សមាគមទូរទស្សន៍កម្ពុជា និងក្រសួងការបរទេសកម្ពុជា បានហាមស្ថានីយទូរទស្សន៍ និងរោងភាពយន្តនៅកម្ពុជា ចាក់បញ្ចាំងភាពយន្តរឿង អ៊ីនធើវីយូ (Interview) របស់សហរដ្ឋអាមេរិក ដែលមានខ្លឹមសារទាក់ទងជាមួយសកម្មភាពមេដឹកនាំប្រទេសកូរ៉េខាងជើង។
លិខិតរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២០ មករា បានជូនដំណឹងទៅក្រសួងព័ត៌មាន មានខ្លឹមសារសុំឲ្យចាត់ការទប់ស្កាត់ការផ្សព្វផ្សាយខ្សែភាពយន្តរឿង អ៊ីនធើវីយូ។ លិខិតបន្តថា ស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬហៅថា កូរ៉េខាងជើង នៅភ្នំពេញ បានធ្វើកំណត់ហេតុទូតតវ៉ាថា ខ្សែភាពយន្តរឿង អ៊ីនធើវីយូ ជារឿងប្រមាថដល់មេដឹកនាំកំពូលរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហើយត្រូវបានថតចម្លងពីអ៊ីនធឺណិត (Internet) និងដាក់លក់ចែកចាយនៅទីផ្សារមួយចំនួននៅកម្ពុជា។ ភាគីកូរ៉េ បានចាត់សកម្មភាពនេះ ជាការឃុបឃិតមួយដោយកម្លាំងអមិត្ត នាំឲ្យបែកបាក់ដល់ទំនាក់ទំនងប្រពៃណីរបស់ប្រទេសទាំងពីរ។ ស្ថានទូតកូរ៉េខាងជើងនៅភ្នំពេញ ស្នើកម្ពុជា ចាត់វិធានការបញ្ឈប់ការលក់ខ្សែភាពយន្តនេះ និងស្នើកុំឲ្យមានការចាក់ផ្សាយនៅតាមស្ថានីយទូរទស្សន៍ ឬការចាក់បញ្ចាំងតាមរោងភាពយន្តនៅកម្ពុជា។
ភ្ជាប់ជាមួយលិខិតជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជានេះ មន្ត្រីសមាគមទូរទស្សន៍កម្ពុជា ក៏បានជូនដំណឹងបន្ថែមទៅម្ចាស់ស្ថានីយទូរទស្សន៍ជាសមាជិកសមាគមឲ្យកាន់តែច្បាស់ថែមទៀតសុំកុំឲ្យចាក់ផ្សាយខ្សែភាពយន្តរឿងអ៊ីនធើវីយូ នេះ។
ប៉ុន្តែលោក មឿន ឈានណារិទ្ធិ ប្រធាននាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន មានយោបល់ថា ការហាមប្រាមនេះ មិនត្រឹមត្រូវទេ គឺរំលោភលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាហើយ ពីព្រោះប្រទេសកម្ពុជា ជាប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ម្យ៉ាងទៀតការហាមប្រាមនេះ កាន់តែធ្វើឲ្យសាធារណជនចង់ដឹង និងចង់ទស្សនាខ្សែភាពយន្ត នោះកាន់តែខ្លាំងទៅវិញ។ លោកបានបន្ថែមថា ទោះបីជាមានការហាមបញ្ចាំងតាមរោងភាពយន្ត និងតាមប៉ុស្តិ៍ទូរទស្សន៍នានាក៏ដោយ ក៏បច្ចុប្បន្ននេះ គេអាចមើលតាមអ៊ីនធឺណិត បានដែរ។ លោកថ្លែងថា ខ្សែភាពយន្តជារូបភាពមួយនៃប្រព័ន្ធផ្សព្វផ្សាយ ជាការចែករំលែកព័ត៌មាន និងប្រភពនៃព័ត៌មានមួយដែរ។ ដូច្នេះការហាមប្រាមបញ្ចាំងខ្សែភាពយន្ត វាប៉ះសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា ហើយក្នុងបរិបទកម្ពុជា និងពិភពលោកបច្ចុប្បន្ន ការហាមប្រាមបែបនេះវាទទួលផលអវិជ្ជមានទៅវិញទេ៕
1 comment:
Who care? We watched it already in Internet in Cambodia
Post a Comment