ប្រិយមិត្តអ្នកអានជាច្រើនទំនងមិនបានដឹងករណីទំនាស់ក្តីក្តាំគ្នាមួយរវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី ជាមួយក្រុមហ៊ុន Cambodia Power Company(CPC) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំនៅសហរដ្ឋអាមេរិកឈ្មោះ Beacon Hill Associates Inc. (BHA) រឿងផ្គត់ផ្គង់ថាមពលអគ្គិសនីកម្លាំង៦០មេហ្គាវ៉ាត់នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុន CPC ជាអ្នកប្តឹងទាមទារសំណងការខូចខាតប្រមាណ៣០០លានដុល្លារអាមេរិកពីរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រុមហ៊ុនអគ្គិសនីកម្ពុជា(EDC) កាលពីឆ្នាំ២០០៩រហូតដល់ឆ្នាំ២០១១នោះឡើយ ហើយក៏ជារឿងក្តីដែលរាជរដ្ឋាភិបាលបានចំណាយលុយលើសេវាមេធាវីអស់ជិត២,៥លានដុល្លារអាមេរិកដែរ ។
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលកម្ពុជាតំណាងដោយអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រុមហ៊ុនអគ្គិសនីកម្ពុជា(EDC) បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Cambodia Power Company(CPC) លើការផ្គត់ផ្គង់សេវាថាមពលអគ្គិសនីកម្លាំង៦០មេហ្គាវ៉ាត់នៅរាជធានីភ្នំពេញរយៈពេល២០ឆ្នាំទៅ២៥ឆ្នាំ ដោយក្រុមហ៊ុន CPC ជាអ្នកផ្គត់ផ្គង់ ។
អស់រយៈពេលជាច្រើនឆ្នាំ ដោយដំណើរការសាងសង់ និងផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ក្រុមហ៊ុន CPC គ្មានការរីកចម្រើនទៅមុខ ទើបរាជរដ្ឋាភិបាលវាយតម្លៃថា ក្រុមហ៊ុន CPC គ្មានលទ្ធភាពវិនិយោគលើវិស័យថាមពលអគ្គិសនីនេះឡើយ ហើយក៏បានធ្វើឲ្យក្រុមហ៊ុន CPC ខឹងសម្បា និងចាប់ផ្តើមដាក់ពាក្យប្តឹងរាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៩ ទៅស្ថាប័នតុលាការ មានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង ដោយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា មិនគោរពកិច្ចសន្យា និងទាមទារសំណងការខូចខាតប្រមាណ៣០០លានដុល្លារអាមេរិក ។
ដើម្បីតទល់ក្នុងរឿងក្តីជាមួយក្រុមហ៊ុន CPC នេះ រាជរដ្ឋាភិបាលកម្ពុជាបានពឹងពាក់ក្រុមហ៊ុនមេធាវីមួយឈ្មោះ Sciaroni & Associates មានលោក ប្រេតតុន ស្ការ៉ូនី (Bretton G. Sciaroni) ជាតំណាង ឲ្យជួយបំពេញនីតិវិធីនៅចំពោះមុខស្ថាប័នតុលាការ ដោយរាជរដ្ឋាភិបាលបុរសខ្លាំងបានចំណាយប្រាក់ចំនួន៩.៩៨២.៧០០.០០០រៀល(ជិត២,៥លានដុល្លារអាមេរិក) ឲ្យទៅក្រុមហ៊ុនមេធាវី Sciaroni & Associates ។
ជាមួយនឹងការចំណាយទឹកប្រាក់ជិត២,៥លានដុល្លារអាមេរិក លើសេវាក្រុមហ៊ុនមេធាវី Sciaroni & Associates នេះ គឺបានផ្តល់មកវិញនូវលទ្ធផលគួរជាទីមោទកភាព ដោយរាជរដ្ឋាភិបាលកម្ពុជាបានឈ្នះក្តីលើក្រុមហ៊ុន CPC ក្នុងសំណុំរឿងលេខARB/09/18 តាមរយៈសាលក្រមរបស់តុលាការ ដែលបញ្ជូនដល់គូភាគីនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១ មានចៅក្រមជនជាតិអង់គ្លេស លោក Neil Kaplan CBE QC SBS ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងចៅក្រមជនជាតិអង់គ្លេស២នាក់ទៀត លោក John Beechey និងលោក Toby Landau QC ជាក្រុមប្រឹក្សាជំនុំជម្រះ សម្រេចច្រានចោលពាក្យបណ្តឹងរបស់ក្រុមហ៊ុន CPC ទាំងស្រុង ។
នេះគឺជាសំណុំរឿងក្តីមួយរវាងរាជរដ្ឋាភិបាលបុរសខ្លាំង និងក្រុមហ៊ុនឯកជនដែលបានចំណាយប្រាក់អស់យ៉ាងច្រើនរហូតដល់ជិត២,៥លានដុល្លារអាមេរិក ទៅលើសេវាក្រុមហ៊ុនមេធាវី ប៉ុន្តែទទួលបានមកវិញនូវការឈ្នះក្តី ៕
No comments:
Post a Comment