A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 1 March 2015

The two parties keep secret the information on electoral reforms គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​លាក់​បាំង​ព័ត៌មាន​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី

សម រង្ស៊ី ស ខេង ៦២០
លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង (ស្ដាំ) និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក សម រង្ស៊ី (ឆ្វេង) ធ្វើ​សន្និសីទ​កាសែត​ក្រោយ​ចប់​កិច្ច​ប្រជុំ​នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Van Vichar
គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​លាក់​បាំង​ព័ត៌មាន​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី។ ក្រុម​ការងារ​គណបក្ស​កាន់​អំណាច​ដឹកនាំ​ដោយ លោក ស ខេង និង​ក្រុម​ការងារ​បក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៉ី បាន​ជួប​ចរចា​គ្នា ដើម្បី​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​លើ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ តែ​នៅ​មិន​ទាន់​បញ្ចេញ​លទ្ធផល។
លោក ស ខេង និង លោក សម រង្ស៉ី ដឹកនាំ​អង្គប្រជុំ​ចរចា​អស់​រយៈពេល​ជាង ៤​ម៉ោង​លើ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត ប៉ុន្តែ​អ្នក​ទាំង​ពីរ​ចេញ​មុខ​មក​ធ្វើ​សន្និសីទ​កាសែត​តែ​ជាង ៤​នាទី​ប៉ុណ្ណោះ។ សន្និសីទ​កាសែត​នោះ​ថែម​ទាំង​មិន​ឲ្យ​អ្នក​កាសែត​សួរ​ទៀត​ផង។ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​បញ្ជាក់​ថា ដៃគូ​ចរចា​ព្រមព្រៀង​គ្នា​រួច​រាល់​ហើយ លើ​ចំណុច​ដែល​ប្រទាំង​ប្រទើស​ទាំង​អម្បាល​ម៉ាន។
​លោក សម រង្ស៉ី ថ្លែង​ថា ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ជា​ថ្ងៃ​ដែល​ខ្មែរ​ឯកភាព​គ្នា។ ចំណែក​លោក ស ខេង វិញ បន្ទរ​តាម​លោក សម រង្ស៉ី ថា លោក​គាំទ្រ​ទាំង​ស្រុង រួច​អ្នក​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​ជា​សញ្ញា​បញ្ចប់​សន្និសីទ​កាសែត​តែម្ដង។
បន្ទាប់​ពី​នោះ ក្រុម​អ្នក​កាសែត​ចែក​ជើង​គ្នា​រត់​ទៅ​សួរ​លោក​នេះ​ម្ដង លោក​នោះ​ម្ដង​ថា ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​យ៉ាង​ម៉េច​ខ្លះ​លើ​ចំណុច​ខ្វែង​គំនិត​គ្នា​ទាំង​ជាង ១០​ចំណុច​នោះ តែ​មិន​បាន​ចម្លើយ​តប​នោះ​ទេ។

ចំណុច​ដែល​ខ្វែង​គំនិត​គ្នា​តាំង​ពី​ដើម​មក​នោះ​រួម​មាន ការ​បង្កើន​ចំនួន​អាសនៈ​រដ្ឋ​សភា បម្រាម​រឹត​បន្តឹង​មិន​ឲ្យ​ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត កាលបរិច្ឆេទ​ឃោសនា ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទីកន្លែង​ឃោសនា ឯករាជ​ភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​រាជការ ឯករាជភាព​របស់​សង្គម​ស៊ីវិល ការ​ប៉ុនប៉ង​ដាក់​ទោស​សង្គម​ស៊ីវិល ដែល​ប្រមាថ​អ្នក​នយោបាយ ការ​បញ្ចូល​មាត្រា​ច្បាប់​ដែល​ចង​មិន​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​នយោបាយ និង​កម្រិត​ទោសទណ្ឌ​អ្នក​ដែល​ហ៊ាន​ជេរ​អ្នក​នយោបាយ​ជាដើម។
​អ្នក​ជំនាញ​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី លើក​ឡើង​ថា ការ​លាក់បាំង​ព័ត៌មាន​នេះ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​បន្ត​ថា បក្ស​ទាំង​ពីរ​ចង់​ចែក​ផល​ចំណេញ​គ្នា​ស្ងាត់ៗ​ពី​ការ​ធ្វើ​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ៖ «យើង​មាន​ការ​បិទបាំង។ ហេតុ​អី​បាន​ជា​យើង​ចង់​យក​របស់​ជាតិ​ផ្ដាច់​មុខ​តែ​ពីរ ហើយ​មិន​ផ្ដល់​តម្លាភាព​ចំពោះ​សាធារណជន។ ផល​វិបាក​ទី​១ គឺ​ការ​បោះ​ឆ្នោត​លើក​ក្រោយ​នឹង​មាន​ផលវិបាក​ជាង​នេះ ផល​វិបាក​ទី​២ បើ​មាន​បញ្ហា​ជាង​នេះ អាច​នឹង​ក្លាយ​ជា​ប្រទេស​មួយ​វឹកវរ នៅ​ពេល​ដែល​ចលនា​ប្រជាជន​កាន់​តែ​ធំ​ទៅៗ ហើយ​ប្រជាជន​កាន់តែ​ដឹង​ព័ត៌មាន​ច្រើន​ឡើង»

ចំណែក​ឯ​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច វិញ ហៅ​ច្បាប់​ថ្មី​នេះ​ថា ជា​ច្បាប់​បម្រើ​ឲ្យ​ផល​ប្រយោជន៍​គណបក្ស​ទាំង​ពីរ។ លោក​បន្ត​អះអាង​ថា បើ​ធ្លាយ​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ច្បាប់​នោះ លាត​ត្រដាង​ចេញ​មក​ក្រៅ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ពិបាក​សម្រេច​មហិច្ឆតា​កេង​ចំណេញ​យក​ប្រយោជន៍​រៀង​ខ្លួន​នោះ៖ «មុន​នឹង​ក្រោយ​គង់​តែ​ដឹង​ទេ ព្រោះ​គ្មាន​អី​ជា​អាថ៌កំបាំង​ទេ អ៊ីចឹង​វា​ត្រូវ​ចេញ​ជា​សាធារណៈ។ ពេល​ដែល​ចេញ​ជា​សាធារណៈ... អង្ករ​ក្លាយ​ជា​បាយ​ទៅ​ហើយ ទោះ​បី​ចង់​ស្រែក​ចង់​អី​ក៏​ដោយ ក៏​មិន​អាច​កែ​បាន​ដែរ...»
ទោះ​ជា​បែប​ណា​ក្តី​គណបក្ស​ទាំង​ពីរ​ប្រកាស​ថា នឹង​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​សេចក្ដី​ព្រាង​ច្បាប់​នេះ​មុន​នឹង​លើក​ដាក់​ឲ្យ​សភា​ពេញ​អង្គ​ពិនិត្យ​និង​សម្រេច។ គណបក្ស​ទាំង​ពីរ​ចាប់​ផ្ដើម​ចរចា​ដោយ​បិទ​ទ្វារ​លើ​កំណែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​តាំង​ចុង​ឆ្នាំ​២០១៤​មក៕ ​

No comments: