A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 1 July 2015

ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង​៦៤​គ្រួសារ​នៅ​ខេត្ត​មណ្ឌលគិរី​ស្វែងរក​ដី​សម្បទាន​សង្គមកិច្ច

ដោយ រដ្ឋា វិសាល
2015-07-01 rfa
ផែនទី​ខេត្ត​មណ្ឌលគិរី
Photo: RFA

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង មួយ​ក្រុម​អះអាង​ថា ការ​កើន​ឡើង​នៃ​សមាជិក​ក្រុម​គ្រួសារ​មាន​កូន​ចៅ​របស់​អ្នក​ភូមិ​ជាដើម ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​ដី​ស្រែ​ចម្ការ​កាន់​តែ​ច្រើន​ឡើង ដើម្បី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត។ ក៏ប៉ុន្តែ​បញ្ហា​ចោទ គឺ​អ្នក​ភូមិ​មិន​អាច​ទៅ​កាប់​ឆ្ការ​ព្រៃ ឬ​រក​ដី​ចម្ការ​ពនេចរ​ធ្វើ​ស្រែ​ចម្ការ​ជា​លក្ខណៈ​ប្រពៃណី បាន​ដូច​មុន​ឡើយ។

អ្នក​ភូមិ​ប្រមាណ ១០០​នាក់ ឋិត​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង ៦៤​គ្រួសារ រស់នៅ​ភូមិ​អូមអាម ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បាន​នាំ​គ្នា​មក​ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ក្នុង​បំណង​សុំ​ឲ្យ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ជួយ​ណែនាំ​បំពេញ​បែបបទ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ស្រែ​ចម្ការ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។

ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​នេះ កើត​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​បាន​ប្រឈម​ទៅ​នឹង​កង្វះ​ដីធ្លី​ប្រកប​របរ​ចិញ្ចឹម​ជីវិត ចំណែក​ការ​កាប់​រាន​ដី​បែប​ចម្ការ​វិល​ជុំ ត្រូវ​បាន​ហាម​ឃាត់ និង​រឹត​បន្តឹង​ពី​មន្ត្រី​អភិរក្ស​ព្រៃ​ឈើ និង​ជាពិសេស​ការ​ទន្ទ្រាន​ចូល​កាន់​កាប់​ដី​សហគមន៍​កាន់​តែ​កើន​ច្រើន​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ចំណាក​ស្រុក។



ជា​មេ​គ្រួសារ មាន​ប្រពន្ធ និង​កូន ៥​នាក់​ក្នុង​បន្ទុក លោក លីម យង់ ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង អាយុ ៥៥​ឆ្នាំ រៀបរាប់​ថា កូន​របស់​គាត់ ៤​នាក់​បាន​រៀបការ​ប្ដី​ប្រពន្ធ​បំបែក​ជា​គ្រួសារ​ថ្មី ចំណែក​ដី​ស្រែ​គាត់​មាន ២​ហិកតារ ត្រូវ​បង្ខំ​ចែក​ឲ្យ​កូន​ដើម្បី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត ហេតុ​នេះ​សម្រាប់​រូប​លោក​មិន​មាន​សេសសល់​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​កូន​ពៅ ឋិត​ក្នុង​បន្ទុក​នៅ​ឡើយ។ លោក​កត់​សម្គាល់​ថា អ្នក​ភូមិ​ក្នុង​សហគមន៍​នេះ​មាន​ស្ថានភាព​ប្រហាក់​ប្រហែល​គ្នា គឺ​កំពុង​ប្រឈម​ទៅ​នឹង​ការ​កើន​ឡើង​នៃ​សមាជិក​គ្រួសារ ប៉ុន្តែ​ដី​ដាំ​ដុះ​មិន​មាន​ការ​កើន​ឡើង​ទេ៖ «ខ្ញុំ​សុំ​ដែរ​គេ​ថា​ចាំ​សុំ​ទៅ​ថ្នាក់​លើ។ ខ្ញុំ​អត់​ហ៊ាន​កាប់​ដូច​គេ​ទេ គេ​អ្នក​មាន​ដី​គេ​ដាំ ខ្ញុំ​អត់​មាន​ដី​ដាំ​ទេ។ ភូមិ​ឃុំ​គេ​ដឹង​តើ បើ​ចង់​ស្រាវជ្រាវ​ទៅ​សួរ​ឃុំ​ស្រុក​គេ​ដឹង»។

ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង ភូមិ​អូមអាម ច្រើន​ជំនាន់​កន្លង​ទៅ មាន​ប្រពៃណី​ធ្វើ​ចម្ការ​ដាំ​ស្រូវ​បាន​ពី​ដី​កាប់​រាន​ព្រៃ​ធ្វើ​ចម្ការ​វិល​ជុំ ក៏ប៉ុន្តែ​បច្ចុប្បន្ន អ្នក​ភូមិ​មិន​អាច​កាប់​រាន​ព្រៃ​ធ្វើ​ចម្ការ​វិល​ជុំ​បាន​ដូច​មុន​ឡើយ ពីព្រោះ​ដី​ព្រៃ​មួយ​ចំណែក​ត្រូវ​បាន​រាជ​រដ្ឋាភិបាល ផ្តល់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច។ ដី​ព្រៃ​មួយ​ចំណែក​ទៀត​ជា​តំបន់​ព្រៃ​អភិរក្ស​សម្រាប់​បរិស្ថាន ឬ​ជម្រក​សត្វ​ព្រៃ។ ដោយឡែក​អតីត​ដី​ចម្ការ​វិល​ជុំ​របស់​សហគមន៍ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ចូល​មក​កាន់​កាប់​យក​ជា​សម្បត្តិ​ឯកជន​អស់​ស្ទើរ​គ្មាន​សល់។ បច្ចុប្បន្ន អ្នក​ភូមិ​ជាង ១០០​គ្រួសារ​ក្នុង​ភូមិ​នេះ នៅ​សេសសល់​ដី ១​គ្រួសារ​ប្រមាណ ១ ទៅ ២​ហិកតារ តាម​រយៈ​ការ​ចុះ​បញ្ជី​ដី​កម្មសិទ្ធិ​តាម​គោល​នយោបាយ​ដីធ្លី​របស់​រាជ​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០១២។

អ្នក​ភូមិ​អូមអាម មួយ​រូប​ទៀត គឺ​លោក ក្លយ ច្រិ រៀបរាប់​បន្ថែម​ថា ៣​ឆ្នាំ​កន្លង​ទៅ អ្នក​ភូមិ​បាន​កាប់​ឆ្ការ​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ដាំ​ស្រូវ​តាម​ទម្លាប់​ជនជាតិ​ដើម​ភាគ​តិច ក៏ប៉ុន្តែ​បច្ចុប្បន្ន​នេះ មន្ត្រី​អភិរក្ស​ព្រៃ​ឈើ​បាន​ដាក់​បម្រាម មិន​ឲ្យ​អ្នក​ភូមិ​ទៅ​ធ្វើ​ចម្ការ​នៅ​តំបន់​នោះ​ដូច​មុន​ទេ។ បន្ថែម​លើ​នេះ​ទៀត មន្ត្រី​អនុរក្ស​បាន​ដក​ហូត​ពូជ​ដំណាំ និង​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ដាំ​ដុះ​លើ​ដី​នោះ​បន្ត​ទៀត​ឡើយ៖ «ពួក​ខ្ញុំ​អត់​ដឹង​ស្អី​ទេ ល្ងង់​មែន​ទែន ចឹង​បាន​ខ្វះខាត ដី​ចាស់​មាន​ដែរ​ប្រាប់​ត្រង់​អ៊ីចឹង តែ​ស្វាយ​ដុះ​ធំៗ​អស់​ហើយ​ចង់​បាន​ដី​ដាំ​ដំឡូង»។

កាល​ពី​ខែ​ឧសភា កន្លង​ទៅ អ្នក​ភូមិ​អូមអាម ព្យាយាម​នាំ​គ្នា​ទៅ​ជួប​ចរចា​ជាមួយ​មន្ត្រី​អនុរក្ស ដើម្បី​សុំ​ដី​ដែល​បាន​កាប់​រាន​ធ្វើ​ស្រែ​ចម្ការ​បន្ត ក្នុង​នោះ​ដែរ​អាជ្ញាធរ​ឃុំ​ក៏​បាន​ចូលរួម​ផ្តល់​យោបល់ ជួយ​អន្តរាគមន៍​ការ​ស្នើសុំ​របស់​ពលរដ្ឋ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធ្វើ​របាយការណ៍​សុំ​ការ​សម្រេច​ពី​អាជ្ញាធរ​ស្រុក​ខេត្ត ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន អ្នក​ភូមិ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​បែប​ណា​នៅ​ឡើយ។

ទាក់ទិន​ករណី​នេះ មេ​ឃុំ​ស្រែខ្ទុំ លោក ពុធ សំអែល ទទួល​ស្គាល់​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​បាន​ជួយ​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ស្នើសុំ​ដី​ដែល​អ្នក​ភូមិ​បាន​កាប់​រាន​ដើម្បី​ដាំ​ដុះ ប៉ុន្តែ​ការ​សម្រេច​អាស្រ័យ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ។ លោក​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ចំណាក​ស្រុក​បាន​ចូល​មក​រស់នៅ​តំបន់​នោះ​កាន់​តែ​ច្រើន ហេតុ​នេះ​ជម្លោះ​ដីធ្លី​កំពុង​កើត​មាន​កាន់​តែ​ច្រើន៖ «ឃុំ​មាន​មុខងារ​មួយ​ចម្លង​ទៅ​ស្រុក​អ៊ីចឹង​ណា! រឿង​គាត់​រុក​រាន​ដី​ខុស​ច្បាប់​លើ​ជំនាញ​ថ្នាក់​លើ អ្នក​ខ្លះ​មក​ពី​ក្រោម​រុក​រាន​ណា»។

របាយការណ៍​អង្កេត​របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី មិន​មាន​តួលេខ​ជាក់លាក់​ពី​ចំនួន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច ដែល​ខ្វះ​ដី​ធ្វើ​ស្រែ​ចម្ការ​នោះ​ទេ ក៏ប៉ុន្តែ​សមាគម​នេះ​កត់​សម្គាល់​ថា ជម្លោះ​ដីធ្លី​កើត​មាន​ស្ទើរ​គ្រប់​សហគមន៍​នៅ​ក្នុង​ខេត្ត​នេះ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា ទំនាស់​ដីធ្លី គឺ​ជា​បញ្ហា​សំខាន់​ធ្វើ​ឲ្យ​អ្នក​ភូមិ​ជនជាតិ​ដើម​ក្លាយ​ជា​ជន​រងគ្រោះ​កាន់​តែ​ធ្ងន់ធ្ងរ ដោយសារ​តែ​អ្នក​ភូមិ​មាន​ការ​យល់​ដឹង​មាន​កម្រិត ហេតុ​នេះ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច ពីព្រោះ​សហគមន៍​ជនជាតិ​សំខាន់​រស់​អាស្រ័យ​លើ​ដីធ្លី​តែ​ប៉ុណ្ណោះ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ ព្រៃ​ឈើ គឺ​ជា​កន្លែង​អាស្រ័យ​ផល​របស់​សហគមន៍​ជនជាតិ​ដើម។ បច្ចុប្បន្ន ព្រៃ​ឈើ​ទាំង​នោះ​រង​ការ​កាប់​រាន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ឬ​កាន់​កាប់​ដោយ​ឈ្មួញ​មាន​ប្រាក់​មាន​អំណាច ហើយ​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ព្រៃ​ដូច​មុន​បាន​ឡើយ៖ «គាត់​បាន​ដាក់​ចិត្ត​ដាក់​កាយ​គោរព​ច្បាប់​ហើយ គាត់​បាន​ដាក់​ពាក្យ​សុំ​ដី​សម្បទាន​សង្គមកិច្ច ហើយ​អាជ្ញាធរ​គួរ​ផ្តល់​មធ្យោបាយ​ងាយ​ស្រួល​ដល់​ប្រជាជន ជាពិសេស​ត្រូវ​ឆ្លើយ​តប​ជាមួយ​គាត់​ឲ្យ​បាន​ច្បាស់លាស់ ចៀសវាង​ប្រើ​អំពើ​ហិង្សា​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ដោយ​បង្ខំ ហើយ​និង​ការ​បង្ខាំង​សេរីភាព​ការ​ទាមទារ​ណា​មួយ​របស់​គាត់»។

ទោះ​ជា​យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ ស្វាគមន៍​ចំពោះ​បំណង​ប្រាថ្នា​ស្វែងរក​ដី​របស់​សហគមន៍​ភូមិ​អូមអាម តាម​រយៈ​ការ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច។ លោក​ថា ការ​កាប់​រាន​ព្រៃ​ឈើ​យក​ដី​ជា​អំពើ​ខុស​ច្បាប់ ហេតុ​នេះ​ប្រសិន​អ្នក​ភូមិ​ជនជាតិ​ដើម​ក្តី ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ក្តី គ្មាន​ដី​ពិត​ប្រាកដ អាច​បំពេញ​បែបបទ​ស្នើសុំ​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​មក​ថ្នាក់​ស្រុក​ខេត្ត ដើម្បី​ពិនិត្យ និង​សម្រេច​ផ្តល់​ដី​ជូន​ប្រជាពលរដ្ឋ៖ «ដី​សម្បទាន​សង្គមកិច្ច បើ​យើង​និយាយ​តាម​ច្បាប់​ភូមិបាល មិន​ឲ្យ​លើស​ពី ៥​ហិកតារ​ទេ ក៏ប៉ុន្តែ​គេ​មើល​ទៅ​តាម​ចំនួន​គ្រួសារ​ដែរ ជាក់ស្តែង គេ​មើល​ទៅ​លើ​សមាជិក​គ្រួសារ មើល​ទៅ​លើ​ផ្ទៃ​ដី​ដែរ បើ​ផ្ទៃ​ដី​មាន​តិចតួច​បែង​ចែក​ទៅ​តាម​ហ្នឹង​ដែរ»។

គោលការណ៍​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច រាជ​រដ្ឋាភិបាល​កំណត់​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ច្រើន​បំផុត ៥​ហិកតារ ក៏ប៉ុន្តែ​ចំនួន​នេះ​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង ទៅ​តាម​តំបន់​មាន​ដី​ផ្តល់​សម្រាប់​ការ​ស្នើសុំ​របស់​ពលរដ្ឋ។ ការ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​នេះ អ្នក​ភូមិ​ត្រូវ​បំពេញ​បែបបទ​ស្នើសុំ និង​មាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ ទទួល​ស្គាល់​ថា ពលរដ្ឋ​នោះ​ពិត​ជា​គ្មាន​ដី​ពិត​ប្រាកដ​មែន៕

1 comment:

Anonymous said...

To all Khmer and foreign readers:

Drgunzet (Yuon/Vietnamese poster) is located in Boise, Idaho.

Khmer Yeourng