A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 July 2015

លោក ទ្រី ភាព ទាមទារ​ដោះស្រាយ​តាម​ច្បាប់​ករណី​ចោទ​ក្រុមហ៊ុន​លោក​កាប់​បំផ្លាញ​ឈើ


ដោយ រដ្ឋា វិសាល
2015-07-09 rfa

៤-វិច្ឆិកា-២០១៣៖ ឃ្លាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន ទ្រី ភាព នៅ​ត្មាតពង ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។ CHRTF Report
CHRTF Report

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ក្រុម បាន​សរសេរ​លិខិត​ជូន​ទៅ​ប្រមុខ​រាជ​រដ្ឋាភិបាល តាម​រយៈ​ប្រធាន​រដ្ឋសភា ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ក្រុមហ៊ុន ទ្រី ភាព (Try Pheap) និង​ក្រុមហ៊ុន អាន ម៉ារ៉ាឌី (An Marady) ដែល​កំពុង​ធ្វើ​អាជីវកម្ម​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុង​តំបន់​កន្ទុយ​នាគ​ស្រុក​តាវែង ខេត្ត​រតនគិរី។ ក៏ប៉ុន្តែ​ក្រុមហ៊ុន ទ្រី ភាព អះអាង​ថា ការ​ចោទ​ប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ពិត និង​ទាមទារ​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​តាម​ផ្លូវ​ច្បាប់។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា អះអាង​ថា លិខិត​បែប​រដ្ឋបាល​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មួយ នឹង​ត្រូវ​ផ្ញើ​ជូន​ទៅ​រដ្ឋសភា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើសុំ​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រាជ​រដ្ឋាភិបាល​បញ្ឈប់​ក្រុមហ៊ុន​សម្បទាន ទ្រី ភាព និង​ក្រុមហ៊ុន អាន ម៉ារ៉ាឌី។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ២០​នាក់ កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា បាន​សរសេរ​លិខិត​មួយ​ច្បាប់​តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យ​ការ​ស្នើសុំ​នោះ។

លោក ផៃ ស៊ីផាន ថ្លែង​បញ្ជាក់​ថា សំណើ​សុំ​នេះ​ពាក់ព័ន្ធ​ស្ថាប័ន​សំខាន់​ចំនួន​៤ រួម​មាន​ក្រសួង​កសិកម្ម បរិស្ថាន រដ្ឋបាល​ព្រៃ​ឈើ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ហេតុ​នេះ ក្រសួង​ពាក់ព័ន្ធ​នឹង​ធ្វើ​របាយការណ៍​ជូន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​មាន​មូលដ្ឋាន​ឆ្លើយ​តប​ទៅ​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​វិញ៖ «ពិត​ជា​មាន​ការ​ឆ្លើយ​តប​វិញ​តាម​រយៈ​រដ្ឋាភិបាល​ទៅ​សភា​វិញ មិន​អាច​ឆ្លើយ​បំភ្លឺ​បាន​ឥឡូវ ពេល​ហ្នឹង​អត់​ទាន់​មាន​អ្វី​ច្បាស់​ទេ»។

ក្រសួង​បរិស្ថាន បាន​ប្រគល់​ដី​ជិត ២​ម៉ឺន​ហិកតារ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ទៅ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព និង​ដី​ប្រមាណ ៩​ពាន់​ហិកតារ​ទៀត ទៅ​ឲ្យ​ក្រុមហ៊ុន អាន ម៉ារ៉ាឌី។

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក កង គឹមហាក់ ដែល​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើសុំ​នេះ​រៀបរាប់​ថា ក្រុម​អ្នក​តំណាង​រាស្ត្រ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​សម្បទាន​ក្រុមហ៊ុន​ទាំង​ពីរ​កាល​ពី​ខែ​មិថុនា និង​ឃើញ​មាន​គំនរ​ឈើ​ជាច្រើន​បន្សល់​នៅ​អម​សង​ខាង​ផ្លូវ​ក្រុមហ៊ុន ហើយ​មិន​មាន​បោះ​ញញួរ​ត្រា​ជា​សញ្ញា​បង់​ពន្ធ៖ «យើង​ចូល​ទៅ​ឃើញ​ឈើ​ជាច្រើន​ម៉ែត្រ​គូប ប៉ុន្តែ​ពិនិត្យ​ឃើញ​ថា ឈើ​ហ្នឹង​មិន​មាន​លក្ខណៈ​បង់​ពន្ធ»។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា មិន​អាច​ទាក់ទង​ក្រុមហ៊ុន អាន ម៉ារ៉ាឌី សុំ​អធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។ ដោយឡែក​ក្រុមហ៊ុន ទ្រី ភាព កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា បាន​ចេញ​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​ជា​សាធារណៈ​ថា ក្រុមហ៊ុន​បាន​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២​កន្លែង​នៅ​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ជូន​ទៅ​រាជ​រដ្ឋាភិបាល​តាំង​តែ​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៣។
ទ្រី ភាព ៦២០

លោក​ឧកញ៉ា ទ្រី ភាព។ Photo/Global Witness

ពាក់ព័ន្ធ​មន្ទិល​សង្ស័យ​លើ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន អគ្គនាយក​ក្រុមហ៊ុន លោក ទ្រី ភាព ទាមទារ​ដោះស្រាយ​ការ​ចោទ​ប្រកាន់​តាម​វិធានការ​ច្បាប់ ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​រូប​លោក​ពិត​ជា​អ្នក​បំផ្លាញ​ជាតិ ឬ​យ៉ាង​ណា? លោក​ថា ដី​ដែល​រដ្ឋ​បាន​ប្រគល់​នៅ​តំបន់​ឧទ្យាន​ជាតិ ក្រុមហ៊ុន​មិន​បាន​ប្រមូល​ផល​ឈើ​អ្វី​បន្តិច​ឡើយ ចំណែក​ឈើ​ដែល​តំណាង​រាស្ត្រ​បាន​ឃើញ ក៏​មិន​មែន​ជា​ឈើ​របស់​ក្រុមហ៊ុន​លោក​ដែរ៖ «ខ្ញុំ​សុំ​រក​តាម​ផ្លូវ​ច្បាប់ ថា​តើ​អ្នក​ណា​ចោទ​ប្រកាន់​ខ្ញុំ ថា​ក្រុមហ៊ុន​ខ្ញុំ​នៅ​តែ​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​នៅ​ទីនោះ ទីនោះ​អត់​សោះ។ ខ្ញុំ​កូន​ខ្មែរ​មួយ​រូប ខ្ញុំ​ធ្វើ​តាម​រាជ​រដ្ឋាភិបាល​ទេ ហើយ​ខ្ញុំ​ក៏​មិន​បំផ្លាញ​ជាតិ​ខ្ញុំ​ដែរ។ ខ្ញុំ​ស្រឡាញ់​ជាតិ​ណាស់ ខ្ញុំ​អភិវឌ្ឍ​នៅ​ខេត្ត​រតនគិរី ចោទ​តែ ទ្រី ភាព លួច​តែ​ឈើ ដឹក​តែ​ឈើ គាត់​មិន​ប្ដឹង​ទៅ​តុលាការ​ចាប់ ទ្រី ភាព ដាក់​គុក»។

ទាក់ទិន​ការ​ទាមទារ​នេះ ប្រធាន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ លោក ព្រិន សំបូរ អះអាង​ថា ក្រុមហ៊ុន ទ្រី ភាព មិន​បាន​ដក​ហូត​ឈើ​ក្នុង​ដី​សម្បទាន​នោះ​ទេ។ ដោយឡែក​ក្រុមហ៊ុន អាន ម៉ារ៉ាឌី ដក​ហូត​ឈើ​ត្រឹមត្រូវ​តាម​ច្បាប់ និង​បាន​បង់​ពន្ធ​តម្លៃ​ឈើ​ដក​ហូត​តាម​រយៈ​មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ៖ «អត់​ទេ​អា​ហ្នឹង​គាត់​ទើប​ប្រមូល​ពី​កន្លែង​ឈូស​ឆាយ ក្រុម​ការងារ​គេ​រៀបចំ​ចុះ​មក​ហើយ​តើ គឺ​គាត់​មាន​ច្បាប់​ត្រឹមត្រូវ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ដែរ​ថា កន្លង​ទៅ​នេះ​សកម្មជន​អាដហុក (adhoc) ពិបាក​កំណត់​ជាក់លាក់​ពី​ប្រតិបត្តិការ​ដក​ហូត​ឈើ​របស់​ក្រុមហ៊ុន​ទាំង​ពីរ ពីព្រោះ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ជំនាញ ទាក់ទិន​ការ​ដក​ហូត​ឈើ​ក្នុង​ដី​សម្បទាន និង​ដោយឡែក​ក្រុមហ៊ុន ទ្រី ភាព មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ​គ្រប់​ប្រភេទ​ពី​បណ្ដា​ក្រុមហ៊ុន។ លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​កាប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ ប៉ុន្តែ​កន្លង​ទៅ សហគមន៍​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ ក៏​ជាប់​ពាក់ព័ន្ធ​លួច​កាប់​ឈើ​ក្នុង​តំបន់​នោះ ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ដែរ៖ «មាន​ការ​ចន្លោះ​ប្រហោង​ដូច​ខាង​ប្រជាពលរដ្ឋ​សហគមន៍ គាត់​ដឹក​តាម​ម៉ូតូ​រទេះ​ក៏​មាន​ដែរ។ ការ​កាប់​ឈើ​ខុស​ច្បាប់​នេះ អាស្រ័យ​លើ​រាជ​រដ្ឋាភិបាល​ជា​អ្នក​ទប់ស្កាត់»។

យ៉ាង​ណា​ក៏ដោយ អ្នក​តំណាង​រាស្ត្រ លោក កង គឹមហាក់ អះអាង​ថា ក្រុម​អ្នក​តំណាង​រាស្ត្រ​ទាំង ២០​នាក់ រង់ចាំ​ការ​ឆ្លើយ​តប​របស់​រាជ​រដ្ឋាភិបាល មុន​នឹង​ស្នើសុំ​រដ្ឋសភា កោះ​អញ្ជើញ​តំណាង​រាជ​រដ្ឋាភិបាល​មក​បំភ្លឺ​ករណី​នេះ​នៅ​រដ្ឋសភា៕

No comments: