A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 9 January 2015

Interior Ministry agrees to face parliament if summoned to answer the violent crackdown on Veng Sreng Street លោក ស ខេង នឹង​ចូល​បំភ្លឺ​រឿង​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​បើ​សិន​ជា​សភា​កោះ​ហៅ

ស ខេង ៦១០
លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​ឱកាស​ផ្ទេរ​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ នា​សាល​ប្រជុំ​សាលា​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Chin Chetha
អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​នោះ មក​ទល់​ពេល​នេះ​បាន​អូស​បន្លាយ​ពេល​ជាង ១​ឆ្នាំ​ហើយ តែ​រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​ជាក់លាក់​នៅ​ឡើយ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​បាន​ឆ្លើយ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​អំពើ​ហិង្សា​នេះ ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​អ្នក​ញុះញង់ និង​បង្ក​ឡើង​ទៅ​វិញ។
លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នឹង​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​វិមាន​រដ្ឋសភា នៅ​ពេល​ខាង​មុខ​អំពី​ករណី​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ មករា ថា លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នឹង​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា បើ​សិន​ជា​មាន​ការ​កោះ​អញ្ជើញ​ពី​សភា ក៏ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​សភា​កោះ​ហៅ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ផង។ លោក ខៀវ សុភ័គ បញ្ជាក់​ថា អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉ែងស្រេង នេះ បង្ក​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ប្រជាពលរដ្ឋ និង​កម្មករ​ក្នុង​គោល​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល៖ «សំឡេង»។
ការ​ថ្លែង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​ផ្លូវ​វ៉េងស្រេង យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៣ មករា ដែល​ជា​ថ្ងៃ​ខួប​គម្រប់ ១​ឆ្នាំ​នៃ​អំពើ​ហិង្សា ដើម្បី​ឲ្យ​ប្រធាន​រដ្ឋសភា​កោះ​ហៅ​អ្នក​ទទួល​ខុស​ត្រូវ​លើ​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង នោះ​ទៅ​សាកសួរ​នៅ​រដ្ឋសភា។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា មាន​ប្រសាសន៍​ថា លោក និង​លោក សម រង្ស៊ី នៅ​ក្នុង​សភា​ស្រាប់ ដូច្នេះ​មិន​ចាំបាច់​ទាមទារ​ឲ្យ​លោក​ទាំង​ពីរ​ទៅ​សភា​នោះ​ទេ។ លោក​បញ្ជាក់​ថា អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង នេះ បង្ក​ឡើង​ដោយ​កង​កម្លាំង​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​នោះ៖ «សំឡេង»។
លោក កឹម សុខា បន្ថែម​ថា លោក​នឹង​ពិនិត្យ​មើល​ញត្តិ​របស់​ប្រជាពលរដ្ឋ ដើម្បី​ដាក់​ជូន​ទៅ​រដ្ឋាភិបាល ដើម្បី​ស្វែងរក​ជន​ដៃ​ដល់​ក្នុង​ការ​បង្ក​អំពើ​ហិង្សា​បាញ់​សម្លាប់​មនុស្ស​នៅ​ផ្លូវ​វ៉េងស្រេង នេះ។
ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​ត្រូវ​បាន​ធានា​នៅ​ក្នុង​ច្បាប់ ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ហើយ​អាជ្ញាធរ​ជា​អ្នក​រៀបចំ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ៖ «សំឡេង»។
ការ​ជាប់​គាំង​នយោបាយ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នោះ ជា​ឧបសគ្គ​ដ៏​ចម្បង​ក្នុង​ការ​ជំរុញ​ឲ្យ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ប្រសើរ​ឡើង។ ផ្ទុយ​ទៅ​វិញ អ្នក​ការពារ​សិទ្ធិ​មនុស្ស​អះអាង​ថា ការ​ជាប់​គាំង​នយោបាយ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។
នៅ​ក្រោយ​ពេល​មួយ​ថ្ងៃ​ដែល​កង​កម្លាំង​រដ្ឋាភិបាល​បង្ក្រាប​កម្មករ​រោងចក្រ ធ្វើ​បាតុកម្ម​ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ​នៅ​ផ្លូវ​វ៉េងស្រេង នោះ គឺ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រដាប់​ដោយ​អាវុធ បាន​បិទ​ទីលាន​ប្រជាធិបតេយ្យ និង​បាន​បណ្ដេញ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ដោយ​គ្មាន​រើស​មុខ មាន​ទាំង​មនុស្ស​ចាស់ ព្រះសង្ឃ និង​បាន​រុះរើ​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ផង។ កាល​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ដោយ​ចាត់​ទុក​សកម្មភាព​បណ្ដេញ​បាតុករ​របស់​ខ្លួន​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​នេះ ជា​អំពើ​ហិង្សា​ព្រៃផ្សៃ។
ទន្ទឹម​នឹង​នេះ អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស លោក សុរិយា ស៊ូប៊ែឌី (Suriya Subedi) សុំ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​ព្រឹត្តិការណ៍​ហិង្សា ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ និង​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧​នាក់ របួស​ជាច្រើន​នាក់ និង​បាត់​ខ្លួន​កុមារ​ម្នាក់​ឈ្មោះ ខឹម សម្បត្តិ នោះ។
រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​នេះ​ជា​សាធារណៈ​នៅ​ឡើយ៕

No comments: