A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 8 August 2015

គ.ជ.ប ស្នើសុំ​ទិន្នន័យ​មួយ​ចំនួន​ពី​ក្រសួង​មហាផ្ទៃ​ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

ដោយ អ៊ុំ រង្សី
2015-08-07 rfa

ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) RFA

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា ថ្មីៗ​នេះ គ.ជ.ប បាន​ស្នើសុំ​ទិន្នន័យ​មួយ​ចំនួន​ទាក់ទិន​នឹង​ព័ត៌មាន​របស់​ពលរដ្ឋ​កម្ពុជា ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ពី​ក្រសួង​មហាផ្ទៃ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​បញ្ជី​បោះ​ឆ្នោត។

ទន្ទឹម​គ្នា​នេះ គ.ជ.ប រំពឹង​ថា ទិន្នន័យ​ទាំង​នេះ នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ដំណើរ​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦។

សំណើ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​កន្លង​ទៅ​រួម​មាន ទិន្នន័យ​ព័ត៌មាន​របស់​ពលរដ្ឋ​កម្ពុជា ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ចំនួន​អត្តសញ្ញាណប័ណ្ណ​ដែល​ក្រសួង​មហាផ្ទៃ ធ្វើ​បាន ស្នើសុំ​ឲ្យ​រក​ដំណោះស្រាយ​រួម​គ្នា​ជុំវិញ​ករណី​ពលរដ្ឋ​ដែល​អត់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ស្នើ​ឲ្យ​ជួយ​ជំរុញ​ពលរដ្ឋ​ណា​ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់ៗ​គ្នា។



ជុំវិញ​ការ​ស្នើសុំ​ទិន្នន័យ​ទាំង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ថា គ.ជ.ប យល់​ថា ក្រសួង​មហាផ្ទៃ ជា​អ្នក​ដែល​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​ផ្ទុក​ទិន្នន័យ​របស់​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំងអស់។ លោក​បន្ត​ថា គ.ជ.ប ចាំបាច់​ត្រូវ​មាន​ទិន្នន័យ​ទាំង​នេះ​ពី​ក្រសួង​មហាផ្ទៃ ដើម្បី​ងាយ​ស្រួល​ស្វែងរក​ព័ត៌មាន​ជុំវិញ​លេខ​អត្តសញ្ញាណប័ណ្ណ ឈ្មោះ ភេទ ថ្ងៃ ខែ ឆ្នាំ​កំណើត និង​អាសយដ្ឋាន​របស់​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត ដែល​នឹង​បង្ក​ភាព​ងាយ​ស្រួល​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ឲ្យ​មាន​ភាព​ច្បាស់លាស់៖ «ក្រសួង​មហាផ្ទៃ គាត់​ជា​អ្នក​ធ្វើ​អត្តសញ្ញាណប័ណ្ណ គាត់​ប្រើប្រាស់​ទិន្នន័យ​ច្រើន ដូច្នេះ​ហើយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គ.ជ.ប យល់​ថា មាន​ដំណើរ​ការ​លឿន​ទៅ​បាន ត្រូវ​ការ​មាន​ទិន្នន័យ​ពី​ក្រសួង​មហាផ្ទៃ ដើម្បី​កុំ​ឲ្យ​មាន​ភាព​ស្មុគស្មាញ»។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​មហាផ្ទៃ ឯកភាព​ថា​នឹង​ផ្តល់​ទិន្នន័យ​មួយ​ចំនួន​មក គ.ជ.ប ប៉ុន្តែ​ក្រសួង​មហាផ្ទៃ មិន​ទាន់​អាច​បញ្ជាក់​ថា ទិន្នន័យ​នោះ​មាន​ភាព​សុក្រឹត​កម្រិត​ណា​នៅ​ឡើយ។ លោក ហង្ស ពុទ្ធា ថា ទោះ​ជា​យ៉ាង​ណា គ.ជ.ប និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ នឹង​ពិភាក្សា​រក​ដំណោះស្រាយ​រួម​គ្នា​បន្ត​ទៀត។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​ការ​ស្នើសុំ​របស់ គ.ជ.ប លើ​ទិន្នន័យ​ទាំង​នេះ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា។

ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​ក្រោយ​កិច្ច​ប្រជុំ ដែល​ផ្ដោត​លើ​ការ​ប្រើប្រាស់​ទិន្នន័យ​នៃ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​មហាផ្ទៃ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​បញ្ជី​បោះ​ឆ្នោត ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា បាន​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ បាន​ស្នើ​ឲ្យ គ.ជ.ប គួរ​តែ​ស្នើសុំ​ទិន្នន័យ​ពី​ក្រសួង​មហាផ្ទៃ ដោយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់។ ជាង​នេះ​ទៀត ក្រសួង​ក៏​បាន​ស្នើសុំ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​បន្ថែម (Subserver) ដើម្បី​ចម្លង​ទិន្នន័យ​នេះ​មក​ឲ្យ​ខាង គ.ជ.ប។

សេចក្តី​ប្រកាស​នោះ បាន​ឲ្យ​ដឹង​ដែរ​ថា គ.ជ.ប និង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ព្រម​ទាំង​ក្រុម​បេសកកម្ម​ជប៉ុន គ្រោង​នឹង​ជួប​គ្នា​ម្តង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ សីហា ដើម្បី​ពិភាក្សា​លើ​ការ​ប្រើប្រាស់​ទិន្នន័យ​នៃ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​មហាផ្ទៃ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត៕

No comments: