A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 20 May 2015

Citizens in Tbong Khmum and Cambodian youths ask the government to raise the issues of border violations with Vietnam ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​និង​ក្រុម​យុវជន​ស្នើ​រដ្ឋាភិបាល​សើរើ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម

ព្រំដែន ត្បូងឃ្មុំ ៦២០
ក្រុម​និស្សិត​មក​ពី​សកល​វិទ្យាល័យ​នានា​នៅ​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​លើ​តំបន់​ដី​មាន​ជម្លោះ នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៥។
RFA/Saut Sokprathna
ប្រជាពលរដ្ឋ​នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​បញ្ហា​ជម្លោះ​ដីធ្លី​ជា​មួយ​អាជ្ញាធរ​វៀតណាម រួម​នឹង​យុវជន​ជា​ច្រើន​នាក់​ ចង់​ឱ្យ​មានការ​ផ្លាស់ប្ដូរ​សមាសភាព​គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ និង​សើរើ​​បញ្ហា​ព្រំដែន​សា​ជា​ថ្មី។ ពួកគេ​យល់​ថា មន្ត្រី​គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ធ្វើ​ការងារ​ព្រំដែន​កន្លង​មក គឺ​មិន​មាន​តម្លាភាព​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រងទុក្ខ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អាជ្ញាធរ​កិច្ចការ​ព្រំដែន​​បញ្ជាក់​ថា ការ​ស្នើ​នោះ​គឺ​មិន​អាច​ទៅ​រួច​ទេ។
បើ​ទោះ​បី​ជា​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បកស្រាយ​ជា​ច្រើន​លើក​ច្រើន​សា​ថា ដី​ជម្លោះ​រវាង​ពលរដ្ឋ​កម្ពុជា នៅ​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់ គឺ​ស្ថិត​នៅ​ក្នុង​ដី​របស់​អធិបតេយ្យភាព​ប្រទេស​វៀតណាម ក៏ដោយ ប៉ុន្តែ​ពលរដ្ឋ រួម​នឹង​ក្រុម​និស្សិត​បញ្ញវន្ត​ដែល​នាំ​គ្នា​ទៅ​ពិនិត្យ​បញ្ហា​នេះ នៅ​តែ​មិន​អស់​ចិត្ត។ ពួកគេ​ថែម​ទាំង​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា សើរើ​ឡើង​វិញ​ចំពោះ​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​ពីរ ពិសេស​នៅ​តំបន់​មាន​ភាព​ចម្រូងចម្រាស ពីព្រោះ​ពួកគាត់​មិន​ជឿ​ថា ដី​តំបន់​នោះ​ជា​កម្មសិទ្ធិ​ប្រទេស​វៀតណាម ទេ ម្យ៉ាង​ទៀត ពួកគេ​មិន​ទុក​ចិត្ត​លើ​របៀប​ធ្វើ​ការងារ​របស់​មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​បញ្ហា​ព្រំដែន​នេះ​ឡើយ។
និស្សិត​ឆ្នាំ​ទី​៣ រៀន​នៅ​សកលវិទ្យាល័យ​ខេមរៈ ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ កញ្ញា ហ៊ន់ វលក្ខណ៍ ឱ្យ​ដឹង​ថា បញ្ហា​ព្រំដែន​គឺ​ជា​បញ្ហា​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ ពិសេស​យុវជន។ កញ្ញា​ថា ប្រសិន​បើ​មិន​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ទេ គឺ​កាន់​តែ​ធ្វើ​ឱ្យ​បរទេស​មើល​ងាយ និង​កាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​ប្រឈម​ការ​បាត់បង់​ដី​របស់​ខ្លួន៖ «បើ​យើង​មិន​មក​ថ្ងៃ​ហ្នឹង​ទេ គឺ​វា​រឹត​តែ​ស្ងប់ស្ងាត់​ហើយ​គេ​រឹតតែ​ចូល​មក។ អ៊ីចឹង​ពួក​យើង​មក គឺ​ដើម្បី​អាច​ជា​សារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​គាត់​គិតគូរ​ឡើង​វិញ​ចំពោះ​បញ្ហា​ព្រំដែន​គោក​និង​ទឹក»
មិន​គ្រាន់​តែ​ជា​សារ​ផ្ញើ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​គិតគូរ​រឿង​ព្រំដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កញ្ញា វលក្ខណ៍ ក៏​ចង់​ឱ្យ​ផ្លាស់ប្ដូរ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទៀត​ផង ដើម្បី​ផ្ដល់​ឱកាស​ដល់​ក្មេង​ជំនាន់​ក្រោយ និង​ជៀសវាង​មាន​បញ្ហា​បន្ត​ទៀត។
ស្រដៀង​គ្នា​នេះ និស្សិត​ឆ្នាំ​ទី​១ នៃ​វិទ្យាស្ថាន​ស៊ីតិច កញ្ញា លី ចាន់វត្តី យល់​ថា ក្នុង​នាម​យុវជន​គប្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​បញ្ហា​នេះ ដោយ​មិន​ត្រូវ​ចេះតែ​ហៃអើ​តាម​តែ​មន្ត្រី​ថ្នាក់​លើ​ឡើយ។ កញ្ញា​បន្ថែម​ទៀត​ថា កម្មសិក្សា​ស្វែង​ការ​ពិត​ជុំវិញ​ចំណុច​ដែល​អាជ្ញាធរ និង​ពលរដ្ឋ​វៀតណាម បាញ់​ថ្នាំ​ពុល​លើ​ដំណាំ​ពលរដ្ឋ​ខ្មែរ​ក្នុង​ភូមិ​ជើង ឃុំ​ជាំ កាល​ពី​ខែ​មេសា គឺ​រក​ឃើញ​ថា ខុស​គ្នា​ស្រឡះ​រវាង​ការ​លើក​ឡើង​របស់​ប្រមុខ​ការទូត​កម្ពុជា គឺ​លោក ហោ ណាំហុង និង​ពលរដ្ឋ​រស់​នៅ​ទី​នោះ៖ «ក្រោយ​ពី​ដឹង​ច្បាប់ ពួក​ខ្ញុំ​ជា​យុវជន​ហ្នឹង​សុំ​ឱ្យ​ខាង​រាជរដ្ឋាភិបាល​សើរើ​ឡើង​វិញ​ចំពោះ​រឿង​ព្រំដែន​ហ្នឹង»
បន្ថែម​លើ​នេះ ​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ៅ ពិសេស មើល​ឃើញ​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ ៩៤ និង ៩៥ កាល​ពី​ឆ្នាំ​២០០៨ គឺ​ធ្វើ​ឡើង​ក្នុង​ភាព​មិន​ច្បាស់លាស់ និង​មាន​ភាព​លាក់​លៀម៖ «ការ​បោះ​បង្គោល​ព្រំដែន​កាល​ពី​ឆ្នាំ​២០០៨ ហ្នឹង​រវាង​អាជ្ញាធរ​ព្រំដែន​កម្ពុជា និង​អាជ្ញាធរ​យួន​នោះ គឺ​ធ្វើ​ឡើង​របៀប​ស៊ុមគ្រលុំ​គ្នា មិន​បាន​ប្រាប់​ដល់​អាជ្ញាធរ ប្រជាពលរដ្ឋ​ឱ្យ​បាន​ដឹង​ឮ​ទេ»

ចំណែក​ពលរដ្ឋ​នៅ​ភូមិ​ជើង ជា​ច្រើន​វិញ ក៏​ស្នើ​សុំ​ឱ្យ​មាន​ការ​រៀបចំ​គណៈកម្មាធិការ​ព្រំដែន​មួយ​ឯករាជ្យ ដោយ​មាន​ទាំង​ភាគី​អន្តរជាតិ​ចូល​រួម​ផង ដើម្បី​ធ្វើ​ការងារ​នេះ។ បើ​ទោះ​បី​ជា​ពួកគាត់​ត្រូវ​ ខាតបង់​ផ្ទៃដី​របស់​ខ្លួន​ក៏ដោយ ក៏​ពួកគេ​ស្ងប់​ចិត្ត​ដែរ។
ការ​លើក​ឡើង​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា សើរើ​រឿង​ព្រំដែន​ឡើង​វិញ​នេះ ក្រោយ​ពេល​ក្រុម​និស្សិត​មក​ពី​សកលវិទ្យាល័យ​ផ្សេងៗ ​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​ជាង ១៥០​នាក់ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ដី​ជម្លោះ​ផ្ទាល់​កាល​​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា។
ទាក់ទង​ការ​លើក​ឡើង​ឱ្យ​មាន​ការ​សើរើ​រឿង​ព្រំដែន​ឡើង​វិញ ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ពាក់ព័ន្ធ​រឿង​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​គឺ​គេ​ធ្វើ​ឡើង​ទ្វេភាគី​រវាង​រដ្ឋ​និង​រដ្ឋ។ ចំណែក​ការ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​នៅ​ចំណុច​ដី​ជម្លោះ​នោះ គឺ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ពលរដ្ឋ​ជា​ម្ចាស់​ស្រែ ចម្ការ និង​អាជ្ញាធរ​ខ្មែរ​នៅ​ទី​នោះ រហូត​ឈាន​ទៅ​សម្រេច​ដោះដូរ​ផ្ទៃដី​ចំនួន ១០០​ហិកតារ​ទៀត​ផង​កាល​ពី​ឆ្នាំ​២០១១ ដែល​លោក​ហៅ​ថា ជា​រឿង​ត្រឹមត្រូវ​នៅ​ពេល​នោះ ពីព្រោះ​មាន​ការ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី​ទាំង​សងខាង ព្រម​ទាំង​ធ្វើ​ឡើង​តាម​ផ្លូវ​ច្បាប់ និង​បច្ចេកទេស។
លោក​មិន​យល់​ឡើយ​ថា ហេតុ​អ្វី​បាន​ជា​ក្រុម​និស្សិត​មិន​ជឿ​លើ​គណៈកម្មការ​ព្រំដែន​ដែល​បំពេញ​ការងារ​ទៅ​តាម​បទដ្ឋាន​ច្បាប់ និង​បច្ចេកទេស​ ប៉ុន្តែ​បែរ​ជា​ចង់​ទាមទារ​ដូច​​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ ដែល​លោក​ថា គឺ​ជា​រឿង​មួយ​មិន​អាច​ទៅ​រួច៖ «ការ​ធ្វើ​ព្រំដែន​មិនមែន​នឹក​ឃើញ​ប្តូរៗ​ស្រេច​តែ​ចិត្ត​ទេ វា​មិន​មែន​ទៅ​អ៊ីចឹង។ ការ​កាន់កាប់​ជាក់ស្ដែង​សុទ្ធតែ​ជា​ការ​ចរចា ហើយ​សុំ​ការ​អនុញ្ញាត​ពី​នាយករដ្ឋមន្ត្រី​ធ្វើ​ការ​ដោះ​ដូរ»
ទេសរដ្ឋមន្ត្រី​ដដែល​ឱ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ចេះតែ​អះអាង​ថា ពួកគេ​ធ្វើស្រែ​ចម្ការ​លើ​ដី​នោះ​តាំង​ពី​ដូនតា​មក ប៉ុន្តែ​លោក​ចោទ​សួរ​ទៅ​វិញ​ថា ក្រោយ​ពី​របប​ខ្មែរ​ក្រហម តើ​ពលរដ្ឋ​មាន​ដី​ដូន​តា​ពីណា​មក? លោក​បញ្ជាក់​ថា គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​តម្លាភាព និង​សំអាង​ទៅ​លើ​ផែន​ទី​ភូមិសាស្ត្រ​ឥណ្ឌូចិន ដោយ​គិត​ខ្នាត ១/១០០.០០០ ដែល​បោះ​ពុម្ព​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ និង​ឆ្នាំ​១៩៥៣ ក្នុង​សម័យ​អាណាព្យាបាល​បារាំង ហើយ​ត្រូវ​បាន​គេ​យក​ទៅ​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​១៩៦៤។ ផែនទី​នោះ​ហើយ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ពុំ​មែន​ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ឬ​មនុស្ស​មួយ​ចំនួន​ទៀត ដែល​ថា ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម គឺ​អនុលោម​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ដែល​ពួក​គេ​មិន​យល់​អ្វី​ឡើយ។
លោក វ៉ា គឹមហុង៖ «ប្អូន​ឯង​កុំ​និយាយ​សន្ធិសញ្ញា​២០០៥ គ្មាន​សន្ធិសញ្ញា​២០០៥ ណា​ដូច​ពួក​ប្រឆាំង ឬ​នរណា​និយាយ​ដោយ​មិន​ដឹង​អី​នោះ​ទេ។ គឺ​មាន​ផែនទី​តែ​មួយ​ក្រោម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​បារាំង ទុក​ឱ្យ​កាល​ពី​ស្រុក​យើង​បាន​ឯករាជ្យ»
ទោះ​ជា​បែប​នេះ​ក្តី កន្លង​មក​ការ​បោះ​បង្គោល​ព្រំដែន​កំណត់​ព្រំ​ប្រទល់​រវាង​ប្រទេស​ទាំង​ពីរ គឺ​គេ​កម្រ​ឃើញ​អាជ្ញាធរ​បោះ​នៅ​លើ​ដី​ពលរដ្ឋ​វៀតណាម ណាស់ ពោល​គឺ​តែង​បោះ​បង្គោល​លើ​ដី​ពលរដ្ឋ​ខ្មែរ។
ឆ្លើយ​តប​បញ្ហា​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ​តែងតែ​មិន​ពេញ​​ចិត្ត​ចំពោះ​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ពេល​បច្ចុប្បន្ន​នេះ​ដោយ​អះអាង​ថា ជា​កំណត់​មួយ​ដែល​ធ្វើ​ឡើង​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​នោះ។
លោក ម៉ៅ មុនីវណ្ណ មាន​ប្រសាសន៍​ថា បើ​ចង់​ដឹង​ច្បាស់​ថា រាជ​រដ្ឋាភិបាល​កម្ពុជា យក​ផែនទី​ភូមិសាស្ត្រ​ឥណ្ឌូចិន មក​ប្រើ ឬ​មិន​ប្រើ​នោះ គប្បី​រាជ​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​មួយ​ដែល​ឯករាជ្យ ព្រម​ទទួល​ខុស​​ត្រូវ​ចំពោះ​បញ្ហា​ជាតិ និង​អញ្ជើញ​អ្នក​ជំនាញ​ដើម្បី​បកស្រាយ​ជុំវិញ​បញ្ហា​ព្រំដែន គឺ​ប្រាកដ​ជា​រក​ឃើញ​ការ​ពិត​ជាក់​ជា​មិន​ខាន៖ «ផែនទី​ដូច​ឯកឧត្ដម ហោ ណាំហុង គាត់​បកស្រាយ​អ៊ីចឹង ធ្វើ​ឡើង​ដោយ​ភូមិ​សាស្ត្រ​ឥណ្ឌូចិន ធ្វើ​ឡើង​ក្នុង​ទសវត្ស ៦០​ប្លាយ​ហ្នឹង។ អា​ហ្នឹង​គ្រាន់​តែ​ជា​មូលដ្ឋាន​មួយ​ដើម្បី​បិទ​បាំង​ការ​ពិត​ទេ»។
យ៉ាង​ណា​ក៏​ដោយ ​កាល​ពី​ឆ្នាំ​២០១២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ជុំវិញ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម អស់​រយៈពេល​ប្រមាណ ៥​ម៉ោង។ កាល​ណោះ​លោក​លើក​ឡើង​ថា ផ្ទៃ​ដី​កម្ពុជា អាច​នឹង​មិន​មែន​ទំហំ ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​គឺ​អាច​លើស​ពី​នេះ។ ទោះ​យ៉ាង​ណា រហូត​មក​ដល់​បច្ចុប្បន្ន គេ​មិនទាន់​ដឹង​ថា ផ្ទៃ​ដី​ដែល​លើស​មាន​ទំហំ​ប៉ុណ្ណា ហើយ​ក៏​មិន​បាន​ដឹង​ថា​ស្ថិត​នៅ​ចំណុច​ណា​ដែរ

No comments: