A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 24 July 2015

Sam Rainsy says he didn't run away from helping the jailed party activists លោក សម រង្ស៊ី អះអាងថា​លោក​មិន​មែន​គេចវេះ​​ការជួយ​សកម្មជន​ដែល​ជាប់​ពន្ធនាគារនោះទេ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015, 

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី
ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី នៅថ្ងៃ​ព្រហស្បតិ៍នេះ​ចាត់ទុកថា​វត្ត​មាន​របស់​លោក​​នៅ​ក្រៅ​​ប្រទេស​ មិន​មែន​មាន​ន័យ​ថា​លោក​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សកម្មជន​ទាំង​១១​នាក់​ដែ​ល​ត្រូវ​បាន​តុលាការផ្តន្ទាទោសនោះទេ ប៉ុន្តែថា​វត្តមាន​របស់លោកក្នុង​ប្រទេស​​មិន​មែន​​តែង​តែ​ចាំ​បាច់​រហូត​នោះទេ។​
លោក សម រង្ស៊ី បាន​លើក​ឡើ​ងបែប​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​រិះគន់​មួយ​ចំនួន​ថា​មូល​ហេតុ​អ្វីបាន​ជា​លោក​​ចេញ​ទៅ​​ក្រៅ​ប្រទេស​ ខណៈសកម្មជន​កំពុង​តែ​មាន​បញ្ហា​។
កាលពីថ្ងៃ​អង្គារ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក មា​ជ សុវណ្ណារ៉ានិង​សកម្មជន​គណបក្ស​​ស​ង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ពី​បទ​ដឹកនាំ​និង​ចូលរួម​ក្នុង​ចលនា​កុប្ប​កម្ម​​នាំ​ឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​។
តាមរយៈ​លិខិត​មួយ​ដែល​ចេញផ្សាយនៅថ្ងៃនេះ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា​គម្រោង​ទៅ​ប្រទេស​បារាំង លោក​បាន​ត្រៀម​​ជា​ច្រើន​សប្តាហ៍មក​ហើយ​ ដោយ​​រង់ចាំ​ការត្រឡប់​មក​ក្នុង​ប្រទេស​វិញ​របស់លោក​ កឹម សុខា អនុប្រធានគណបក្ស​សង្រ្គោះជាតិ កាលពីទី​២០​ខែ​កក្កដា។ លោក​បន្ត​ថាថ្នាក់ដឹកនាំ​របស់​គណបក្សសង្រ្គោះជាតិ​​បាន​ប្រតិកម្ម​ភ្លាម​នៅ​ពេល​ដឹង​ថា​មាន​ការ​ផ្តន្ទាទោស​​កម្មជន​​ទាំង១​១នាក់។​ លោក​បន្តថា​លោក​​មា​ន​សហសេវិក​របស់លោកក្នុងប្រទេស​សម្រាប់​​ផ្តល់​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ចាប់ខ្លួន​សកម្មជន​របស់​គណបក្ស។
លោក​​ សម រង្ស៊ី បាន​បញ្ជាក់​នៅក្នុង​លិខិត​ជា​ភាសាអង់គ្លេស​ថា​៖"វត្តមានរបស់ខ្ញុំ​​នៅក្នុង​ប្រទេស​មិន​មែន​តែ​ង​តែ​ចាំបាច់​នៅ​ចំពោះ​មុខ​លំនាំ​នៃ​ការគាប​សង្កត់​ដែលមនុស្ស​ភាគច្រើន​បាន​ដឹង​នោះទេ។ ជួន​កាលវាអាច​មាន​ប្រសិទ្ធ​ភាព​ជាង នៅពេលខ្ញុំ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​ការពារគោល​ការណ៍​នៃ​​​លទ្ធិ​ប្រជាធិបតេយ្យ​​។ ខ្ញុំ​មាន​សហសេវិករបស់ខ្ញុំ​​ដែល​ខ្ញុំជឿជាក់​ទាំងស្រុង​សម្រាប់​ការចែក​រំលែក​​ការងារ"

លោក​ សម រង្ស៊ី បន្ត​ថា​នឹង​មានសកម្មភាព​ ​និង​វិធានការសម​រម្យ​ផ្សេងៗ ដែល​គណបក្ស​នឹង​ធ្វើចំពោះ​មុខ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ លោក​បាន​បញ្ជាក់លើ​ជំហរវប្បធម៌សន្ទនា​​ថា៖”យើង​ជឿជាក់​ថា​វប្បធម៌សន្ទនា​និង​ការ​រិះគន់​អាច​នៅ​ជាមួយ​គ្នា​បាន​ ដរាបណា​ដែល​ដៃ​គូសន្ទនា​នៅ​តែ​រក្សា​ការគោរព​គ្នា​ទៅវិញទៅមក​។ វប្បធម៌​នៃ​ការ​សន្ទនា​មិន​មែន​អនុវត្ត​សម្រាប់​ផលប្រយោជន៍​ខ្លួនឯង​នោះទេ។ វា​ជា​ដំណើ​រ​ការ​មួយ​ដែល​បម្រើ​គោល​បំណង​សំខាន់ៗ​ជាមួយ​ឥទ្ធិពល​ធំធេង​ រួម​មាន​ការ​បញ្ចប់​វប្បធម៌​ហិង្សា​និង​ការ​គុំគួន​និង​ការធានា​នូវ​ការ​ផ្លាស់ប្តូរ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ដោយសន្តិវិធី​សម្រាប់កម្ពុជា​”
លោក សម រង្ស៊ី ឲ្យដឹង​ទៀត​ថា​ដំណើរ​ការ​នៃ​វប្បធម៌សន្ទនា​នៅថ្មីនិង​ផុយស្រួយ​នៅ​ឡើយ​ ប៉ុន្តែ​ថា​​វា​នឹង​បញ្ជាក់ពីសារសំខាន់​នៃ​អនាគត​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេសកម្ពុជា។​​
លោក​ សម រង្ស៊ី បញ្ជាក់​ថាប្រសិន​បើ​គ្មា​ន​វប្បធម៌សន្ទនានោះទេ ការ​គាប​សង្កត់​នឹង​កាន់តែ​អាក្រក់​​ជាង​នេះ ដោយ​​​មិន​មាន​ការ​ដោះលែងសកម្មជន​​កាលពីខែ​មេសា ឆ្នាំ​២០១៥ ហើយ​នឹង​មាន​ការ​ចាប់ខ្លួន​មនុស្ស​បន្ថែម​​ទៀត ដោយ​សារ​អំពើ​ហិង្សា​មុន​ថ្ងៃ​ទី​២២ខែកក្កដា ឆ្នាំ​២០១៤។​
កាលពីថ្ងៃ​ពុធ អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា អះអាង​ថា​លោក​កំពុង​រកដំណោះស្រាយ ដើម្បីឲ្យ​មាន​ការ​ដោះលែង​សកម្មជន​និង​មន្រ្តីគណបក្ស​សង្រ្គោះជាតិ​ទាំង១១រូប​ដែលត្រូវ​បាន​តុលា​ការ​​ផ្តន្ទាទោ​ស​។​ លោក កឹម សុខា សរសេរនៅលើ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃ​ពុធ​នេះ​ថា​៖"នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ លោក កឹម សុខា ក្នុងតួនាទីជាមេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងស្វះស្វែងរិះរកមធ្យោបាយជួយដល់សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូប ដែលត្រូវបានតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារកាល​ពីថ្ងៃម្សិលមិញ ដោយថ្ងៃនេះ លោក កឹម សុខា ជួបជាមួយមន្ត្រីទូតនៅស្ថានទូតយ៉ាងតិចចំនួន៣ ក្នុងទីក្រុងភ្នំពេញ”
​គណបក្សសង្រ្គោះជាតិ​បានចេញសេចក្តីថ្លែងការណ៍​មួយ​ដោយ​​ចាត់ទុកការផ្តន្ទាទោស​មន្រ្តីនិង​​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ទាំង១១នាក់​ជា​ការ​រំលោភលើកិច្ច​ព្រមព្រៀងនយោបាយ​ដែល​គណបក្ស​ទាំងពីរ​បាន​ឯកភាពគ្នា​។ សេចក្តីថ្លែងការណ៍បញ្ជាក់​​ថា៖"​គណបក្ស​សង្រ្គោះជាតិ​សង្ឃឹម​ថា​វប្បធម៌សន្ទនា​នឹង​អាច​បន្ត​ដោះស្រាយ​នូវ​បញ្ហា​​របស់​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋខ្មែរ​ជា​ពិសេស​នឹង​បញ្ចប់​នូវ​ភាព​តាន​តឹង​នយោបាយ​ រួម​ទាំងសហ​ការ​គ្នា​ធ្វើ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ ​ទាំង​១១រូបនេះ ឲ្យ​មាន​សេរីភាព​ឡើង​វិញ”។​
​គួរបញ្ជាក់​ថា ក្រោយ​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​។ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ មុន​ចូលឆ្នាំ​ខ្មែរ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ជួប​ចរចា​គ្នា៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

No comments: