A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 July 2015

សង្គម​ស៊ីវិល​ថា​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ច្បាប់​អង្គការ-​សមាគម

ដោយ ម៉ម មុនីរតន៍
2015-07-13 rfa

អង្គការ​សមាគម​លើក​បដា​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ អង្គការ-សមាគម នៅ​មុខ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Uon Chhin

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី និង​សហជីព បាន​ប្ដេជ្ញា​ថា​នឹង​បន្ត​យុទ្ធនាការ​ប្រឆាំង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​បន្ត​ទៀត។ ច្បាប់​នេះ ត្រូវ​បាន​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា​ជា​ការ​រឹត​បន្តឹង និង​ធ្វើ​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ​ចំពោះ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

តាំង​ពី​ព្រឹក​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​១៣ កក្កដា ផ្លូវ​ថ្នល់​ស្ទើរ​គ្រប់​ច្រកល្ហក​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មនុស្ស​ម្នា​ធ្លាប់​ចេញ​ចូល និង​ឆ្លង​កាត់​សំដៅ​មក​រដ្ឋសភា ត្រូវ​បិទ​ជិត​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​បាន​ធ្វើ​ចរាចរ​ដូច​មុន​ទៀត​ឡើយ គឺ​ពេល​នេះ ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​កម្លាំង​ចម្រុះ និង​របាំង​ការពារ​យ៉ាង​តឹងរ៉ឹង​វិញ។

ការ​រឹត​បន្តឹង​នេះ ស្រប​ពេល​សមាជិក​សភា​ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ក្នុង​មន្ទីរ​រដ្ឋសភា។ ចំណែក​នៅ​ខាង​ក្រៅ​បរិវេណ​នៃ​រដ្ឋសភា​ឯណេះ​វិញ របាំង​ដែក​ត្រូវ​បាន​ដាក់​ការពារ​ជាច្រើន​ជាន់ អម​ដោយ​កម្លាំង​សមត្ថកិច្ច​ដែល​មាន​ដំបង​ឆក់ និង​ខែល​គ្រប់​ដៃ​ថែម​ទៀត​ផង។

ក្រុម​អ្នក​តវ៉ា​ដែល​មាន​គ្នា​ប្រមាណ ២០០​នាក់ ហើយ​ថែម​ទាំង​ពុំ​មាន​អ្វី​ទាល់​តែ​សោះ​ក្នុង​ដៃ ក្រៅ​ពី​បដា​សរសេរ​ថា និយាយ​ថា​ទេ​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផង​នោះ បាន​ត្រឹម​ឈរ​តវ៉ា​នៅ​ខាង​ក្រៅ ដែល​មាន​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ​ពី​រដ្ឋសភា​ប៉ុណ្ណោះ។

មន្ត្រី​ផ្នែក​គណនេយ្យ​នៃ​សហព័ន្ធ​សជីព​កម្មករ ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា កញ្ញា ញូង សុខហៀង ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ថា ក្រុម​សហជីព អង្គការ និង​សមាគម នឹង​បន្ត​យុទ្ធនាការ​បន្ត​ទៀត​ប្រឆាំង​ច្បាប់​អង្គការ និង​សមាគម​នេះ បើ​ទោះ​ជា​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ហើយ​ក្ដី។ កញ្ញា សុខហៀង បន្ត​ថា ព្រោះ​ច្បាប់​នេះ​អនុម័ត​រួច​ហើយ​ពុំ​បាន​បម្រើ​ឲ្យ​ផល​ប្រយោជន៍​រួម ក្រៅ​ពី​ដើម្បី​បំពេញ​តម្រូវ​ការ​សម្រាប់​គោល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ​នោះ។ កញ្ញា ញូង សុខហៀង បន្ត​ថា «ពួក​ខ្ញុំ​មិន​បញ្ឈប់​ទេ ទៅ​ដល់​ណា​ក៏​ទៅ​ដែរ លុះត្រា​តែ​ប្រកាស​ពី​គាត់​មក​ថា ច្បាប់​នេះ​អនុវត្ត​មក​ដើម្បី​ប្រជាពលរដ្ឋ ហើយ​ត្រូវ​កែ​មាត្រា និង​លក្ខន្តិកៈ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ»។

បើ​ទោះ​ជា​បែប​ណា មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ដាក់​បម្រាម និង​របាំង​ការពារ​របស់​រដ្ឋាភិបាល​នៅ​បរិវេណ​រដ្ឋសភា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​រឹត​បន្តឹង​សន្តិសុខ​ក្នុង​ថ្ងៃ​អនុម័ត​ច្បាប់​នេះ​ឡើយ។

រស់នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង លោកស្រី យិន បិច ដែល​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​អនុម័ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ដែរ ចាត់​ទុក​ថា តំណាង​រាស្ត្រ​សុទ្ធតែ​បាន​អះអាង​ថា ធ្វើ​អ្វីៗ​ដើម្បី​រាស្ត្រ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ពេល​បាន​អំណាច​ក្នុង​ដៃ​ហើយ គឺ​ពុំ​បាន​អនុវត្ត​ជាក់ស្ដែង​ដូច​ការ​សន្យា​ឡើយ។ លើស​ពី​នេះ​ទៀត ថែម​ទាំង​បាន​ព្យាយាម​បង្កើត​ច្បាប់​នានា​ដែល​ពុំ​បាន​បម្រើ​ឲ្យ​ផល​ប្រយោជន៍​សាធារណៈ ក្រៅ​ពី​ដើម្បី​បក្ស និង​ការពារ​ផល​ប្រយោជន៍​បុគ្គល​ច្រើន​ជាង​ទៅ​វិញ​ប៉ុណ្ណោះ។ លោកស្រី យិន បិច ព្រមាន​ថា បើ​គណបក្ស​នយោបាយ​ណា​ដែល​បន្ត​អនុម័ត​ច្បាប់​នេះ អាច​នឹង​ប្រឈម​បាត់បង់​ការ​ជឿ​ទុក​ចិត្ត និង​ធ្លាក់​ចុះ​ប្រជាប្រិយភាព។ លោកស្រី យិន បិច បន្ត​ថា «បើ​និយាយ​ពី​តំណាង​រាស្ត្រ​ក៏​កើត​ចេញ​ពី​រាស្ត្រ ហើយ​ស៊ី​ប្រាក់​ខែ​ក៏​បាន​លុយ​ពី​រាស្ត្រ​ដែរ ប៉ុន្តែ​មុន​នឹង​បង្កើត​ច្បាប់ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​រាស្ត្រ»។

លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) យល់​ឃើញ​ថា ការ​បន្ត​អនុម័ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ ទំនង​ជា​រដ្ឋាភិបាល​ចាត់​ទុក​ថា ខ្លួន​ត្រូវ​បាត់បង់​សំឡេង​ឆ្នោត​ដែល​ពុំ​ធ្លាប់​មាន ព្រោះ​តែ​អង្គការ​សង្គម​ស៊ីវិល​ហើយ​មើល​ទៅ។ លោក នី ចរិយា ថ្លែង​បន្ត​ថា ប្រសិន​បើ​យ៉ាង​ដូច្នេះ​មែន នោះ​បាន​ន័យ​ថា ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល​អាច​នឹង​រុញ​ច្រាន​ស្ថានភាព​នេះ​ឲ្យ​កាន់​តែ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ថែម​ទៀត។ លោក នី ចរិយា ប្រៀបធៀប​ថា ការ​បាត់បង់​សំឡេង​ឆ្នោត​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច គឺ​ពុំ​មាន​ជាប់​ទាក់ទិន​នឹង​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឡើយ។ ហេតុ​នេះ ការ​ធ្លាក់​ចុះ​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កន្លង​ទៅ​នេះ ក៏​ពុំ​មាន​មន្ទិល​សង្ស័យ​ណា​មួយ​ជាមួយ​នឹង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​ទេ។ លោក​បន្ត​ថា «គាត់​ភ្លេច​គិត​ថា​សង្គម​ស៊ីវិល​ឥត​មាន​ធ្វើ​ឲ្យ​គាត់​បាត់បង់​សន្លឹក​ឆ្នោត​ឆ្នាំ​២០១៣ ទេ គឺ​ខ្លួន​គាត់​ផ្ទាល់​ទេ​ធ្វើ​ឲ្យ​បាត់បង់​សន្លឹក​ឆ្នោត​ឆ្នាំ​២០១៣។ យើង​សួរ​ថា បើ​សិន​ជា​សង្គម​ស៊ីវិល​ធ្វើ​ឲ្យ​បាត់បង់​សន្លឹក​ឆ្នោត​ឆ្នាំ​២០១៣ ចុះ​កាល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពី​ឈ្នះ​រហូត​ទៅ​ដល់​ចាញ់​បាត់​សំឡេង​សុទ្ធ​ហ្នឹង មក​ពី​សង្គម​ស៊ីវិល​ដែរ​ឬ​ក៏​ម៉េច?»។

បើ​ទោះ​ជា​មាន​ពង្រាយ​កម្លាំង​ដ៏​ច្រើន​ជុំវិញ​បរិវេណ​រដ្ឋសភា អម​ដោយ​ឡាន​ទឹក​ជាច្រើន​គ្រឿង​បែប​ណា ក៏​ការ​តវ៉ា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ពុំ​មាន​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​រវាង​ក្រុម​សមត្ថកិច្ច និង​ក្រុម​អ្នក​តវ៉ា​ដែរ៕

No comments: