A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 April 2015

បក្ស​សង្គ្រោះ​ជាតិ​នឹង​រំលឹក​ខួប​ឈឺចាប់​៤០ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរ​ក្រហម

សារមន្ទីរ​ជើង​ឯក (រូប​ឯកសារ)
នៅ វណ្ណារិន
16 មេសា 2015

«ការ​ឈឺ​ចាប់​ហ្នឹង​គឺ​ជា​ការ​ឈឺចាប់​ជា​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​គ្រប់រូប​ត្រូវ​តែ​ចងចាំ​ ត្រូវ​តែ​រៀន​សូត្រ​ ​ពីព្រោះ​នេះ​វា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​នឹង​ ខ្ទេចខ្ទាំ ​រលាយ​សាប​សូន្យ។​ ហើយ​អ្នកនយោបាយ​ខ្មែរ​ត្រូវ​តែ​រៀន​សូត្រ​ចេញពី​បទពិសោធន៍​ហ្នឹង​ហើយ​កុំ​ឲ្យ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្លួន​ឯង​និង​កាប់សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង»។​

ភ្នំពេញ—
គណបក្ស​សង្គ្រោះ​ជាតិ​និង​សមាជិក​របស់​ខ្លួន​គ្រោង​នឹងប្រារព្ធ​ពិធី​បុណ្យ​ព្រះពុទ្ធ​សាសនា​មួយ​នៅ​ក្នុង​សារមន្ទីរ​ជើង​ឯក​នា​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម។​ នេះ​បើ​តាម​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​នេះ។​

ថ្ងៃ​សុក្រ​ទី​១៧​ខែ​មេសា​ខាង​មុខ​នេះ​គឺ​ជា​ថ្ងៃ​ខួប​ទី៤០​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​ពួក​ខ្មែរ​ក្រហម។​ បន្ទាប់​ពី​បាន​កាន់កាប់​ក្រុង​ភ្នំពេញ​នា​ឆ្នាំ​១៩៧៥​ ខ្មែរ​ក្រហម​និង​បក្ស​ពួក​បាន​ ធ្វើ​ការ​ជម្លៀស​ ប្រជាជន​ចេញ​ពី​ទីក្រុង។ ហើយ​នេះ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​កាប់​សម្លាប់​ជាតិ​សាសន៍​ខ្លួនឯង​ដ៏​ឃោរឃៅ។​ ត្រឹមតែ​ជាង​៣ឆ្នាំ​ប៉ុណ្ណោះ​ មាន​ប្រជាជន​កម្ពុជា​យ៉ាង​ហោច​ណាស់១,៧​លាន​ នាក់​ បាន​ស្លាប់ ​ដោយ​សារ​ ការ​សម្លាប់​ ការ​ធ្វើ​ទារុណកម្ម​ ការ​បង្អត់​បាយ​ និង​ ធ្វើ​ការងារ​ហួស​កម្លាំង​ជា​ដើម។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃពុធ​នេះ​ គណបក្ស​ជំទាស់​បាន​ប្រកាស​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ដើម្បី​«បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម»។ ក្នុង​នោះ​ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​ លោក​សម រង្ស៊ី​នឹង​ចូលរួម​ពិធី​នេះ​ផង​ដែរ។​



លោក​ យឹម សុវណ្ណ​អ្នក​តំណាងរាស្រ្ត​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានបាត់បង់​ឳពុក​បង្កើត​និង​សាច់ញាតិ​មួយ​ចំនួន​នៅ​ក្នុង​របប​នោះ​បាន​ប្រាប់​វីអូអេ​ខេមរភាសា​ថា​ការឈឺចាប់​ពី​របប​ឧក្រិដ្ឋកម្ម​មួយ​នេះ​គឺ​នៅ​តែ​មាន​នៅ​ឡើយ​ ហើយ​អ្នក​នយោបាយ​គ្រប់រូប​គួរ​តែ​ចៀសវាង​ការ​ធ្វើ​នយោបាយ ​កាប់​សម្លាប់​ជន​ជាតិ​ឯង​ដូច​ពួក​ខ្មែរ​ក្រហម។​

«ការ​ឈឺ​ចាប់​ហ្នឹង​គឺ​ជា​ការ​ឈឺចាប់​ជា​ប្រវត្តិសាស្ត្រ​ដែល​ខ្មែរ​គ្រប់រូប​ត្រូវ​តែ​ចងចាំ​ ត្រូវ​តែ​រៀន​សូត្រ​ ​ពីព្រោះ​នេះ​វា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​នឹង​ ខ្ទេចខ្ទាំ ​រលាយ​សាប​សូន្យ។​ ហើយ​អ្នកនយោបាយ​ខ្មែរ​ត្រូវ​តែ​រៀន​សូត្រ​ចេញពី​បទពិសោធន៍​ហ្នឹង​ហើយ​កុំ​ឲ្យ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្លួន​ឯង​និង​កាប់សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង»។​

លោក​បន្ថែម​ថា​ ​ពិធីបុណ្យ​ពុទ្ធសាសនា​នេះ​នឹង​ចាប់​ផ្តើម​ពី​ម៉ោង៧​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​មេសា​ ដោយ​មាន​ការ​រាប់​បាត​ព្រះសង្ឃ​និង​បង្សុកូល។​

​ដោយឡែកលោក​ ជុំ​ ម៉ី​ អតីត​អ្នកទោស​ក្នុង​គុក​ទួល​ស្លែង​ឬ​ មន្ទីរ​សន្តិសុខ​ស​២១​ បាន​មាន​ប្រសាសន៍​ថា​លោក​មិនបាន​ដឹង​រឿង​ពិធីបុណ្យ​នោះ​ទេ​ក៏​ប៉ុន្តែ​លោក​ក៏​នឹង​មិនទៅ​ចូលរួម​ផង​ដែរ​ ដោយសារតែ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ កឹម សុខា​ នៅ​ជំពាក់​ពាក្យ​សុំទោស​លោក​និង​ជន​រង​គ្រោះ​នៅ​អតីត​គុក​ទួល​ស្លែង​នៅឡើយ។​ លោក​កឹម សុខា​ ត្រូវ​បាន​លោក​ជុំ ម៉ី​ចោទ​ថា​បាន​ថ្លែង​កាល​ពីឆ្នាំ​២០១៣​ថា​គុក​ទួលស្លែង​គឺ​បង្កើត​ឡើង​ដោយ​ទាហាន​វៀតណាម​ដែល​បាន​កាន់​កាប់​ទី​ក្រុង​ភ្នំពេញ​នា​ដើម​ឆ្នាំ​១៩៧៩។

«ខ្ញុំ​អត់​មាន​ចូល​រួម​ជា​មួយ​ពួកគាត់​ទេ។ ​ពួកគាត់​ខ្ញុំ​ទំនាក់​ទំនងកាល​ពី​លើក​មុន​ ​ពួកគាត់​អត់​មក​ជិត​ខ្ញុំ​ទេ។​ ដូចជា​លើក​មុន​ រឿង​លោក​ កឹម សុខា​និង ​ខ្ញុំ​សុំ​ឲ្យ​គាត់​មក​អុច​ធូប​បី​សរសៃ​ គាត់​អត់​មក»​។​

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោកតា​ ជុំ​ ម៉ី​ បាន​ថ្លែង​ថា​ការឈឺចាប់​របស់​លោក​ ក្នុង​ការបាត់បង់​ភរិយា​និង​កូនៗ​៤រូប ​រួម​ទាំង​ការ​ធ្វើទារុណកម្ម​មក​លើ​រូបលោក​ផង​ នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ នៅ​តែ​មាន​នៅ​ឡើយ។​

តែ​លោក​បញ្ជាក់​ថា​លោក​មាន​ក្តី​រីករាយ​និង​ពេញ​ចិត្ត​ក្រោយ​ពេល​ដែល​តុលាការ​ ដាក់​ទោស​អតីត​ប្រធាន​ពន្ធនាគារ​ទួល​ស្លែង​ឈ្មោះ​ កាំង ហ្គិចអ៊ាវ ​ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត​និង​មាន​សំណង​ជា​ស្តូប​ដើម្បី​រំលឹក​ដល់​អ្នក​ដែល​បាន​ស្លាប់​នៅ​មន្ទីរ​ស​២១​នោះ៕

សូម​ប្រិយមិត្តិ​រង់​ចាំ​តាមដាន​កម្មវិធី​ផ្សាយ​ពិសេស​របស់​ VOA ទាក់ទង​នឹង​ខួប​ទី​៤០​នៃ​ការ​ឡើង​កាន់កាប់​អំណាច​របស់​ខ្មែរ​ក្រហម​នៅ​ក្នុង​សប្តាហ៍​នេះ។

No comments: