A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 7 November 2014

The parliament to summon government officials for alleged corruption រដ្ឋ​សភា​នឹង​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​បំភ្លឺ​ករណី​សង្ស័យ​ពុករលួយ​នៅ​សប្ដាហ៍​ក្រោយ

រដ្ឋ​សភា ៦២០
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា។ រូបថត​ថ្ងៃ​ទី​១ កញ្ញា ២០១៤
RFA/Rann Samnang
គណៈកម្មការ​ថ្មី​នៃ​រដ្ឋសភា​ដែល​ទើប​តែ​បង្កើត​នៅ​អាណត្តិ​ទី​៥​នេះ គ្រោង​កោះហៅ​តំណាង​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ឲ្យ​ចូល​បំភ្លឺ​ពី​បញ្ហា​ពុករលួយ​នៅ​សប្ដាហ៍​ក្រោយ។ ការ​កោះ​ហៅ​នេះ​ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​ពាក់ព័ន្ធ​រាជការ ដែល​បាន​ប្ដឹង​ពី​ករណី​ប្រព្រឹត្តិ​អំពើ​ពុករលួយ​របស់​មន្ត្រី​ថ្នាក់​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល។
​គណៈកម្មការ​ទី​១០​នៃ​រដ្ឋ​សភា​នៅ​សប្ដាហ៍​ក្រោយ នឹង​រៀបចំ​លិខិត​មន្ត្រី​ជំនាញ​យ៉ាង​តិច ២​អង្គភាព​ដើម្បី​សុំ​ពិនិត្យ​លើ​លទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ ស្ថាប័ន​ទាំង​នោះ​រួមមាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ គណៈកម្មការ​នេះ​ចង់​ដឹង​ថា ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ទាំង​ពីរ​នេះ​បាន​ធ្វើ​អ្វី​ខ្លះ ហើយ​និង​មិន​ទាន់​បាន​ធ្វើ​អ្វី​ខ្លះ។ បន្ទាប់​មក​ទៀត គណៈកម្មការ​ជំនាញ​នឹង​កោះ​ហៅ​ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ឲ្យ​បំភ្លឺ​បញ្ហា​ពុករលួយ​ពីរ​ផ្សេង​គ្នា។
ក្រសួង​សុខាភិបាល​នឹង​ត្រូវ​ចោទ​សួរ​ពី​ការ​លក់​ទីស្ដីការ​ក្រសួង និង​ការ​ដោះដូរ​មន្ទីរពេទ្យ​មួយ​ចំនួន​ទៀត​នៅ​រាជធានី​ភ្នំពេញ។ ចំណែក​សាលា​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ហៅ​ឲ្យ​ឆ្លើយ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​បុរីកីឡា។
​ប្រធាន​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋ​សភា លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​ថា គណៈកម្មការ​នេះ​បាន​ទទួល​ព័ត៌មាន​ច្រើន​ពី​បញ្ហា​ពុករលួយ​ក្នុង​សង្គម​កម្ពុជា ជា​ពិសេស​ការ​លក់​ដូរ​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ការ​រំលោភ​អំណាច។ ប៉ុន្តែ​ដើម​បណ្ដឹង​ភាគ​ច្រើន​មិន​ហ៊ាន​ចេញ​មុខ​ឡើយ។
លោក​បន្ត​ថា គណៈកម្មការ​នេះ​នឹង​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​នឹង​កោះ​ហៅ​ក្រសួង​ស្ថាប័ន​នានា​មក​សួរ​នាំ​បន្ថែម​ទៀត៖ «មាន​មួយ​ចំនួន​ខ្ញុំ​ត្រូវ​ផ្ញើ​ទៅ មាន​មួយ​ចំនួន​ខ្ញុំ​ត្រូវ​ស៊ើប​អង្កេត​ដែរ ព្រោះ​ឥឡូវ​ហ្នឹង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។ ចាំ​អុំ​ទូក​ហើយ​យើង​នឹង​ធ្វើ»

​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា បាន​ទទួល​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​បញ្ហា​ពុករលួយ​ប្រមាណ ២០ ក្នុង​រយៈពេល​ជាង ២​ខែ បន្ទាប់​ពី​បក្ស​ប្រឆាំង​ចូល​ទៅ​អង្គុយ​ក្នុង​រដ្ឋ​សភា។
​ក្រសួង​សុខាភិបាល​បាន​លក់​អគារ​ទីស្ដីការ​ក្រសួង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ផ្លូវ​កម្ពុជា​ក្រោម ទៅ​អោយ​ឧកញ៉ា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ម្នាក់​នៅ​ភ្នំពេញ ក្នុង​អំឡុង​ឆ្នាំ​២០១៤​នេះ។
មន្ត្រី​នៅ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុគ្គលិក​ទាំង​អស់​ធ្វើការ​នៅ​ក្រសួង​នេះ ត្រូវ​បាន​គេ​ចែក​ប្រាក់​ឲ្យ​សមាមាត្រ​នឹង​តំណែង​នីមួយៗ។ ចំពោះ​ករណី​ដីធ្លី​នៅ​តំបន់​បុរីកីឡា​វិញ សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ ថា​នឹង​សាងសង់​អគារ​ស្នាក់​នៅ​ឲ្យ​ប្រជាពលរដ្ឋ​បុរី​កីឡា​ចំនួន ១០​អគារ។ ប៉ុន្តែ​ពេល​សាងសង់​ជាក់ស្ដែង​ក្រុមហ៊ុន​នេះ​សាងសង់​អគារ​តែ ៨​អគារ​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ពលរដ្ឋ​រក​ឃើញ​ថា អាជ្ញាធរ​ថែម​ទាំង​យក​បន្ទប់​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​សាងសង់​រួច​យក​ទៅ​លក់​ថែម​ទៀត​ផង។
​គណៈកម្មការ​ទី​១០​ នៃ​រដ្ឋសភា ទើប​បាន​ដោះស្រាយ​បញ្ចប់​ទំនាស់​មួយ​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ពាក់ព័ន្ធ​នឹង​បណ្ដឹង​បញ្ហា​ពុករលួយ។ លោក ហូរ វ៉ាន់ ប្រាប់​ថា នៅ​ដើម​សប្ដាហ៍​នេះ សាស្ត្រាចារ្យ ៤​នាក់​នៅ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កង​យោធពល​ខេមរភូមិន្ទ បាន​ប្ដឹង​មក​កាន់​គណៈកម្មការ​ទី​១០ នៃ​រដ្ឋ​សភា ជុំវិញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចាត់ចែង​ការងារ​សាស្ត្រាចារ្យ​ទាំង​នោះ ដោយសារ​ថ្នាក់ដឹកនាំ​សកល​វិទ្យាល័យ​នេះ​សង្ស័យ​ថា សាស្ត្រាចារ្យ​ទាំង​បួន​នាក់​ជា​អ្នក​ប្ដឹង​ករណី​ពុករលួយ​នៅ​សកល​វិទ្យាល័យ​នេះ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។
លោក ​ហូរ វ៉ាន់ ស្នើ​ឲ្យ​មន្ត្រី​រាជការ​ដែល​មាន​បំណង​ចង់​ប្ដឹង​ពី​ករណី​ពុករលួយ សូម​ប្ដឹង​ទៅ​កាន់​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា ហើយ​ព័ត៌មាន​ទាំង​អស់​នឹង​ត្រូវ​រក្សា​ការសម្ងាត់។
​វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤៕

No comments: