Tue, 19 May 2015 ppp
H S Manjunath
ប្លង់គំរូសម្រាប់សង់ពហុកីឡដ្ឋានថ្មីនៅព្រែកព្នៅ ។ រូបថត សហការី |
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញ បន្ទាប់ពីការបរិច្ចាគប្រាក់ចំនួន ១០០ លានដុល្លារពីរដ្ឋាភិបាលចិន អំពីប្លង់ចុងក្រោយសម្រាប់ពហុកីឡដ្ឋានជាតិថ្មីមួយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០ ហើយនឹងជាកន្លែងទទួលការប្រារព្ធស៊ីហ្គេមឆ្នាំ ២០២៣ (SEA Games ២០២៣) របស់កម្ពុជា។
លោកនាយករដ្ឋមន្ដ្រី នៅកិច្ចប្រជុំនៅវិមានសន្តិភាព ក៏បានប្រកាសផងដែរអំពីការដំឡើងប្រាក់ខែជិតទ្វេដងសម្រាប់អត្តពលិកជាតិគ្រូបង្វឹក និងបុគ្គលិករដ្ឋបាល។ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដោយលោក ហ៊ុន សែន ទៅទីក្រុងប៉េកាំងកាលខែឧសភា ឆ្នាំមុន ប្រធានាធិបតីចិន លោក Xi Jinping បានសន្យាផ្តល់ថវិកាសម្រាប់ការសាងសង់ពហុកីឡដ្ឋានសំខាន់មួយនៅជាយរាជធានីភ្នំពេញ។
ពហុកីឡដ្ឋានដែលមានកៅអីចំនួន ៦០០០០ ដែលរំពឹងថា នឹងចំណាយអស់ប្រាក់ប្រមាណ ១០០ លានដុល្លារ ហើយនឹងសាងសង់ដោយក្រុមហ៊ុនសាងសង់របស់ចិននឹងបញ្ចប់ក្នុងរយៈពេលពីបួនទៅប្រាំឆ្នាំទៀត ជាមួយជំនួយហិរញ្ញវត្ថុពីចិនសម្រាប់គម្រោងនេះទាំងមូល។
កាលពីចុងឆ្នាំមុន ក្រុមបច្ចេកទេសមកពីប្រទេសចិនបានមកដល់ប្រទេសកម្ពុជាដើម្បីដាក់ផែនការ សម្រាប់សាងសង់ពហុកីឡដ្ឋានចម្បងនេះ ដោយបានបង្កើតប្លង់ពីរ។ ស្ថាបត្យករខ្មែរ បានដាក់ប្លង់មួយ ហើយស្ថាបត្យករថៃបានដាក់ប្លង់ពីរ។ គណៈកម្មាធិការបានពិនិត្យ និងជម្រុះប្លង់ទាំង ៥ នោះមកត្រឹមតែពីរដើម្បីដាក់ជូនលោក ហ៊ុន សែនពិចារណា។
នៅក្នុងការជ្រើសរើសយកប្លង់ចុងក្រោយនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក បានថ្លែងថា លោកនាយករដ្ឋមន្រ្តីបានកត់សម្គាល់អំពីរូបរាងស្រដៀងគ្នាទៅនឹងកប៉ាល់បុរាណចិន ហើយពិចារណាវាថា ជានិមិត្តរូបនៃមិត្តភាពរបស់កម្ពុជាជាមួយយក្សអាស៊ី។
លោក វ៉ាត់ ចំរើន បានថ្លែងបន្តថា លោកនាយករដ្ឋមន្រ្តីបានពិចារណាលើកត្តាសុវត្ថិភាព ដោយកត់សម្គាល់ថា សាលទូលំទូលាយនៃប្លង់ដែលត្រូវបានជ្រើសរើសនេះ នឹងសម្រួលដល់ការកកស្ទះហ្វូងមនុស្ស ហើយធ្វើឲ្យវាងាយស្រួលសម្រាប់អ្នកជួយសង្គ្រោះក្នុងករណីមានអាសន្ន។
ពហុកីឡដ្ឋានដែលសង់នៅសង្កាត់ព្រែកព្នៅនេះ នឹងមានអាងហែលទឹក ទីលានបាល់ទាត់ ទីលានរត់ ទីលានតេនីស និងអគារស្នាក់នៅសម្រាប់អត្តពលិក។
លោក វ៉ាត់ ចំរើន បានថ្លែងថា ជាមួយការកែច្នៃពហុកីឡដ្ឋានអូឡាំពិក ដែលកំពុងបន្ត និងមជ្ឈមណ្ឌលហ្វឹកហ្វឺនបាល់ទាត់ថ្មីក្នុងស្រុកបាទី ខេត្តតាកែវ អគារថ្មីនេះបន្តភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធកីឡាកម្ពុជា។ ជាមួយនឹងគោលបំណងចង់ឲ្យកម្ពុជាទទួលបានមេដាយច្រើន ខណៈកម្ពុជាត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម (SEA Games) ក្នុងប្រទេសសិង្ហបុរីដែលចាប់ផ្តើមនៅថ្ងៃទី ៥ មិថុនា លោកនាយករដ្ឋមន្រ្តីបានប្រកាសនៅកិច្ចប្រជុំពេលព្រឹកដែលចូលរួមដោយមន្រ្តីកំពូលៗខាងកីឡា ថា ប្រាក់ខែ និងប្រាក់ឧបត្ថម្ភប្រចាំខែរបស់គ្រូបង្វឹកជាតិ និងអត្តពលិកទាំងអស់នឹងត្រូវដំឡើងជិត ៥០ ភាគរយដោយចូលជាធរមានភ្លាមៗ។
លោក វ៉ាត់ ចំរើន បានថ្លែងកាលម្សិលមិញថា៖ «ប្រាក់ខែប្រសើរជាងមុននាំឲ្យស្ថានភាពរស់នៅប្រសើរជាងមុន និងហ្វឹកហាត់ប្រសើរជាងមុន ហើយនឹងទទួលបានលទ្ធផលប្រសើរជាងមុន។ ការដំឡើងខ្ពស់នេះនឹងលើកទឹកចិត្តដល់អត្តពលិក និងគ្រូបង្វឹករបស់យើងឲ្យខិតខំអស់ពីសមត្ថភាព ហើយគណៈកម្មាធិការជាតិអូឡាំពិកថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការដំឡើងនេះ»។
លោកបានបន្តថា៖ «សំខាន់ជាងនេះទៀត ការដំឡើងទាំងនេះនឹងនាំឲ្យគ្រូបង្វឹក និងអត្តពលិកកម្ពុជា ស្ថិតក្នុងកម្រិតស្មើនឹងប្រទេសមួយចំនួនក្នុងតំបន់»៕ PS រាយការណ៍បន្ថែមដោយ ជាង សុខា
Joe Curtin
No comments:
Post a Comment