A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 May 2015

មន្ត្រី​អង្គការ​WWF​និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ចុះ​ល្បាត​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី



ដោយ រដ្ឋា វិសាល
2015-05-02


២៩-មករា-២០១២៖ ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច ខេត្ត​មណ្ឌលគិរី
RFA/Ratha Visa
ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​ប្រមាញ់​សត្វ​ព្រៃ និង​ការ​នេសាទ​ខុស​ច្បាប់ នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​បី​រាជ​រដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​ឲ្យ​បង្ក្រាប និង​កំណត់​ដាក់​ទោស​ទណ្ឌ​ជន​ប្រព្រឹត្តិ​យ៉ាង​ណា​ក្តី។ នៅ​ក្នុង​ព្រៃ​ការពារ​ជាច្រើន​នៅ​តំបន់​ខេត្ត​ប៉ែក​ឦសាន​ប្រទេស មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ក៏​មាន​សេចក្តី​រាយការណ៍​ជាច្រើន​ទាក់ទិន​ទៅ​នឹង​បទល្មើស​ទាំងអស់​នេះ កំពុង​កើត​មាន ជាពិសេស​ការ​ដាក់​អន្ទាក់​សត្វ​ព្រៃ ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់​សម្លាប់​សត្វ​ព្រៃ និង​ត្រី រួម​ទាំង​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់។

តើ​មន្ត្រី​ជំនាញ និង​មន្ត្រី​សង្គម​ស៊ីវិល​ពាក់ព័ន្ធ ចាប់​អារម្មណ៍ និង​មាន​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​តាម​វិធី​ណា​ខ្លះ?

មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ជាង ៥០​នាក់ បាន​សហការ​គ្នា​ចុះ​ល្បាត​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី ក្នុង​គោល​បំណង​បង្កើន​សមត្ថភាព​មន្ត្រី​ជំនាញ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​ជា​យុទ្ធសាស្ត្រ​ប្រមូល​អន្ទាក់ ឧបករណ៍​ឆក់​គ្រប់​ប្រភេទ​ក្នុង​ព្រៃ និង​ជា​ការ​លើក​ទឹក​ចិត្ត​មន្ត្រី​ជំនាញ​ដែល​កំពុង​បំពេញ​ភារកិច្ច ទប់ស្កាត់​បទល្មើស​ជាក់ស្តែង​ក្នុង​ព្រៃ​ការពារ​នៅ​ទូទាំង​ប្រទេស។

ក្រុម​ល្បាត​នេះ ភាគ​ច្រើន​ជា​មន្ត្រី​ព្រៃ​ឈើ​មក​ពី​បណ្ដា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស ព្រម​ទាំង​កង​តម្រួត​ព្រំដែន និង​មន្ត្រី​មូលនិធិ​អន្តរជាតិ​សម្រាប់​ធម្មជាតិ (WWF = Worldwide Fund for Nature) ដែល​បាន​ជួបជុំ​គ្នា​ដកស្រង់​បទពិសោធន៍​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា នៅ​ទីក្រុង​ភ្នំពេញ មុន​នឹង​ក្រុម​នេះ​ចុះ​ប្រតិបត្តិការ​ល្បាត​ក្នុង​ព្រៃ​ជាក់ស្តែង។ ពួក​គេ​ត្រូវ​ចែក​ជា ៥​ក្រុម​ដើរ​ល្បាត​ក្នុង​គោលដៅ​ផ្សេងៗ​គ្នា ដើម្បី​ស្វែងរក​បទល្មើស​នៅ​តាម​គោលដៅ​រៀងៗ​ខ្លួន។



ប្រធាន​អង្គការ ដាប់បែលយ៊ូ.ដាប់បែលយ៊ូ.អែហ្វ លោក ឈិត សំអាត មាន​ប្រសាសន៍​បញ្ជាក់​ថា យុទ្ធនាការ​ល្បាត​ព្រៃ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៦ ខែ​ឧសភា ទើប​បញ្ចប់ ដើម្បី​បូក​សរុប​លទ្ធផល។ លោក​បន្ត​ថា ព្រៃ​ការពារ​មណ្ឌលគិរី គឺ​ជា​ព្រៃ​ដែល​មាន​សក្ដានុពល​ទាំង​ធនធាន​ព្រៃ​ឈើ និង​សត្វ​ព្រៃ លាត​សន្ធឹង​ទល់​នឹង​ព្រៃ​ការពារ​ប្រទេស​វៀតណាម៖ «ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី នេះ ធ្លាប់​មាន​វត្តមាន​ខ្លា​ធំ ដោយ​ឡែក​ទន្សោង​មាន​ដង់ស៊ីតេ​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក។ នៅ​ប្រទេស​កម្ពុជា យើង ទន្សោង​គឺ​ខ្ពស់​ជាង​គេ។ អ៊ីចឹង​ទេ ដើម្បី​ឆ្លើយ​តប​ការ​បាញ់​សត្វ​អនាធិបតេយ្យ កាប់​ឈើ​អនាធិបតេយ្យ និង​បទល្មើស​ផ្សេងៗ អ៊ីចឹង​ហើយ​បាន​ជា​យើង​ចាប់​ផ្ដើម​បើក​វគ្គ​បណ្តុះបណ្តាល ហើយ​អនុវត្ត​ជាក់ស្តែង​តែ​ម្តង​ទៅ ពិសេស​នៅ​រដូវ​ប្រាំង​ចូល​រដូវ​វស្សា​ឆាប់ៗ​នេះ»។

កាល​ពី​ឆ្នាំ​២០១៣ អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​សត្វ​ព្រៃ​មួយ បាន​រក​ឃើញ​អន្ទាក់​ប្រមាញ់​សត្វ​ព្រៃ​ច្រើន​ប្រភេទ និង​រាប់​រយ​អន្ទាក់ ត្រូវ​គេ​បង្កប់​ទុក​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់។ អន្ទាក់​ទាំង​នោះ​អាច​ប្រមាញ់​សត្វ​រហូត​ដល់​ប្រភេទ​សត្វ​ខ្លា រមាស ទន្សោង ជាដើម។

ប្រធាន​តំបន់​ទេសភាព​ភាគ​ខាង​កើត​ប្រទេស​នៃ​អង្គការ ដាប់បែលយ៊ូ.ដាប់បែលយ៊ូ. អែហ្វ លោក មូល ផាត កត់​សម្គាល់​ថា កន្លង​ទៅ​នេះ បទល្មើស​ទាំង​នេះ​បាន​កើត​មាន​ច្រើន​ករណី​ក្នុង​ព្រៃ​ការពារ។ ដោយ​ឡែក​ទៀត ឧបករណ៍​បែប​សម័យ​មាន​អាគុយ​ឆក់ ត្រូវ​បាន​គេ​យក​ទៅ​ច្នៃ​ធ្វើ​អន្ទាក់​ឆក់​សត្វ​ព្រៃ ឬ​ឆក់​ត្រី​នៅ​ក្នុង​តំបន់​ទេសភាព​ព្រៃ​ការពារ​នេះ។ លោក​បន្ត​ថា ក្រុម​ល្បាត​ព្រៃ​នឹង​ព្យាយាម​ស្វែងរក​ទីតាំង​បទល្មើស​ព្រៃ​ឈើ និង​ដោះ​យក​អន្ទាក់​គ្រប់​ប្រភេទ​ពី​ក្នុង​ព្រៃ ដើម្បី​កាត់​បន្ថយ​បទល្មើស​ក្នុង​ព្រៃ​ការពារ​នេះ៖ «អន្ទាក់​ក​ជើង​វា​នៅ​មាន​អន្ទាក់​ចរន្ត​អគ្គិសនី អា​នេះ​កុំ​ថា​តែ​សត្វ សូម្បី​តែ​មនុស្ស​យើង​ប៉ះ​ក៏​ងាប់​ដែរ។ ថ្មីៗ​នេះ​មាន​ស្លាប់​ដោយ​អន្ទាក់​ប្រើ​អគ្គិសនី អ៊ីចឹង​មាន​ច្រើន​ប្រភេទ មន្ត្រី​ទាំងអស់​ត្រូវ​ស្វែង​យល់​អំពី​អន្ទាក់ វិធី​ដោះ និង​វិធី​ស្វែងរក​ប្រភព ហើយ​និង​ជួយ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ដែល​កំពុង​អនុវត្ត​ក្នុង​ព្រៃ​ផ្ទាល់»។

ករណី​ដូច​គ្នា​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​សម្ដែង​ការ​បារម្ភ​ពី​វិនាសកម្ម​សត្វ​ព្រៃ និង​ត្រី​តាម​បឹងបួ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ខណៈ​ដែល​អាគុយ​ត្រូវ​បាន​បំពាក់​ជាមួយ​ឧបករណ៍​បំប្លែង​ជា​ចរន្ត​អគ្គិសនី។ ចំណែក​ជន​ទុច្ចរិត បាន​យក​ទៅ​ប្រើ​ជា​អន្ទាក់​រាយ​នៅ​តាម​ព្រៃ ដើម្បី​ឆក់​សម្លាប់​សត្វ​ព្រៃ ឬ​ឆក់​ត្រី​ក្នុង​បឹង​ជាដើម។

ពលរដ្ឋ​រស់នៅ​ឃុំ​សេដា លោក សុខ ខេត កត់​សម្គាល់​ថា ឧបករណ៍​ប្រភេទ​នេះ​កើត​កាន់​តែ​ច្រើន​នា​ពេល​បច្ចុប្បន្ន តាម​រយៈ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឆក់​យក​ត្រី​តាម​ត្រពាំង បឹងបួ អូរ​ធម្មជាតិ និង​ក្នុង​ទន្លេ​ដែល​សម្បូរ​ទៅ​ដោយ​ជីវៈ​ច្រើន​ប្រភេទ។ លោក​បន្ត​ថា នៅ​ឃុំ​សេដា ស្រុក​លំផាត់ អ្នក​ភូមិ​មួយ​ចំនួន​កំពុង​នាំ​គ្នា​ប្រើប្រាស់​ឧបករណ៍​នេះ ចំណែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប ឬ​ទប់ស្កាត់​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ ស្ថានភាព​បែប​នេះ លោក​បារម្ភ​ថា ត​ទៅ​ថ្ងៃ​អនាគត សត្វ​ព្រៃ ត្រី និង​ជីវៈ​ផ្សេង​ទៀត នឹង​ត្រូវ​វិនាស​បាត់បង់។ ដោយ​ឡែក​ទៀត ឧបករណ៍​នេះ​ក៏​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស និង​សត្វ​ពាហនៈ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ដាក់​អន្ទាក់​អាគុយ​ឆក់​នេះ៖ «ឆក់​ត្រី​ឆក់​សត្វ​ទាំង​យប់ អត់​ដឹង​ប៉ូលិស​ស្អី​ទេ ប៉ូលិស​មើល​ឃើញ​ធ្វើ​មិន​ឃើញ​ព្រងើយ។ ប្រជាពលរដ្ឋ​អត់​ស្អី​រក​ស៊ី​អ្នក​ក្រ​ចេះ​តែ​រក»។

ចំណែក​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន ចាត់​ទុក​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ សកម្មភាព​ប្រមាញ់​សត្វ​ព្រៃ និង​នេសាទ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ ថា​ជា​បទល្មើស​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ប្រាក់ រួម​ទាំង​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ។ លោក​ថា កន្លង​ទៅ​នេះ ជន​ល្មើស​មួយ​ចំនួន​ត្រូវ​បាន​អប់រំ​ណែនាំ​ឲ្យ​កែប្រែ និង​មួយ​ចំនួន​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​វិនិច្ឆ័យ​ទោស៖ «ច្បាប់​វា​ខុស​ហើយ​គេ​មក​បង្ក្រាប​រាល់​ដង​ហ្នឹង ខាង​វាយ​អេត សហការ​ជាមួយ​មូលដ្ឋាន​ចាប់​បាន​សឹងតែ​រាល់​ខែ​ហ្នឹង។ អា​ហ្នឹង​វា​ឋិត​ក្នុង​ការ​បរបាញ់​ហ្នឹង​ណា ទាល់​តែ​គេ​បាន​សត្វ​បាន​គេ​បែង​ចែក​ថា​ជា​សត្វ​ប្រភេទ​កម្រ ប្រភេទ​ស្អី​ទៅ បាន​ត្រូវ​ជាប់​ទោស​តាម​ហ្នឹង»។

រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១ ខែ​ឧសភា ក្រុម​ល្បាត​ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី មិន​ទាន់​បញ្ចេញ​លទ្ធផល​ល្បាត​ព្រៃ​យ៉ាង​ណា​នៅ​ឡើយ។ តាម​ការ​គ្រោង​ទុក ក្រុម​ល្បាត​នឹង​ចេញ​ពី​ក្នុង​ព្រៃ​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ដើម្បី​បន្ត​បេសកកម្ម​ត្រួត​ពិនិត្យ​បទល្មើស​តាម​ផ្លូវ​ជាតិ​រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ទើប​ប្រមូល​លទ្ធផល​តាម​ក្រុម​បូក​សរុប។

ព្រៃ​ការពារ​ខេត្ត​មណ្ឌលគិរី មាន​ទំហំ​ជិត ៤០​ម៉ឺន​ហិកតារ សម្បូរ​ទៅ​ដោយ​ឈើ​មាន​តម្លៃ និង​សត្វ​ព្រៃ​កម្រ ១៨​មុខ ដូចជា​ខ្លា​ធំ ដំរី ត្មាត ទន្សោង ខ្ទីង និង​នៅ​តាម​បឹងបួ សម្បូរ​ដោយ​ត្រី​មាន​តម្លៃ។ ព្រៃ​នេះ​ក៏​ជា​តំបន់​ទេសភាព​នៅ​ភាគ​ខាង​កើត​ប្រទេស ខណ្ឌ​ដោយ​ទន្លេ​ស្រែពក ខេត្ត​មណ្ឌលគិរី ជាប់​នឹង​ខេត្ត​រតនគិរី ផង​ដែរ៕

No comments: