A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 20 May 2015

កឹម សុខា ថា បក្ស​ប្រជាជន​កំពុង​ខំ​បំបែក​សង្គ្រោះ​ជាតិ


Tue, 19 May 2015 ppp
មាស សុខជា
លោក កឹម សុខា ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្រុង​កែប កាលពី​ម្សិលមិញ​។ រូបថត ដក​ចេញ​ពី​ហ្វេសហ៊ុក កឹម សុខា

កំពតៈ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គណបក្ស​កាន់​អំណាច​កំពុង​ព្យាយាម​យ៉ាង​សកម្ម​ដើម្បី​បំបែកបំបាក់​គណបក្ស​ប្រឆាំង ដោយ​ប្រៀបធៀប​ស្ថានភាព​នេះ​ទៅ​នឹង​ការ​តស៊ូ​នយោបាយ​​ត្រី​ភាគី​នៅ​តាម​បណ្តោយ​​ព្រំដែន​ថៃ​ក្នុង​អំឡុង​​ចុងទសវត្សរ៍​ ៨០ ​​និង​ដើម​ទសវត្សរ៍​ ៩០ ។

ថ្លែង​ទៅកាន់​​អ្នក​គាំទ្រ​រាប់រយ​នាក់​​ក្នុង​ក្រុង​កំពត លោក កឹម សុខា បាន​សន្និដ្ឋាន​ថា គណបក្ស​ប្រជាជន​កម្ពុជា​​កាលពី​អតីតកាល បាន​​ព្យាយាម​បំបែក​ការ​ប្រកួតប្រជែង​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​​ដើម្បី​​ធ្វើការ​ត្រួតត្រា​។

លោក​បាន​សំដៅ​ទៅ​ព្រឹត្តិការណ៍​​ដែល​បាន​នាំឲ្យ​មាន​កិច្ចព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស​ខែ​តុលា ឆ្នាំ​ ១៩៩១ ដែល​ក្នុង​នោះ​ក្រុម​ប្រឆាំង​បី ខ្មែរ​ក្រហម​ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​រណសិរ្សជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​​គឺ​ស្ថិត​នៅក្នុង​សម្ព័ន្ធ​ប្រឆាំង​លោក ហ៊ុន សែន ប៉ុន្តែ​នៅ​ទីបំផុត​បាត់បង់​​អំណាច។ ​



លោក​បាន​ថ្លែង​ថា​៖ «​គូ​ប្រកួត​ប្រជែង​របស់​យើង​​បាន​ទទួល​ជោគជ័យ​ក្នុង​អតីតកាល​ដោយសារ​តែ​យុទ្ធសាស្រ្ត​បំបែកបំបាក់​ដើម្បី​​ត្រួតត្រា​»។ «​យើង​បាន​ស្គាល់​យុទ្ធសាស្រ្ត​របស់​ពួកគេ​រួច​ហើយ ហើយ​ពួកគេ​ចង់​បំបែកបំបាក់​យើង ពីព្រោះ​ប្រសិន​បើ​ក្រុម​របស់​យើង​បែកបាក់ យើង​ទន់ខ្សោយ​ណាស់​»។ ​

លោក​បាន​បន្ថែម​ថា បន្ទាប់ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ពួកគេ​បាន​ជោគជ័យ ទៅលើ​ក្រុម​ចម្រុះ​ទាំងនោះ​​ដែល​នាំឲ្យ​គណបក្ស​កាន់​អំណាច​​អាច​ឈាន​ទៅ​គ្រប់គ្រង​ស្ថានការណ៍​បាន​។

លោក​ថ្លែង​បន្ត​ថា​៖ «​ឥឡូវ​នេះ​ពួកគេ​ព្យាយាម​បំបែកបំបាក់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​​សម រង្ស៊ី ពី​ កឹម សុខា​»។ ​

លោក​បញ្ជាក់​ថា​៖ «​​អ្នក​ខ្លះ​គិត​ថា ឥឡូវ​នេះ លោក សម រង្ស៊ី ខុស​ពី​ កឹម សុខា... សម រង្ស៊ី និង​កឹម សុខា គឺ​តែ​មួយ ហើយ​គោលដៅ​តែ​មួយ​គឺ​ដើម្បី​សង្គ្រោះជាតិ​»។

ជា​ការ​ឆ្លើយតប​នឹង​សម្តី​របស់​លោក កឹម សុខា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន ​បាន​ថ្លែង​ថា គណបក្ស​របស់​លោក​មិន​បាន​ប្រើ​ល្បិច​ ឬ​យុទ្ធសាស្រ្ត​បំបែកបំបាក់​​​សម្រាប់​ហេតុផល​នយោបាយ​នោះ​ទេ​។

លោក ឥសាន បាន​ថ្លែង​បន្ត​ថា​៖ «​​កត្តា​សំខាន់​មិន​កំណត់​ដោយ​កម្លាំង​ខាង​ក្រៅ​ទេ។ ​វា​អាស្រ័យ​ទៅលើ​ការ​ធ្វើការងារ​ផ្ទៃក្នុង​​នៃ​បក្ស​នីមួយៗ​ដើម្បី​មើល​​ថា​តើ​​​វា​បែកបាក់​ដោយ​ខ្លួនឯង​ឬ​អត់​?»​។

លោក​បាន​បន្ថែម​ថា គណបក្ស​សង្គ្រោះជាតិ ក៏​បាន​ព្យាយាម​បំបែកបំបាក់​គណបក្ស​ដទៃ​យ៉ាង​សកម្ម​ផង​ដែរ​។

អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លោក​ ញ៉េប ប៊ុនជិន បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ៕

No comments: