A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 January 2015

Kem Sokha claims the CNRP-led government will provide a 40,000 riels ($10) monthly pension to people over 65 years old ​[video inside] លោក ​កឹម ​សុខា អះអាងថាប្រាក់៤​ម៉ឺន​រៀលនឹង​ផ្តល់​ដល់​មនុស្ស​ចាស់​នៅពេល​ដឹកនាំ​រដ្ឋាភិបាល​​

ដោយ៖​ ឡាយ សា​មាន​​ | ថ្ងៃព្រហស្បតិ៍ ទី8 មករា 2015,


លោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ ពេល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស (រូបថត៖ ឡាយ សាមាន​)
​អនុប្រធាន​រដ្ឋ​ទី​១​នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ថ្លែងថាគណបក្ស​លោក​នឹង​ហ៊ាន​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រី​រាជការ​​លើសពី​ប្រាក់ខែ​បច្ចុប្បន្ន​ឲ្យ​គ្រប់១​លាន​រៀល​ចាប់ពី​ថ្នាក់​ក្រោម​ឡើងទៅ និង​បើក​ប្រាក់​សង្គមកិច្ច​ឲ្យ​ចាស់ៗ​៤​០០០០​រៀល ប្រសិនបើ​គណបក្ស​លោក​ដឹកនាំ​រដ្ឋាភិបាល​។
ការ​ថ្លែង​របស់លោក កឹម សុខា ធ្វើឡើង​នៅ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ដែល​លោក​វិលត្រឡប់​ពី​បំពេញ​បេសកម្ម​នៅ​ទ្វីប​អឺរ៉ុប ​។​
​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថាអ្វីដែល​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ថ្លែងរិះគន់​លើ​គណបក្ស​របស់​លោក​ដែលថា ឲ្យ​មនុស្ស​ចាស់​មាន​អាយុ៦០ឆ្នាំឡើង​ទៅ​បើកប្រាក់​សង្គមកិច្ច​ពី​គណបក្ស​លោក គឺជា​ការ​ថ្លែង​នយោបាយ​ដែល​មិន​មាន​ការទទួលខុសត្រូវ​ ។ លោកបាន​បញ្ជាក់ទៀតថា ពុំ​មាន​អ្វី​ដែល​ធ្វើឲ្យ​គណបក្ស​ង្គ្រោះ​ជា​តិក្បត់ពាក្យសន្យា​ខ្លួន​នោះទេ គឺ​ឲ្យតែ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​រដ្ឋាភិបាល គឺ​ត្រូវតែ​បញ្ចេញ​សាច់​ប្រាក់​ទាំងនេះ ដើម្បី​ជួយ​ទ្រទ្រង់​ផ្នែក​សង្គមកិច្ច​ដល់​មនុស្ស​ចាស់ ហើយ​បន្ថែម​លើ​នោះ នឹង​ផ្តល់​ប្រាក់​បៀវត្សដល់​មន្ត្រីរាជការ​ឲ្យដល់១០០០០០០​រៀល រាប់​ពី​ថ្នាក់​ក្រោម​ឡើង​ទៅ​ ។ លោក​ថា «យើង​បាន​ប្រាប់​ យើង​បាន​និយាយ​ជា​ច្រើន​ដង​ហើយ តាំង​ពី​យុទ្ធ​នា​ការ​ឃោស​នា​បោះឆ្នោត គ្រាន់​តែ​អំពើ​ពុក​រលួយ​ថ្លៃ​ប្រេង​ហ្នឹង​ សព្វ​ថ្ងៃ​ប្រហែល​បាត់​ពី​៣​០០ទៅ​៥០០លាន​ដុល្លារ​ហើយ យើងបាន​ចេញ​របាយ​ការណ៍​ ហើយ​អំពើ​ពុក​រលួយ​លើ​វិស័យ​ផ្សេងៗទៀត គ្រាន់​តែ​ទប់​ស្កាត់​អំពើ​ពុករលួយ​តែ​បន្តិចទៅ គឺ​ប្រាក់​ខែ​ឡើង​ឥតខ្វះទេ​» 

​ការ​ថ្លែង​អះអាង​នេះ ជា​ការឆ្លើយតប​ទៅ​លោកនាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៥ ថា​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិនៅ​ទូទាំង​ប្រទេស និង​ត្រូវ​ដំឡើង​ប្រាក់ខែ​បន្ថែមទៀត លើ​ប្រាក់ខែ​ដែល​មាន​ស្រាប់​ចាប់ពី​ខែ​មករា​ឆ្នាំ​២០១៥​នេះ​ទៅ ។ ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រី​ថា ចាស់​ដែល​មាន​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ នឹង​ត្រូវ​ទៅ​ទារ​ខ្លួនឯង​ពី​អ្នក​ដែល​បាន​សន្យា ។ លោក​មាន​ប្រសាសន៍​ថា «រឿង​ចាស់​ៗ​ ៤០០០០រៀល​សូម​អញ្ជើញទៅទារ​ទៅ ខ្ញុំ​អត់​បាន​សន្យាទេអាហ្នឹង ចាប់ពី​អាយុ​៦០​ទៅ​ទារ​ទៅ អ្នក​ណា​សន្យាទៅ​ទារ​ទៅ ខ្ញុំ​អត់​ដឹង​ទេ ទៅ​ទារទៅ ។ ករុណា​ខ្ញុំ​ចង់​តែ​ប៉ុណ្ណឹងទេ ចង់​ឲ្យ​ប្រាក់​ខែ​មន្ត្រី​រាជ​ការ​ម្នាក់​ឡើង​ដល់​១០០០ដុល្លារ​ឯណោះ ក៏​ប៉ុន្តែ​ស្រុក​យើង​វា​មាន​អ៊ីចឹង គ្រូ​បង្រៀន​របស់​យើង​បាន​ប៉ុណ្ណឹង ទាហាន​បាន​ប៉ុណ្ណឹង​ ប៉ូលីស​បាន​ប៉ុណ្ណឹង​ ប៉ុន្តែ​អ្នក​សន្យា​ដើម្បី​ផល​ប្រយោជន៍​នៃ​សន្លឹក​ឆ្នោតគឺ​ចេះ​តែ​សន្យា បន្ទាប់​ទៅតើ​គេ​ធ្វើ​បាន​ឬអត់គឺ​ជា​ចំណោទ​នៅ​បញ្ហា​ ។ អាយុជី​វិត​នៃ​អ្នក​សន្យា​យ៉ាង​យូរ​៦ខែ ខ្ញុំ​ករុណា​នឹង​ចាត់​ទុក​ថា​ គេ​ត្រូវ​តែ​ដួល​រលំដាច់​ខាត​តែ​ម្តង​​» ។
​បើទោះបី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗ​ទៅ​គណបក្សប្រឆាំង​ក៏ដោយ ប៉ុន្តែ​គោលការណ៍​៧​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​អាណត្តិ​ទី​៥​នេះ មាន​ធានា​ពី​ការផ្តល់ប្រាក់​៤០០០០​រៀល​ក្នុង​១​ខែ ដល់​ចាស់​ដែល​មាន​អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើង​ទៅ ។​
សម្រាប់​អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ មើលឃើញថា កាលទេសៈនេះ គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​លទ្ធភាព​ផ្តល់ប្រាក់​សង្គមកិច្ច​នោះ​ទេ ពីព្រោះ​មិនមែន​ជា​គណបក្សកាន់អំណាច​ទេ​។ តែ​លោកគិតថា គណបក្ស​សង្គ្រោះ​ជាតិ អាចធ្វើ​បាន​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​កាន់​អំណាច ពី​ព្រោះ​ថវិកា​មួយ​ចំនួន​បាត់បង់​ដោយសារ​ពុករលួយ ​។ លោក​ថា «ខ្ញុំ​ថា អាច​ធ្វើ​ទៅ​កើត​ព្រោះអី​ប្រាក់​បួន​ម៉ឺន​វា​មិនច្រើន​ទេ ក្នុង​មួយ​ខែ​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​មាន​អាយុ​ចាប់​ពី​៦៥ឆ្នាំ​ឡើងទៅតិច​បំផុត គឺ​តិច​មែន​ទែន​​» ។
សូម​រំ​ឭ​ក​ថា ក្នុង​ការឃោសនាបោះឆ្នោត​អណត្តិ​ទី៥ ដែល​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​៧​ចំណុច​ក្នុង​នោះ​រួមមានការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​១​០០០០០០​រៀល ចាប់ពី​ថ្នាក់​ក្រោម​ឡើងទៅ និង​ផ្តល់​ប្រាក់​សង្គមកិច្ច​ដល់​ចាស់ៗ​ចាប់ពី​អាយុ៦៥ឆ្នាឡើងទៅ ទទួលបាន​ប្រាក់​សង្គមកិច្ច ៤០០០០​រៀល​ ។ គោលនយោបាយ​នេះ បាន​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​យ៉ាងច្រើន​ដល់​ប្រជាជន​ក្រីក្រ​នៅ​កម្ពុជា ប៉ុន្តែ​គណបក្សកាន់អំណាច​ហៅ​គោ​លន​យោ​បា​នេះ​ថា ជា​គោលនយោបាយ​ប្រជាភិថុតិ ៕
សរសេរ​មកកាន់ លោក ឡាយ សាមាន​ តាមរយៈ samean@vodhotnews.com




No comments: