A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 May 2015

ទាហាន​​នៅ​តំបន់​អូរផ្អាវ​ស្រុក​វ៉ារិន​ប្រើ​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ​ក្នុង​រឿង​ទំនាស់​ដីធ្លី


ដោយ ហង្ស សាវយុត
2015-05-04 RFA

ពលរដ្ឋ​មក​ពី​ស្រុក​វ៉ារិន ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ទាហាន​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៥ និង​ទាហាន​យោធភូមិភាគ​ទី​៤ លើក​គ្នា​មក​សាលា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៥។
RFA/Hang Savyouth

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ៣០​គ្រួសារ នៅ​តំបន់​អូរផ្អាវ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ជាមួយ​ទាហាន ១​ក្រុម​របស់​យោធភូមិភាគ​ទី​៤ ដែល​ឈរ​ជើង​នៅ​តំបន់​នោះ បាន​ឈាន​ដល់​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ២-​៣​ថ្ងៃ​មក​នេះ។

អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល កំពុង​មាន​ក្តី​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ទាហាន​នេះ ហើយ​គេ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​តែ​ចេញ​មុខ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​តំបន់​អូរផ្អាវ នៃ​ឃុំ​ស្រែណូយ ជាប់​ព្រំ​ប្រទល់​គ្នា​នឹង​តំបន់​ព្រៃស្អាក បាន​ចោទ​ប្រកាន់​ទាហាន​១​ក្រុម​របស់​យោធភូមិភាគ​ទី​៤ ដែល​ឈរ​ជើង​នៅ​តំបន់​នោះ ថា​បាន​ប្រើ​អាវុធ​បាញ់​គំរាម និង​ដើរ​ដក​បំផ្លាញ​ដើម​ដំឡូង​មី​របស់​អ្នក​ភូមិ​អស់​ជា​ច្រើន។

សកម្មភាព​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ទាហាន​នេះ នៅ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​ដាំ​ដុះ​លើ​ដី​ចំការ ក៏ប៉ុន្តែ​ក្រុម​ទាហាន​យល់​ថា ដី​ទាំង​នោះ​គឺ​ជា​ដី​របស់​រដ្ឋ។



តំណាង​ប្រជាពលរដ្ឋ​ម្នាក់​នៅ​តំបន់​អូរផ្អាវ គឺ​លោក ជឹម ជួន មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​ឧសភា​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា កន្លង​ទៅ ទាហាន​ម្នាក់​នៅ​ក្នុង​អង្គភាព​ដែល​ចំណុះ​ឱ្យ​យោធភូមិភាគ​ទី​៤ បាន​បាញ់​កាំភ្លើង​គំរាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​ដាំ​ដំណាំ​នៅ​លើ​ដី​ដែល​ពួកគេ​ធ្លាប់​ធ្វើ​កសិកម្ម​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទេ ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា ទៀត គឺ​ទាហាន​ជា​ច្រើន​នាក់​បាន​លើក​គ្នា​មក​ដើរ​ដក​បំផ្លាញ​កូន​ដំឡូងមី​របស់​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន។

លោក ជឹម ជួន បញ្ជាក់​ថា នៅ​ពេល​ដែល​ទាហាន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​ដូច​នេះ គឺ​ប្រជាពលរដ្ឋ​ជា​ច្រើន​មាន​ការ​ភ័យខ្លាច ព្រមទាំង​មិន​អាច​ទៅ​ប្រកប​របរ​កសិកម្ម​បាន៖ «ព្រឹក​មិញ​ទាហាន​យោធភូមិភាគ​ទី​៤ ដប់-​ម្ភៃ​នាក់ គេ​មក​ដើរ​ដក​ដើម​ដំឡូង​ចោល​អស់ ដើម​ដំឡូង​ដែល​ប្រជាពលរដ្ឋ​ដាំ​ដុះ​ហើយ។ ដាំ​នោះ​គឺ​ប្រជាពលរដ្ឋ​ដាំ​ដុះ​រៀង​រាល់​ឆ្នាំ»។

ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ពួកគេ​មាន​ទំនាស់​ដីធ្លី​ជាមួយ​កង​ទាហាន​នៃ​យោធភូមិ​ទី​៤ ដែល​នៅ​តំបន់​នោះ​ជា​ច្រើន​ខែ​មក​ហើយ ដោយ​ពួកគេ​ក៏​ធ្លាប់​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ឱ្យ​ជួយ​ដោះស្រាយ​ដែរ ក៏ប៉ុន្តែ​រហូត​ដល់​ពេល​នេះ បាន​ត្រឹម​តែ​ទទួល​ចម្លើយ​ថា ទឹក​ដី​តំបន់​នោះ មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខេត្ត​សៀមរាប ទៀត​ទេ គឺ​បាន​ផ្ទេរ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខេត្ត​ឧត្តរមានជ័យ ទៅ​ហើយ។

ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​នោះ និង​អាជ្ញាធរ​ខេត្ត​សៀមរាប ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប លោក សួស ណារិន មាន​ប្រសាសន៍​ថា ដី​នៅ​តំបន់​អូរផ្អាវ នោះ គឺ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ទឹកដី​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប។ លោក សួស ណារិន បញ្ជាក់​ថា លោក​មិន​បាន​ផ្អែក​លើ​ភូមិសាស្ត្រ​នៃ​ដី​ទំនាស់​នោះ​ថា ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខេត្ត​ណា​ទេ ក៏ប៉ុន្តែ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​គួរតែ​ផ្អែក​លើ​ច្បាប់ មិន​ត្រូវ​យក​អាវុធ​ទៅ​បាញ់​បោះ​ដូច្នេះ​ទេ។

លោក សួស ណារិន បញ្ជាក់​ថា ពេល​បច្ចុប្បន្ន រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ហើយ​បើ​ទាហាន​យក​អាវុធ​ទៅ​បាញ់​បោះ​ដូច​នេះ មាន​ន័យ​ថា មិន​មែន​ជា​ការ​ធ្វើ​ឱ្យ​ចប់​បញ្ហា​ឡើយ៖ «ខ្ញុំ​យល់​ថា អាវុធ​ដែល​រដ្ឋាភិបាល​បំពាក់​ឱ្យ​ទាហាន គឺ​សម្រាប់​ការពារ​ព្រំដែន ការពារ​ទឹកដី មិន​មែន​សម្រាប់​យក​ទៅ​បាញ់​គំរាម​ប្រជាពលរដ្ឋ​អ៊ីចឹង​ទេ»។

​តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​អូរផ្អាវ ឱ្យ​ដឹង​ថា ពួកគេ​ចំនួន ៣០​គ្រួសារ កំពុង​ប្រឈមមុខ​នឹង​ការ​គ្មាន​ដី​ធ្វើ​កសិកម្ម​នៅ​ក្នុង​ឆ្នាំ​នេះ ប្រសិនបើ​កង​ទាហាន​នៅ​តែ​​ទៅ​ហាមឃាត់ និង​គំរាមកំហែង​បែប​នេះ​ទៅ​មុខ​ទៀត៕

No comments: