A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 17 April 2015

People's opinion regarding the election process to be conducted by the new NEC ទស្សនៈ​សង្គម​ស៊ីវិល​ចំពោះ​ដំណើរ​ការ​ចាត់ចែង​ការ​បោះ​ឆ្នោត​របស់​គ.ជ.ប​ថ្មី

គ.ជ.ប
ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)
RFA
មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​មាន​ទស្សនៈ​ថា ដំណើរ​ការ​ចាត់​ចែង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ នៅ​តែ​មាន​បញ្ហា​កើត​ឡើង បើ​ទោះ​បី​ជា​មាន​ការ​ប្ដេជ្ញា​របស់​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្មី​ក៏ដោយ។ ការ​លើក​ឡើង​នេះ គឺ​ផ្អែក​ទៅ​លើ​នីតិវិធី​ក្នុង​សេចក្តី​តាក់តែង​ច្បាប់​ថ្មី​នេះ និង​គោល​ជំហរ​របស់​ក្រុម​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត។
នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ (SILAKA) អ្នកស្រី ធីតា ឃិះ បង្ហាញ​ក្តី​សង្ឃឹម​តិចតួច​អំពី​ដំណើរ​ការ​ចាត់ចែង​ការងារ​របស់ គ.ជ.ប​ថ្មី ទៅ​ថ្ងៃ​អនាគត។ អ្នកស្រី​លើក​ហេតុផល​ថា ខ្លឹមសារ​ច្បាប់​របស់ គ.ជ.ប​ថ្មី​នេះ​មិន​មាន​តម្លាភាព និង​បន្ថយ​ការ​ចូលរួម​របស់​សង្គម​ស៊ីវិល និង​ជាពិសេស គឺ​គោល​ជំហរ​ស្មោះ​ត្រង់​របស់​សមាជិកភាព គ.ជ.ប​ថ្មី​ទាំង​នោះ៖ «និយាយ​តាម​ត្រង់​ទៅ​ដូចជា​មិន​ទុក​ចិត្ត ដូចជា​មិន​ដំណើរ​ការ​ល្អ​ប្រហែល ៤០% មិន​បាន ៥០% ផង ពីព្រោះ​របៀប​សរសេរ​ច្បាប់​មិន​សូវ​មាន​តុល្យភាព និង​កាត់​បន្ថយ​លទ្ធភាព​របស់​សង្គម​ស៊ីវិល​ក្នុង​ការ​ចូលរួម។ យើង​អត់​ទាន់​ឃើញ​គេ​រៀបចំ​អគ្គលេខាធិការ និង​បុគ្គលិក​គាំទ្រ ព្រម​ទាំង​យន្តការ​ទទួល​ថវិកា ដើម្បី​ដំណើរ​ការ​ហ្នឹង​មិន​ទាន់​ឃើញ​រៀបចំ​យ៉ាង​ម៉េច...»
អ្នកស្រី ធីតា ឃិះ បន្ត​ថា បញ្ហា​សំខាន់​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នេះ គឺ​អព្យាក្រឹតភាព និង​តម្លាភាព​របស់​មន្ត្រី​រាជការ​ដែល​ត្រូវ​ជ្រើសរើស​ចូលរួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត និង​ភាព​ស្មោះ​ត្រង់​របស់​សមាសភាព​ទាំង ៩​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី។
សមាជិក គ.ជ.ប​ថ្មី​ទាំង ៩​រូប​នោះ​រួម​មាន លោក ស៊ិក ប៊ុនហុក ជា​ប្រធាន និង​សមាជិក ៣​នាក់​ផ្សេង​ទៀត គឺ​លោក មាន សទិ លោក ឌុច សុន លោក ឯម សូផាត ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ វិញ​រួម​មាន លោក គួយ ប៊ុនរឿន ជា​អនុប្រធាន អ្នកស្រី តែ ម៉ានីរ៉ុង លោក រ៉ុង ឈុន និង​លោក ហ៊ីង ធីឫទ្ធិ ហើយ​សមាជិក​ទី​៩ គឺ​លោក ហង្ស ពុទ្ធា ជ្រើសរើស​ពី​អង្គការ​សង្គម​ស៊ីវិល។

ក្នុង​ពិធី​ប្រកាស​ផ្ទេរ​តំណែង​សមាសភាព គ.ជ.ប​ថ្មី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា លោក​ប្រធាន ស៊ិក ប៊ុនហុក ប្ដេជ្ញា​ថា​នឹង​ប្រឹងប្រែង​អនុវត្ត​តួនាទី ភារកិច្ច ប្រកប​ដោយ​ឯករាជ្យ អព្យាក្រឹត្យ និង​តម្លាភាព ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​គ្រប់​ភាគី​ទទួល​យក​បាន។ បន្ថែម​ពី​នេះ សមាជិកភាព​ទាំងអស់​ក៏​បាន​ប្ដេជ្ញា​ផង​ដែរ​ថា នឹង​ចាត់ចែង​ការ​រៀបចំ​បោះ​ឆ្នោត​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​មួយ​ដ៏​សមរម្យ ស្រប​តាម​ច្បាប់​បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត។
ចំណែក​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​របស់​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា លោក​មាន​សុទិដ្ឋិនិយម​ថា គ.ជ.ប​ថ្មី​នេះ​នឹង​មាន​ដំណើរ​ការ​ល្អ ទទួល​បាន​ជោគជ័យ និង​បញ្ចៀស​រាល់​បញ្ហា​ដែល​នាំ​ឲ្យ​រាំង​ស្ទះ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ៖ «ខ្ញុំ​មាន​សង្ឃឹម​មែន​ទែន​ទៅ សង្ឃឹម​ថា​ក្រុម​ការងារ​នេះ​នឹង​ជួយ​កាត់​បន្ថយ និង​បំបាត់​មិន​ឲ្យ​មាន​វិបត្តិ​នយោបាយ​ជា​រៀង​រាល់​ពេល​ក្រោយ​ការ​បោះ​ឆ្នោត​ត​ទៅ​ទៀត។ ម្យ៉ាង​ទៀត ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា មេ​ដឹក​នាំ​នយោបាយ​ធំៗ​ដូចជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី ប្រកាស និង​បង្ហាញ​ទឹក​ចិត្ត​រួម​ថា សមាជិក គ.ជ.ប​ថ្មី​នេះ ត្រូវ​លា​លែង​ពី​បក្ស​នយោបាយ និង​គិតគូរ​ធ្វើ​ការ​តាម​វិជ្ជាជីវៈ ដោយ​មិន​ស្តាប់​បង្គាប់​បញ្ជា​ពី​ខាង​ណា​ឡើយ។ ចំណុច​នេះ​ហើយ ខ្ញុំ​គិត​ថា ស្ថាប័ន​នេះ​នឹង​ធ្វើ​ឲ្យ​ជាតិ​បាន​សុខ​តាម​រយៈ​ជ្រើសរើស​មេ​ដឹក​នាំ​ខ្មែរ​ក្នុង​របប​ប្រជាធិបតេយ្យ​នេះ...»
ទោះ​ជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​របស់​មន្ត្រី​ស្ថាប័ន គ.ជ.ប​ថ្មី ឬ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ថា​នឹង​ប្រឹងប្រែង​អនុវត្ត​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​ក៏ដោយ អ្នកស្រី ធីតា ឃិះ នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ  អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា ជាពិសេស​គឺ​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល យក​ចិត្ត​ទុក​ដាក់​បន្ថែម ដើម្បី​ពិនិត្យ​មើល​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌

No comments: