A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 January 2015

Cambodia and Thailand have not implement the IJC verdict on the Preah Vihear temple dispute yet កម្ពុជា-ថៃ​មិន​ទាន់​អនុវត្ត​សាល​ដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ករណី​ប្រាសាទ​ព្រះវិហារ

តុលាការ​ឡាអេ ៦២០
ទិដ្ឋភាព​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ នៅ​ថ្ងៃ​បើក​សវនាការ​ស្ដាប់​ការ​បកស្រាយ​ផ្ទាល់​មាត់​រវាង​ភាគី​កម្ពុជា និង​ថៃ ស្ដីពី​បញ្ហា​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ​២០១៣។
RFA/Chun Chanboth
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា កម្ពុជា កំពុង​រង់ចាំ​ដោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ភាគី​ថៃ ទាក់ទិន​នឹង​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​បាន​កាត់​ក្តី​ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ករណី​ប្រាសាទ​ព្រះវិហារ និង​ដី​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ពេល​នយោបាយ​របស់​ប្រទេស​ថៃ បក​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ​នា​ពេល​ខាង​មុខ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​បញ្ហា​ព្រំដែន​អះអាង​ថា កម្ពុជា មិន​ត្រូវ​បន្ទន់​ជំហរ​របស់​ខ្លួន​ជាមួយ​ថៃ នោះ​ទេ ហើយ​ក៏​មិន​ត្រូវ​ឲ្យ​មាន​វត្តមាន​របស់​កងទ័ព​ថៃ ក្នុង​ទឹក​ដី​ខ្មែរ​នោះ​ដែរ។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង អះអាង​ថា កម្ពុជា កំពុង​រង់ចាំ​ស្ថានការណ៍​នយោបាយ​របស់​ថៃ ងាក​ទៅ​រក​ភាព​ប្រក្រតី​វិញ ដើម្បី​ឈាន​ទៅ​ដល់​ការ​ចរចា​អនុវត្ត​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដោយ​សន្តិវិធី៖ «ចំពោះ​ករណី​សាល​ដីកា​របស់​តុលាការ​ទីក្រុង​ឡាអេ នេះ កន្លង​មក យើង​មាន​ការ​យល់យោគ​សភាពការណ៍​នៅ​ប្រទេស​ថៃ ដែល​គេ​កំពុង​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​របស់​គេ​សិន ជាពិសេស​គេ​កំពុង​ងាក​ទៅ​រក​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ ដូច្នេះ​ហើយ យើង​មាន​ការ​យល់យោគ យើង​រង់ចាំ​ឲ្យ​មាន​ស្ថានការណ៍​នៅ​ប្រទេស​ថៃ ហ្នឹង​ឲ្យ​បាន​ស្រួលបួល​ដែល​អាច​ភាគី​ទាំង​ពីរ​ជួប​ចរចា​គ្នា ដើម្បី​អនុវត្ត​សាល​ដីកា​ឲ្យ​រលូន​ក្នុង​ភាព​ជា​អ្នក​ជិត​ខាង​គ្នា»
លោក​បញ្ជាក់​ថា សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ជា​ច្បាប់​អន្តរជាតិ​ដែល​មិន​មាន​អាជ្ញាយុកាល។ នោះ​មាន​ន័យ​ថា ដរាប​ណា​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ សេចក្តី​សម្រេច​របស់​តុលាការ​នៅ​តែ​មាន​សុពលភាព។ ប៉ុន្តែ​អ្នក​ច្បាប់​ឲ្យ​ដឹង​ថា ការ​អូស​បន្លាយ​ពេល​យូរ​ក្នុង​ការ​អនុវត្ត​សាល​ដីកា​នេះ វា​មិន​ល្អ​សម្រាប់​ភាគី​ដែល​ឈ្នះ​ក្តី​នេះ​ឡើយ។

កម្ពុជា និង​ថៃ បាន​ផ្ទុះ​សង្គ្រាម​ព្រំដែន​ជាមួយ​គ្នា​ក្រោយ​ពី​ប្រាសាទ​ដែល​មាន​អាយុកាល​ជាង ១​ពាន់​ឆ្នាំ​មួយ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​សម្រាប់​មនុស្ស​ជាតិ។ ភាគី​ថៃ បាន​ប្រឹងប្រែង​សំអាង​លើ​ផែនទី​ជា​ឯកតោ​ភាគី​ថា ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​ជា​ទីតាំង​ដែល​ខ្លួន​ត្រូវ​គ្រប់គ្រង។ ប៉ុន្តែ​ភាគី​កម្ពុជា ពុំ​ទទួល​ស្គាល់​ថា​មាន​តំបន់ ៤,៦ នោះ​ឡើយ។
នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៨ ប្រទេស​ថៃ បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ជាច្រើន​រយ​នាក់ ចូល​លុក​លុយ​វត្ត​កែវសិក្ខាគីរីស្វារៈ ក្នុង​ទឹក​ដី​ខ្មែរ ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ផ្ទុះ​ឡើង។ ចាប់​តាំង​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បាន​ចេញ​សាលក្រម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ សម្រេច​ជា​ឯកច្ឆន្ទ​ថា ប្រទេស​កម្ពុជា មាន​អធិបតេយ្យភាព​លើ​ដែនដី​ទាំង​មូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ នោះ​មក គេ​នៅ​មិន​ទាន់​ឃើញ​ភាគី​កម្ពុជា និង​ភាគី​ថៃ ធ្វើ​ការ​ចរចា​គ្នា​ជា​ដុំ​កំភួន ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​នៅ​ឡើយ។
តុលាការ​អន្តរជាតិ​មួយ​នេះ បាន​សម្រេច​ឲ្យ​ភាគី​ថៃ ដក​កង​កម្លាំង​ប្រដាប់​អាវុធ មាន​ទាហាន ប៉ូលិស និង​ឆ្មាំ​ប្រាសាទ​ទាំងអស់​ចេញ​ពី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។
កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ កម្ពុជា ធ្លាប់​ឈ្នះ​ក្តី​ករណី​ប្រាសាទ​ព្រះវិហារ លើ​ប្រទេស​ថៃ ម្ដង​រួច​មក​ហើយ​ក្នុង​រាជ្យ​កាល​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​បញ្ហា​ព្រំដែន​អះអាង​ថា កងទ័ព​ថៃ កំពុង​មាន​វត្តមាន​លើ​ទឹក​ដី​កម្ពុជា នៅ​ឡើយ ជាពិសេស​នៅ​តំបន់​សំបុក​ឃ្មុំ​ក្នុង​ខេត្ត​ព្រះវិហារ ខណៈ​ទាហាន​ថៃ ៥​នាក់ និង​ទាហាន​ខ្មែរ ៥​នាក់ កំពុង​ប្រចាំ​ការ​នៅ​ទីនោះ។
ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ន័រវេសន៍ (Norway) លោក ម៉ែន ណាត មាន​ប្រសាសន៍​ថា ចំណុច​ដ៏​សំខាន់​ចំពោះ​មុខ​សម្រាប់​កម្ពុជា នៅ​ពេល​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ភាគី​ថៃ ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ និង​សង​ការ​ខូចខាត​ប្រាសាទ​បុរាណ​មួយ​នេះ​ពី​ការ​បាញ់​បំផ្លាញ​របស់​ថៃ កាល​ពី​ឆ្នាំ​២០០៨៖ «ថៃ ត្រូវ​តែ​ដក​កងទ័ព​ជា​បន្ទាន់​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​ភាគី​ថៃ ត្រូវ​តែ​សង​លើ​ការ​ខូចខាត​ទាំង​ឡាយ​ណា​ដែល​ខ្លួន​បាញ់​ប្រហារ​មក​លើ​ប្រាសាទ​ព្រះវិហារ កាល​ពី​ឆ្នាំ​២០០៨។ អា​ហ្នឹង​ជា​ចំណុច​ដែល​យើង​ចង់​បាន»
ក្រោយ​ពី​សង្គ្រាម​កម្ពុជា និង​ថៃ បាន​ផ្ទុះ​ឡើង​ដោយសារ​ជម្លោះ​ករណី​ប្រាសាទ​ព្រះវិហារ នោះ​មក ការ​បាញ់​គ្នា​រប៉េះរប៉ោះ​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ នៅ​តែ​បន្ត​កើត​ឡើង។ ទាហាន​ថៃ ដែល​ប្រចាំ​ការ​នៅ​តាម​តំបន់​ព្រំដែន បង្កើន​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ ដោយ​ខុស​ច្បាប់ និង​សម្លាប់​ជីវិត​ជន​ស៊ីវិល​ស្លូត​ត្រង់​ខ្មែរ​ជា​បន្តបន្ទាប់។
កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ យោធា​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​យោធា​ថៃ បាញ់​ឲ្យ​របួស​ជើង។ អំពើ​ហិង្សា​នេះ កើត​ឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ បាន​សុំ​ទោស​ខ្មែរ​ជុំវិញ​ការ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​ដើរ​ឆ្លង​ចូល​ក្នុង​ទឹក​ដី​ថៃ ដើម្បី​រើស​ផ្សិត​យក​ទៅ​លក់។
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ថ្លែង​ថា រដ្ឋាភិបាល​ថៃ បាន​សង​សំណង​ដល់​គ្រួសារ​របស់ អ្នកស្រី ហន ចែម ដែល​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់​នោះ​ចំនួន ២​លាន​រៀល ប៉ុន្តែ​កម្ពុជា កំពុង​ធ្វើ​ការ​ទាមទារ​សំណង​នោះ​បន្ថែម​ទៀត៖ «កន្លង​មក​តាម​បណ្ដាញ​សារព័ត៌មាន គេ​បាន​ចុះ​នូវ​សម្ដី​ប្ដី​របស់​គាត់​ថា ថៃ សង​បាន ២​លាន​រៀល។ ក៏ប៉ុន្តែ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ណែនាំ​ឲ្យ​អគ្គ​កុងស៊ុល​របស់​យើង​នៅ​ខេត្ត​ស្រះកែវ ដើម្បី​ទាមទារ​បន្ថែម​ទៀត ព្រោះ​ប៉ុណ្ណឹង​វា​តិចតួច​ណាស់»
លោក​បន្ត​ថា កម្ពុជា នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​អំពី​ចំណាត់​ការ​ជាក់​លាក់​របស់​ថៃ ក្នុង​ការ​នាំ​ខ្លួន​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​តុលាការ​នោះ។
របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) កន្លង​មក​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ដើម​ឆ្នាំ​២០១៤ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ១២៣​នាក់​ហើយ​ត្រូវ​បាន​ក្រុម​យោធា​ថៃ បាញ់​ប្រហារ។
ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អះអាង​ថា ការ​សុំ​ទោស​របស់​ភាគី​ថៃ ចំពោះ​ការ​ប្រហារ​ជីវិត​ពលរដ្ឋ​មិន​អាច​ស៊ី​សង​គ្នា​បាន​ទេ ល្គឹកណា​ជន​ដៃ​ដល់​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។
ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា នៅ​ព្រងើយ​កន្តើយ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​របស់​ខ្លួន៖ «រឿង​នេះ​ខ្ញុំ​មាន​ការ​ខក​ចិត្ត​ដែរ​ដែល​ឮ​ថា រដ្ឋាភិបាល​ខ្មែរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជំរុញ​ឲ្យ​ភាគី​ថៃ បើក​ការ​ស៊ើប​អង្កេត និង​យក​ជនល្មើស​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ពីព្រោះ​ថា នៅ​ក្នុង​ច្បាប់​ជាតិ ក៏ដូចជា​ច្បាប់​អន្តរជាតិ​ដែរ អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ»
ក្រសួង​ការ​បរទេស​កម្ពុជា កន្លង​មក បាន​ត្រឹម​តែ​បញ្ជូន​កំណត់​ទូត​តវ៉ា​របស់​ខ្លួន​ទៅ​កាន់​រដ្ឋាភិបាល​ថៃ ប៉ុណ្ណោះ ហើយ​កម្ពុជា ក៏​មិន​មាន​យន្តការ​អ្វី​ផ្សេង​ទៀត​ដែរ ក្នុង​ការ​ប្ដឹង​រដ្ឋាភិបាល​ជុំវិញ​ករណី​អំពើ​ហិង្សា​ទាំង​នេះ។
កាល​ពី​អំឡុង​ទសវត្ស​ទី​៨០ ថៃ ក៏​ធ្លាប់​បាន​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ក្នុង​ការ​បាញ់​សម្លាប់​ជន​ភៀស​ខ្លួន​ខ្មែរ នៅ​ពេល​យោធា​ថៃ ដឹក​យក​ចាក់​ទម្លាក់​ពី​លើ​ខ្នង​ភ្នំ​ដងរែក ចូល​ចម្ការ​មីន​ក្នុង​ទឹក​ដី​កម្ពុជា។
របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) បាន​ចេញ​ផ្សាយ​នៅ​ឆ្នាំ​១៩៩៧ ថា យោធា​ថៃ បាន​ភ្ជង់ និង​រុញ​ទម្លាក់​ជន​ភៀស​ខ្លួន​ខ្មែរ​ប្រមាណ ៤​ម៉ឺន ៥​ពាន់​នាក់ មាន​កូន​ក្មេង មនុស្ស​ចាស់​ជរា និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ពី​លើ​ខ្នង​ភ្នំ​ព្រះវិហារ ចូល​ចម្ការ​មីន​នៅ​ដំណាច់​ខែ​តុលា ឆ្នាំ​១៩៧៩ ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្លាប់ ហើយ​រាប់​រយ​នាក់​ទៀត​បាត់​ខ្លួន។ រហូត​មក​ដល់​ពេល​នេះ ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ និង​ការ​បាញ់​បំផ្លាញ​ប្រាសាទ​បុរាណ​ខ្មែរ​ដោយ​យោធា​ថៃ ក៏​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ទូទាត់​សំណង​សមរម្យ និង​ការ​បញ្ចប់​និទ្ទណ្ឌភាព​នោះ​នៅ​ឡើយ​ទេ។
អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ ដោយ​ខុស​ច្បាប់​ក៏ដោយ​ចុះ តាម​ច្បាប់​អន្តរជាតិ ពួក​គេ​មិន​ត្រូវ​រង​ការ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ដូច​សត្វ​ធាតុ​នោះ​ឡើយ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ចាត់​វិធានការ​អ្វី​ជា​ដុំ​កំភួន និង​ម៉ឺងម៉ាត់​ជាមួយ​រដ្ឋាភិបាល​ថៃ ដើម្បី​បញ្ចប់​អំពើ​ឧក្រិដ្ឋ​ពី​សំណាក់​យោធា​ថៃ មក​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ឡើយ​ទេ៕

No comments: