A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 20 April 2015

Alex Gonzalez-Davidson: I dare to sacrifce my life for Cambodia លោក​ អាឡិច ៖ ខ្ញុំ​ត្រៀម​ខ្លួន​លះបង់​អាយុ​ជីវិត​ដើម្បី​ប្រទេស​ខ្មែរ

លោក​ Alex Gonzalez-Davidson (អាឡិច) ​ប្រធាន​ចលនា​មាតា​ធម្មជាតិ ​ផ្ដល់​បទ​សម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។
លោក​ Alex Gonzalez-Davidson (អាឡិច) ​ប្រធាន​ចលនា​មាតា​ធម្មជាតិ ​ផ្ដល់​បទ​សម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ ហេង ជីរ័ន
ថ្មីៗ​នេះ​នៅ​តាម​បណ្ដាញ​សង្គម​ ហ្វេសប៊ុក (Facebook) និង​បណ្ដាញ​សារព័ត៌មាន​ជាតិ​និង​អន្ដរជាតិ​ បាន​ផ្សាយ​ពី​បុរស​ជាតិ​អេស្ប៉ាញ​មួយ​រូប ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ទរ​ខ្ទារ ក្នុង​សំណុំ​រឿង​ការពារ​តំបន់​អារ៉ែង ដែល​ជា​ព្រៃ​​ចុង​ក្រោយ​របស់​កម្ពុជា​ មាន​ទំហំ​ប្រមាណ​ជា​ ៤០​ម៉ឺន​ហិចតា​ ស្ថិត​នៅ​ខេត្ត​កោះកុង នៃ​ប្រទេស​កម្ពុជា។
លោក​ Alex Gonzalez-Davidson (អាឡិច) ​ប្រធាន​ចលនា​មាតា​ធម្មជាតិ ​បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ អំពីប្រវត្តិ​របស់​លោក​ត្រួសៗ​ និង​លម្អិត​អំពី​សកម្មភាព​ ការពារ​ព្រៃ​ឈើ​ នៅ​កម្ពុជា។
តើ​លោក​ អាឡិច​ ជា​នរណា ហើយ​ហេតុ​​អ្វី​បាន​ជា​កិច្ច​ការ​របស់​លោក​ត្រូវ​បាន​រារាំង​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា?
លោក​ អាឡិច មាន​​ស្រុក​កំណើត​នៅ​ប្រទេស អេស្ប៉ាញ ប៉ុន្តែ​​គាត់​បាន​ចេញ​ពី​​អេស្ប៉ាញ​តាំង​ពី​អាយុ ១៦ ឆ្នាំមក​​ម្ល៉េះ។ ដោយ​សារ​ពិបាក​សម្រប​សម្រួលខ្លួន​នៃ​របៀប​រស់នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ អាឡិច​ក៏​បាន​មក​រស់​នៅ​ប្រទេស​អង់គ្លេសរយៈ​ពេល​ ២ ឆ្នាំ រួច​បន្ដ​មក​រស់​នៅ​ប្រទេស​ ថៃ​ បាន​មួយ​​ឆ្នាំ និង​ចុង​ក្រោយ​គឺ​ប្រទេស​កម្ពុជា។
អាឡិច បាន​រម្លឹក​ថា៖ «ខ្ញុំ​​មិនចេះ​នៅ​តែ​ម្ដង​...បន្ទាប់​មក​ខ្ញុំ​ទៅ​​នៅ​អង់គ្លេស​ពីរឆ្នាំ ល្ងីល្ងើរៗ ​ក៏​ចេញ​ពី​អង់គ្លេស​ទៅ​​ថៃ​ ហើយ​បាន​មួយ​ឆ្នាំ​​អត់​ចេះ​នៅ​ទៀត​ ហើយ​​ក៏​មក​ស្រុក​ខ្មែរ ដូច​ជា​លង់​​ស្នេហ៍​ភ្លាម ជាមួយ​ព្រៃ​ឈើ ជាមួយ​ប្រជាជន​ ជាមួយ​នឹង​អាកប្បកិរិយា វា​ត្រូវ​គ្នា​ជាមួយ​នឹង​ខ្ញុំ​​មែន​​ទែន»។ ខ្ញុំ​ធ្លាប់​ស្នើ​សុំ​សញ្ជាតិ​ ៣ ដង តាម​រយៈ​ក្រសួង​​មហាផ្ទៃ​ តែ​គេ​ប្រាប់​ថា ឲ្យ​តែ​មាន​លុយ​ ៥ ម៉ឺន​​ដុល្លារ​​គេ​រត់ការ​ឲ្យ​ភ្លាម តែ​បើ​គ្មាន​លុយ​ ៥ ម៉ឺន​ដុល្លារ​ គេមិន​ឲ្យ​ទេ។ ខ្ញុំ​គិត​ថា​ រឿង​សញ្ជាតិ​​នៅ​ក្នុង​បេះដូង​មាន​ហើយ​ មន​សិការ​ជា​ខ្មែរ​ មុខមាត់​បរទេស​ ប៉ុន្ដែ​បេះដូង​ខ្មែរ​សុទ្ធ​ ប៉ាស្ព័រ​ខ្មែរ​អត់​មាន​មែន​​ តែ​ខ្ញុំ​ថា ប៉ាស្ព័រ​មិន​សំខាន់​ទេ សំខាន់​បំផុត​គឺ​ឆន្ទៈ មន​សិការ​និង​បេះដូង។
បុរស​អាយុ ៣៧ ឆ្នាំ រូប​នេះ​ ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង​យល់​ដឹង​ពី​វប្បធម៌​ខ្មែរ​បាន​​ច្បាស់​លាស់​ល្អ។ បច្ចុប្បន្ន លោក​បាន​​ចាត់​ទុក​ខ្លួន​ឯង ​ជា​ជន​ជាតិ​ខ្មែរ​ក្នុង​ចំណោម​ប្រជាជន​ ជាង ១៤ លាន​នាក់​ ហើយ​លោក​បាន​ត្រៀម​ខ្លួន​លះបង់​ជីវិត​សម្រាប់​ប្រទេស​នេះ​ផង​ដែរ។​
អាឡិច​និយាយ​ថា ៖ «បង​មើល​មុខ​ខ្ញុំ​ ទើប​ដឹង​ថា​ វា​ជា​ការពិត​មែន​ ខ្ញុំ​ត្រៀម​ខ្លួន​លះបង់​អាយុ​ជីវិត​សម្រាប់​ប្រទេស​ខ្មែរ​ ដោយសារ​ក្លាយ​ជា​ប្រទេស​របស់​ខ្ញុំ ហើយ​កិច្ចការ ការពារ​ព្រៃឈើ ​ខ្ញុំបាន​ធ្វើ​តែ ២ ឆ្នាំ កន្លះ​ទេ ពី​​មុនខ្ញុំ​ធ្វើ​ជា​គ្រូបង្រៀន​ ជាអ្នក​បកប្រែ…តែ​ឈឺចាប់​ពេក​ យូរទៅ​អត់​ជម្រើស​ក្រៅ​ពី​ចូល​រួម​តែ​ម្ដង»។
លោក​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ថា​ តើ​ការវិវត្ត​ចុង​ក្រោយ​ទាក់​​ទិន​នឹង​ការ​បណ្ដេញ​ចេញ ដោយសារ​អស់​សុពលភាព​នៃ​ទិដ្ឋាការ​យ៉ាង​ណា ​ពីព្រោះ​អី​​មិន​មាន​នាយក​ដ្ឋាន​ណាមួយ​ ឬ​ក៏​ក្រសួង​មហា​ផ្ទៃ​ទាក់​​ទង​ជាមួយ​គាត់​ផ្ទាល់​ទេ។
លោក​ថ្លែង​ថា «​អ្វី​ដែល​ខ្ញុំ​ដឹង គឺ​ដឹង​តាម​រយៈ​សារព័ត៌មាន​ ដែល​សម្ភាស​គេ​ អ៊ីចឹង​ការ​វិវត្ត​ចុង​ក្រោយ​ឮ​ថា ខៀវ សុភគ្រ​ អ្នក​​មាន​ពាក្យ​​របស់​​ក្រសួង​មហា​ផ្ទៃ​ និយាយ​ថា មិន​ទាន់​ចាត់​វិធាន​ការ​ទេ រួចហើយ​ម្សិល​មិញ​ឮ​ថា ចាត់​​វិធាន​ការ​​ជាប់​​ពន្ធនាគារ ឯថ្ងៃ​នេះ​(ថ្ងៃ​​សុក្រ)​ ថា​មិន​ទាន់​ទេ វា​កំពុង​តែ​វិវត្ដ​ទៅមុខ​ តែ​​ខ្ញុំ​មិន​ដឹង​ថា អ្វី​ជា​ការ​ពិត​ ឬ​អាច​មាន​​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ផង​ អាច​​មាន​អន្តរាគមន៍​ពី​ លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ពេល​​គាត់​ត្រ​ឡប់​ពី​ជប៉ុន ឬ​អាច​មាន​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន»។

រដ្ឋាភិបាល​កម្ពុជា​បាន​ទទូច​ឲ្យ​​អ្នក​ស្នេហា​បរិស្ថាន​ និង​ព្រៃ​ឈើ​រូប​នេះ​ ចេញ​ពី​កម្ពុជា​មួយ​រយៈសិន​ ហើយ​រង់ចាំ​ការ​ទទួល​​ឲ្យ​ចូល​កម្ពុជា​វិញ​ នៅ​ពេល​ក្រោយ។ អាឡិច​ក៏​មិន​ជឿ​ដែរថា ​​រដ្ឋាភិបាល​កម្ពុជា​ នឹង​ចាប់​បញ្ជូន​លោក​ទៅ​អេស្ប៉ាញ​វិញ​​តាមយន្ត​ហោះ ឬ​តាម​បព្រំ​ដែន​ណា​មួយ។
ក្នុង​​ករណី​នេះ​ អាឡិច​ ​និយាយ​ថា៖ «ខ្ញុំ​គិត​ថា មិន​ងាយ​ទេ ហេតុ​អី​បាន​ជា​គេ​គម្រាម​ជាផ្លូវ​ការ​ ដោយសារ​គេ​អត់​ហាន​ធ្វើ​ ប៉ុន្ដែ​​បើ​គេ​ល្ងង់​រហូត​ដល់​ចាប់​ អាឡិច បណ្ដេញ​ចេញ​មែន​…អាហ្នឹង​គ្មាន​អ្វី​ព្រួយ​បារម្ភទេ ព្រោះ​វា​ជួយ​ឲ្យ​យុវជន​ដែល​ជួយ​ការពារ​ព្រៃ​ឈើនេះ​ នឹង​ជួយ​បំផុស​បំផុល​ថែម​ទៀត​ ជួយ​ឲ្យ​ព័ត៌មាន​ជាតិ ​និង​អត្តរជាតិ​ផ្សាយ​ទៀត អ៊ឺចឹង​យើងមា​នតែ​ចំណេញ​ទេ​តើ»? ខ្ញុំ​ជឿ​ថា ​គេ​នឹង​មិន​ហាន​​ធ្វើ​សកម្មភាព​អ្វី​ប៉ុន្មាន​ទេ​ យ៉ាង​ហោច​គេ​ជ្រុល​ដៃ​ចាប់​ដាក់​ពន្ធនាគារ​ព្រៃស ៣​ខែ​ ទៅ​៦ ខែ​ ឬ​គេ​ចាប់​ដាក់​ក្នុង​យន្ត​ហោះ​ មិន​​មែន​បាញ់​សម្លាប់​ដូច​ ឈុត វុទ្ធី​ទេ សព្វថ្ងៃ អ្វី​ដែល​ខ្ញុំ​ខ្មាស់​ជាងគេ គឺ​ខ្មាស់​ ឈុត វុទ្ធី​ ខ្មាស់ ជា​ វិជ្ជា និង​ខ្មាស់​អស់​វី​របុរស​ខ្មែរ ដែល​ជាប់​ពន្ធនាគារ​ និង​ស្លាប់​បាត់​បង់​អាយុ​ជីវិត ដូច្នេះ​ខ្ញុំ​អាច​លះ​បង់​អ្វី​ដែល​ខ្ញុំ​មាន​ដើម្បី​គោរព​វិញ្ញាណ​ខ័ណ្ណ​របស់​គេ​ អ៊ីចឹង​ខ្ញុំ​គ្មាន​អ្វី​​គួរ​ឲ្យ​ខ្លាច​ទេ​​ ការ​ពិត​មិនមែន​ខ្ញុំ​ មិន​ខ្លាច​ទេ តែ​ពេល​​យើង​ធុញ​ពេក យើង​ពិបាក​ទ្រាំ​ យើងខ្លាច​មែន​ ប៉ុន្តែ​យើង​​នឹង​បន្ត​សកម្មភាព​ទៅ​មុខ​ដដែល​ហ្នឹង។
លោក​អាឡិច​​ថ្មី​នេះ​​ហាក់​ដូច​ជា​បាន​ប្ដេជ្ញា​ចិត្ត​ថា ការពារ​តំបន់​អារ៉ែង​ឲ្យ​ខាង​តែ​បាន​ ព្រោះ​តំបន់​នេះ​មាន​តម្លៃ​​លើស​​អាយុ​ជីវិត​លោក​ និង​ក្រុម​គ្រួសារ​ ១០០ ដង។
លោក​បញ្ជាក់​ថា អារ៉ែងនេះ មាន​ ៤០ ម៉ឺន​ជាង​ហិចតា មាន​ក្រពើ ៦០ ទៅ ៧០ ក្បាល​ មាន​ដំរី​ មាន​ខ្លាំ និង​មាន​អ្វី​ៗ​ច្រើន​ទៀត ប្រសិន​បើ​បាត់​បង់​អាឡិច​ ហើយ​ប្រៀបធៀប​ជីវិត​សត្វ និង​ប្រជាជន​រស់​នៅ​ទី​នោះ ១៥០០ នាក់​ ជីវិត​អាឡិច​គ្មាន​អ្វី​សំខាន់​សោះ។ ហេតុ​ដែល​​ខ្ញុំ​​លូក​ដៃ​ចូល​រឿង​អារ៉ែង ហើយ​​អត់​លូក​ដៃ​រឿងព្រៃ​ឈើ​នៅ​មណ្ឌល​គិរី និង​តំបន់​ផ្សេង​ទៀត​ ដោយ​សារ​រឿង​គម្រោង​​វារី​អគ្គិសនី​ ស៊ិនណូហាយដ្រូ គឺជា​​គម្រោង​​ខ្មោច​ទេ​ គេ​សិក្សា​ប៉ុន្មាន​ដង​ហើយ​ អត់​មាន​ភ្លើង​ទេ គ្រាន់​តែ​ជា​លេស​មួយ​សម្រាប់​កាប់​ព្រៃ​ឈើ​ និង​រក​រ៉ែ​ខុស​ច្បាប់​ អ៊ីចឹង ខ្ញុំ​គិត​ថា បើ​លូក​ដៃ​អាច​ឈ្នះ​បាន ហើយ​មួយ​វិញ​ទៀត​ សត្វ​កម្រ​ជាង ៣០​ ប្រភេទ ហើយ​អារ៉ែង​ក៏​ជាប់​ព្រៃ​អភិរក្ស​ភ្នំក្រវ៉ាញ​ភាគ​​កណ្ដាល​ ជា​​ព្រៃ​ការពារ​ធំជាង​គេ រហូត​ដល់​ ៤០ ម៉ឺន​ហិចតា​ អ៊ីចឹង​វា​ជាព្រៃ​ចុង​ក្រោយ​បំផុត​ដែល​នៅ​សេស​សល់​ក្នុង​ទំហំ​ធំ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​លូក​ដៃ​ចូល​ក្នុង​រឿង​ការពារ​អារ៉ែង​។
លោក​ថ្លែងថា៖ «ជា​ការ​ពិត​ យើង​មិន​មែន​ការពារ​តែ​ព្រៃ​អារ៉ែង​ទេ យើង​ក៏​លូក​ដៃ​រឿង​បូម​ខ្សាច់​ទន្លេ នៅ​​កោះ​កុង​ ឬ​ក៏​រឿង​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​នៅ​ឧទ្យាន​ជាតិ​នៅ​បទុម​សាគរ​ដែរ»។
អាឡិច ​ជា​ទូទៅ​មិន​មាន​ការភ័យ​ព្រួយ​រឿង​ការ​លួច​បាញ់​សម្លាប់​ដូច​សកម្ម​ជន​ព្រៃ​ឈើ​ខ្មែរ លោក​ឈុត​ វុទ្វី​ទេ។ «ខ្ញុំគិត​​ថា​ដូច​ជា​មិន​​មាន​អ្វី​ព្រួយ​បារម្ភ​​ តែ​បើ​និយាយ​កាលពី​មួយ​ឆ្នាំ​មុន អាច​មាន​​បារម្ភ​ខ្លះៗ តែ​ឥឡូវ​អត់​ទេ ខ្ញុំ​អត់​បារម្ភ​រឿង​ហ្នឹង​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​បារម្ភ​យើង​សកម្មជន​ អ្នក​ការពារ​ព្រៃ​ឈើ​រស់​នៅ​តំបន់​អារ៉ែង ឬ សកម្មជន​ព្រៃឈើ​ ដែល​ជា​សមាជិក​មាតា​ធម្មជាតិ​កំពុង​ធ្វើ​ការ​ងារ បារម្ភ​ថាគេ​លួច​សម្លាប់ ក៏​ប៉ុន្តែ​ខ្ញុំ​និយាយ​ជាមួយ​គេ​ច្រើន​ ដោយ​ជំរុញ​ឲ្យ​គេ​ចាក​ចេញ​ពី​មាតា​ធម្មជាតិ​ ខ្ញុំ​ចង់​ឲ្យ​គេ​ចេញ តែ​គេ​ថា​គេ​ចេញ​មិន​បាន​ទេ គេ​ត្រូវ​តែ​លះបង់​ជីវិត​ដើម្បី​ប្រទេស​ជាតិ​ខ្លូន​ឯង អ៊ីចឹង​ជា​រឿង​ដែល​គេ​ក៏​ត្រៀម​ខ្លួន​ ខ្ញុំ​ក៏​ត្រៀម​ខ្លួន​ ដូច្នេះ​យើង​ត្រូវ​ទៅមុខ​ទៀត។ អ្វីដែល​យើង​ធ្វើ​រាល់​ថ្ងៃ​ យើង​មាន​វិធី​សាស្ត្រ​មួយ​ដែល​​ធ្វើ​ឲ្យ​​រដ្ឋា​ភិបាល​ចាប់​អត់​ទាន់ គេមើល​ឃើញ​ថា អាឡិច​មេ… អាឡិច​ជា​អ្នក​ដឹក​នាំ​ ឬប្រធាន​ចលនា​ គេ​ភ្លេច​ថា នៅ​មាន​មនុស្ស​ម៉ា​កំភ្លុះ​ទៀត​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​ខ្លាំង​ជាង​ អាឡិច ១០០ ដង។ ខ្ញុំ​អាច​​លើក​ឧ​ទាហរណ៍​ ដូចជា​កាលពី​ខែ​ ៦ (​ខែ​​ មិថុនា ឆ្នាំ​ ២០១៤)​ ហើយ​បាន​​ផ្ទេ​ភារកិច្ច កាតព្វកិច្ច​ទាំង​អស់​ឲ្យ​សកម្មជន​ព្រៃ​ឈើ​ខ្មែរ​ អ៊ីចឹង​បើ​អាឡិច​អត់​នៅ​ ចលនា​ការពារ​ព្រៃ​ឈើ​គឺ​នឹង​នៅ​ដដែល​ហេស៍​ ដូចខ្ញុំ​និយាយ​ដដែល​ៗ អាឡិច​គ្រាន់​តែ​ជា​​និមិត្ត​រូប​មួយ​តែ​ប៉ុណ្ណោះ។
នៅកម្ពុជា​ សកម្មជន​ដូច​ជា​រូប​អាឡិច​ ដែល​ជាជន​បរទេស ប្រ​ហែល​ជា​មិន​អី​ទេ តែ​បើ​អាឡិច​​ជា​ខ្មែរវិញ​ នោះ​​អាច​នឹង​ងាយ​រង​គ្រោះ​ជាង ដ៏អាច​ថា​​បាន។​ ហេតុ​ដូចនេះ​ហើយ​ទើប​ថ្មី​ៗ​នេះ អាឡិច បាន​​លេច​​ធ្លោ​ជាង​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ទាំង​ឡាយ​ នៅ​​ក្នុង​បណ្ដាញ​សារព័ត៌មាន។
អាឡិច​ បាន​និយាយ​ថា៖​ «ខ្ញុំ​គិ​ត​ថា សកម្មជន​​ខ្មែរ​មួយ​ចំនួន​ ដែល​ខ្លាំង​ជាង​​ខ្ញុំ​ ខ្ញុំ​គិត​ទុក​សិន​​កុំ​អាលឲ្យ​ចេញ​មុខ​ខ្លាំង​ពេក ព្រោះ​ខ្លាច​ពី​សុវត្ថិ​ភាព​ ប៉ុន្តែ​យើង​បាន​ជជែក​គ្នា​ជាមួយ​គេ​ហើយ​ យើង​បាន​សម្រេច​ចិត្ត​ អស់​ពី​អាឡិច​ទៅ​ ពួក​គេ​នឹង​ចាប់​ផ្តើក​លេច​ធ្លោ​ ទោះ​ជា​មាន​ការ​គំរាម​កំហែង​លើ​ពួកគេ ​ក៏គេ​សម្រេច​ចិត្ត​ចេញ​មុខ​ដើម្បី​ទាញ​ប្រជាជន​ខ្មែរ​ឲ្យ​គេ​ចូល​រួម​កាន់​តែ​ច្រើន»។
ការ​បាត់​បង់​អារ៉ែង វានឹង​ខូច​ខាត​ប្រ​យោជន៍​ធំ​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ ហើយ​អារ៉ែងក៏​មិន​មែន​ជា​ធុង​អាគុយ​​មួយ​របស់​កម្ពុជា​ ដូច​អាជ្ញាធរ​បាន​លើក​ឡើង​នោះ​ទេ។ នោះបើ​តាម​លោក​អាឡិច។
លោក​ថា អ្វី​​ដែល​​ក្រុម​របស់​លោក​កំពុងធ្វើ​រាល់​ថ្ងៃ​គ្រាន់​តែ​ជា​និមិត្ត​រូប​ទេ ហើយ​ចលនា​មាតា​ធម្មជាតិ​​កំពុង​លះ​បង់​អ្វី​ទាំង​​អស់​ដើម្បី​​តំបន់​អារ៉ែង​ ចាំ​តែ​ប៉ុន្មាន​ខែ​ទៀត ពិត​ជា​មាន​ចលនា​ការពារ​ព្រៃ​ឈើ​​នៅ​តាម​បណ្ដា​ខេត្ត​​ផ្សេងៗ ​ដូចជា​​នៅ​បណ្ឌល​គិរី ស្ទឹង​ត្រែង​ យើង​ចាប់​ផ្តើម​មុខ​គេ បន្ដិច​ទៀត​យើង​នឹង​ឃើញ​មាន​ចលនា​ការពារ​ព្រៃឈើ​ខ្លាំង​ជាង​យើង​ទៅ​ទៀត។
លោកអាឡិច​បញ្ជាក់​ថា ៖ «បើនិយាយ​អំពី​ថា​តំបន់​នោះ​ជាធុង​អាគុយ​ប្រទេស​កម្ពុជា និយាយ​ឲ្យ​ចំខ្ញុំ​ខ្ពើម​ពាក្យ​សម្តី​អ៊ីចឹង​ណាស់​ ព្រោះ​មិន​មែន​ការពិត​ទាល់​តែ​សោះ ព្រោះ​អារ៉ែង​ ​មាន​ក្រុម​ហ៊ុន​មក​សិក្សា​ប៉ុន្មាន​ វា​និយាយ​ថា​​ការ​ដក​គម្រោង​ចេញ​ពី​អារ៉ែង​ដោយ​សារ​អត់​ភ្លើង​ ការ​បន្ត​វិនិយោគ វា​នឹង​ខាត អ៊ីចឹង​តើ​មាន​ធុង​អាគុយ​មក​ពី​ណា»? ​
កាលពី​សប្ដាហ៍​មុន​ក្រុម​សកម្ម​ជន​អ្នក​ស្នេហា​​បរិស្ថាន ព្រម​ទាំង​ព្រះ​សង្ឃ​បាន​ដង្ហែ​​ញត្តិ​ដាក់​ជូន​រដ្ឋសភា​ ដើម្បី​អន្តរាគមន៍​ធ្វើ​យ៉ាង​ណាឲ្យ​អាឡិច​បាន​ស្នាក់​នៅ​បន្ត​កិច្ចការ​របស់​លោក​តទៀត។
ក្នុង​ករណីនេះ អាឡិច​បាន​គិត​ថា ពួក​គេ​គួរ​ផ្ទេរ​ពី​ការ​ចង់​ជួយ​អាឡិច​ មក​ជា​ការ​ជួយ​អារ៉ែង​វិញ​ទើប​ជា​ការ​ប្រសើរ។​ លោក​ថ្លែង​៖ «ខ្ញុំបាន​ប្រជុំ​ជាមួយ​ពួក​គេ​ហើយ​ ឥឡូវនេះ​ចលនា​ ឬ​កម្លាំង​ដែល​កំពុង​មាន​នៅ​ក្នុង​ខ្លួន​ដើម្បី​ជួយ​អាឡិច​ហ្នឹង​សូម​ផ្ទេរ ឬ​ផ្លាស់ប្ដូរ​មក​ជួយ​អារ៉ែង​វិញ អាឡិច​អត់​សំខាន់​ទេ​ ឈប់​និយាយ​ពី​អាឡិច សូម​និយាយ​ពី​អារ៉ែង​សិន​ ហើយ​កត្តា​គេ​បាតុកម្ម​ឬអត់​ ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ខ្ញុំខ្លួន​ឯង ឃើញ​ថា រដ្ឋាភិបាល​អួត​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​លិទ្ធិ​ប្រជា​ធិបតេយ្យ​ តែ​ផ្ទុយ​ទៅ​វិញ​ការអនុវត្តគឺ​ផ្ដាច់​ការ​ជាង​វៀតណាម ផ្ដាច់​ការ​ជាង​ចិន​ បាតុកម្ម​គឺ​មិន​បាន​តែ​ម្ដង។ បើដេញ​គេ​នឹង​ធ្វើ​ខុស រីឯ​ប៉ះពាល់​កិត្តិ​យស​ជាង​គេ​គឺ​គណបក្ស​កាន់​អំណាច​ និងអ្នក​នយោបាយ​ទាំង​អស់​។ ខ្ញុំ​មិន​មែន​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន មិន​មែន​ចោរប្លន់​ដើរ​បាញ់​គេ​ ខ្ញុំ​និយាយ​ពី​ការ​ពិត​ ការពារ​ព្រៃ​ឈើ​ពី​ការ​បំផ្លាញ តើ​មាន​​អី​ខុស​អាហ្នឹង។
នៅ​ពេល​សួរ​ថា​តើ លោក​ធ្លាប់​មាន​អ្នក​ណា​សាកល្បង​សូកប៉ាន់​អាឡិចទេ? អត់ដែល​មាន​ទេ ព្រោះ​គេ​គ្រាន់​តែ​គេ​មើល​មុខ​ គេ​ដឹង​ថា ទោះ​ជា​ឲ្យ​ ១០០០​ ​លាន​​ដុល្លារ ក៏​ទៅ​មិនរួច​ហ្នង ខ្ញុំ​​អត់​​ចេះ​អារឿង​លុយ​​ចឹង​ អត់​ចេះ​ហ្នង៕

6 comments:

Anonymous said...


Alex,

You are my hero.

Khmer people must do something to make Alex a Citizen of Cambodia.

Chhary

Anonymous said...

Dear Alex,

I am an American Khmer who have studied, worked and lived in the United States for 53 years.

I solemnly take my hat off to you,dear Khmer compatriot !

Anonymous said...

Alex,

Because of your personal sacrifice to" save" Cambdia, would you consider marrying a young Cambdian woman ?

Unknown said...

Thank you Alex for your true love of Cambodia's naturals. You are a
Godsend modern days hero. My hat off
to your kindness toward my beloved
country, from a Khmer son, Phirun

Unknown said...

Alex, i truly admire your love and care for Cambodia and its natural beauties. You are a Godsend to rescue this exploited land. I salute you for your admiration,
Phirun

Unknown said...

My hat off to you Alex and I certainly hope you will keep the
light shining in saving our beloved
forests. Phirun