A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 16 November 2014

Son Hai: A monk who escaped Vietnamese jail only to be imprisoned in Cambodia ​បទ​យកការណ៍​៖ ព្រះសង្ឃ​ខ្មែរ​ដែល​គេច​ពី​ការជាប់គុក​នៅ​វៀតណាម​បែរជា​មក​ជាប់គុក​នៅ​កម្ពុជា​​

Son Hai, 33, escaped Vietnam to Cambodia 10 years ago because he was beaten, arrested and jailed for one week in Vietnam for preaching about the plight of Khmer Krom minority living in Vietnam. He went to study political science in Thailand and after graduation, he returned back to Cambodia. During and after the July 2013 election he became activist in fight for land-grab victims as well as against social injustices in Cambodia. Recently, he took parts in many anti-Vietnamese protests.  On 11th November, he was arrested for participating in protests against the deliberate inundation of the homes of Boeung Kak residents. He was then forcibly defrocked by the authority.

ដោយ៖​ ណាត​ សុភាព​ និង អុឹង ប៊ុនថន​ | ថ្ងៃសៅរ៍ ទី15 វិច្ឆិកា 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក

ព្រះ​តេជគុណ សឺ​ន ហាយ ពេល​ត្រូវ​អាជ្ញាធរ​ចាប់​កាល​ពី​ដើម​សប្ដាហ៍​នេះ (រូប​ពីហ្វេសប៊ុក)
​មាន​ព្រះជន្ម​៣៣​វស្សា ព្រះ​តេជគុណ សឺ​ន ហាយ បាន​ចាកចេញ​ពី​ស្រុកកំណើត​ជាង​១០​ឆ្នាំ នៃ​ទឹក​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​គ្រប់គ្រង​ដោយ​វៀតណាម ។ អ្នក​ស្គាល់​ពី​ប្រវត្តិ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​អង្គ​នេះ​ឲ្យដឹងថា មូលហេតុ​ដែល​ព្រះ​តេជ​គុណ សឺ​ន ហាយ ចាក​ចេញពី​ស្រុក​កំណើត​ដោយសារ​អាជ្ញាធរ​វៀតណាម​ចាប់​វាយ​បែក​ព្រះ​កេស រួច​ដាក់​ពន្ធនាគារ​អស់​១​សប្តាហ៍ បន្ទាប់ពី​ព្រះអង្គ​បាន​សម្តែង​ធម្មទេសនា​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ស្តាប់ ។​
​ក្រោយ​ពី​ជាប់ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម ព្រះ​តេជគុណ សឺ​ន ហាយ បាន​រត់គេច​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​ថៃ ។ នៅ​ពេល​បញ្ចប់​ការសិក្សា ព្រះអង្គ​បាន​ត្រឡប់​មក​កម្ពុជា​វិញ និង​ស្នាក់នៅ​វត្ត​ចំនួន​៣​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​នៅ​វត្ត​បទុម​វ​តី វត្ត​ពោធិញ្ញាណ និង​វត្ត​ស្ទឹងមានជ័យ​។​
​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាលពី​៥ ឆ្នាំ​២០១៣ នៅ​ប្រទេស​កម្ពុជា ព្រះ​តេជគុណ​តែងតែ​ចូលរួម​ជាមួយ​អ្នក​តវ៉ា​រឿង​ដីធ្លី និង​ជា​ពិសេស តវ៉ា​យ៉ាង​សកម្ម​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​សុំទោស ករណី​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម 
​បើ​និយាយ​ពី​រឿង​តវ៉ា​មុខ​ស្ថានទូត​វៀតណាម​៤​លើក​មក​នោះ ព្រះ​តេជគុណ សឺ​ន ហាយ តែង​ចូល​ហែ​ក្បួន​តវ៉ា និង​ដុត​ទង់ជាតិ​វៀតណាម ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ស្ថានទូត​នេះ​ចេញ​មុខ​ជា​សុំទោស​ជា​សាធារណៈ​ទាក់ទង​នឹង​ការ​បំភ្លៃ​ប្រវត្តសាស្ត្រ​ទឹក​ខ្មែរក​ម្ពុ​ជា​ក្រោម ដែល​ថា​ជា​របស់​វៀតណាម​តាំងពី​យូរលង់​នោះ​។ តែ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាន់​ថុង មិន​ព្រម​ចេញមុខ​សុំទោស​នោះទេ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ   រដ្ឋាភិបាល​វៀតណាម បានទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​លើ​អ្នក​តវ៉ា​ថែមទៀត​។​
​ប៉ុន្តែ​សំណើ​របស់​រដ្ឋាភិបាល​វៀតណាម​ដែល​ធ្លាប់​មានគុណ​លើ​រដ្ឋាភិបា​លលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​មាន​ប្រសិទ្ធិភាព​ភ្លាមៗ​ទេ ដោយ​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជា​មួយ​ចំនួន​ឆ្លើយ​ដោយ​ប្រយោល​វិញ​ថា ការតវ៉ា​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ ។ តែ​យ៉ាងនេះក្តី ស្រាប់តែ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ សាក្សី​បញ្ជាក់​ថា ព្រះ​តេជគុណ សឺ​ន ហាយ ក៏​ត្រូវបាន​សមត្ថកិច្ច និង​ក្រុម​សន្តិសុខ ចាប់​វាយដំ រួច​ផ្សឹក​បញ្ជួនទៅឲ្យ​តុលាការ​កាត់ទោស ខណៈ​ព្រះអង្គ​បាន​ទៅ​ផ្តិត​យក​រូបភាព របស់​អ្នកមាន​ជម្លោះ​ដីធ្លី​ដែល​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយសារ​តែ​កាត់ទោស​អ្នក​ភូមិ​បឹងកក់​។​
សកម្មជន​ដីធ្លី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា អ្នកស្រី​បាន​ទៅដល់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ហើយ​ឃើញ​ព្រះសង្ឃ​ពីរ​អង្គ និង​មនុស្ស​ប្រុស​៣​នាក់ រួមទាំង​សមត្ថកិច្ច​មួយចំនួន បាន​ចូល​ទៅក្នុង​បន្ទប់​បិទ​ជិត​នៅក្នុង​ស្នងការ​នោះ ដើម្បី​ចាប់​ព្រះអង្គ សឺ​ន ហាយ ផ្សឹក ពេលនោះ អ្នកស្រី​ឮ​ព្រះអង្គ​ស្រែកយំ ថា​មិន​ព្រម​សឹក​នោះទេ​ ។
អ្នកស្រី យ៉ោម បុប្ផា ឲ្យ​ដឹងថា «​ខ្ញុំ​ឃើញ​មាន​ព្រះសង្ឃ​២ អង្គ ហើយ​ខ្ញុំ​មិនដឹង​ថា​សម្ដេច​សង្ឃ ឬ​ក៏​អ្នកណា​ទេ ហើយ​ខ្ញុំ​ឃើញ​មាន បា​សក (​គ្រហស្ថ​) ហ្នឹង​៣​នាក់​ទៀត​ចូល​ទៅក្នុង​បន្ទប់​ជា​មួយ​ហ្នឹង​ប៉ូលីស​ទៅ ហើយ​ខ្ញុំ​អត់​បាន​ឃើញ​ថា​គេ​ធ្វើ​អី​ខ្លះ​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ឮ​សំឡេង​ព្រះសង្ឃ​ស្រែកយំ​ថា ឱ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​អើយ​អ​យុត្ដិធម៌​ណាស់ ជួយ​កូនចៅ​ផង អ​យុត្ដិធម៌​ណាស់ គេ​ធ្វើបាប អាត្មា​មិន​ព្រម​ផ្សឹក​ទេ​» ។

​មកដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ព្រះអង្គ សឺ​ន ហាយ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​សាលក្រម​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល ក្រោម​បទ​ចោទ ប្រឆាំង​រាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស ដោយ​គ្រាន់តែ​ព្រះអង្គ​ចូល​ឃ្លាំមើល​ការតវ៉ា​របស់​អ្នក​មាន​ជម្លោះ​ដីធ្លី​។​
​ជាមួយគ្នា​នោះ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ដដែល មាន​ព្រះសង្ឃ​២​អង្គ​ទៀត ព្រះនាម ថា​ន់ សាង និង​ឃិត វណ្ណៈ គង់នៅ​វត្ត​ស្ទឹងមានជ័យ ដែល​ធ្លាប់​ចូលរួម​បាតុកម្ម​រឿង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ក៏​ត្រូវ​អាជ្ញាធរ​ចាប់​ព្រះកាយ​រួច​ផ្សឹក ។ មន្ត្រី​សិទ្ធិមនុស្ស​ឲ្យដឹងថា នគរបាល​បាន​បញ្ជូន​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​នោះ ទៅឲ្យ​តុលាការ​ចោទប្រកាន់​ពីបទ​ចូលរួម​ជាមួយ​សមាគម​នៃ​ជន​ទុច្ចរិត ដែល​ប្រឈម​នឹង​ជាប់ទោស​ពី​២​ទៅ​៥​ឆ្នាំ​។​
​សាស្ត្រាចារ្យ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ព្រះ​តេជគុណ វ៉​ង់ សុ​ភ័ស មាន​ថេរ​ដីកា​ថា បើ​ព្រះសង្ឃ​ណាមួយ​ធ្វើ​ខុសច្បាប់​សាសនា ឬ​ធ្វើ​ខុសច្បាប់​រដ្ឋ ហើយ​អាជ្ញាធរ​ចាប់​ផ្សឹក​ដោយ​មិន​ឆ្លងកាត់​ពី​ក្រសួង​ធម្មការ និង​សាសនា គឺ​ខុស​ច្បាប់​សាសនា​ ។ ព្រះតេជគុណ​មានថេរដីកា​ថា «អាជ្ញាធរ​ប៉ូលីស​ហ្នឹង អាច​ឃាត់​ព្រះកាយ​ព្រះអង្គ​នាំ​ទៅ​ឲ្យ​ខាង​មន្ដ្រី​សង្ឃ ខាង​ស្ថាប័ន​ព្រះសង្ឃ នាយក លោក​ជំនុំជម្រះ​វិនិច្ឆ័យ​ពី​ក្ដី​ទៅតាម​ពុទ្ធ​វិន័យ ថា​តើ​គួរ​ផ្សឹក​ចេញ ឬ​ក៏​គួរ​ដាក់​ទណ្ឌកម្ម ឬក៏​អប់រំ អីចឹង កាលណា​បើ​មន្ដ្រី​អាជ្ញាធរ​ស៊ីវិល ទា​ហ៊ាន ប៉ូលីស​ប្រើ​កម្លាំង​ចាប់បង្ខំ​ផ្សឹក​លោក​បក​ស្បង់​ចីព​រ អីចឹង វា​រំលោភ​ទៅ​លើ​ស្ថាប័ន​ព្រះសង្ឃ​នាយក ហើយ​ហ្នឹង​ក្រសួង​ធម្មការ​» ។
​អ្នកនាំពាក្យ ក្រសួង​ធម្មការ និង​សាសនា លោក សេង សុ​មុន្នី ឲ្យដឹងថា ព្រះអង្គ​សឺ​ន ហាយ ត្រូវបាន​ស្ថាប័ន​ឯករាជ្យ​របស់​ថេរ​សភា​សង្ឃ​ផ្សឹក​តាម​ច្បាប់​សាសនា នៅ​ពេល​បញ្ជូន​ទៅ​ដល់​ស្នងការ​នគរបាល ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​
​ព្រះ​តេជគុណ យិន សុធាវី ដែលជា​អ្នក​ស្គាល់​ពី​ប្រវត្តិ​របស់​ព្រះ​តេជគុណ សឺ​ន ហាយ មាន​ថេរ​ដីកា​ថា សកម្មភាព​របស់​ព្រះសង្ឃ​អង្គ​នោះ គឺ​ដើម្បី​ការពារ​ទឹកដី​ខ្មែរ​កុំ​ឲ្យ​ប្រទេស​ជិតខាង​ឈ្លានពាន​ដូច​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​។ ព្រះអង្គ​បន្ត​ថា ទោះបីជា​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្មែរ​គ្នា​ឯង ដើម្បី​គំរាមកំហែង​មិន​ឲ្យ​តវ៉ា​ប្រឆាំង​នឹង​វៀតណាម​ក៏​ដោយ ក៏​នៅ​មាន​ព្រះសង្ឃ​ផ្សេងៗ​ទៀត មិន​បាក់​ស្មារតី​នោះទេ​។​ ព្រះអង្គ​បន្ត​ថា «​ទ្រឹស្ដី​មួយ​បាន​និយាយថា អស់ពី សឺ​ន គុយ មួយ​នាក់ ប៉ុន្ដែ​នៅ​មាន សឺ​ន គុយ រាប់​លាន​រាប់​កោដ​នាក់ ឥឡូវ​អស់​ព្រះ​តេជគុណ សឺ​ន ហាយ ព្រះ​តេជគុណ ឃិត វណ្ណៈ និង​ព្រះ​តេជ​គុណ ថា​ន់ សាង បី​អង្គ​ហើយក៏​មាន​ព្រះសង្ឃ​រាប់​ពាន់​រាប់លាន​អង្គ​នៅ ក្រោយ​ពី​អង្គ​ទៀត ត​វេន​បន្ដទៀត ហ្នឹង​ត្រង់ចំណុច​ហ្នឹង​ដែលជា​គំរូ​មួយ​ទុក​ឲ្យ​កូនចៅ ទំព័រ​ប្រវត្ដិសាស្ដ្រ​ឲ្យ​កូន​ខ្មែរត​ទៅ​មុខ​» ។
​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​ដឹកនាំ​បាតុកម្ម​ទាមទារ​ឲ្យ​វៀតណាម​សុំទោស​នោះ យល់ថា ការចាប់​ព្រះសង្ឃ​នៅពេល​នេះ​ជា​រឿង​នយោបាយ ដោយសារ​កន្លងមក​ព្រះអង្គ​ធ្វើ​បាតុកម្ម​ដុត​ទង់ជាតិ​វៀតណាម ហើយ​អាជ្ញាធរ​របស់​លោក ហ៊ុន សែន មិន​ចាត់ការ​ភ្លាមៗ​ទេ ព្រោះ​ខ្លាច​ពលរដ្ឋ​ខ្មែរ​ថ្កោលទោស​ថា ធ្វើតាម​បញ្ជា​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ ។ លោក​មាន​ប្រសាសន៍​ថា «​តាមពិត​យើង​មើល​ទៅ​ប្រហែលជា​រឿង​លេស​ដែល​លោក​ដុត​ទង់ ដុត​អី ការដុត​ទៅ​មិន​ហ៊ាន​ចាប់​ទៅ​ធ្វើ​ឲ្យ​នាំ​ឃើញ​គេ​ថ្កោលទោស ហើយចឹង​ដើម្បី​បិទបាំង យក​លេស​ហ្នឹង​មក​ក៏​ចាប់​លោក​ចឹង​ទៅ អាហ្នឹង​ដែល​យើង​មើលឃើញ​គឺជា​រឿង​ចេតនា​នយោបាយ​ទេ មិនមែន​ជា​រឿង​ដែល​ធ្វើ​ទៅ​តាម​នីតិវិធី ឬ​កំហុស​ជាក់ស្ដែង​នោះ​ទេ​» ។
​យ៉ាងនេះក្តី គណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ថា ចំណាត់ការ​របស់​អាជ្ញា​ធរ​ខ្លួន​នេះ​ធ្វើឡើង​តាមច្បាប់ ដោយ​អះអាង​ថា មិន​រំលោភ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​រវាង​បក្ស​ទាំងពីរ​នេះ​ទេ​។​
​ប៉ុន្តែ​ការចាប់​កាត់ទោស​ព្រះសង្ឃ​ខ្មែរ​ទាំងនោះ ធ្វើឲ្យ​សង្គម​ស៊ីវិល និង​បក្សប្រឆាំង យល់ថា ជា​រឿង​នយោបាយ ខណៈ​គណបក្ស​ទាំង​ពីរ​កំពុង​ខ្វែងគំនិត​គ្នា​លើ​ការកំណត់​លក្ខ​ខន្តិកៈ​របស់​សមាសភាព គជ ប ថ្មី​៕
សូម​សរសេរ​មក​​លោក ណាត សុភាព តាម​រយៈ sopheap@vodhotnews.com និងលោក ​អ៊ឹង ប៊ុនថន​ តាម​រយៈ chanthorn@vodhotnews.com

No comments: