៀលថ្ងៃដដែល កម្លាំងអាជ្ញាធរដែលបានដាក់ពង្រាយជុំវិញវត្ត មួយចំនួនធំបានដកចេញពីវត្តហើយ។ ចំណែកឯក្រុមប្រជាពលរដ្ឋក៏បានផ្អាកការតវ៉ា ប៉ុន្តែមិនបានត្រឡប់ទៅផ្ទះវិញទេ គឺពួកគាត់ស្នាក់នៅក្នុងវត្តបណ្ដោះអាសន្ន ហើយពួកគាត់ថា នឹងបន្តទាមទារនៅថ្ងៃស្អែកទៀត។
ព្រះតេជព្រះគុណ ឃឹម សំអឿន មានព្រះថេរដីកាថា នៅថ្ងៃទី២១ តុលា នឹងមានការតវ៉ាទ្រាយធំ ដោយមានបណ្ដាញព្រះសង្ឃឯករាជ្យមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តជាច្រើនអង្គចូលរួមទាមទារតំណែងចៅអធិការវត្ត លុះណាមានដំណោះស្រាយ៕
Post by Sor Chandeth.
Post by Sin Rozeth.
No comments:
Post a Comment