A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 24 August 2015

ពលរដ្ឋ​ឃុំ​ជាំ​ខេត្ត​ត្បូងឃ្មុំ​ថា​វៀតណាម​បញ្ជា​ឲ្យ​បំផ្លាញ​ស្រូវ​ដែល​ទើប​សាប​ព្រោះ

 ដោយ សូត សុខប្រាថ្នា
2015-08-23 rfa
ប៊ីដុង​ថ្នាំ​ពុល​ដែល​អាជ្ញាធរ​វៀតណាម ប្រើ​បាញ់​លើ​ដំណាំ​ស្រូវ ដំឡូងមី របស់​ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ឆ្នាំ​២០១៥។
RFA/Saut Sokprathna

ប្រជាពលរដ្ឋ ​នៅ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ដី​នៅ​ក្បែរ​តំបន់​មាន​ជម្លោះ​ព្រំដែន​អះអាង​ថា ពួក​គាត់​នឹង​មិន​ធ្វើ​តាម​ការ​បញ្ជា​របស់​សមត្ថកិច្ច​វៀតណាម ឡើយ។ ការ​អះអាង​នេះ បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ទៅ​សាប​ព្រោះ​ស្រូវ​លើ​ដី​របស់​ខ្លួន ប៉ុន្តែ​អាជ្ញាធរ​វៀតណាម មក​ប្រាប់​ឲ្យ​ពួក​គាត់​បំផ្លាញ​ស្រូវ​នោះ​ចោល។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​យល់​ថា ទង្វើ​របស់​សមត្ថកិច្ច​វៀតណាម គឺ​ជា​រឿង​មិន​អាច​ទទួល​យក​បាន។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ជើង ឃុំ​ជាំ ស្នើ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ចាត់​វិធានការ​លើ​បញ្ហា​សមត្ថកិច្ច​ការពារ​ព្រំដែន ​វៀតណាម ដែល​ចេះ​តែ​មក​គំរាម​កំហែង​ពួក​គាត់ ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​ពលរដ្ឋ​យក​គ្រឿងចក្រ​ទៅ​ភ្ជួរ​រាស់​លើ​ដី​របស់​ ខ្លួន​ដែល​ទើប​នឹង​សាប​ព្រោះ​ចោល​ទៀត​ផង ដោយ​អះអាង​ថា ដី​នោះ​គឺ​ជា​របស់​ពួក​គេ។ អ្នក​ភូមិ​ថា នេះ​ជា​សកម្មភាព​បំពាន​មក​លើ​ពលរដ្ឋ​ខ្មែរ​ជា​រឿយៗ ទាំង​ដឹង​ថា​ដី​នោះ​មិន​ស្ថិត​នៅ​ចំណុច​ដី​ជម្លោះ ឬ​តំបន់​ដី​ជាង ១៦​ហិកតារ ដែល​រាជ​រដ្ឋាភិបាល​ខ្មែរ​ធ្លាប់​អះអាង​ថា​ជា​របស់​វៀតណាម ក៏ដោយ។

ពលរដ្ឋ ​ម្ចាស់​ដី​រស់នៅ​ភូមិ​ជើង លោក គ ស្ងួន មាន​ប្រសាសន៍​ថា ដី​ជាង ២​ហិកតារ​ដែល​លោក​មាន គឺ​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ជាំ​ប្រាំ​ល្វែង ដែល​ជា​ចំណុច​មាន​ជម្លោះ​កន្លង​មក​នោះ​ទេ។ លោក​បន្ត​ថា នៅ​ពេល​លោក​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដី​របស់​ខ្លួន ដើម្បី​សាប​ព្រោះ​ស្រូវ​នា​រដូវ​ភ្លៀង​ដូច​រាល់​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​១៩ សីហា ក៏ប៉ុន្តែ​ត្រូវ​បាន​កង​កម្លាំង​វៀតណាម គំរាម​កំហែង​ឲ្យ​បញ្ឈប់​សកម្មភាព​ភ្ជួរ​រាស់​ត​ទៅ​ទៀត។ យ៉ាង​ណា លោក​នៅ​តែ​បន្ត​ធ្វើ ហើយ​ក៏​បាន​យក​ស្រូវ​ទៅ​សាប​ព្រោះ​ដូច​ធម្មតា រហូត​ដល់​ថ្ងៃ​ទី​២១ សីហា ពួក​គេ​ប្រាប់​លោក​ឲ្យ​យក​គ្រឿងចក្រ​ទៅ​ភ្ជួរ​ស្រូវ​ដែល​ទើប​នឹង​ព្រោះ​នោះ​ ចោល​វិញ តែ​លោក​បាន​ទាត់​ចោល​ការ​បញ្ជា​នេះ៖ «ដី​ខ្ញុំ​អា​ក្រោម​ហ្នឹង​គេ​មិន​ឲ្យ​វ៉ៃ​ណា​បង ទោះ​បី​ជា​មួយ​ជំហាន​ងាប់ មួយ​ជំហាន​រស់ ក៏​នៅ​តែ​វ៉ៃ​ដែរ​បង»។

កាល​ពី​ថ្ងៃ​ ទី​១៩ សីហា កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ស្រុក​មេមត់ ក៏​បាន​ចុះ​ទៅ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ព្រំដែន​វៀតណាម ប៉ុន្តែ​មិន​បាន​លទ្ធផល​អ្វី​នោះ​ទេ។ ក្រោយ​មក អាជ្ញាធរ​ឃុំ​ក៏​បាន​ធ្វើ​លិខិត​ទៅ​អាជ្ញាធរ​ស្រុក​នៅ​ថ្ងៃ​ទី​២០ សីហា ដោយ​បញ្ជាក់​ពី​សកម្មភាព​អាជ្ញាធរ​ព្រំដែន​វៀតណាម នៅ​តែ​បន្ត​ហាម​ឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន នៅ​ចំណុច​ព្រៃ​ត្នោត ចម្ងាយ​ប្រមាណ ១​ពាន់​ម៉ែត្រ​ពី​បង្គោល​ព្រំដែន​លេខ​៩៥ ឆ្ពោះ​ទៅ​បង្គោល​ព្រំដែន​លេខ​៩៤។ បន្ថែម​ពី​នេះ នៅ​ថ្ងៃ​ទី​២១ សីហា កង​កម្លាំង​វៀតណាម ដែល​មាន​ទាំង​កាំភ្លើង​ផង​នោះ ថែម​ទាំង​បង្គាប់​បញ្ជា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ ខ្លួន​ដែល​ទើប​សាប​ព្រោះ​ចោល​ទៀត​ផង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​មេមត់ និង​ប៉ូលិស​ព្រំដែន​នៅ​ឃុំ​ជាំ ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ សីហា។ ប៉ុន្តែ​កន្លង​មក អាជ្ញាធរ​ខេត្ត​ធ្លាប់​អះអាង​ថា ដី​តំបន់​នោះ​នៅ​មិន​ទាន់​បែង​ចែក​ឲ្យ​បាន​ច្បាស់លាស់ ទើប​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​សម្រេច​ឲ្យ​ពលរដ្ឋ​ទាំង​សង​ខាង អាច​រក្សា​សិទ្ធិ​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​ធ្លាប់​អាស្រ័យ​ផល​ពី​មុន​មក​បាន​ ដដែល ដោយ​រង់ចាំ​អាជ្ញាធរ​ថ្នាក់​ជាតិ​សម្រេច​ជា​ផ្លូវ​ការ ទើប​មាន​ការ​ផ្លាស់ប្ដូរ​ជា​ក្រោយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គោលការណ៍​ត្រង់​ចំណុច​នេះ អាជ្ញាធរ​ខ្មែរ គឺ​គោរព​បាន​ប្រសើរ​ជាង​អាជ្ញាធរ​វៀតណាម ពោល​គឺ​អាជ្ញាធរ​វៀតណាម តែង​បង្កើត​សកម្មភាព​ហាម​ឃាត់ និង​គំរាម​កំហែង​ពលរដ្ឋ​ខ្មែរ​បែប​នេះ​ជា​រឿយៗ។

ចំណែក​មេ​ឃុំ​ស្ដីទី ​នៃ​ឃុំ​ជាំ លោក អ៊ូច អឿន មាន​ប្រសាសន៍​ថា ខាង​អាជ្ញាធរ​បាន​ទៅ​ពិភាក្សា​គ្នា​ពី​បញ្ហា​នេះ​ជាមួយ​អាជ្ញាធរ​ព្រំដែន​ វៀតណាម ជាច្រើន​ដង ដោយ​បញ្ជាក់​ថា ដី​នោះ​ជា​ដី​ពលរដ្ឋ​ខ្មែរ​ធ្លាប់​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ទាមទារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ធ្វើ​ស្រែ ព្រម​ទាំង​បញ្ជា​ឲ្យ​បំផ្លាញ​ស្រូវ​ដែល​ពួក​គាត់​ទើប​នឹង​សាប​ព្រោះ។ លើស​ពី​នេះ​ទៀត កង​កម្លាំង​វៀតណាម ថែម​ទាំង​គំរាម​រក​បាញ់​ពលរដ្ឋ​ម្ចាស់​ដី​ជាដើម ហើយ​លោក​យល់​ថា ទង្វើ​នេះ​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៖ «ពលរដ្ឋ​កម្ពុជា ធ្វើ​ត្រង់​ណា​ឲ្យ​ធ្វើ​ត្រង់​ហ្នឹង​មិន​អាច​ដោះ​ដូរ​បាន​ទេ ព្រោះ​រង់ចាំ​ការ​ចរចា​ដោះស្រាយ។ នេះ​អត់​មាន​ដោះស្រាយ​ផង មក​ដេញ​គ្នា​ហ្មង។ ដេញ​ហ្នឹង​ជា​លក្ខណៈ​កម្មសិទ្ធិ​របស់​គេ​ហ្មង គេ​ដេក​ចាំ​ហ្មង»។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា សកម្មភាព​ទាំង​នេះ​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ច្បាស់លាស់ បើ​មិន​ដូច្នេះ​ទេ គឺ​បង្ហាញ​ថា​អធិបតេយ្យភាព​របស់​កម្ពុជា គឺ​នៅ​តែ​ទន់​ខ្សោយ​ជាង​ប្រទេស​វៀតណាម៖ «យើង​យក​អា​លាយលក្ខណ៍​អក្សរ​ទៅ​និយាយ​គ្នា​ឲ្យ​ច្បាស់​ទៅ ថា​ចាំ​ពេល​រាជ​រដ្ឋាភិបាល​យើង​រៀបចំ​បាន​ស្រួល​បួល​ហើយ ចាំ​យើង​ធ្វើ​ទៅ​តាម​អ្វី​ដែល​រដ្ឋាភិបាល​លោក​បាន​ធ្វើ​ទៅ។ នេះ​ទើប​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​រឿង​ព្រំដែន​អាច​ស្ងប់ស្ងាត់»។

លោក ​បន្ថែម​ថា ប្រសិន​បើ​សកម្មភាព​អាជ្ញាធរ​វៀតណាម នៅ​តែ​បន្ត​គំរាម​កំហែង​ពលរដ្ឋ​ខ្មែរ គឺ​មិន​អាច​ធ្វើ​ឲ្យ​ស្ថានភាព​តាម​ព្រំដែន​ស្ងប់ស្ងាត់​បាន​ឡើយ។ ជាង​នេះ​ទៀត អ្នក​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ប្រជាពលរដ្ឋ​កម្ពុជា តែ​ម្តង៕

No comments: