A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 20 May 2015

Hun Sen again warns of removing Kem Sokha as first vice-president of the National Assembly លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​លោក កឹម សុខា ជា​ថ្មី​ទៀត

សម រង្ស៊ី កឹម សុខា និង​ហ៊ុន សែន ៦១០
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya
វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​ភាព​ស្រពេចស្រពិល​ និង​រង្គោះរង្គើ​នៅ​ឡើយ ត្បិត​តែ​ទំនាក់ទំនង​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ពី​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​ធំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ក្ដី។ លោក ហ៊ុន សែន នៅ​តែ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​សកម្មភាព​របស់​លោក កឹម សុខា ហើយ​ថែម​ទាំង​ព្រមាន​ដក​តួនាទី​លោក កឹម សុខា ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​វិញ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ព្រមាន​ជា​ថ្មី​ទៀត​ទៅ​ដៃគូ​សន្ទនា​របស់​លោក ដោយ​សំដៅ​ទៅ​លើ​លោក កឹម សុខា ថា កុំ​ឲ្យ​ដៀមដាម​រិះគន់ និង​ជេរ​ប្រមាថ​រូប​លោក​ត​ទៅ​ទៀត ព្រោះ​ថា សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សភា​មិន​អាច​គ្រប់​ចំនួន​ក្នុង​ការ​បោះឆ្នោត​អនុម័ត​ឲ្យ​លោក កឹម សុខា ជាប់​ជា​អនុ​ប្រធាន​ទី​១​សភា​នោះ​ទេ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដោយ​ចំហ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ឲ្យ​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ថា លោក កឹម សុខា បាន​ជាប់​ជា​អនុ​ប្រធាន​ទី​១​រដ្ឋសភា ដោយសារ​សំឡេង​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ជួយ​បោះឆ្នោត​បង្គ្រប់​កូរ៉ុម៖«សូម​ផ្ដាំ​សា​ជា​ថ្មី​ម្ដង​ទៀត កុំ​ព្រហើន វប្បធម៌​សន្ទនា​តម្រូវ​ឲ្យ​មាន​ការ​គោរព​គ្នា»
គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ប្រតិកម្ម​ឆ្លើយ​តប​ចំពោះ​ការ​ថ្លែង​ព្រមាន​របស់​លោក ហ៊ុន សែន នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា។ ប៉ុន្តែ​លោក កឹម សុខា ធ្លាប់​តែ​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល​ដើម្បី​ឲ្យ​មាន​ការ​កែទម្រង់ ឬ​រិះគន់​ដើម្បី​ស្ថាបនា​ទៅ​តាម​គោលការណ៍​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ។
ទាក់ទង​នឹង​ការ​ឆ្លើយឆ្លង​គ្នា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ទស្សនៈ​ថា ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ គឺ​គ្រាន់​តែ​ឲ្យ​ឋិត​នៅ​ក្នុង​ក្រម​សីលធម៌​ណា​មួយ​ក្នុង​ការ​ចរចា​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​និយាយ​អំពី​លក្ខណៈ​ផ្លូវ​ច្បាប់​ក្នុង​ការ​ដក​លោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​ទី​១ រដ្ឋ​សភា​នោះ ពុំ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ៖ «ខ្ញុំ​មើល​មិន​ឃើញ​នូវ​រដ្ឋធម្មនុញ្ញ​កន្លែង​ណា ដែល​មាន​ចំនួន​ដក​សមាជិក ប៉ុន្តែ​អាច​ធ្វើ​បាន ដោយ​ការ​ដក​នេះ អាច​ធ្វើ​តាម​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​បូក​ជាមួយ​ប្រធាន​សភា​មួយ​ទៀត គឺ​អាច​ដក​បាន»

សេចក្ដី​ថ្លែងការណ៍​រួម​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះ​ហត្ថលេខា​រួម​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៨ ឧសភា មាន ៧​ចំណុច​ ដោយ​គណបក្ស​ទាំង​ពីរ​បាន​ប្ដេជ្ញា​អនុវត្ត​គោលការណ៍ ៧​ចំណុច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។
គោលការណ៍ ៧​ចំណុច​នេះ​រួម​មាន គណបក្ស​ទាំង​ពីរ​ត្រូវ​ស្មោះត្រង់​ជាមួយ​គ្នា​ដើម្បី​យក​វប្បធម៌​សន្ទនា​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ដោះស្រាយ​ដោយ​សន្តិវិធី​នូវ​រាល់​បញ្ហា​ជាតិ និង​សង្គម​ដែល​ភាគី​ទាំង​ពីរ​អាច​មាន​ទស្សនៈ​មិន​ទាន់​ស្រប​គ្នា គោរព និង​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក។ ចៀសវាង​ឲ្យ​ខាង​តែ​បាន​នូវ​ការ​ញុះញង់ ការ​លាប​ពណ៌​គ្នា ការ​ប្រើប្រាស់​ពាក្យ​អសុរោះ និង​ការ​ជេរ​ប្រមាថ​គ្នា ដូចជា​ការ​ប្រើ​ពាក្យ "អា​ក្បាល​យួន​ខ្លួន​ខ្មែរ ពួក​កុម្មុយនិស្ត​ផ្ដាច់ការ អាយ៉ង​យួន អា​ក្បត់​ជាតិ អា​មេចោរ អា​កូន​ចោរ" ជា​ដើម។ ចៀសវាង​ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​តាម​គ្រប់​រូបភាព ដូចជា ការ​ប្រើ​ពាក្យ​ចាប់​ដាក់​គុក សង្គ្រាម​នឹង​កើត​ឡើង និង​ចំណុច​មួយ​ចំនួន​ទៀត។
បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា គោលការណ៍​ទាំង ៧​ចំណុច​ជា​គោលការណ៍​រួម​ល្អ ដោយ​តម្រូវ​ឲ្យ​អ្នក​នយោបាយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​មិន​គំរាមកំហែង​គ្នា។ ក៏​ប៉ុន្តែ​ពុំ​មាន​ន័យ​ថា អ្នក​នយោបាយ​មិន​អាច​បញ្ចប់​ការ​រិះគន់​គ្នា​ក្នុង​ន័យ​កែទម្រង់​រដ្ឋ​មួយ​ឲ្យ​ល្អ​ ដែល​ស្រប​នឹង​ដំណើរការ​ប្រជាធិបតេយ្យ​បាន​ទេ។
ម្យ៉ាង​ទៀត ការ​ព្រមាន​ដក​តំណែង​ពី​លោក កឹម សុខា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ មិន​មែន​ជា​លើក​ទី​១​ទេ។ លោក ហ៊ុន សែន ធ្លាប់​បាន​ហាម​ចំៗ​ទៅ​លោក កឹម សុខា ឲ្យ​ឈប់​និយាយ​រិះគន់​គណបក្ស​ប្រជាជន​នៅ​តាម​ទី​សាធារណៈ​នៅ​ពេល​ចុះ​មូលដ្ឋាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ ដោយ​សុំ​ឲ្យ​មក​ជជែក​វែកញែក​គ្នា​នៅ​ក្នុង​រដ្ឋសភា​វិញ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ណែនាំ​ឲ្យ​មន្ត្រី​បក្ស​របស់​ខ្លួន​តាមដាន និង​កត់ត្រា​ពាក្យ​សម្ដី​វាយ​ប្រហារ​ជេរ​ប្រមាថ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រួច​ធ្វើ​សេចក្ដី​រាយការណ៍​ទៅ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​ទៀត​ផង ក៏​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក សេចក្ដី​ណែនាំ​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច ប្រកាស​ឲ្យ​ដក​ចេញ​វិញ៕

No comments: