A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 10 July 2015

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​សភា​បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ឈើ​របស់​ឧកញ៉ា​ពីរ​រូប


ដោយ តាំង សារ៉ាដា 2015-07-08 rfa
៩-វិច្ឆិកា-២០១៣៖ ឃ្លាំ​ស្តុក​ឈើ​របស់​ក្រុមហ៊ុន ទ្រី ភាព នៅ​តាវែង ខេត្ត​រតនគិរី។
CHRTF Report

តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ចំនួន ២០​រូប កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ទាមទារ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា អាន ម៉ារ៉ាឌី ដែល​កំពុង​ធ្វើ​អាជីវកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​វីរជ័យ ស្ថិត​ក្នុង​តំបន់​កន្ទុយ​នាគ​ខេត្ត​រតនគិរី។

​ក្រុមតំណាងរាស្ត្រ​របស់​បក្ស​សង្គ្រោះ​ជាតិ បាន​រក​ឃើញ​ថា ឈើ​ប្រណិត​ធំៗ​ក្នុង​ភូមិសាស្ត្រ​ឧទ្យាន​ជាតិ​វីរជ័យ កំពុង​ប្រឈម​នឹង​មហា​វិនាសកម្ម និង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដោយសារ​ក្រុមហ៊ុន​របស់​ឧកញ៉ា​មហា​សេដ្ឋី​ព្រៃឈើ​ទាំង​ពីរ​នេះ។

តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា ការ​ទាមទារ​ឲ្យ​បញ្ឈប់​សកម្មភាព​កាប់​ឈើ​របស់​ឧកញ៉ា ទ្រី ភាព និង អាន អាន ម៉ារ៉ាឌី គឺ​ជា​ការ​ចាំបាច់៖ «ខ្ញុំ​ឃើញ​ថា មាន​ផល​ប៉ះពាល់​ពី​រឿង​បរិស្ថាន​ធ្ងន់ធ្ងរ​ខ្លាំង​មែន​ទែន ជុំវិញ​ការ​កាប់​ឈើ​ដោយសារ​ការ​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ។ ដូច្នេះ​យើង​យល់​ឃើញ​ថា វា​ជា​ការ​ចាំបាច់​ជាទីបំផុត​ក្នុង​ការ​សើរើ និង​ពិនិត្យ​មើល​ជា​បន្ទាន់។ ខ្ញុំ​សង្ឃឹម​ថា សំណើរ​និង​ការ​ស្នើ​សុំ​របស់​តំណាងរាស្ត្រ​របស់​បក្ស​សង្គ្រោះ​ជាតិ តែ​មួយ​គត់ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជាតិ​យើង»។

រហូត​មក​ទល់​ពេល​នេះ ប្រធាន​រដ្ឋ​សភា​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​នេះ​នៅ​ឡើយ​ទេ។

របាយការណ៍​បូក​សរុប​អំពី​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន ទ្រី ភាព ដែល​ស៊ើប​អង្កេត​ដោយ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ឆ្នាំ​២០១៤ បង្ហាញ​ថា ឧកញ៉ា ទ្រី ភាព មាន​ក្រុមហ៊ុន​ជាង ២០ ស្ថិត​លើដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជិត ៧​ម៉ឺន​ហិកតារ គ្រប​ដណ្ដប់​លើ​ខេត្ត​ក្រុង​ចំនួន ១២​ក្នុង​ប្រទេស​កម្ពុជា ហើយ​កំពុង​ប្រតិបត្តិការ​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​ទៅ​ប្រទេស​វៀតណាម ប្រទេស​ចិន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ចំណេញ​កប់​ក្តោង​រាប់​លាន​ដុល្លារ។

​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ទាំង​នោះ​រួម​មាន ទ្រី ភាព ហ្គ្រូប (Try Pheap Group Co., Ltd.) ហុង ហ្វូ ទ្រី ភាព ម៉ីង ឌីវែលឡបមែន ខន់ស្ត្រាក់ សិន (Hong Fu Try Pheap Ming Development Construction group Co. Ltd)  អឹម.ឌី.អេស ហ្គ្រូប (M.D.S Group Co., Ltd.) ទ្រី ភាព អ៊ីមផត អិច្ឆផត (Try Pheap Import Export Co., Ltd.) និង​បណ្តា​ក្រុមហ៊ុន​ជា​ច្រើន​ទៀត។

​ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង បាន​សាទរ​ចំពោះ​ការ​សើ្ន​សុំ​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​ជំទាស់ ឲ្យ​បញ្ឈប់​វិនាសកម្ម​ព្រៃឈើ​របស់​ឧកញ៉ា​ ទ្រី ភាព និង អាន ម៉ារ៉ាឌី៖ «ខ្ញុំ​គាំទ្រ​សមាជិក​សភា​ទាំង​ស្រុង មិន​ថា​សមាជិកសភា​នោះ​មក​ពី​គណបក្ស​ប្រឆាំង ឬ​យ៉ាង​ណា​ទេ ពីព្រោះ​ថា ជា​សមាជិក​សភា​របស់​រដ្ឋ​សភា​ជាតិ​ទាំង​មូល​តែម្តង ហើយ​គុណ​តម្លៃ​របស់​គាត់​ត្រូវ​តែ​ធ្វើ​ឲ្យ​មន្ត្រី​របស់​រដ្ឋាភិបាល ក៏​ដូចជា​ក្រុមហ៊ុន​ហ្នឹង​គោរព​តាម​ច្បាប់ ហើយ​ជាពិសេស បញ្ឈប់​ការ​កាប់​ឈើ​តែម្តង​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

​តាម​ការ​ស៊ើប​អង្កេត​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ លោក ទ្រី ភាព បាន​នាំ​ឈើ​ប្រណិត​ចេញ​តាម​ច្រក​កំពង់ផែ​អន្តរជាតិ យ៉ាង​ហោច​ណាស់​ជាង ៣០​កុងតឺន័រ ក្នុង​មួយ​ថ្ងៃ ដែល​មាន​តំលៃ​ជាង ១៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ប៉ុន្តែ​លោក អ៊ាង សុផល្លែត អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​កសិកម្ម ធ្លាប់​ប្រតិកម្ម​តាម​ទូរស័ព្ទ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ចោទ​ប្រកាន់​របស់​ក្រុម​កិច្ច​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង​ត្រឹមត្រូវ៖ «ចំពោះ​ករណី​ហ្នឹង​ខ្ញុំ​អត់​បាន​ដឹង​ទេ ប៉ុន្តែ​រាល់​ការ​ចោទ​ប្រកាន់ រាល់​ការ​និយាយ​ពាក់ព័ន្ធ​នឹង​ករណី​ណា​មួយ​នោះ​គួរ​មាន​ភស្តុតាង»។

​ទោះ​ជា​បែប​នេះ​ក្តី អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៥ រក​ឃើញ​ឯកសារ​លក់​ឈើ​របស់​លោក ទ្រី ភាព ចំនួន​ពីរ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ ដែល​ដឹក​ឈើ​ប្រណិត​ទៅ​កាន់​ទីក្រុង​ហុងកុង តាម​ច្រក​កំពង់ផែ​ក្រុង​ព្រះសីហនុ ចំនួន ៥​ពាន់​ម៉ែត្រគូប តែ​ពីរ​ជើង​ប៉ុណ្ណោះ​គឺ​មាន​តំលៃ​ជិត ៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

​ក្រុម​កិច្ច​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា ព្រួយ​បារម្ភ​ថា ប្រសិនបើ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព មិន​ព្រម​បញ្ឈប់​ការ​កាប់​ព្រៃឈើ​របស់​ខ្មែរ​ទេ​នោះ បរិស្ថាន​របស់​ប្រទេស​មួយ​នេះ​នឹង​រង​នូវ​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឡើង​កម្ដៅ​ខ្លាំង​រហូត​ដល់​អាច​ដុត​សម្លាប់​ជីវិត​មនុស្ស​ដូច​នៅ​តាម​បណ្ដា​ប្រទេស​ឥណ្ឌា និង​ប្រទេស​ប៉ាគីស្ថាន ជា​មិន​ខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: