A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 27 July 2015

សមត្ថកិច្ច​ដោះ​លែង​យុវជន​៦​នាក់​ដែល​ស្លៀក​ពាក់​ជា​អ្នក​ទោស​តវ៉ា​នៅ​មុខ​រដ្ឋសភា

ដោយ ប្រាជ្ញ ចេវ
2015-07-26 rfa


យុវជន​ដែល​ស្លៀកពាក់​ខោ​អាវ​អ្នក​ទោស និង​ដាក់​ច្រវាក់​ខ្លួន​ឯង ដើម្បី​សម្ដែង​មតិ​តវ៉ា​ប្រឆាំង​នឹង​ការ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​មុខ​រដ្ឋសភា ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

School of Vice: Freedom of assembly and civil protest is written into the constitution. Yet this regime expects people to obtain permission from the authorities prior to holding any form of expressing public grievances at any public venue any where. The catch is where they do ask for the authorities' permission, their request is invariably denied them! There you have it: the meaning of "catch-22". And you always thought it had something to do with a novel and Hollywood ...

***

សមត្ថកិច្ច​សាលា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​ដោះ​លែង​ក្រុម​យុវជន​ទាំង ៦​នាក់​ដែល​ស្លៀកពាក់​ជា​អ្នក​ទោស ទៅ​បញ្ចេញ​មតិ​នៅ​មុខ​រដ្ឋសភា។ សមត្ថកិច្ច​អះអាង​ថា ការ​ឃាត់​ខ្លួន​ព្រោះ​ពួក​គេ​មិន​បាន​សុំ​ការ​អនុញ្ញាត និង​ចោទ​ប្រកាន់​ក្រុម​យុវជន​ចំនួន ៤​ករណី។ ទោះ​បែប​នេះ សង្គម​ស៊ីវិល ហៅ​ការ​ចាប់​ខ្លួន​នេះ ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ជា​ថ្នូរ​នៃ​ការ​ដោះ​លែង​នេះ អាជ្ញាធរ​ឲ្យ​ក្រុម​យុវជន​ទាំង ៦​នាក់ ផ្ដិត​មេដៃ​សន្យា​ឈប់​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​ក្រុង និង​ហាម​ពាក់​អាវ​អ្នក​ទោស ហាម​យក​ដំបង​ឫស្សី​បង្ក​ហិង្សា។ ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ខណ្ឌ​បាន​រឹប​អូស​យក​ច្រវាក់ ខោ​អាវ​អ្នក​ទោស និង​ដើម​ឫស្សី​ដែល​ក្រុម​យុវជន​ទុក​ចង​បដា។

ក្រោយ​ការ​ដោះ​លែង តំណាង​យុវជន​មហា​នគរ​ឈ្មោះ ជុំ ហួត ប្រាប់​ថា អាជ្ញាធរ​ខណ្ឌ​ចោទ​ប្រកាន់​ក្រុម​យុវជន ៤​ចំណុច​រួម​មាន ធ្វើ​បាតុកម្ម​ខុស​ច្បាប់ បង្ក​ហិង្សា ក្លែង​ឯក​សណ្ឋាន និង​ចំណុច​ទី​៤ ថា​យុវជន​ធ្វើ​បាតុកម្ម​ដោយសារ​មាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពី​ក្រោយ​ខ្នង។ ទោះ​បែប​នេះ​ក្តី យុវជន​ដដែល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ និង​ថា​នៅ​តែ​បន្ត​ការ​តវ៉ា​ដដែល៖ «»។



មុន​ការ​ដោះ​លែង​នេះ ក្រុម​សមត្ថកិច្ច​រាប់​សិប​នាក់​បំពាក់​ដោយ​អាវុធ និង​កង​សន្តិសុខ​ក្រុង នាំ​គ្នា​ចាប់​អូស​ក្រុម​យុវជន​ដាក់​លើ​ឡាន​បញ្ជូន​ទៅ​សាលា​ខណ្ឌ​ចំការមន។ ការ​តវ៉ា​បញ្ចេញ​មតិ​នៅ​មុខ​វិមាន​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្កដា ក្រុម​យុវជន​ខ្មែរ​មហា​នគរ​ស្លៀក​សម្លៀកបំពាក់​ឈុត​ពណ៌​ត្រួយ​ចេក ឆ្នូត​ស របៀប​ជា​អ្នក​ទោស និង​ដាក់​ច្រវាក់​ជាប់​ផង។ អ្នក​ចូលរួម​ទាំងអស់​ប្រាប់​មូលហេតុ​ដែល​ពួក​គេ​ធ្វើ​ដូច​នេះ គឺ​ចង់​បញ្ជាក់​ថា សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​ច្បាប់ ប្រសិន​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ចូល​ជា​ធរមាន។ ប៉ុន្តែ​រំពេច​នោះ ក្រុម​សន្តិសុខ​របស់​សាលា​ខណ្ឌ​ចំការមន ក៏​ចូល​មក​បំបែក៖ «»។

យុវជន​ម្នាក់​ដែល​ស្លៀក​សម្លៀកបំពាក់​ជា​អ្នក​ទោស និង​មាន​ដាក់​ច្រវាក់​ជាប់​ជើង​ផង​នោះ គឺ​លោក ជុំ ហួរ ប្រាប់​អ្នក​សារព័ត៌មាន​មុន​ការ​ចាប់​ខ្លួន​ថា ពួក​គាត់​សម្ដែង​មតិ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ យុវជន​ដដែល ស្នើ​ឲ្យ​ទៅ​រដ្ឋាភិបាល ឬ​រដ្ឋសភា ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង​វិញ៖ «»។

អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត លើក​ឡើង​ថា ច្បាប់​ដែល​ធ្វើ​ឡើង ហើយ​មាន​ការ​ប្រឆាំង​ជំទាស់​ច្រើន​ដូច​នេះ ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រុម​ធម្មនុញ្ញ គួរ​បើក​ការ​ត្រួត​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឡើង​វិញ៖ «»។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល មាន ៩​ជំពូក និង ៣៩​មាត្រា បាន​ឆ្លង​កាត់​រដ្ឋសភា​ឯក​បក្ស និង​ព្រឹទ្ធសភា​ឯក​បក្ស​អនុម័ត ហើយ​ច្បាប់​នេះ​រង់ចាំ​តែ​ការ​សម្រេច​ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​ឡាយ​ព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ ដើម្បី​ចូល​ជា​ធរមាន។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​គណបក្ស​ប្រឆាំង ជំទាស់​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។

អ្នក​នាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហៅ​ការ​ទាមទារ​នេះ​ជា​ការ​រំខាន​ការងារ​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​បាន​ពន្យល់​ជាច្រើន​ដង​មក​ហើយ។ លោក ផៃ ស៊ីផាន ថា​នៅ​ពេល​នេះ សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ហួស​ពី​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ហើយ៖ «»។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ពី​ចំណាត់​ការ​នេះ​ថា ព្រោះ​ក្រុម​យុវជន​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​យុវជន​ស្លៀក​សម្លៀកបំពាក់​ជា​អ្នក​ទោស ប្រឆាំង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ការ​ស្លៀកពាក់​នេះ គឺ​ពួក​គេ​ចង់​បង្ហាញ​ថា នៅ​ពេល​ច្បាប់​នេះ​អនុវត្ត នឹង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​ក្នុង​ការ​ចូលរួម​ការងារ​សង្គម មិន​ខុស​ពី​អ្វី​ដែល​ពួក​គេ​ស្លៀកពាក់​ជា​អ្នក​ទោស និង​ដាក់​ច្រវាក់​ជើង​នេះ​ទេ។

ទាក់ទង​ការ​ចាប់​ខ្លួន​នេះ​ដែរ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លី​មួយ​បញ្ជាក់​ថា យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ មាន​បុរស​ចំនួន ៥​នាក់ និង​ស្ត្រី​ម្នាក់ មក​ពី​ក្រុម​យុវជន​ខេត្ត​ព្រះវិហារ និង​រាជធានី​ភ្នំពេញ។ អ្នក​ទាំង​នោះ​រួម​មាន ជុំ ហួរ និង ជុំ ហួត មក​ពី​ក្រុម​យុវជន​មហា​នគរ វឿន រតនា មួង សូនី និង សឿន វាសនា មក​ពី​សមាគម​សម្ព័ន្ធ​សិស្ស​និស្សិត​បញ្ញវ័ន្ត​ខ្មែរ និង មាស លក្ខិណា មក​ពី​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ជ្រោយចង្វារ៕

No comments: