A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 May 2015

ទស្សនៈ​ចំពោះ​ជន​សង្ស័យ អោ អាន និង​អ៊ឹម ចែម ជា​អតីត​មន្ត្រី​ខ្មែរ​ក្រហម


ជន​សង្ស័យ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ លោក អោ អាន និង​អ្នកស្រី អ៊ឹម ចែម។
Photo courtesy of ECCC


ដោយ ជី វិតា
2015-05-01 RFA

សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដោយ​មិន​មាន​ការ​យល់ព្រម​ពី​សហ​ភាគី​ចៅក្រម​ជាតិ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ បាន​ដាក់​ជន​សង្ស័យ​បី​រូប​ដែល​ជា​អតីត​មន្ត្រី​ខ្មែរ​ក្រហម ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ ដោយ​ជាប់​សង្ស័យ​ថា ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ជន​សង្ស័យ​ទាំង ៣​រូប​នោះ​មាន អ្នកស្រី អ៊ឹម ចែម លោក អោ អាន និង​លោក មាស មុត។

សូម​អញ្ជើញ​ស្តាប់​សេចក្តី​រាយការណ៍​របស់ លោក ជី វិតា ដែល​បាន​ព្យាយាម​រក​ជួប​ជន​សង្ស័យ អោ អាន និង អ៊ឹម ចែម កាល​ពី​ពេល​ថ្មីៗ​នេះ៖

ឋិត​ក្នុង​បញ្ជី​ខ្មៅ​របស់​សាលា​ក្តី​ខ្មែរ​ក្រហម លោក អោ អាន ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​អំពើ​មនុស្ស​ឃាត​ដោយ​ចេតនា និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ប្រព្រឹត្ត​ឡើង​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ពេល​នោះ​លោក​ជា​លេខា​តំបន់​២៥ ភូមិ​ភាគ​និរតី។

លោក អោ អាន ដែល​ឋិត​ក្នុង​សំណុំ​រឿង​០០៤ កំពុង​រស់នៅ​ភូមិ​អូរតាគី ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ ផ្ទុយ​ស្រឡះ​ពី​ភូមិគ្រឹះ​របស់​ជន​សង្ស័យ មាស មុត ផ្ទះ​របស់​ជន​សង្ស័យ អោ អាន ឋិត​នៅ​ក្បែរ​ថ្នល់​កៅស៊ូ ប៉ុន្តែ​ជា​ខ្ទម​ស្បូវ​ដ៏​ចាស់​តូច​មួយ​សង់​ខ្ពស់​ពី​ដី​ប្រមាណ ១​ម៉ែត្រ។

ប៉ុន្តែ​នៅ​លើ​ដី​វាល​ក្បែរ​ខ្ទម​របស់​លោក យើង​ឃើញ​មាន​សម្ភារៈ​សំណង់​ដែល​រៀបចំ​បម្រុង​សាងសង់​ផ្ទះ​ថ្មី​មួយ។ ដោយសារ​គ្មាន​របង​ហ៊ុមព័ទ្ធ យើង​អាច​ដើរ​ចូល​ត្រង់​ទៅ​ខ្ទម​របស់​គាត់​តែ​ម្តង ប៉ុន្តែ​គ្រាន់​តែ​ក្រឡេក​ឃើញ​អ្នក​យក​ព័ត៌មាន​យើង​ភ្លាម លោក អោ អាន ដែល​មាន​វ័យ​ជាង ៨០​ឆ្នាំ​ហើយ​នោះ បាន​ស្ទុះ​ចុះ​ពី​លើ​ផ្ទះ​ទៅ​ពួន​សម្ងំ​នៅ​ខាង​ក្រោយ​ផ្ទះ​បាត់​ស្រមោល ទុក​ឲ្យ​កូនស្រី​វ័យ​ជំទង់​របស់​គាត់​នៅ​ប្រឈម​មុខ​ជាមួយ​អ្នក​សារព័ត៌មាន។


ទោះ​ជា​យ៉ាង​ណា កូនស្រី​របស់ លោក អោ អាន ថ្លែង​ទាំង​អល់អែក​ថា ឪពុក​របស់​នាង​ដែល​បាន​ទៅ​ជួប​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ តាម​ដីកា​កោះ​ម្តង​ហើយ​នោះ មិន​ព្រួយ​បារម្ភ​អំពី​ការ​ចោទ​ប្រកាន់​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ឡើយ៖ «»។

នៅ​ក្នុង​ភូមិ​ទួលប្រាសាទ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឯណោះ​វិញ អ្នកស្រី អ៊ឹម ចែម ដែល​ជា​ជន​សង្ស័យ​មួយ​រូប​ទៀត​ក្នុង​សំណុំ​រឿង​០០៤ ដែរ​នោះ មិន​បាន​នៅ​ផ្ទះ​ទេ ពេល​ក្រុម​ការងារ​របស់​យើង​ចុះ​ទៅ​ដល់។ ទោះ​ជា​យ៉ាង​ណា កូនស្រី​របស់​គាត់ គឺ​លោកស្រី អ៊ឹម រី ដែល​មាន​ទម្រង់​មុខ​ស្រដៀង​គ្នា​នឹង​ម្តាយ​នោះ អះអាង​ប្រាប់​យើង​ថា អ្នកស្រី អ៊ឹម ចែម បាន​ទៅ​ធ្វើ​បុណ្យ​នៅ​ខេត្ត​តាកែវ ជា​យូរ​ថ្ងៃ​មក​ហើយ៖ «»។

លោកស្រី អ៊ឹម រី ក៏​បាន​អះអាង​ដែរ​ថា គ្រួសារ​របស់​លោកស្រី​មិន​មាន​ការ​ភ័យ​ព្រួយ​អ្វី​ទេ ពីព្រោះ​ជឿជាក់​ថា ម្តាយ​របស់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​សាលា​ក្តី​កូន​កាត់​មួយ​នេះ៖ «»។

គិត​មក​ដល់​ពេល​នេះ របប​ខ្មែរ​ក្រហម​ដែល​ពោរពេញ​ទៅ​ដោយ​ការ​កាប់​សម្លាប់​បាន​កន្លង​ផុត​ទៅ​អស់​រយៈពេល ៣៦​ឆ្នាំ​ហើយ។ ហេតុ​ដូច្នេះ អ្នក​ខ្លះ​យល់​ឃើញ​ថា ការ​ផ្សះផ្សា​ជាតិ និង​ការ​ថែរក្សា​សន្តិភាព​ដែល​កម្ពុជា កំពុង​មាន ទើប​ជា​រឿង​សំខាន់​ជាង​ការ​ស្វែងរក​យុត្តិធម៌។

អ្នក​រស់នៅ​ក្បែរ​ខាង​របស់ អ្នកស្រី អ៊ឹម ចែម ម្នាក់​គឺ​លោកស្រី គូ សារិម ក្រៅ​តែ​ពី​ថ្លែង​គោរព អ្នកស្រី អ៊ឹម ចែម ថា​ជា​មនុស្ស​ចាស់​ទុំ​កាន់​ធម៌អាថ៌​ដ៏​ល្អ​ម្នាក់​នៅ​ក្នុង​ភូមិ​ហើយ លោកស្រី​ក៏​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សាលា​ក្តី​ខ្មែរ​ក្រហម​ដែរ​ថា កំពុង​ឆ្កឹះឆ្កៀល​ដំបៅ​ចាស់​ឲ្យ​ឈឺ​ចាប់​ឡើង​វិញ៖ «»។

ចំណែក​លោក​មេ​ភូមិ​ទួលប្រាសាទ ដែល​រស់នៅ​ជិត​ខាង អ្នកស្រី អ៊ឹម ចែម ម្នាក់​ទៀត​ក៏​យល់​ឃើញ​ដូច​គ្នា​ដែរ​ថា អ្នកស្រី អ៊ឹម ចែម ជា​មនុស្ស​ល្អ​ស្លូត​បូត​គួរ​ជា​ទី​គោរព៖ «»។

ប៉ុន្តែ​លោក​បញ្ជាក់​ថា ប្រសិន​បើ អ្នកស្រី អ៊ឹម ចែម ជា​មនុស្ស​ជាប់​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​មែន​នោះ ត្រូវ​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច។ លោក​ថា លោក​ក៏​បាត់​បង់​ញាតិ​មិត្ត​ច្រើន​ដែរ​ក្នុង​សម័យ​ខ្មែរ​ក្រហម៖ «»។

មន្ត្រី​សម្រប​សម្រួល​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា លោក ឡុង បញ្ញាវុឌ្ឍ ឲ្យ​ដឹង​ថា ការ​បង្ហាញ​ខ្លួន​របស់​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤ នៅ​ក្នុង​សវនាការ​ពិត​ជា​មាន​សារសំខាន់​ណាស់ ដើម្បី​ស្វែងរក​ការ​ពិត ការ​ផ្សះផ្សា​ជាតិ និង​យុត្តិធម៌​ជូន​ជន​រងគ្រោះ៖ «»។

ក្នុង​ចំណោម​ជន​សង្ស័យ ២​រូប​នៃ​សំណុំ​រឿង​០០៤ មាន​តែ លោក អោ អាន ម្នាក់​គត់​ដែល​គោរព​តាម​ដីកា​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម។ ចំណែក អ្នកស្រី អ៊ឹម ចែម ដែល​ត្រូវ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ ចេញ​ដីកា​នាំ​ខ្លួន​មក​តុលាការ​នោះ មិន​ត្រូវ​បាន​នគរបាល​យុត្តិធម៌​យក​ទៅ​អនុវត្ត​ឡើយ។

ទាក់ទង​នឹង​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​ផ្ទុះ​សង្គ្រាម ប្រសិន​បើ​មាន​ការ​ចាប់​ជន​សង្ស័យ​បន្ថែម​យក​មក​កាត់​សេចក្តី​នោះ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ មាន​ប្រសាសន៍​ថា ការ​ព្រួយ​បារម្ភ​នេះ មិន​អាច​ក្លាយ​ជា​ការ​ពិត​នោះ​ទេ៖ «»។

លោក អោ អាន ដែល​ជា​លេខា​តំបន់​២៥ នៃ​ភូមិ​ភាគ​និរតី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​មនុស្ស​នៅ​គោក​ព្រីង មន្ទីរ​សន្តិសុខ​ទួល​បេង និង​មន្ទីរ​សន្តិសុខ​វត្ត​អូរត្រកួន ដែល​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ជា​ការ​រំលោភ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦។

ចំណែក អ្នកស្រី អ៊ឹម ចែម ដែល​ជា​លេខា​ស្រុក​ព្រះនេត្រព្រះ តំបន់​៥ នៅ​ខេត្ត​បាត់ដំបង ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​វិញ ជាប់​ចោទ​ពី​បទ​រំលោភ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីកន្លែង​ផ្សេងៗ​រួម​មាន មន្ទីរ​សន្តិសុខ ភ្នំ​ទ្រយោង និង​ការដ្ឋាន​ស្ពាន​ស្រែង ជាដើម។

របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ស្គាល់​ជាទូទៅ​ថា​សម័យ​ខ្មែរ​ក្រហម ដែល​គ្រប់គ្រង​កម្ពុជា ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ នោះ បាន​ផ្តាច់​ជីវិត​មនុស្ស​ប្រមាណ ២​លាន​នាក់ ឬ​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ តាម​រយៈ​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​បាក់​កម្លាំង ការ​បង្ហត់​អាហារ ជំងឺ និង​ការ​ប្រហារ​ជីវិត។

មាត្រា​១ នៃ​ច្បាប់​ស្ដីពី​ការ​បង្កើត​ឲ្យ​មាន​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​កាត់​សេចក្តី​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ចែង​ថា ច្បាប់​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​វិនិច្ឆ័យ​ទោស​មេ​ដឹក​នាំ​ជាន់​ខ្ពស់​កម្ពុជា​ប្រជាធិបតេយ្យ និង​ជន​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម និង​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ការ​រំលោភ​ទៅ​លើ​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ និង​ទម្លាប់​អន្តរជាតិ ព្រម​ទាំង​ការ​រំលោភ​លើ​អនុសញ្ញា​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា ទទួល​ស្គាល់ ហើយ​ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ តាម​ផ្លូវ​ច្បាប់ លោក អោ អាន និង​អ្នកស្រី អ៊ឹម ចែម ត្រូវ​បាន​សន្មត​ថា ជា​មនុស្ស​គ្មាន​ទោស​កំហុស​អ្វី​ទាំងអស់ ដរាប​ណា​តុលាការ​នៅ​មិន​ទាន់​បើក​សវនាការ​បញ្ជាក់​ថា លោក​បាន​ប្រព្រឹត្ត​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ណា​មួយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: