A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 1 July 2015

គីមសួរ ភិរិទ្ធិ ធ្វើ​នយោបាយ​ដើម្បី​ផ្លាស់ប្តូរ​របៀប​ដឹកនាំ​ប្រទេស


លោក គីមសួរ ភិរិទ្ធិ សមាជិក​​រដ្ឋសភា មកពី​គណបក្ស​សង្គ្រោះជាតិ​។ រូបថត គេហទំព័រ​រដ្ឋសភា


Fri, 15 May 2015 ppp
វង្ស សុខេង

លោក គីមសួរ​ ភិរិទ្ធិ សមាជិក​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋសភា មកពី​គណបក្ស​សង្គ្រោះជាតិ​បាន​លាតត្រដាង​នូវ​ប្រវត្តិ​នយោបាយ​របស់​លោក ដែល​ធ្វើ​ជា​អ្នក​​តំណាងរាស្រ្ត​ ២០ ឆ្នាំ មក​ហើយ​គឺ​មាន​គោលដៅ​នយោបាយ​តែ​មួយ​គត់​ដើម្បី​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របៀប​ដឹកនាំ​ប្រទេស​តាមរយៈ​ការ​បោះឆ្នោត​ដើម្បី​ប្រយោជន៍​ជាតិ។

លោក​និយាយ​​ថា​៖ «ជីវិត​នយោបាយ​របស់​ខ្ញុំ គឺ​ដើម្បី​ការ​ផ្លាស់ប្តូរ​មួយ​ ដែល​​មិន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅក្នុង​សង្គម​ និង​ឆន្ទៈ​នយោបាយ​ ដើម្បី​ផលប្រយោជន៍​ជាតិ​។ ២០ ឆ្នាំ​ហើយ​ បើ​អាច​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​បាន នា​ពេល​​បោះឆ្នោត​ខាង​មុខ ខ្ញុំ​នឹង​ចូលនិវត្តន៍​ ដើម្បី​ទុក​ឱកាស​នយោបាយ​ឲ្យ​យុវជន​ស្រករ​ក្រោយ​»។

លោក​ ភិរិទ្ធិ ​បាន​​ចាប់ផ្ដើម​ប្រឡូក​ក្នុង​ជីវិត​នយោបាយ ​ក្រោយ​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ១៩៩៣ ក្នុង​អំឡុង​ពេល​ដែល​គណបក្ស​ ​ហ៊្វុនស៊ិនប៉ិច មាន​ការ​បែកបាក់​ផ្ទៃក្នុង ជាពិសេស​នៅពេល​ដែល​មាន​​ការ​បណ្ដេញ​លោក​ សម រង្ស៊ី ចេញ​ពី​គណបក្ស​ ហ៊្វុនស៊ិនប៉ិច និង​ដក​​លោក​ចេញ​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ។



«ដោយសារ​ខ្ញុំ​មាន​មនោសញ្ចេតនា​ជួយ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ពេល​​នោះ​គោលបំណង​សំខាន់​របស់​ខ្ញុំ​​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​ផ្ដល់​ការ​ទុកចិត្ត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ១៩៩៣ ខ្ញុំ​ក៏​ចូលរួម​នៅក្នុង​ក្រុម​ការងារ​មួយ​គេ​ហៅថា​ក្រុម​ការងារ​ចំពោះ​កិច្ច​ដើម្បី​រៀបចំ​បង្កើត​នូវ​សមាសភាព​​ផ្សេងៗ​ដើម្បី​បង្កើត​គណបក្ស​ជាតិ​ខ្មែរ ហើយ​នៅ​ថ្ងៃ​ទី​ ១០ ​ខែ​វិច្ឆិកា​ឆ្នាំ​ ១៩៩៥ បង្កើត​បាន​គណបក្ស​ជាតិ​ខ្មែរ​ ពេល​នោះ​ហើយ​គឺជា​ការ​ចាប់ផ្ដើម​នូវ​ជីវិត​នយោបាយ​របស់​ខ្ញុំ»។

គោលបំណង​របស់​លោក​ គឺ​​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌ និង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅក្នុង​សង្គម​។ មុន​ឈាន​ជើង​ប្រឡូក​នៅក្នុង​ឆាក​នយោបាយ លោក​ភិរិទ្ធិ​បាន​បញ្ចប់​ការសិក្សា​ក្នុង​អំឡុង​ឆ្នាំ​ ១៩៨៩ ទន្ទឹម​គ្នា​នឹង​កងទ័ព​វៀតណាម​ដកចេញ​ពី​ប្រទេស​កម្ពុជា​។

«ខ្ញុំ​រៀន​ចប់​ជំនាញ​ជា​វេជ្ជបណ្ឌិត ចំ​ពេល​​ដែល​យួន​ដក​ចេញ​ពី​ស្រុក​ខ្មែរ​ អ៊ីចឹង​ខ្ញុំ​ត្រូវតែ​បង្ខំ​ចិត្ត​ធ្វើ​គ្រូពេទ្យ​វះកាត់​នៅ​សមរភូមិ​មុខ​​ជាមួយ​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​ នៅ​ពេទ្យ​យោធា​នៅ​ខេត្ត​បាត់ដំបង​ និង​ពេទ្យ​ស៊ីវិល នៅ​មង្គលបុរី​ខេត្ត​បន្ទាយមានជ័យ​រយៈពេល​ពីរ​ឆ្នាំ​ទើប​ត្រឡប់​មក​មន្ទីរពេទ្យ​ព្រះកុសុមៈ​ទីក្រុង​ភ្នំពេញ​វិញ​ជំនាញ​របស់​ខ្ញុំ​គឺ​វះកាត់​ផ្នែក​ពោះ​»។​ ​

លោក​​បន្ត​ថា ដោយសារ​មាន​ការ​រើសអើង​ផ្នែក​នយោបាយ​​នៅ​ឆ្នាំ​ ១៩៩៨ ​លោក​បាន​លាឈប់​ធ្វើ​គ្រូពេទ្យ ខណៈ​ពេល​ដែល​លោក​បាន​ជាប់​ជា​តំណាងរាស្រ្ត​នៅ​ខេត្ត​បន្ទាយមានជ័យ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ១៩៩៨ រហូត​ដល់​ឆ្នាំ​ ២០០៣ មាន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​សាជាថ្មី​លោក​ក៏​បាន​ជាប់​ជា​តំណាងរាស្រ្ត​មួយ​អាណត្តិ​ទៀត​នៅក្នុង​មណ្ឌល​ដដែល រហូត​ដល់​ឆ្នាំ​ ២០០៨ ។

ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០០៨ លោក​បាន​ជាប់​ឆ្នោត​សាជាថ្មី​នៅក្នុង​មណ្ឌល​ខេត្ត​កំពង់ចាម​រហូត​ដល់​បច្ចុបន្ន​។​

លោក​​បាន​ថ្លែង​ថា​៖ «ទោះបី​ខ្ញុំ​ជា​តំណាងរាស្រ្ត​ជាប់​គ្នា​រយៈពេល​ ២០ ឆ្នាំ​ក៏ដោយ​ក៏​ខ្ញុំ​នៅ​តែ​ផ្សារ​ជាប់​ជាមួយ​បច្ចេកទេស​ដែរ​គឺ​រាល់​ចុងសប្ដាហ៍​ខ្ញុំ​តែងតែ​យក​ជំនាញ​ពេទ្យ​របស់​ខ្ញុំ​ចុះ​មូលដ្ឋាន​ជួយ​​ព្យាបាល​មនុស្ស​ចាស់​តាម​​សមត្ថភាព​ដែល​ខ្ញុំ​មាន។ ខ្ញុំ​មាន​ទស្សនវិស័យ​មួយ​ថា​ បើសិន​ជា​ការ​ដឹកនាំ​ស្ថិត​នៅក្នុង​គណបក្ស​នយោបាយ​តែ​មួយ ហើយ​ចេញ​ពី​ប្រភព​មួយ​ ដែល​មាន​និន្នាការ​កុម្មុយនីស្ត អ៊ីចឹង​ទេ​ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​ នឹង​ជួប​បញ្ហា​ច្រើន​ថែម​ទៀត​ ទាំង​ការ​អភិវឌ្ឍ បញ្ហា​សង្គម​ និង​អយុត្តិធម៌ ដូច្នេះ​ហើយ​ធ្វើឲ្យ​ខ្ញុំ​ចូលរួម​នយោបាយ​ដើម្បី​ធ្វើឲ្យ​មាន​កំណែទម្រង់​មួយ ដោយ​ចាប់ផ្ដើម​សរសេរ​អត្ថបទ​ឲ្យ​កាសែត​​សំឡេង​​យុវជន​ខ្មែរ​នា​ពេល​នោះ»។

ដោយ​អ្នក​សារព័ត៌មាន​ទាំងនោះ​សុទ្ធតែ​ជា​និសិ្សត​ពេទ្យ​ និង​ជា​សិស្ស​ប្អូនៗ​របស់​លោក​ ភិរិទ្ធិ លោក​ភិរិទ្ធិ ដូចជា​រៀមច្បង​គេ «វា​អាច​ថា ជីវិត​នយោបាយ​របស់​ខ្ញុំ​ចាប់ផ្ដើម​ពី​ការ​សរសេរ​កាសែត​​ដែរ ហើយ​ក៏​បាន​ក្លាយ​ខ្លួន​ធ្វើ​សកម្មភាព​នយោបាយ​»​។​

អ្វី​ដែល​លោក​ ភិរិទ្ធិ មិន​អាច​បំភ្លេច​បាន​នោះ​ គឺ​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ដៃ​ចំនួន​ ៤ គ្រាប់​ទៅលើ​ហ្វូង​បាតុករ​អហិង្សា​មួយ​នៅ​មុខ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី ៣០ ខែ​មីនា​ឆ្នាំ​ ១៩៩៧​ ដែល​​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​តុលាការ​ និង​​ផ្ដល់​ភាព​យុត្តិធម៌ ដោយសារ​តែ​​​ប្រព័ន្ធ​តុលាការ​បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ ហើយ​លែង​ជា​ប្រព័ន្ធ​មួយ​ដែល​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ និង​សង្គម​​។

​«នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​សំខាន់​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​គឺ​ការ​គប់​គ្រាប់បែក​មកលើ​ហ្វូង​បាតុករ​។ ខ្ញុំ​បាន​រងគ្រោះ​ដោយ​ត្រូវ​អំបែង​គ្រាប់បែក​ពីរ​គ្រាប់ មួយ​នៅ​ខាង​ខ្នង​ហើយ​ទុក​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​វះកាត់​យក​ចេញ​ទេ ហើយ​មួយ​ទៀត​ត្រូវ​ស្មងជើង ហើយ​គ្រាប់​ទី​បី​មួយ​ទៀត​ជា​អំបែង​ធំ​មក​បុក​ត្រូវ​ចំ​ភ្លៅ​ខ្ញុំ​តែ​សំណាង​ល្អ​ពេល​នោះ ខ្ញុំ​មាន​ទូរស័ព្ទ​ប្រើ​ហើយ​បាន​ដាក់​នៅក្នុង​ហោ​ប៉ៅ​ខោ អំបែង​គ្រាប់​នោះ បាន​ជាប់​នឹង​ថ្ម​ទូរស័ព្ទ បើ​កុំ​មាន​ទូរស័ព្ទ​រង​ជំនួស​ខ្ញុំ​អាច​នឹង​បាត់បង់​ជីវិត​។ នេះ​ជា​សំណាង​របស់​ខ្ញុំ»។​

លោក​ ភិរិទ្ធិ បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​មួយ​ចំនួន រួមទាំង​អ្នកកាសែត បាន​ស្លាប់​នៅក្នុង​ការ​គប់​គ្រាប់បែក​នោះ រហូត​មក​ដល់​ពេល​នេះ ជន​ដៃដល់ មិន​​ទាន់​ត្រូវ​បាន​គេ​យក​​មក​កាត់ទោស​នៅ​ឡើយ​ទេ។ និទ្ទណ្ឌភាព​នៅតែ​កើត​មាន​បើ​កាលណា​គ្មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ​។

«ខ្ញុំ​ធ្វើ​នយោបាយ​​ចង់​បាន​ការ​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ​បើ​អ្នក​នយោបាយ​ដែល​កាន់​អំណាច​មិន​ផ្លាស់ប្តូ​ររបៀប​ដឹកនាំ មាន​តែ​យើង​ប្រឹង​ប្រកួតប្រជែង ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ និង​ឈាន​ទៅ​រក​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។ ខ្ញុំ​គិត​ថា​ ប្រទេស​កម្ពុជា​មិន​ត្រូវការ​ពេល​យូរ​ទៀត​ទេ ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ពីព្រោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​កន្លង​មក​នេះ ​ពលរដ្ឋ​ចង់​ឲ្យ​​មាន​ការ​ផ្លាស់ប្តូរ​តាមរយៈ​ការ​បោះឆ្នោត»។​

លោក ភិរិទ្ធិ មាន​ជំនឿ​ថា ឆ្នាំ ២០១៨ ​នឹង​មាន​ការ​ផ្លាស់ប្តូរ​។

លោក​ ភិរិទ្ធិ ​មាន​ស្រុក​កំណើត​នៅ​ទី​រួមខេត្ត​កំពង់ចាម​លោក​បាន​ចាប់ផ្ដើម​សិក្សា​នៅក្នុង​ឆ្នាំ​ ១៩៦៥ ដែល​មាន​ឪពុក​ជា​គ្រូបង្រៀន​។

សម័យ​សង្គម​រាស្រ្តនិយម រហូត​ដល់​​ឆ្នាំ ១៩៧០ លោក​បាន​​រៀន​ចប់​បឋមសិក្សា ហើយ​ឆ្នាំ​ ១៩៧៣ ​ជិត​ប្រឡង​ឌីប្លូម លោក​ក៏​បាន​គេច​ចេញ​ពី​ខេត្ត​ ដោយសារ​​តែ​ប្រទេស​បាន​ធ្លាក់​ទៅក្នុង​សង្គ្រាម​ស៊ីវិល ហើយ​បាន​មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ នៅ​សាលា​យុគន្ធរ​រហូត​ដល់​ឆ្នាំ​ដែល​ខ្មែរក្រហម​វាយ​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ លោក​បាន​​រៀន​ចប់​ថ្នាក់​ទី​មួយ​ទំនើប​។ ពេល​ខ្មែរ​ក្រហម​ចូល​ភ្នំពេញ​លោក​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​កំពង់ចាម​ធ្វើការ​ក្នុង​កងចល័ត​ដូច​គេ​ឯង​ដែរ​រហូត​ដល់​បែក​ ១៩៧៩ ។​

ឆ្នាំ ១៩៨២ លោក​បាន​មក​ភ្នំពេញ​បន្ត​ការ​សិក្សា​ប្រឡង​ជាប់​បាក់ឌុប​សម័យ​រដ្ឋកម្ពុជា​ហើយ​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ពេទ្យ​រហូត​ដល់​​ឆ្នាំ​ ១៩៨៩ ​បាន​រៀន​​ចប់​ក្លាយ​ជា​វេជ្ជបណ្ឌិត​តាំងពី​ពេល​នោះ​មក​។

«ខ្ញុំ​កើត​នៅ​ឆ្នាំ ១៩៥៩ ជីវភាព​គ្រួសារ​មធ្យម​ព្រោះ​ឪពុក​ខ្ញុំ​គ្រូបង្រៀន​មាន​ប្រាក់ខែ​ច្រើន​រស់នៅ​បាន​ស្រួល​នា​ជំនាន់​នោះ​។ ខ្ញុំ​រៀបការ​នៅ​ឆ្នាំ​ ១៩៩៣ រហូត​ដល់​ពេល​នេះ មាន​កូន​បី​នាក់​ក្នុង​បន្ទុក ប្រុស​ពីរ ស្រី​មួយ។ ពួកគេ​បាន​រៀន​ចប់​មហាវិទ្យាល័យ​អស់​ហើយ»។

លោក​ភិរិទ្ធិ គ្មាន​បំណង​ចង់​ឲ្យ​កូនៗ​របស់​លោក​ចូល​ធ្វើ​នយោបាយ​ដូច​​​លោក​នោះ​ទេ ប៉ុន្តែ​ទោះ​​ជា​យ៉ាងណា លោក​ថា លោក​ក៏​គ្មាន​សិទ្ធិ ហាមឃាត់​កូន​ដែរ បើ​ពួកគេ​មាន​សមត្ថភាព៕

No comments: