ដោយ សូត សុខប្រាថ្នា
2015-05-12 rfa
ប្រជាពលរដ្ឋមួយចំនួនជាជនជាតិដើមភាគតិច នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាន់តែមានជីវភាពលំបាកនាពេលបច្ចុប្បន្ន ក្រោយពេលដីចម្ការវិលជុំរបស់ពួកគេត្រូវបានរាជរដ្ឋាភិបាល ផ្ដល់ដីសម្បទានទៅឲ្យក្រុមហ៊ុនឯកជន។ ពលរដ្ឋត្រូវនាំគ្នាស៊ីឈ្នួលឲ្យពលរដ្ឋវៀតណាម ឬក្រុមហ៊ុនមួយចំនួននៅទីនោះ និងខ្លះត្រូវចំណាកស្រុកស្វែងរកការងារកន្លែងផ្សេងសម្រាប់ធ្វើ ជាដើម។
ក្រៅពីមានដីស្រែចម្ការផ្ទាល់ខ្លួនដែលនៅសេសសល់ បន្ទាប់ពីរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន និងចំណែកខ្លះបានទៅអ្នកមានប្រាក់ហើយនោះ ពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិចស្ទៀង នៅភូមិចង្គុំកណ្ដាល និងចង្គុំទី១ ត្អូញត្អែរពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពលរដ្ឋអះអាងថា មុនពេលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅទីនោះចាប់ដំណើរការ ពួកគាត់អាចប្រើប្រាស់ដីបម្រុងទុករបស់អ្នកភូមិសម្រាប់ធ្វើចម្ការវិលជុំជារៀងរាល់ឆ្នាំ។
លើសពីនេះ ពួកគាត់មិនពិបាកឡើយក្នុងការស្វែងរកត្រីសាច់ ពិសេសបន្លែបង្ការនានា ពីព្រោះបន្លែផ្លែឈើជាច្រើន គឺមានស្រាប់ក្នុងដីចម្ការវិលជុំ។ ជាងនេះទៀត ការផ្តល់ដីសម្បទានរបស់រាជរដ្ឋាភិបាល គឺធ្វើឲ្យប្រជាពលរដ្ឋទាំងនោះត្រូវបាត់បង់មុខរបរជាប្រពៃណីទៀតផង។
ពលរដ្ឋជនជាតិដើមស្ទៀង រស់នៅឃុំទន្លូង អ្នកស្រី យ៉ង់ យ៉ូន មានប្រសាសន៍ថា បន្ទាប់ពីបាត់បង់ដីចម្ការវិលជុំ អ្នកស្រីនៅសេសសល់ដីមួយហិកតារប៉ុណ្ណោះសម្រាប់ធ្វើចម្ការជាមួយសមាជិកក្នុងគ្រួសារផ្សេងទៀត។ អ្នកស្រីបន្ថែមថា សម្រាប់ដី ១ហិកតារ គឺមិនគ្រប់គ្រាន់ឡើយក្នុងជីវភាពរស់នៅ ទើបទាមទារឲ្យអ្នកស្រី និងកូនៗ ត្រូវទៅស៊ីឈ្នួលក្រុមហ៊ុននៅក្បែរៗនោះ ដោយទទួលកម្រៃបានមួយថ្ងៃពី ១៥.០០០រៀល ដល់ ២ម៉ឺនរៀល និងមានកូនខ្លះត្រូវចំណាកស្រុក ជាដើម៖ «ស៊ីឈ្នួលទាំងម្តាយទាំងកូន។ រកអីបើមិនចេះរកអីផង ហើយកូនៗប្រុសៗទៅឆ្ងាយៗនៅខាងស្រុកស្នួល ទៅអី»។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀត លោក យ៉ែម គង់ ឲ្យដឹងថា មុនឆ្នាំ២០០៥ ពលរដ្ឋជនជាតិដើមភាគតិច គឺមានដីបម្រុងទុកសម្រាប់ធ្វើចម្ការវិលជុំប្រមាណ ៤ពាន់ហិកតារ ប៉ុន្តែក្រោយពីដីទាំងនោះត្រូវបានធ្លាក់ទៅលើដៃក្រុមហ៊ុន តាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល និងមួយចំណែកបានទៅអ្នកមានអំណាចផងនោះ ពលរដ្ឋត្រូវប្រឈមស្ថានភាពពិបាករហូតមក៖ «ការប្រឈមនឹងការពិបាកទៅថ្ងៃមុខនេះ សម្រាប់ពលរដ្ឋជនជាតិដើមភាគតិចស្ទៀង ក៏ដូចជាខ្មែរអាចប្រឈមបញ្ហាច្រើន ដរាបណាដីទាំងអស់ហ្នឹងធ្លាក់ទៅលើដៃអ្នកមានអំណាច»។
ប្រភពដដែលបន្តថា កន្លងមកពលរដ្ឋតែងតវ៉ាចំពោះការផ្តល់ដីសម្បទានរបស់រាជរដ្ឋាភិបាលនេះ ប៉ុន្តែមិនមានប្រសិទ្ធភាពទេ។ ជាងនេះទៀត ពលរដ្ឋតែងស្នើសុំដីសម្រាប់ធ្វើចម្ការក្រោយពីដីរបស់ពួកគាត់ត្រូវបានបាត់បង់ ប៉ុន្តែបែរជាមានក្រុមហ៊ុនខ្លះយកដីសម្បទានរបស់ខ្លួនទៅជួលបន្តឲ្យប្រជាពលរដ្ឋវៀតណាម ធ្វើទៅវិញ។
បន្ថែមលើនេះ អនុប្រធានភូមិចង្គុំកណ្តាល លោក សំ សាយ បញ្ជាក់ថា បច្ចុប្បន្ននេះដីចម្ការវិលជុំរបស់អ្នកភូមិភាគច្រើនជាជនជាតិភាគតិចស្ទៀង ដែលពួកគាត់ពឹងអាស្រ័យផលលើការធ្វើចម្ការ ប៉ុន្តែឥឡូវនេះ គឺគ្មានដីទៀតឡើយចាប់តាំងពីឆ្នាំ២០០៦ មក ហើយពលរដ្ឋក្នុងភូមិត្រូវបន្តរស់នៅក្នុងស្ថានភាពពិបាកពីមួយឆ្នាំទៅមួយឆ្នាំ។
ទាក់ទងបញ្ហានេះ ជំទប់ទី១ ឃុំទន្លូង ទទួលបន្ទុកដីធ្លី លោក ពឹង ប៊ុនថន មានប្រសាសន៍ថា វត្តមានក្រុមហ៊ុនដែលទទួលដីសម្បទាននៅក្នុងឃុំទន្លូង និងឃុំជាំក្រវៀន ដែលនៅជាប់គ្នា គឺមានប្រមាណជា ៥ ទៅ ៦ក្រុមហ៊ុន ដូចជាក្រុមហ៊ុន ម៉ែន សារុន ក្រុមហ៊ុន កុយ សុខងួន ក្រុមហ៊ុន ស៊ុន សុខឡេង ជាដើម ប៉ុន្តែលោកមិនបានចាំផ្ទៃដីសរុបរបស់ក្រុមហ៊ុនទាំងនោះទេ គ្រាន់តែចាំថា ក្រុមហ៊ុន ម៉ែន សារុន ទទួលបានដីសម្បទានជិត ៥ពាន់ហិកតារនៅតំបន់នោះ ហើយក្រោយមកក៏កាត់ផ្ទៃដីជាង ១ពាន់ហិកតារទៅឲ្យពលរដ្ឋវិញ បន្ទាប់ពីរកឃើញផលប៉ះពាល់។ លោកឲ្យដឹងថា ពលរដ្ឋនៅក្នុងឃុំទន្លូង គឺមិនសូវមានអ្នកចំណាកស្រុកឡើយ ដោយពួកគេអាចស៊ីឈ្នួលឲ្យក្រុមហ៊ុនបាន។ លោកបញ្ជាក់ថា ដីបម្រុងទុករបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចស្ទៀង គឺមិនមានច្រើនដូចការលើកឡើងទេ៖ «ខាងខ្ញុំហ្នឹងក៏មានការអំពាវនាវរបស់ប្រជាពលរដ្ឋដែរ។ បើពួកគាត់ពិតជាគ្មានដីធ្វើដំណាំធ្វើអីមែន ឲ្យមកដាក់ពាក្យនៅសាលាឃុំដើម្បីស្នើសុំទៅលើរកដីសម្បទានសង្គមកិច្ចចែកជូនពួកគាត់»។
យ៉ាងណា ជំទប់ឃុំដដែលមិនទាន់ទទួលដំណឹងថា មានក្រុមហ៊ុនខ្លះយកដីសម្បទានរបស់ខ្លួនទៅជួលឲ្យពលរដ្ឋវៀតណាម នោះទេ ប៉ុន្តែលោកថា នឹងស៊ើបអង្កេតជុំវិញករណីនេះ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុន គឺដើម្បីរួមចំណែកឲ្យពលរដ្ឋមានការងារធ្វើ និងដើម្បីបានចំណូលជាតិ ជាជាងទុកដីទំនេរចោល។ ក៏ប៉ុន្តែកន្លងមក លោកមើលឃើញថា ការផ្តល់ដីសម្បទានទាំងនោះតែងធ្វើឲ្យពលរដ្ឋរងទុក្ខ បាត់បង់មុខរបរ និងរឹតតែក្រីក្រទៅវិញ ពីព្រោះដីសម្បទានទាំងឡាយ គឺតែងតែប៉ះពាល់ដីប្រជាសហគមន៍ធ្លាប់អាស្រ័យផល។ លោកអះអាងថា មូលហេតុនាំឲ្យប៉ះពាល់ដល់ពលរដ្ឋ ដោយសាររបាយការណ៍ស្ដីពីការផ្តល់ដីសម្បទានរបស់អាជ្ញាធរ គឺធ្វើឡើងដោយគ្មានការសិក្សាត្រឹមត្រូវ គ្មានតម្លាភាព និងអាចមានអំពើពុករលួយទៀតផង ហើយក៏មានក្រុមហ៊ុនខ្លះមិនព្រមអនុវត្តគោលនយោបាយស្បែកខ្លារបស់រដ្ឋាភិបាល ជាដើម៖ «ថាតើការស្រាវជ្រាវរបស់ក្រុមការងារសង្គមកិច្ចហ្នឹងតម្លាភាពឬអត់? មិនមែនរដ្ឋាភិបាលមិនដឹងអីណា ព្រោះគាត់មានខ្សែតាំងពីលើដល់ក្រោម។ ប៉ុន្តែក្រុមដែលមកធ្វើការងារហ្នឹង ខ្ញុំជឿថា ជាក្រុមដែលមិនល្អ ប្រព្រឹត្តអំពើពុករលួយ»។
ចំណែកការរំលោភដីសមូហភាពវិញ លោក នាង សុវ៉ាត លើកឡើងថា គឺការរំលោភសិទ្ធិរបស់ជនជាតិដើមភាគតិច ដែលពិភពលោកកំពុងការពារពួកគាត់ រួមទាំងកម្ពុជា ដែរ។ លោកយល់ថា រាជរដ្ឋាភិបាលគប្បីពិនិត្យឡើងវិញចំពោះក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នៅស្រុកមេមត់ ពីព្រោះមានក្រុមហ៊ុនមួយចំនួនមិនបានអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវឡើយ៕
No comments:
Post a Comment