A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 3 May 2015

យុវជន​បង្ហាញ​ឆន្ទៈ​ចូលរួម​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម



យុវជន​ចូលរួម​វេទិកា​យុវជន​ស្ដីពី​ឥទ្ធិពល​នៃ​និទ្ទណ្ឌភាព​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា នា​សាកលវិទ្យាល័យ​ហ្សាម៉ាន់ (Zaman) នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Tha Kitya
ដោយ ថា កិត្យា
2015-05-03 RFA


យុវជន​ជាច្រើន​បាន​បង្ហាញ​ឆន្ទៈ​ចូលរួម​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព ឬ​ការ​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា។ ការ​បង្ហាញ​ឆន្ទៈ​នេះ ធ្វើ​ឡើង​ក្នុង​វេទិកា​យុវជន​ស្ដីពី​ឥទ្ធិពល​នៃ​និទ្ទណ្ឌភាព​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ឧសភា នៅ​សាកលវិទ្យាល័យ​ហ្សាម៉ាន់ (Zaman) ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ៣០០​នាក់។ វាគ្មិន​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ​លើក​ឡើង​ថា យុវជន​ជាច្រើន​បាន​ចាប់​ផ្ដើម​ខ្វាយខ្វល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម។

ទោះ​បី​ជា​កម្ពុជា បាន​ហែល​ឆ្លង​កាត់​របប​នយោបាយ​ជាច្រើន​សម័យ​កាល​ក៏ដោយ ប៉ុន្តែ​វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​បន្ត​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ជាពិសេស​ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា នៅ​តែ​ជួប​នឹង​បញ្ហា​និទ្ទណ្ឌភាព​ជាច្រើន​ដែល​មិន​ទាន់​ដោះស្រាយ។

ប្រការ​នេះ​ហើយ ទើប​បាន​ជា​យុវជន​កម្ពុជា ជាច្រើន បាន​បង្ហាញ​ឆន្ទៈ​ចូលរួម​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​កម្ពុជា និង​ប្ដេជ្ញា​មិន​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​នា​ពេល​អនាគត។

នៅ​ក្នុង​វេទិកា​យុវជន​ស្ដីពី​ឥទ្ធិពល​នៃ​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) នៅ​ថ្ងៃ​ទី​៣ ឧសភា នា​សាកលវិទ្យាល័យ​ហ្សាម៉ាន់ យុវជន អៀប អូន បាន​និយាយ​ថា នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន​នេះ បញ្ហា​និទ្ទណ្ឌភាព​ហាក់​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ លោក​បន្ត​ថា នឹង​យក​អ្វី​ដែល​បាន​ដឹង​ក្នុង​វេទិកា​យុវជន​នេះ ទៅ​បញ្ជ្រាប​ដល់​អ្នក​ដទៃ​ទៀត ដើម្បី​ចូលរួម​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា៖ «អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់ និទ្ទណ្ឌភាព​នៅ​កម្ពុជា ជាពិសេស​ក្នុង​បរិបទ​នៃ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​យើង​បច្ចុប្បន្ន គឺ​មាន​ការ​កើន​ឡើង​ខ្លាំង​មែន​ទែន។ ដូច្នេះ ខ្ញុំ​មក​សិក្សា​បន្ថែម​នេះ គឺ​ដើម្បី​ជា​ចំណេះ​ដឹង​មួយ​សម្រាប់​ផ្សព្វផ្សាយ​បន្ត ហើយ​ចូលរួម​លុប​បំបាត់​និទ្ទណ្ឌភាព​នៅ​កម្ពុជា នា​ពេល​ខាង​មុខ»។



ឆ្លើយ​តប​នឹង​សំណួរ​យុវជន វាគ្មិន លោក ឡៅ ម៉ុងហៃ ទីប្រឹក្សា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា បាន​អះអាង​ថា សម័យ​កាល​ដែល​មាន​បញ្ហា​និទ្ទណ្ឌភាព​ដែល​កើត​ឡើង​ច្រើន​ជាង​គេ​នោះ គឺ​ចាប់​ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​សព្វថ្ងៃ​នេះ។

នៅ​ក្នុង​វេទិកា​នេះ យុវតី ធាវី បាន​និយាយ​ថា ខ្លួន​ពិត​ជា​មិន​ចង់​ឲ្យ​វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​បន្ត​លង​បន្លាច​កម្ពុជា រហូត​នោះ​ទេ។

យុវជន​ជាច្រើន​ចូលរួម​វេទិកា​របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន នៅ​ពេល​ដែល​អង្គការ​នេះ​បើក​វេទិកា​ជួបជុំ ដោយ​លើក​យក​ប្រធានបទ​ទាក់ទង​នឹង​បញ្ហា​សង្គម។

ប៉ុន្តែ​បែប​នេះ​ក្តី លោក ហង់ សូវៀត មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​យុវជន ដើម្បី​សមធម៌​សង្គម​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន បាន​លើក​ឡើង​ថា អង្គការ​របស់​លោក​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​ស្វែងរក​ទីតាំង​ដើម្បី​ធ្វើ​វេទិកា​យុវជន ដោយសារ​ម្ចាស់​សាល ឬ​ម្ចាស់​ជួល​កន្លែង មិន​ចង់​ជួល​ឲ្យ​ឡើយ ដោយសារ​បារម្ភ​ពី​ផល​ប៉ះពាល់​ក្រោយ​វេទិកា​នេះ​បិទ​បញ្ចប់​ទៅ៖ «ការ​រៀបចំ​កម្មវិធី​របស់ វ៉ាយ.អ.ឌី.ភី (YRDP) ពេល​ខ្លះ​ពិបាក​នៅ​ក្នុង​ការ​រក​ទីតាំង​ជួល ព្រោះ​ប្រធានបទ​ដែល​យើង​ដាក់​ទៅ​នឹង គឺ​ពាក់ព័ន្ធ​បញ្ហា​សង្គម និង​ផល​ប៉ះពាល់​ទៅ​ដល់​យុវជន​ជាដើម ដែល​ម្ចាស់​សាល ឬ​ម្ចាស់​កន្លែង​ជួល គាត់​បារម្ភ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ»។

យ៉ាង​ណា​ក៏ដោយ​ចុះ វាគ្មិន​នៅ​ក្នុង​វេទិកា​នេះ​បាន​បញ្ជាក់​ថា ដើម្បី​លុប​បំបាត់​និទ្ទណ្ឌភាព​នៅ​កម្ពុជា នោះ គឺ​ត្រូវ​ពង្រឹង​នីតិរដ្ឋ។ ម្យ៉ាង​វិញ​ទៀត អ្នក​ដែល​មិន​រង​ទុក្ខ​ទោស​ពី​អំពើ​និទ្ទណ្ឌភាព ត្រូវ​តែ​ចូលរួម​ជាមួយ​អ្នក​ដែល​រងគ្រោះ​ដោយ​អំពើ​និទ្ទណ្ឌភាព។

វាគ្មិន​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ​ដែរ លោក សួន ប៊ុនសក្តិ ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា សព្វថ្ងៃ​នេះ យុវជន​កម្ពុជា ហាក់​ដូចជា​ចាប់​អារម្មណ៍​ចំពោះ​កិច្ចការ​សាធារណៈ និង​បញ្ហា​របស់​សង្គម។ លោក​បញ្ជាក់​ថា ទីណា​ដែល​មាន​និទ្ទណ្ឌភាព ទីនោះ​គ្មាន​ឡើយ​យុត្តិធម៌។ ដូច្នេះ សង្គម​នោះ​នឹង​មិន​មាន​សុខ​សន្តិភាព​ឡើយ៖ «និយាយ​ពី​រឿង​និទ្ទណ្ឌភាព​នៅ​កម្ពុជា នៅ​ទីណា​ក៏ដោយ គឺ​សង្គម​នោះ​នឹង​មាន​ចលាចល។ មួយ​ទៀត​នោះ និទ្ទណ្ឌភាព គឺ​នាំ​ឲ្យ​មាន​រឿង​អយុត្តិធម៌ អ៊ីចឹង​ហើយ​បាន​គេ​និយាយ​ថា កាល​ណា​មាន​និទ្ទណ្ឌភាព វា​មាន​អយុត្តិធម៌ ហើយ​បើ​កាល​ណា​មាន​អយុត្តិធម៌​ហើយ វា​គ្មាន​ទេ​សេចក្តី​សុខ»។

គិត​ចាប់​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ បញ្ហា​និទ្ទណ្ឌភាព​បាន​បង្ហាញ​ឲ្យ​ឃើញ​មិន​អាច​បំភ្លៃ​បាន។ ថ្នាក់​ដឹក​នាំ​កម្មាភិបាល​ខ្មែរ​ក្រហម បាន​សម្លាប់​ប្រជាជន​ខ្មែរ​ប្រមាណ ១​លាន ២​សែន​នាក់ ប៉ុន្តែ​មាន​តែ​មេ​ដឹក​នាំ​ជាន់​ខ្ពស់​តែ​ប៉ុន្មាន​រូប​ប៉ុណ្ណោះ ត្រូវ​បាន​នាំ​យក​មក​ជំនុំ​ជម្រះ​ដោយ​អង្គ​ជំនុំ​វិសាមញ្ញ នៃ​តុលាការ​កម្ពុជា។ នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​ផែនការ “ក៥” ប្រជាជន​ជាច្រើន​ម៉ឺន​នាក់ ត្រូវ​បាន​ក្រុម​រដ្ឋាភិបាល​បង្ខំ​ឲ្យ​ទៅ​កាប់​ព្រៃ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស។ កាល​នោះ មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយ​គ្រាប់​មីន និង​ជំងឺ​គ្រុន​ចាញ់ ហើយ​ពុំ​មាន​ការ​កាត់​ទោស​ណា​មួយ​ចំពោះ​បទឧក្រិដ្ឋ​នេះ​ឡើយ។ វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​មិន​អាច​បញ្ចប់ និង​បាន​បន្ត​រហូត​ដល់​បច្ចុប្បន្ន។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥ បាន​បង្ហាញ​ថា សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន អ្នក​សារព័ត៌មាន អ្នក​ដឹក​នាំ​សហជីព ត្រូវ​បាន​សម្លាប់ ហើយ​ក្នុង​ករណី​ខ្លះ ឃាតក​ត្រូវ​បាន​គេ​ស្គាល់ ប៉ុន្តែ​ពុំ​ត្រូវ​បាន​ស៊ើប​អង្កេត​ចោទ​ប្រកាន់ ឬ​ដាក់​ទោស​ឡើយ។ អំពើ​និទ្ទណ្ឌភាព​ទាំង​នោះ រួម​មាន ករណី​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាញ់​កម្មការិនី ៣​នាក់​ឲ្យ​រង​របួស ប៉ុន្តែ​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​តែ​មិន​ទាន់​នាំ​ខ្លួន​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ករណី​កម្មករ​ស្លាប់​ក្នុង​ហេតុការណ៍​សមត្ថកិច្ច​ប្រើ​ហិង្សា​បាញ់​បង្ក្រាប​ការ​តវ៉ា​លើ​ផ្លូវ​វ៉េងស្រេង និង​ករណី​បាញ់​សម្លាប់ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ និង​ករណី​សម្លាប់​អ្នក​កាសែត​មួយ​ចំនួន​ក្នុង​ពេល​ថ្មីៗ​នេះ ក៏​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៕

1 comment:

Anonymous said...

Please watch this video:

https://www.youtube.com/watch?v=vP77orAyr-I