A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 May 2015

លោក ហ៊ុន សែន៖ វប្បធម៌​សន្ទនា​និង​នយោបាយ​ឈ្នះៗ​កំពុង​ឈាន​រក​ភាព​ជោគជ័យ


ដោយ ជិន ជេដ្ឋា
2015-05-04 RFA

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ ខែ​មេសា ឆ្នាំ​២០១៥។
 RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា គោលនយោបាយ​ឈ្នះៗ និង​វប្បធម៌​សន្ទនា កំពុង​ឈាន​ទៅ​រក​ភាព​ជោគជ័យ ហើយ​លោក​អគុណ​ចំពោះ​អ្នក​គាំទ្រ​វប្បធម៌​នេះ។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មន្ត្រី​ចាប់​ពី​ថ្នាក់​ជាតិ រហូត​ដល់​មូលដ្ឋាន​សហការ​គ្នា​តាមដាន​ការ​ជេរ​ប្រមាថ ឬ​រក​រឿង​ចោទ​ប្រកាន់​រូប​លោក ឬ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ពី​សំណាក់​បក្ស​ប្រឆាំង។

ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នេះ គឺ​ជា​ការ​ឆ្លើយ​តប​ភា្លមៗ​ទៅ​លោក សម រង្ស៊ី ដែល​បាន​ស្នើ​ឲ្យ​ដៃគូ​សន្ទនា​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​នោះ។

យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​លើក​ឡើង​ថា វប្បធម៌​សន្ទនា​ក៏​មាន​អវិជ្ជមាន​ដែរ ដោយសារ​តែ​លោក ហ៊ុន សែន ព្រមាន​ទៅ​ដៃគូ​សន្ទនា​ឲ្យ​បញ្ឈប់​រិះគន់​រូប​លោក និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​ទៀត​នោះ ព្រោះ​ថា សកម្មភាព​បែប​នេះ ផ្ទុយ​ពី​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ។

សារ​នយោបាយ​ម្ដង​ក្ដៅ​ម្ដង​ត្រជាក់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ជុំវិញ​ជំហរ​រក្សា​វប្បធម៌​សន្ទនា ត្រូវ​បាន​លោក​បញ្ជាក់​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា ការ​ប្រទូសរ៉ាយ​គ្នា ឬ​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​នោះ នាំ​ឲ្យ​ប្រទេស​ជាតិ​អន្តរាយ។


លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៥៥ នៅ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា កន្លង​ទៅ​រូប​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ជន​រង​គ្រោះ​ដោយសារ​ការ​ជេរ​ប្រមាថ។ ប៉ុន្តែ​លោក​ក៏​ឆ្លៀត​អួត​ខ្លួន​ឯង​ថា ប្រវត្តិ​នៃ​នយោបាយ​ឈ្នះៗ​របស់​លោក នៅ​មិន​ទាន់​មាន​​លើ​ពិភពលោក​នេះ​ទេ ហើយ​ប្រទេស​ដែល​មាន​សង្គ្រាម​មួយ​ចំនួន​នៅ​រង​គ្រោះ​ដោយសារ​ភ្លើង​សង្គ្រាម​នៅ​ឡើយ ព្រោះ​អត់​មាន​នយោបាយ​ឈ្នះៗ ឬ​ដោយសារ​អត់​មាន​រូប​លោក៖ «»។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​តែង​តែ​រិះគន់​មិន​សំចៃ​មាត់​លើ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​មិន​អត្ថាធិប្បាយ​អ្វី​ឡើយ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។ ប៉ុន្តែ​លោក សម រង្ស៊ី នៅ​តែ​បញ្ជាក់​ជំហរ​របស់​លោក​ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​នៅ​ខែត្រ​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ថា លោក​នឹង​រក្សា​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ដែល​កំពុង​កើត​មាន។

ចំណែក​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត រស់ រ៉ាវុធ យល់​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រកាស​ជំហរ​រក្សា​វប្បធម៌​សន្ទនា​​ និង​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​តាម​ដាន​រាល់​សកម្មភាព​រិះគន់​រូប​លោក និង​គណបក្ស​ខ្លួន​នោះ គឺ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព​ទៅ​វិញ​ទេ ព្រោះ​នេះ​ជា​រូបភាព​មួយ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ឬ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង។ លោក​ថា ការ​ដឹកនាំ​ប្រទេស​មួយ បើ​ពុំ​មាន​ការ​រិះគន់​ស្ថាបនា​ទេ គឺ​​គ្មាន​ការ​រីក​ចម្រើន​ឡើយ ប៉ុន្តែ​ទាំង​អ្នក​រិះគន់​ក្នុង​ន័យ​ស្ថាបនា​​ ទាំង​អ្នក​បកស្រាយ​ក្នុង​ន័យ​ទទួល​យក​ត្រូវ​តែ​រក្សា​ក្រម​សីលធម៌​ដូច​គ្នា៖ «»។

អ្នក​វិភាគ​នយោបាយ​រូប​នេះ បាន​ហៅ​វប្បធម៌​សន្ទនា​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ថា​ជា​ដំណោះស្រាយ​បន្ទាន់​មួយ មិន​មែន​ជា​ដំណោះ​ស្រាយ​តាម​លក្ខណៈ​ច្បាប់។ ដូច្នេះ​វប្បធម៌​នេះ​ឆាប់​កើត​ហើយ​ក៏​ឆាប់​រលត់​ទៅ​វិញ​ដែរ​​ បើ​គេ​មិន​ធ្វើ​ច្បាប់​រួម​មួយ​ដើម្បី​ជាតិ​ទាំង​អស់​គ្នា។ ប៉ុន្តែ​លោក​គាំទ្រនូវ​វប្បធម៌​សន្ទនា​នេះ​ ​ព្រោះ​វាអាច​កាត់​បន្ថយ​ការ​ប្រមាថកាតទាន​របស់​អ្នក​នយោបាយ​​ខ្មែរ​ទៅ​វិញ​ទៅ​មក និង​កាត់​បន្ថយ​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ពេល​ជួប​ជុំ​តវ៉ា ឬ​បញ្ចេញ​មតិ​អ្វី​មួយ។ ម្យ៉ាង​វិញ​ទៀត ការ​ប្រកាស​របស់​លោក ហ៊ុន សែន មិន​ឲ្យ​ដៃគូ​សន្ទនា​រិះគន់​លោក និង​មន្ត្រី​របស់​លោក​នោះ គឺ​ជា​យុទ្ធសាស្ត្រ​បំបិទ​មាត់​អ្នក​ប្រឆាំង​ដោយ​ប្រយោល ព្រោះ​ថា លោក ហ៊ុន សែន នឹង​ប្រើ​វប្បធម៌​សន្ទនា​នេះ​ដើម្បី​បិទ​បាំង​នូវ​ទង្វើ​ទាំង​ឡាយ​ដែល​គណបក្ស​ប្រឆាំង​តែងតែ​រិះគន់​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​លោក​កន្លង​មក និង​ទាមទារ​ឲ្យ​លោក​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស ដូចជា​ករណី​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាដើម៕

No comments: