A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 27 January 2015

Prince Sisowath Thomico: If Khmers become disunited the foreigners will benefits ស៊ីសុវត្ថិ ធម្មិកោ ៖ បើ​សង្គម​ខ្មែរ​បែក​បាក់ វា​ចំណេញ​បរទេស!

Read article in English about Prince Thomico here.
សកម្ម​ភាព​ព្រះអង្គ​​ជាមួយ​បណ្តាញ​ព័ត៌មាន​កន្លងមក​។ រូប​ថត ហេង ជីវ័ន​
សកម្ម​ភាព​ព្រះអង្គ​​ជាមួយ​បណ្តាញ​ព័ត៌មាន​កន្លងមក​។​ ហេង ជីវ័ន
«សុំកុំ​គិតថា យួន​មិន​ចង់​យក​ស្រុក​ខ្មែរ ឲ្យ​តែ​បែក​បាក់​គ្នា ដូច​ខ្មែរ​ក្រហម​អ៊ីចឹង យួន​ចូល​ភ្លាម»
សមាជិក​រាជ​វង្ស​ខ្មែរ​ដែល​សកម្ម​ក្នុង​រឿង​នយោបាយ​ត្រូវ​បាន​មហាជន​សង្កេត​ឃើញ​មាន​តែ​ព្រះ​អង្គ​ម្ចាស់​ពីរ​បី​​អង្គ​ទេ ហើយ​នៅ​ក្នុង​នោះ ទ្រង់ ស៊ីសុវត្ថិ ធមិ្ម​កោ ជា​សមាជិក​រាជវង្ស​មួយ​អង្គ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយសារ​តែ​ទ្រង់​ប្រឡូក​ក្នុង​ឆាក​នយោបាយ នៅ​ក្នុង​​ក្រុម​ប្រឆាំង​ទល់​នឹង​រាជ​រដ្ឋា​ភិបាល​កាន់​អំណាច ដែល​ស្និទ្ធ​នឹង​ព្រះ​បរម​រាជវាំង។
ក្នុង​បទ​សម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ មុន​ទ្រង់​យាង​បំពេញ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​ប៉ុន្មាន​ម៉ោង​ថ្មីៗ​នេះ ព្រះ​អង្គ​ម្ចាស់ ធម្មិកោ បាន​មាន​បន្ទូល​អំពី​ការ​វិល​ចូល​ឆាក​នយោបាយ​នៅ​គ្រា​ចុង​ក្រោយ ខណៈ​កន្លង​មក មុន​សម្តេច​ឪ (សម្តេច​ព្រះ នរោត្តម សីហនុ យាង​​សោយ​ទិវង្គត) ព្រះ​អង្គ​ធ្លាប់បាន​សម្រេច​ព្រះទ័យ​ថា ឈប់​ពី​​ឆាកនយោ​បាយ​ទៅ​ហើយ ដោយ​សារ​តែ​ទ្រង់​ឆ្វេង​យល់​ឃើញ​ថា លទ្ធិ​សីហនុ​និយម ដែល​ល្បីល្បាញ​លើ​​សកល​លោក និង​​ប្រជានុរាស្ត្រ​ខ្មែរ​គាំទ្រ​ជាខ្លាំង នា​សម័យ​សង្គម​រាស្ត្រ​និយម​នោះ​ហាក់​កំពុង​ត្រូវគេ​បំភ្លេច​ចោល និង​ប្រើ​ធ្វើ​ប្រជាភិថុត ដើម្បី​តែ​​អំណាច​បក្ខពួក​ខ្លួន​មួយ​ក្តាប់​តូច ដោយ​មិន​គិត​ពី​សុខទុក្ខ​​របស់​ប្រជានុរាស្ត្រ​ទៅ​វិញ។
ព្រះអង្គ​ម្ចាស់ ធម្មិកោ មានបន្ទូល​ថា៖ «ខ្ញុំ​បាន​ដង្ហែ​សម្តេចឪ យាង​ចូល​មាតុ​ប្រទេស​គឺ​មិន​មាន​បំណង​ចង់​បាន​អ្វី​ទេ និង​មិន​គាំទ្រ​ឬ​ក៏​ប្រ​ឆាំង​នឹង​បក្ស​ណា​ឬ​អស់​លោក​ណា​ដែរ។ តែ​សំខាន់​ព្រះ​អង្គ​ការពារ គាំទ្រ​គោល​នយោបាយ​សីហនុ​និយម លើ​​ការ​បង្រួប​បង្រួម​ផ្សះផ្សា​ជាតិ និង​បញ្ហា​ព្រំដែន ជាដើម»។
ព្រះអង្គម្ចាស់​បន្តថា៖ «កន្លង​មក​​ខ្ញុំ​តែង​មាន​មតិ​យោបល់​ខ្លះៗ ពី​រឿង​​សន្ធិ​សញ្ញា​ព្រំដែន​ជាមួយ​វៀតណាម រឿង​ទឹកដី​ប្រាសាទ​ព្រះ​វិហារ រឿង​​តុលាការ​ខ្មែរ​ក្រហម អី​នោះ គឺ​គ្រាន់​តែ​ចង់​ចែក​រំលែក​ការ​ពិត​ពី​អ្វី​ជា​ព្រះ​តម្រិះ​របស់​សម្តេច​ឪ​ឲ្យ​ប្រជារាស្ត្រ​លោក​បាន​ដឹង​ប៉ុណ្ណោះ គឺ​ដូចគ្នា​នឹង​អ្នក​ធ្វើ​វិភាគ លោក ឡៅ ម៉ុងហៃ លោក សុខ ទូច និង លោក កែម​ឡី..​អ៊ីចឹង​ដែរ ​គឺ​គ្មាន​បំណង​ប្រឆាំង​នឹង​អ្នក​ណា​ឡើយ»។

ព្រះអង្គម្ចាស់ ធម្មិកោ បាន​​គូស​បញ្ជាក់​ថា ព្រះអង្គ​ធ្លាប់​ជា​ស្ថាបនិក របស់​ហ៊្វុនស៊ិនប៉ិច ដែល​បង្កើត​ដោយ​សម្តេចឪ​នៅ​ទីក្រុង​ព្យុង​យ៉ាង ​(កូរ៉​ខាង​ជើង) នា​ថ្ងៃ ២១ មីនា ឆ្នាំ ១៩៨១ ដែល​ក្រោយ​មក​បាន​ដឹកនាំ​ដោយ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ តាំង​ពី​ទទួល​បាន​ជ័យ​ជម្នះ រហូត​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​បន្ត​បន្ទាប់ ដោយសារ​តែ​ការ​បែក​បាក់​​និង​ដើរ​ខុស​គន្លង នៃ​លទ្ធិ​សីហនុ​និយម ផ្ទុយ​ពី​ការ​អួត​អាង​ជាមួយ​ប្រជានុរាស្ត្រ​នេះឯង​។
សកម្ម​ភាពព្រះអង្គម្ចាស់ ស៊ីសុ​វត្ថិ ធម្មិកោ​ធ្វើការ​ឃោស​នា​នយោបាយឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក។
សកម្ម​ភាពព្រះអង្គម្ចាស់ ស៊ីសុ​វត្ថិ ធម្មិកោ​ធ្វើការ​ឃោស​នា​នយោបាយឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក។Scott Howes
ព្រះអង្គ​ក៏​ធ្លាប់​សាក​ល្បង​បង្កើត​គណបក្ស​ផ្ទាល់​ដែរ​មាន​ឈ្មោះថា​ «​គណបក្ស​សង្គម​​ជាតិ​និយម​» ក្នុង​ឆ្នាំ ២០០៦-២០០៧ ប៉ុន្តែ បាន​បរាជ័យ​​ទៀត ហើយ​ទ្រង់​ក៏បាន​ដក​ថយ​ពី​នយោបាយ ដោយសារ​មិន​មាន​ការ​គាំទ្រ​នេះ មក​ដង្ហែ​ព្រះ​ករុណា ព្រះ​បរមរតន​កោដ្ឋ ព្រះ​បាទ សម្តេចព្រះ នរោត្តម សីហនុ វិញ ​នៅក្នុង​អំឡុង​ពេលនោះ​។​
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូល​បន្ត​ទៀត​ថា៖ «ការ​វិល​មក​ឆាក​នយោ​បាយ​​របស់​ខ្ញុំ​ចុង​ក្រោយ​នេះ​​ដោយសារ នៅពេល​ដែលមាន​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​រាប់​សែន​នាក់ មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចឪ​ពេល​លោក​​សោយ​ទិវង្គត នៅ​មុខ​ព្រះ​បរមរាជ​វាំង​រាប់​ខែ។ ​ស្រាប់​តែ​នៅ​ពេល​ដង្ហែ​ព្រះ​បរមសព​ទ្រង់​ថ្វាយ​​ព្រះ​ភ្លើង គេ​បែរជា​បិទ​ភ្នំពេញ​មិន​ឲ្យ​ប្រជារាស្ត្រ​មក​ចូលរួម​ទៅ​វិញ ដែល​​ការ​នេះខ្ញុំ​មើល​ឃើញ​ថា គេ​មាន​បំណង​បំបាត់​ស្នា​ព្រហស្ត​សម្តេចឪ មិន​ចង់​ឲ្យ​រាស្ត្រ​គោរព​ស្រឡាញ់​ព្រះអង្គ​បន្ត​ទៀត។ ហេតុនេះ​ខ្ញុំ​ក៏​សម្លឹង​ទៅ​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដើ់រ​តាម​លទ្ធិ​សីហនុ​និយម​​ច្រើន​ជាង​គេ បើ​ធៀប​​ទៅ​​នឹង​គណបក្ស​ឯទៀតៗ ទើប​បាន​ជា​ខ្ញុំ​សម្រេច​ទៅ​ចូលរួម​ជាមួយ​គណបក្ស​មួយ​នេះ»។
ព្រះអង្គ ធម្មិកោ មាន​បន្ទូល​បញ្ជាក់​ដូច្នេះ​ថា មុន​នឹង​ចូល​មក​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ក៏​បាន​ទាក់​ទង​ទៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន អនុប្រធាន​​គណបក្ស​នេះ សួរ​បញ្ជាក់​ពី​ជំហរ​នយោបាយ ថា​ តើ​ដើរ​តាម​លទ្ធិ​សីហនុ​និយម​ឬ​អត់ ? ហើយ​លោក​ទាំង​ពីរ​បាន​អះអាង សន្យា​ថា​«នឹង​គិត​គូរ​ពី​ការ​រស់​នៅ​របស់​ប្រជារាស្ត្រ និង​បំបាត់​អំពើពុក​រលួយ ធ្វើ​ឲ្យ​មាន​យុត្តិធម៌​សង្គម ដូច​សម័យ​សង្គម​រាស្ត្រនិយម​»ដែរ​មិនតែប៉ុណ្ណោះ ព្រះអង្គ​ក៏បាន​តាម​ដាន​មើល​ឃើញ​ថា បើ​ទោះមិន​បាន​ ១០០ ​ភាគរយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​មាន​​គោល​ជំហរ​នយោបាយ​ដូច​លទ្ធិ​សីហនុ​និយម ហោច​ណាស់​​ ៧០ ទៅ​ ៨០ ​ភាគរយ​ដែរ ទើប​បាន​ជា​ព្រះ​អង្គ​សម្រេច​ព្រះ​ទ័យ​វិល​ចូល​ឆាក​នយោបាយ​ជាថ្មី​ឡើង​វិញ​នេះ។
ព្រះអង្គ​ម្ចាស់ ធម្មិកោ មាន​បន្ទូល​ដែរ​ថា លទ្ធិ​សហនុ​និយម ប្រកាន់​លើ​គោល​ជំហរ​ពីរ គឺ​ទី ១ អព្យាក្រឹត​ភាព ឯករាជភាព បូរណភាព​ទឹក​ដី មានការ​ទទួល​​ស្គាល់​ព្រំដែន​​កម្ពុជា​ពី​បណ្តា​ប្រទេស​ដាក់​ទូត​នឹង​កម្ពុជា​ទាំងអស់។ ទី​២ គឺ​ប្រកាន់​នយោបាយ​ដឹក​នាំ​ឲ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម តាម​ទ្រឹស្តី​ «សង្គម​ព្រះពុទ្ធ​សាសនា» ដោយ​យក​ព្រះធម៌​ព្រះពុទ្ធ ជា​សាសនា​ជាតិ​នេះ​ជា​មូលដ្ឋាន​ពង្រឹង​នូវ​សីលធម៌​និង​យុត្តិធម៌​សង្គម ហើយ​និង​ជីវភាព​ប្រជាពលរដ្ឋ។
ចំណុច​នេះ​ព្រះអង្គ​សង្កត់​ធ្ងន់​ថា៖ «យើង​​មិន​អាច​និយាយ​ពី​រាជា​និយម​​សម័យ​សម្តេចឪ​គង់​ជា​ព្រះ​ប្រមុខ​រដ្ឋ មក​ប្រៀបធៀប​គ្នា​នឹង​របប​​រាជាធិបតេយ្យ​អាស្រ័យ​ធម្មនុញ្ញ​សព្វ​ថ្ងៃ​នេះ​បាន​ទេ​ វា​ខុស​គ្នា​​កាល​នោះ​សម្តេចឪ​លោក​កាន់​អំណាច លោក​មាន​ឱកាស​នឹង​ពង្រឹង​អំណាច​រាជា​និយម តែ​បច្ចុប្បន្ន​មិន​អាច​ទេ ដោយសារ​ស្តេច​​​សោយរាជ​ តែ​មិន​កាន់​អំណាច។ ឯរឿង​ដែល​ខ្ញុំ​និយាយ​ថា លទ្ធិ​សីហនុ​និយម​នេះ ​ចំណុច​សំ​ខាន់ គឺ​ការ​បំបាត់​អំពើ​ពុក​រលួយ​នេះឯង ហើយ​ដែល​បញ្ហា​នេះ ទាំង​ហ៊្វុនស៊ិន​ប៉ិច និង​ទាំង​គណបក្ស​ប្រជាជន​មិន​អាច​សម្រេច​បាន​ទេ ព្រោះ​ថា អំពើ​ពុករលួយ​ បច្ចុប្បន្ន ​ ដុះ​ចេញ​ពី​ថ្នាក់​ដឹក​នាំ​កំពូលៗ​មក​ទៅ​ហើយ។ ម្យ៉ាង​​សម្តេច​ឪ ​(ន.សីហនុ) លោក​មាន​បន្ទូល​ថា បើ​មាន​​ពុក​រលួយ យ៉ាងណា​ក៏​ចៀស​វាង​នៅ​ក្នុង​វិស័យ​សាធារណៈ​ពីរ គឺ​វិស័យ​អប់រំ និង​សុខាភិបាល​នេះ​ឯង​​ដែរ។ តែ​សព្វថ្ងៃ​អំពើ​ពុក​រលួយ​កើត​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម​គ្រប់​ស្ថាប័ន។​
ព្រះអង្គម្ចាស់ សីុសុវត្ថិ ធម្មិកោ ដាក់កម្រងផ្កា​​ថ្វាយបដិមាព្រះបាទ ស៊ី​សុ​វត្ថិ នៅ​វត្តភ្នំ។
ព្រះអង្គម្ចាស់ សីុសុវត្ថិ ធម្មិកោ ដាក់កម្រងផ្កា​​ថ្វាយបដិមាព្រះបាទ ស៊ី​សុ​វត្ថិ នៅ​វត្តភ្នំ។ ហេង ជីរ័ន
លោក​លើក​​មក​បញ្ជាក់​ដែរ​ថា គណបក្ស​ក្រៅពី​សង្គ្រោះ​ជាតិ មិន​អាច​​បំបាត់​អំពើ​ពុក​រលួយ​បាន​ទេ ខណៈ​មាន​ការ​ដឹកនាំ​ផ្តាច់​ការ មិន​គោរព​ច្បាប់ មិន​​គិតគូរ​ដល់​រាស្ត្រ​ទន់​ខ្សោយ ហើយ​រឿង​នេះ​កាន់​តែ​បង្ហាញ​ច្បាស់​ទៀត ដូចជា​ថ្មីៗ​នេះ មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​លោក ​សៅ សុខា បាន​និយាយ​ថា​ «គាត់​ពេញ​ចិត្ដ​ការ​ដឹក​នាំ​តាម​ពួក​ណា​ ហ្ស៊ីអ៊ីទ្លែរ» នេះ​ជា​សក្ខីកម្ម​ជាក់​ស្តែង​ណាស់។
នៅពេល​សាក​សួរ​ពី​ដំណើរ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ទ្រង់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​រំឭក​ឲ្យ​ដឹងថា ព្រះ​អង្គ​ប្រសូត ក្នុង​រាជធានី​ភ្នំពេញ​គិត​មកដល់​ឆ្នាំនេះ​ព្រះជន្ម​ ៦៣ ​វស្សា​​ហើយ។ ​ទ្រង់​មាន​បិតា​ព្រះ​នាម​ស៊ីសុវត្ថិ មេធាវី មាតា​​ព្រះនាម អាន់ ម៉ារី​អ៊ីស៊ី ជា​ព្រះ​រៀម​បង្កើត​របស់​សម្តេច​ម៉ែ នរោត្តម មុនិនាថ សីហនុ។
ទ្រង់​ជា​បុត្រ​ច្បង​នៃ​បង​ប្អូន ៦ នាក់ សព្វថ្ងៃ​នៅ​រស់ ៤ នាក់ អនុជ​ប្រុស​ម្នាក់​នៅ​ស្រុក​ខ្មែរ អនុជ​ស្រី​ម្នាក់​នៅ​កាណាដា និង​ម្នាក់​ទៀត​រស់​នៅ​ប្រទេស​បារាំង។
ទ្រង់​ត្រូវ​បិតា​បញ្ជូន​ទៅ​រៀន​នៅ​ប្រទេស​បារាំង​តាំងពី​ព្រះ​ជន្ម ៤ ​ឆ្នាំ និង​​ត្រូវ​បាន​ថែទាំបី​​បាច់​ដោយ​សម្តេច​ម៉ែ​តាំងពី​នៅ​តូច។ មុន​ពេល​មាន​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ឪ ដោយ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភាព​វឹកវរ​មាន​បដិវត្តន៍​ផុស​ឡើង​នៅ​ក្នុង​ចំណោម​និស្សិត​នៅ​បារាំង ព្រះអង្គ​បាន​វិល​ចូល​មាតុ​​ប្រទេស ព្រោះ​បិតា​ខ្លាច​ទ្រង់​ចូលរួម​នឹង​បដិវត្តន៍​កុម្មុយនីស្ត។ ក្រោយ​​​រដ្ឋ​ប្រហារ​ទ្រង់​បាន​បម្រើ​ជា​ទាហាន របប​សាធារណរដ្ឋ​ខ្មែរ របស់ លន់ នល់ ក្នុង​​កងពល​ធំ​លោក​​ឧត្តម​សេនីយ៍ អ៊ិត សួង។
ក្នុង​ឆ្នាំ ១៩៧៣ ទ្រង់​​ត្រូវ​ជាប់​ឃុំ ដោយសារ លន់ នល់ ចេញ​បញ្ជា​ឲ្យ​ចាប់​ខ្សែ​រាជវង្ស​ទាំង​អស់ នៅ​ពេល​ដែល​​លោក សូ ភូត្រា ស្វាមី​ម្ចាស់​ក្សត្រិយ៍ នរោត្តម បទុម​បុប្ផា អនុជ​​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចក្រពង្ស់ បើក​​យន្តហោះ​ទៅ​ទម្លាក់​គ្រាប់​បែក នៅ​វិមាន​ប្រធានាធិបតី ចំការ​មន​ដែល​លន់ នល់​ស្នាក់​នៅ។
តែ ១ ខែក្រោយ​គេ​បាន​ដោះ​លែង​វិញ ហើយ​ទ្រង់​ក៏​វិល​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ និង​បន្ត​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ នយោបាយ ជំនាន់​លោក ស្រី ជូ​ឡុង សូមូរ៉ា គឺ​ក្រោយ​លោក សម រង្ស៊ី ១​ឆ្នាំ និង​ចុងក្រោយ​ចាប់​យក​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ​ទៀត។
ក្នុង​​ពេល​រស់នៅ​ប្រទេស​បារាំង​នោះ ​ព្រះអង្គ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​បើក​សាខា​នៅ​​បារាំង​ពីរ​ មុន​ព្រះអង្គ ធម្មិកោ បាន​រៀប​អភិសេក​នឹង​ជយា​ទី ១ មាន​បុត្រ ៥​អង្គ សព្វថ្ងៃ​សុគត​ពីរ នៅ​សល់​បី​អង្គ​រស់​នៅ​ប្រទេស​បារាំង​ទាំង​អស់។
ព្រះអង្គ​រំឭកថា ពេល​ទ្រង់​យាង​មក​កម្ពុជា​វិញក្នុង​ឆ្នាំ ២០០០ ជយា​មិន​ព្រម​មក​តាម​ទេ ហើយ​​ក៏បាន​បែក​បាក់​គ្នា​ទៅ។ ពេល​មក​នៅ​កម្ពុជា​ ព្រះអង្គ​ក៏បាន​អភិសេក​នឹង​ជយា​ជា​​អ្នក​ជំនួញ​មាន​ទ្រព្យ​ធន​វ័យ ៤០ ​ឆ្នាំម្នាក់ សព្វថ្ងៃ​មាន​បុត្រ​ពីរ​អង្គ​ទៀត ម្នាក់វ័យ ៧ ឆ្នាំ (ប្រុស) ​និង​ម្នាក់​វ័យ ២ ឆ្នាំ​ម្នាក់ (ស្រី) ដែល​កំពុង​ធ្វើ​អាជីវកម្ម​ផ្នែក​សិប្បកម្ម​នៅ​ក្នុង​ខេត្ត​សៀមរាប។
ព្រះអង្គម្ចាស់​បាន​លើក​ពីបទ​ពិសោធ​ល្អ​និង​អាក្រក់ ក្នុង​ជីវិត​ព្រះអង្គ​ថា៖ «​អ្វី​ជា​មោទនភាព​របស់​ខ្ញុំ គឺ​បាន​ដង្ហែ​អង្គ​សម្តេចឪ ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩៣ ដែល​​ឆ្លង​កាត់​ការ​លំបាក​សព្វ​បែប​យ៉ាង ខណៈ​ដែល​មិន​សង្ឃឹម​សោះ​ថា នឹង​​ទាមទារ​ឯករាជ្យ​ពី​យួន​ ប៉ុន្តែ​ទីបំផុត​សម្តេច​ឪ​លោក​ធ្វើ​បាន​។ នេះ​ជា​ជ័យ​ជម្នះ​និង​មោទនភាព​ដ៏​ធំធេង​របស់​​កម្ពុជា​ទាំងមូល​និង ក្នុង​ជីវិត​ខ្ញុំ»។
សម្រាប់​មេរៀន​ល្វីង​ជូរចត់​វិញ គឺថា​ខ្ញុំ​ជា​ស្ថាបនិក​មួយ​រូប​របស់​ហ៊្វុន​ស៊ិន​ប៉ិច តែ​ទីបំផុត​ការ​បែក​បាក់​ផ្ទៃ​ក្នុង​បាន​ធ្វើ​ឲ្យ​គណបក្ស​នេះ​ចុះ​ខ្សោយ​និង​បរាជ័យ​ជា​បន្ត​បន្ទាប់។
ព្រះអង្គ​ចាត់ទុក​ការ​បែក​បាក់​នេះ​ជា​មេរៀន​មួយ៖ «នេះ​គឺ​មក​ពី​ហ៊្វុនស៊ិន​ប៉ិច​គ្មាន​មនោគម​វិជ្ជា ទ្រឹស្តី​ជា​គោល​នយោបាយ​ច្បាស់​លាស់​ ទើប​បាន​​បរាជ័យ​បែប​នេះ ហើយ​ឥឡូវ​នេះ​ក៏​នៅ​តែ​គ្មាន​ដូច​គ្នា​ដដែល។ រឿង​នេះ​មិន​​ថា តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទេ សូម្បីតែ​គណបក្ស​ប្រជាជន​ ក៏​គ្មាន​មនោគម​វិជ្ជា ទ្រឹស្តី​​នយោបាយ​នេះ​ឲ្យ​បាន​ច្បាស់​លាស់​​ពិត​ប្រាកដ​ដូចគ្នា​ដែរ ឯ​ការ​ឈ្នះ​ឆ្នោត​កន្លង​មក​របស់ គណបក្ស​នេះ​ គឺ​ដោយសារ​តែ​ការ​ប្រើ​ល្បិច​​តែ​ប៉ុណ្ណោះ ហើយ​គណបក្ស​នេះ​ក៏​គង់តែ​រលាយ​ដែរ»។
ព្រះអង្គម្ចាស់ ធម្មិកោ បាន​លើក​មក​បញ្ជាក់​ដែរ​ថា គណបក្ស​ប្រជាជន​​ដឹក​នាំ​ផ្ទុយ​ពី​សង្គម​រាស្ត្រ​និយម «ខ្ញុំ​លើក​ឧទាហរណ៍​មួយ​រឿង​តំបន់​បឹងកក់ បើ​ពី​ជំនាន់​សម្តេចឪ​ម្ល៉េះ​ លោក​នឹង​ឲ្យ​រដ្ឋ​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​នេះ​ដោយ​ប្រើ​​ប្រាស់​ថវិកា​ជាតិ​ទៅ​ជា​តំបន់​ទេសចរណ៍ នោះ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​​នៅ​ទីនោះ​អាច​នឹង​មាន​ជីវភាព​ប្រសើរ តែ​បច្ចុប្បន្ន រដ្ឋាភិបាល​សុខ​ចិត្ត​ដេញ​ឲ្យ​រាស្ត្រ​​រាប់​ពាន់​នាក់​រង​ទុក្ខ ហើយ​បំពេញ​បំណង​មាន​បាន​ឲ្យ​តែ​ឧកញ៉ា​​ម្នាក់​ទៅ​វិញ។ នេះ​​ហើយ​ជា​ភាព​ខុស​គ្នា​ នៃ​លទ្ធិ​សីហនុ​និយម​និង​ការ​ដឹកនាំ​សព្វ​ថ្ងៃ»។
ព្រះអង្គម្ចាស់ ធម្មិកោ នៅ​បាន​បង្ហាញ​ពី​បំណង​របស់​ព្រះអង្គ​ថា ការ​ប្រឹង​ប្រែង​សព្វ​យ៉ាង​របស់​ទ្រង់ ​ចុង​ក្រោយ​នេះ​ គឺ​មិន​ដើម្បី​កេរ្តិ៍​ឈ្មោះ​​​កិត្តិយស​ផ្ទាល់​ព្រះអង្គ​ទេ។
ព្រះអង្គ​មាន​បន្ទូល​ថា៖ «ខ្ញុំ​ធ្វើ​អ្វីៗ គឺ​ដើម្បី​ជាការ​សង​គុណ​ដល់​ព្រះ​មាតា​បិតា​ខ្ញុំ​ប៉ុណ្ណោះ ព្រោះ​លោក​​សោយ​ទិវង្គត​ដោយសារ​ពួក​ខ្មែរ​ក្រហម​ ខ្ញុំ​មិន​បាន​បម្រើ​លោក​ទេ ហេតុ​នេះ​ខ្ញុំ​ចង់​ឲ្យ​លោក​មាន​កិត្តិនាម​តាម​រយៈ​សកម្មភាព​របស់​ខ្ញុំ។ ​មួយទៀត​ដែល​សំខាន់​នោះ គឺ​ខ្ញុំ​ចង់​សង​គុណ​សម្តេច​ឪ សម្តេចម៉ែ ដែល​លោក​​​បី​បាច់​ថែ​រក្សា​ខ្ញុំ​តាំង​ពី​កុមារ​ភាព ដោយ​​បន្ត​សកម្ម​ភាព​ជា​បំណង​​របស់​លោក​កាល​ពី​​​ព្រះ​អង្គ​​គង់​នៅ គឺ​ការ​បម្រើ​ប្រជានុរាស្ត្រ​ព្រះអង្គ​នេះ​តែ​ម្តង។ ដូចនេះ​ខ្ញុំ​នឹង​បន្ត​នូវ​ព្រះរាជ​បំណង​សម្តេច​ឪនេះ​ គឺ​សម្រេច​កិច្ច​ការ​បម្រើ​រាស្ត្រ​នេះ ​ឲ្យ​បាន​នៅ​ពេល​ដែល​ខ្ញុំ​មាន​លទ្ធភាព ដើម្បី​ទុកជា​ការ​សង​គុណ​ដ៏ខ្ពង់​ខ្ពស់​ដល់​ទ្រង់»។
ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ លើក​ជា​គតិ​ផ្តាំផ្ញើ​ថា រឿង​គួរ​ចងចាំ​គឺ​ការ​បែកបាក់​​គ្នា​នេះ​ឯង ដែល​នាំ​ឲ្យ​យើង​ចុះ​ខ្សោយ ឧទាហរណ៍​ជាក់​ស្តែង​ការ​បែក​បាក់​របស់​ ហ៊្វុនស៊ិន ប៉ិច ដល់​ទី​បំផុត​ត្រូវ​រលាយ ហើយ​ការ​​នេះ​វា​មិន​ត្រឹម​ តែ​ហ៊្វុន​ស៊ិន​ប៉ិច​ទេ ជាតិ​យើង​ក៏​ចុះ​ខ្សោយ​ដែរ។
លោក​បន្តថា​៖ «ត​ទៅ​បើខ្មែរ​យើង​នៅតែ​បន្ត​បែកបាក់​គ្នា នោះ​វា​នឹង​ចំណេញ​​បរទេស ហើយ​សូម​កុំ​នឹក​ស្មាន​ថា យួន​មិន​ចង់​បាន​ស្រុក​ខ្មែរ​ឲ្យ​សោះ។ ខ្មែរ​ក្រហម​នឹង​ គឺជា​ភ័ស្តុតាង​ស្រាប់ ព្រោះ​តែ​បែក​បាក់​ផ្ទៃ​ក្នុង​ទើប​​យួន​វាយ​ចូល​បាន...»៕

2 comments:

Kmenhwatt said...

I agree with him,seems like this guy was a good guy,I like him...!

Anonymous said...

kids understand more than us when they read cambodian history they found out that foreigners (french, chinese, Vietnam, Thailand and Lao Etc..) benefit from Cambodia many centuries.