ពោធិ៍សាត់ៈ ក្រុមមន្ត្រីនគរបាលថាបើគ្មានដំណោះស្រាយរឿងដីធ្លីការពារព្រំដែនវរសេនាតូចលេខ ៨២៥ រស់នៅក្នុងចំណុច ច.១ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន MDS Import Export Co; Ltd របស់លោកឧកញ៉ា ទ្រីភាព ត្រៀមនឹងដាក់អាវុធចុះលាលែងពីមុខតំណែង ប្រសិនបើអាជ្ញាធរខេត្តមិនគោរពតាមកិច្ចសន្យាដោះស្រាយដីធ្លីឲ្យពួកគាត់។
លោក ឆេង សាម៉ៅ មន្ត្រីនគរបាលការពារព្រំដែនលេខ៨២៥ បានថ្លែងថា កាលពីថ្ងៃទី១០ លោកអភិបាលខេត្តបានចុះមកសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ ថ្មដា បន្ទាប់ពីក្រុមហ៊ុនបានឈូសឆាយផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសង្គម ហើយគាត់បានសួរពលរដ្ឋថា តើ ចង់បានអី?
លោកថា៖ «គាត់បានសន្យាថា គាត់នឹងដោះស្រាយឲ្យពលរដ្ឋជានគរបាលទាហាន ដែលរស់នៅក្នុងចំណុច ច.១ មិនបាច់ភ័យព្រួយទេ គឺរស់នៅក្នុងតំបន់ដដែល តែកុំពង្រីកបន្ថែម។ យើងរង់ចាំ ប៉ុន្តែប្រសិនបើមិនធ្វើតាមទេ យើងនឹងធ្វើតាមគម្រោងចាស់របស់យើង គឺដុតខោអាវចោល ដាក់អាវុធចុះឈប់ធ្វើការ តែបើគេគោរពតាមសន្យាយើងនឹងការពារជាតិអស់មួយជីវិត»។
លោកបានថ្លែងថា លោកសង្ឃឹមថា អាជ្ញាធរនឹងគោរពតាមសន្យា ពីព្រោះប្រសិនបើយកដីរបស់ពួកគាត់ដែលជាមន្ត្រីប៉ូលិសជាង ២០ គ្រួសារ និងដីមន្ត្រីទាហានជាង ២០ គ្រួសារ និងដីពលរដ្ឋនោះគឺមិនខុសអីពីដកដីបង្គោលឡាក់នោះទេ ហើយក៏ខុសពីគោលការសម្តេចដែលថា ទុកមនុស្សឲ្យរស់នៅតាមព្រំដែនដើម្បីធ្វើជាបង្គោលព្រំដែនដ៏រឹងមាំ។
ចំណែកឯ លោក មោក សុខុម មន្ត្រីនគរបាលព្រំដែនវរសេនាតូចលេខ ៨២៥ ដែរនោះបានថ្លែងឲ្យដឹងដែរថា ពួកលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការលាឈប់ពី ការងារប្រសិនបើមិនមានដំណោះស្រាយពីព្រោះលោកមិនដឹងថា តើធ្វើការដើម្បីអ្វីទៀតនោះទេ បើដីបន្តិចបន្តួចការពារមិនបាននោះ។
លោកថា៖ «មេយើងមិនហ៊ាននិយាយស្តីអ្វីនោះទេ ពីព្រោះខ្លាចបាត់បុណ្យស័ក្តិ យើងតវ៉ាកាត់គំរាមបញ្ឈប់ពីការងារ តែបើសិនជាគំរាមខ្លាំង ហើយមិនមានដំណោះស្រាយ គឺជាង ៥០ នាក់មានតែឈប់ប៉ុណ្ណឹង ចែកជើងគ្នាទៅអ្នកណាចេះអីទៅរកស៊ីហ្នឹងទៅ»។
លោក លុន លៀង មេវរសេនាតូចលេខ ៨២៥ លោក ឃៀង សុជីវ័ន្ត នាយកគ្រប់គ្រងក្រុមហ៊ុនទី្រភាព ប្រចាំខេត្តពោធិ៍សាត់និង លោក កើត ឆែ អភិបាលរងខេត្តពោធិ៍សាត់ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ។
សូមរំឭកផងដែរថា កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៤ លោក សេង ពៅ ដែលជាមន្ត្រីទាហានបម្រើការឲ្យវរសេនាតូចការពារព្រំដែនលេខ ១៤៥ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ ១៤ បានដោះខោអាវ ប្រគល់ជូនមេវរៈវិញ ក្រោយពីពុំមានដំណោះស្រាយដីធ្លី បីថ្ងៃបន្ទាប់មក លោកត្រូវបានក្រុមហ៊ុនប្រគល់ប័ណ្ណកម្មសិទ្ធិ ប៉ុន្តែលោកត្រូវបានឆ្លើយបដិសេធថា មិនបាននិយាយជាមួយកាសែតភ្នំពេញប៉ុស្តិ៍។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា មូលហេតុដែលមន្ត្រីនគរបាលទាំងនោះចង់ដុតឯកសណ្ឋានចោល ដើម្បីឈប់ពីការងារដោយសារតែពួកគាត់មិនអាចរកយុត្តិធម៌ក្នុងរឿងជម្លោះរបស់ខ្លួនបាន ដូច្នេះពួកគាត់ក៏មិនដឹងថា ធ្វើការដើម្បីការពារបូរណភាពទឹកដីធ្វើអ្វីទៀត។
លោកថា៖ «វាអយុត្តិធម៌ណាស់ គាត់ខំការពារទឹកដី ដើម្បីកុំឲ្យបរទេសឈ្លានពាន បែរជារដ្ឋាភិបាលយកដីរបស់គាត់ទៅឲ្យក្រុមហ៊ុនឯកជនទៅវិញ»។
យោងតាមលិខិត ស.ជ.ណ. លេខ ១៣០៥ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១០ បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៤ ៤០២ ហិកតា ទៅឲ្យក្រុមហ៊ុន (MDS Import Export Co; Ltd) របស់លោកឧកញ្ញា ទ្រីភាព ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដាំដំណាំកសិឧស្សាហកម្ម (ដំណាំកៅស៊ូ)៕
1 comment:
Cambodian/Khmer people and Khmer minority (Jarai, Montagnard, Phnorng, and other hil tribes) will have peace and freedom without Hun Sen and his Vietnamese masters from Hanoi or CPP.
CPP is a tool of Hanoi led by a blind and dumb leader Hun Sen (Ah Yong Yuon/Yiekcong).
All Khmer people must support CNRP and must be united as one strong party.
ខ្មែរយើង
(Khmer Yoeurng)
Post a Comment