A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 18 January 2015

The CNRP will not join the protest to demand the release of 19 jailed political and land rights activists បក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ចូលរួម​ធ្វើ​បាតុកម្ម​ទាមទារ​ដោះ​លែង​អ្នក​ជាប់​គុក​ទាំង​១៩​នាក់​ទេ

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
បាតុករ​បក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៣។
RFA/Van Vichar
គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូលរួម​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង ១៩​នាក់ ជាមួយ​ក្រុម​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ឡើយ។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ដាក់​លិខិត​អញ្ជើញ​បក្ស​ប្រឆាំង ឲ្យ​ចូលរួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​ពេញ ១​ខែ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​នយោបាយ ព្រះសង្ឃ និង​សកម្មជន​ដីធ្លី ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស។
បាតុកម្ម​រៀង​រាល់​សប្ដាហ៍​ថ្ងៃ​អាទិត្យ ក្បែរ​ពន្ធនាគារ​ព្រៃ​ស ដែល​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​នយោបាយ តំណាង​សហគមន៍​មាន​បញ្ហា​ដីធ្លី អតីត​ព្រះសង្ឃ​នោះ នឹង​ត្រូវ​ប្ដូរ​ទៅ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ​ម្តង។ បាតុកម្ម​លើក​នេះ គ្រោង​ធ្វើ​រយៈពេល ១​ខែ​ពេញ​តែ​ម្តង។ អ្នក​រៀបចំ​រំពឹង​ថា មេ​បាតុកម្ម​ធំ ឬ​ហៅ​ម្យ៉ាង​ថា​ថៅកែ​បាតុកម្ម លោក សម រង្ស៉ី នឹង​ដឹក​នាំ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ក្នុង​បាតុកម្ម​នេះ​ដែរ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូលរួម​ធ្វើ​បាតុកម្ម​ទេ ហើយ​ក៏​មិន​ជំទាស់​នឹង​គម្រោង​របស់​ពលរដ្ឋ​ដែរ។
ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​សម្ដែង​មតិ និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ខណៈ​ដែល​តំណាង​រាស្ត្រ​មាន​ករណី​កិច្ច​បំពេញ​សេចក្តី​ត្រូវ​ការ​ជូន​ពលរដ្ឋ។ អ្នកស្រី​បន្ត​ថា អ្នកស្រី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ទៅ​ចូលរួម​ថ្លែង​សារ​ទៅ​កាន់​ពលរដ្ឋ​ក្នុង​ពេល​ណា​មួយ នៃ​ថ្ងៃ​ធ្វើ​បាតុកម្ម​នោះ តែ​គណបក្ស​នឹង​ប្រើ​យន្តការ​សភា​ដោះស្រាយ​បញ្ហា​ទាំង​នេះ ជំនួស​ឲ្យ​ការ​ចូលរួម​ធ្វើ​បាតុកម្ម។

ចំណែក​ឯ​តំណាង​សហគមន៍​បុរីកីឡា លោកស្រី ជុំ ង៉ាន់ លើក​ឡើង​ថា ប្រជា​សហគមន៍​នៅ​តែ​បន្ត​ជំហរ​ធ្វើ​បាតុកម្ម​ដដែល បើ​ទោះ​ជា​បក្ស​ប្រឆាំង​ចូលរួម ឬ​មិន​ចូលរួម​ក៏ដោយ។ លោកស្រី​បន្ត​ថា អវត្តមាន​របស់​បក្ស​ប្រឆាំង​បាន​ន័យ​ថា គណបក្ស​នេះ​មិន​ចង់​ឲ្យ​មន្ត្រី​របស់​ខ្លួន​រួច​ខ្លួន​នោះ​ឡើយ។
តំណាង​សហគមន៍​ទាំង​បួន​ដែល​គ្រោង​ធ្វើ​បាតុកម្ម​រួម​មាន សហគមន៍​បុរីកីឡា សហគមន៍​ព្រលាន​យន្តហោះ សមាគម​ស្ត្រី​បឹងកក់ និង​បណ្ដាញ​អតីត​ស្ត្រី​បឹងកក់។ បាតុកម្ម​ធ្វើ​ឡើង​ផ្ដោត​លើ​បញ្ហា​សំខាន់​បី​ចំណុច​រួម​មាន ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​បាន​ឆាប់ ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី និង​សកម្មជន​ផ្សេង​ទៀត​ពី​ពន្ធនាគារ​ព្រៃ​ស​ជា​បន្ទាន់ និង​ស្នើ​បញ្ចប់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។ តំណាង​សហគមន៍​ទាំង​បួន ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ កោះ​ហៅ​ឲ្យ​ចូល​ប្រជុំ​ពី​គម្រោង​បាតុកម្ម​នេះ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​មករា។
មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ លើក​ឡើង​ថា អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី​យឺតយ៉ាវ ព្រោះ​តែ​បញ្ហា​ទាំងអស់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ លោក​បន្ត​ថា ចំពោះ​គម្រោង​ធ្វើ​បាតុកម្ម​វិញ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវ​ជជែក​ជាមួយ​ភាគី​លម្អិត​ជា​មុន​សិន មុន​នឹង​សម្រេច​ថា​អនុញ្ញាត​ឲ្យ​ធ្វើ ឬ​អត់​នោះ។
ច្បាប់​បាតុកម្ម​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ក្នុង​ការ​ជួប​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​យ៉ាង​តិច​ណាស់​មួយ​អាទិត្យ មុន​ថ្ងៃ​ធ្វើ​បាតុកម្ម។ ទោះ​ជា​ច្បាប់​ចែង​បែប​នេះ​ក៏ដោយ ក៏​រាជ​រដ្ឋាភិបាល​បាន​បិទ​សិទ្ធិ​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​បាតុកម្ម​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ គឺ​ពី​ថ្ងៃ​ដែល​បាញ់​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង និង​វាយ​សំពង​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ រហូត​ដល់​គណបក្ស​ប្រឆាំង​ព្រម​ចូល​ធ្វើ​ការ​ក្នុង​សភា។ មិន​តែ​ប៉ុណ្ណោះ ប្រតិបត្តិការ​បង្ក្រាប​បាតុកម្ម​នោះ ធ្វើ​តាម​យុទ្ធសាស្ត្រ​មេ​ដឹក​នាំ​ផ្តាច់​ការ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ គឺ​លោក ហ៊ីត្លែរ ទៀត​ផង។
ប្រជាពលរដ្ឋ​ដែល​ជាប់​គុក​ទាំង ១៩​នាក់ ត្រូវ​បាន​តុលាការ​ដាក់​ទោស និង​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ផ្សេងៗ​គ្នា។ ក្នុង​នោះ អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ៦​នាក់​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ ដើម្បី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ពលរដ្ឋ​សហគមន៍​បឹងកក់ ១០​នាក់​ជាប់​ទោស​ដោយសារ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍ និង​ព្រះសង្ឃ ៣​អង្គ​ជាប់​ចោទ​ពី​បទ​ចូលរួម​ជាមួយ​ក្រុម​ទុច្ចរិត៕

No comments: